Friday, 11 January 2019

រឿងរាមាយណៈ ឬរឿងរាមកេរ្តី៍ ខ្សែទី១



រឿងរាមាយណៈ ឬរឿងរាមកេរ្តី៍ ខ្សែទី១ 

ព្រះរាមលើធ្នូរយកនាងសិតា
ឥសីពិស្វាមិត្របានរៀបចមហោមពិធីជាកិត្តិយសដល់សិស្សគឺ ព្រះរាម និងព្រះលក្សណ៍ ដែលបានរៀបចេះចប់គម្ពីរវេទ ។
ថ្ងៃមួយមានយក្សកាឡាខ្លួនជាក្អែកយ៉ាងធំ ឈ្មោះកាកណាសូរ មកឆាបអាស្រមឥសីខ្ទេចខ្ទីអស់ ។ ឥសីពិស្វាមិត្រខឹងយ៉ាងខ្លាំងហើយក៏ជប់ធ្នូសរឲ្យព្រះរាមបាញ់ សម្លាប់កាកណាសូរ ។ ក្រោយមកក៏នាំព្រះរាម និងព្រះលក្សណ៍ចូលរួមប្រឡងលើកធ្នូសរព្រះជនកនៅនគរមិថិលា ដើម្បីយកនាងសិតា ធ្វើជាមហេសី ។ ក្នុងឱកាសនោះ មានបេក្ខជនចូលរួមជាច្រើនដែលមកពីភពទាំងបី សូម្បីតែព្រះឥសូរក៏មកនឹងគេដែរ ក៏ប៉ុន្តែគ្មាននរណាលើកធ្នូសររួចឡើយ គឺមានតែតួអង្គព្រះរាមមួយគត់បានទទួលជោគជ័យដោយលើកធ្នូសរនោះ រួច ។
ពេលនោះព្រះជនករីករាយណាស់ផ្ដល់ព័ត៌មាននេះថ្វាយទៅព្រះបាទទសរថ ដើម្បីយាងមកជាអធិបតីក្នុងពិធីរាជាភិសេករវាងព្រះរាម និងនាងសិតា ។ កាលបើពិធីអភិសេកចប់សព្វគ្រប់ហើយ ក៏នាំព្រះរាជបុត្រ និងព្រះរាជធិតាសុណិសាវិលត្រឡប់ទៅកាន់នគរអយុធ្យាវិញ ។ ពាក់កណ្ដាលផ្លូវក៏បានជួបនឹងយក្សកំណាចមួយឈ្មោះ រាមាសូរ ។ យក្សនេះបានចោទប្រកាន់ព្រះរាមថា លួចយកឈ្មោះរាមបរមសូរមកដាក់ធ្វើជាឈ្មោះខ្លួន ដូច្នេះត្រូវតែមកក្រាបបង្គំសុំទោសទើបរួចខ្លួន ។ ព្រះរាមក៏ផ្ចាញ់រាមាសូរប្រកបដោយជោគជ័យទៀត ។
លុះមកដល់នគរ ព្រះបិតានាមទសរថមានបំណងលើកព្រះរាមជារាជបុត្រច្បងឲ្យឡើងគ្រោងរាជ្យតាមប្រពៃណីនៃត្រកូលក្សត្រ តែនាងកៃកេសីជំទាស់ដោយសំអាងលើពាក្យសច្ចៈព្រះទសរថបានសន្យាថានឹងឲ្យបុត្ររបស់ព្រះនាងឈ្មោះ ភិរុត ឡើង គ្រងរាជ្យវិញ នៅពេលដែលនាងជួយព្រះអង្គក្នុងសង្គ្រាមបានឈ្នះព្រះអាទិត្យ ។ ព្រះបាទទសរថមានបំណងចែកនគរជា២ ប៉ុន្តែព្រះកៃកេសីពុំព្រម ហើយក៏បណ្ដេញព្រះរាមឲ្យទៅនៅព្រៃ១៤ឆ្នាំសឹមមក សោយរាជ្យវិញ ។ ព្រះលក្សណ៍ក្រេវក្រោធចង់ធ្វើឃាដនាងកៃកេសី តែព្រះរាមឃាត់ ហើយបន្ទាប់មកក៏ស្ម័គ្រតាមដង្ហែព្រះរាម និងទេពីសិតាទៅនៅក្នុងព្រៃ ។ ទាំងបីអង្គានាំគ្នាចាកចេញពីនគរអយុធ្យាទៅដល់កណ្ដាលព្រៃបានជួប នឹងកូខ័ន ជាស្ដេចព្រៃមានរូបអាក្រក់តែចិត្តល្អជា ចេះជួយរំលែកទុក្ខពីព្រះរាម ហើយព្រះអង្គទុកកូខ័ននេះជាបងប្អូនបង្កើត តែមិនព្រមទទួលយកការអារាធនាពីកូខ័នឲ្យនៅទីនោះជាមួយ ហើយក៏ធ្វើដំណើរទៅកាន់ភ្នំចិត្តកូតដើម្បីបួសជាឥសី ។


No comments:

Post a Comment