Friday, 11 January 2019

ក្ឫស្ណៈបង្រ្កាបនាគរាជកាល្យៈ





ក្ឫស្ណៈបង្រ្កាបនាគរាជកាល្យៈ
​តាមរឿងព្រះវិស្ណុផ្ជាញ់បក្សីគ្រុឌយកមកធ្វើជាយានជំនិះ ពេលបក្សីនាំម្ដាយមកភ្នំអណ្ដែតវិញ ហើយទទួលបញ្ជាពីព្រះវិស្ណុឲ្យចាប់ពស់នាគគ្រប់ប្រភេទដែលជាកូនរបស់នាគកាទ្រុទេវីយកមកធ្វើជាអាហារ។ ក្នុងចំណោមពស់នាគទាំង១០០០ក្បាលនោះមាននាគរាជ្យមួយក្បាលរត់រួចខ្លួនឈ្មោះ កាល្យៈដែលជាកូនច្បងបង្អស់ បានរត់ទៅរស់នៅបាតទន្លេ យុម្ននា។ ក្រោយពីរត់រួចខ្លួននាគរាជកាល្យៈបានប្រើពិសរបស់ខ្លួនធ្វើឲ្យមានការក្ដៅក្រហាយអស់ពពួកសត្វផ្សេងៗជាច្រើនឥតឈប់ឈរ។


​ថ្លែងអំពីភូមិនន្ទៈដែលជាភូមិមួយដែលពឹងផ្អែកលើការធ្វើកសិកម្មការចិញ្ចឹមគោ អ្នកភូមិរស់នៅយ៉ាងសុខសប្បាយដោយមានភ្នំគោវដ្ថនៈ និងទន្លេយុម្ននាជាប្រភពអាហារ ប្រភពទឹកសម្រាប់ចិញ្ចឹមអ្នកភូមិព្រមជាមួយសត្វគោ។ អ្នកភូមិរស់នៅមានក្ដីសុខណាស់គ្រប់ក្រុមគ្រួសារមានតែស្នាមញញឹម។ ក្នុងនោះដែរគ្រួសាររបស់នាងយសោទា នឹងស្វាមីព្រមជាមួយកូនៗមាន ក្ឫស្ណៈ និងពលរាមក៏មានក្ដីសុខណាស់ដែល។ ក្ឫស្ណៈ និងពលរាមព្រមជាមួយក្មេងៗគង្វាលតែងតែនាំគោទៅរកអាហារនៅជើងភ្នំគោវដ្ថនៈក្បែរទន្លេយុម្ននាជារៀងរាល់ថ្ងៃ។ បន្តពីនាគរាជកាល្យៈវិញមួយថ្ងៃៗប្រើពិសរបស់ខ្លួនធ្វើបាបសត្វដែលរស់នៅក្បែរទន្លេយុម្ននាឥតឈប់ឈរជាហូរហែរហូតដំណឹងបានដឹងដល់បក្សីគ្រុឌ។ បក្សីគ្រុឌបានមកបង្រ្កាបហើយនារទេសនាគរាជកាល្យៈឲ្យចេញឆ្ងាយពីតំបន់នោះទៅ។ ដោយត្រូវបាននារទេសចេញពិតំបន់ខ្លួនរស់នៅនាគរាជកាល្យៈបានបន្តដំណើរតាមដងទន្លេយុម្ននារហូតមកដល់ភូមិនន្ទៈរបស់ក្ឫស្ណៈ។ ខណៈពេលមកដល់នាគរាជកាល្យៈឃើញមានហ្វូងគោជាច្រើនកំពុងរកអាហារក្បែរទន្លេយុម្ននា ដោយនឹកខឹងនឹងការបង្រ្កាបរបស់បក្សីគ្រុឌមកលើខ្លួននោះ នាគកាល្យៈបានបញ្ចេញពិសពាសពេញទឹកទន្លេដែលនៅក្នុងភូមិនន្ទៈ។ ពិសរបស់នាគកាល្យៈបានរៀត្បាតពេញទឹកទន្លេធ្វើឲ្យគោជាច្រើនត្រូវពិសបណ្ដាលឲ្យមានការក្ដៅក្រហាយដល់អ្នកភូមិនន្ទៈជាខ្លាំង។ ឃើញហេតុការណ៍បែបនេះក្ឫស្ណៈក៏បានលោតចុះទៅក្នុងទន្លេយុម្ននាដើម្បីប្រយុទ្ធជាមួយនាគរាជកាល្យៈ។ ការប្រយុទ្ធគ្នានេះកាន់តែខ្លាំងឡើងៗពាសពេញទឹកទន្លេ។ ដោយពិសរបស់នាគធ្វើឲ្យគោ និងអ្នកភូមិមានការក្ដៅក្រហាយ ក្ឫស្ណៈក៏បានលោតទៅលើក្បាលនាគកាល្យៈហើយបានហែកនាគកាល្យៈជាពីរចំរៀក(នៅក្នុងប្រទេសឥណ្ឌា ព្រះក្ឫស្ណៈរាំរបាំបង្ក្រាបសភាវៈអាក្រក់វិញ)បញ្ចេញពិសអស់គ្មានសល់ពីខ្លួនឡើយ។ ទីបំផុតក្ឫស្ណៈទទយលបានជោគជ័យលើនាគរាជកាល្យៈ រីឯនាគកាល្យៈក៏អស់ពិសពុលចាប់ពីពេលនោះមក។
(រៀបរៀងដោយ ឃន់ រស្មី)

No comments:

Post a Comment