Friday, 11 January 2019
រឿងប្រវត្តិព្រះម៉ែគង្គា និងសត្វម្ករ នៅលើករបស់នាគ
រឿងប្រវត្តិព្រះម៉ែគង្គា និងសត្វម្ករ នៅលើករបស់នាគ
កាលពីយូរលង់ណាស់មកហើយ មានព្រះរាជាមួយអង្គមានព្រះនាមថា សគ្រៈ(sagara)គ្រងរាជ្យនៅក្នុងនគរអយុធ្យា ដោយព្រះអង្គមានអគ្គមហេសី២ ព្រះអង្គ។ព្រះមហេសីទី១ មានព្រះនាមថា កិសីនី(kesini), ព្រះនាងមានបុត្រ១អង្គព្រះនាម អសមជ័ស (Asamajas)។ព្រះមហេសីទី២ មានព្រះនាមថា សូមៈទី (Sumati), ព្រះនាងមានបុត្រចំនួន ៦ម៉ឺនអង្គ។ព្រះរាជបុត្ររបស់ព្រះអង្គសគ្រៈទាំងអស់ គឺសុទ្ធតែជាមនុស្សដែលមានភាពអំណួត និងធ្វើបាបប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅក្នុងដែនដីរបស់ឳពុករបស់ខ្លួន។ នៅពេលព្រះអង្គ សគ្រៈឡើងសោយរាជ្យ ព្រះអង្គជាក្សត្រដែលមានឫទ្ធានុភាពនៅលើដែនដីទាំងមូល និងព្រះអង្គចង់ដឹងថាតើនរណាម្នាក់ជាម្ចាស់ផែនដីឱ្យប្រាកដ។ ថ្ងែមួយព្រះអង្គក៏បាន យកសេះមួយក្បាលដែលមានសម្បុរស ល្អលើសសេះដ៏ទៃទៀតនៅក្នុងព្រះរាជវាំង ទៅរៀបបំពាក់គ្រឿងអលង្ការ និងបានចងភ្ជាប់ជាមួយទង់ដែលតំណាងឱ្យព្រះអង្គ ឱ្យដើរគ្រប់ទីកន្លែងទាំងអស់ ព្រមទាំងប្រកាសថា ប្រសិនបើបុគ្គលណាមួយ ដែលបានចាប់យកសេះនេះ ឬមិនឱ្យសេះនេះឆ្លងកាត់នៅលើប្រទេសណាមួយនោះ នោះប្រាកដជាមានន័យថាប្រឆាំងនឹងព្រះអង្គជាក្សត្រ។ សេះនោះបានធ្វើដំណើរគ្រប់ទីកន្លែងទាំងអស់នៅក្នុងដែនដី និងនៅក្នុងប្រទេសដ៏ទៃទៀត ដោយគ្នាននរណាម្នាក់ហ៊ានប៉ះពាល់សេះនោះឡើយ។ ថ្លែងពីព្រះឥន្ទ្រ ដែលជាស្តេចនៃពពួកទេវតា មានការខឹងសម្បារ យ៉ាងខ្លាំងពីសំណាក់ព្រះរាជបុត្ររបស់ព្រះរាជាសគ្រៈ។ ក៏មានគំនិតធ្វើបាបព្រះរាជបុត្រទាំងអស់នោះដោយ បានចាប់យកសេះរបស់ព្រះរាជាសគ្រៈទៅលាក់ទុក នៅអាស្រមរបស់ព្រាហ្មញ្ញមួយអង្គមានឈ្មោះថា គពីលមុន្នី (Kapila muni)។ ព្រះរាជាសគ្រៈ កាលបានដឹងថាសេះរាជរបស់ព្រះអង្គបាត់ ក៏កើតមានការខឹងក្រោធយ៉ាងខ្លាំងក៏បានបញ្ជាឱ្យព្រះរាជបុត្រទាំងអសើទៅស្វែងរកសេះឱ្យឃើញ។ ការស្វែងរកគ្រប់ទីកន្លែងក៏នៅតែរកមិនឃើញ ទៅបញ្ចប់ ព្រះរាជបុត្រក៏បានទៅដល់អាស្រមរបស់ព្រាហ្មញ្ញ គពីលមុន្នី ក៏បានឃើញសេះនៅទីនោះ។ ព្រះរាជបុត្រ ទាំង៦ម៉ឺន១អង្គ មិនបានដឹងថា គពីលមុន្នីជាព្រាហ្មញ្ញ ក៏មានបំណងសម្លាប់ចោល។ នៅពេលដែលព្រហ្មញ្ញ គពីលមុន្នី កាលបានលឺសម្លេងកងរំពងពេញព្រៃបែបនោះក៏មានខឹងសម្បារយ៉ាងខ្លាំង។ព្រាហ្មញ្ញ គពីលមុន្នី ក៏បានបើកភ្នែកអគ្គីរបស់ខ្លួនដុតរំលាយ ព្រះរាជបុត្រទាំងអស់ក្លាយទៅជាផេះទៅ។ ថ្លែងពីព្រះរាជា សគ្រៈ មិនបានដំណឹងពីបុត្ររបស់ខ្លួនយូរពេកបានបញ្ជាឱ្យចៅប្រុសរបស់ខ្លួនព្រះនាម អានហ្សូមាន (Anshuman) ទៅស្វែងរកពូរបស់ពួកគេ។ ការធ្វើដំណើរលើផ្លូវដ៏សែនឆ្ងាយ ក៏បានទៅជួបនឹងបក្សីមួយក្បាលឈ្មោះ គរូដា(Garuda) ។បក្សីនេះក៏បានប្រាប់រឿងទាំងអស់ទៅកាន់ព្រះរាជបុត្រ អានហ្សូមាន និងឱ្យព្រះរាជបុត្រ ទៅយកសេះរាជ ត្រឡប់ទៅកាន់នគរវិញ។ ព្រះរាជាគស្រៈកាលបានដឹងពីដំណើររឿងអស់ហើយ ក៏មានការកើតទុក្ខរហូតសោយទីវង្គត។ ព្រះរាជបុត្រ អានហ្សូមានក៏បានឡើងសោយរាជ្យបន្ត។ ព្រះរាជាដែលនឹងត្រូវឡើងសោយរាជ្យបន្ទាប់ពីអានហ្សូមាន មានព្រះនាមថា បគិរថ (Bhagiratha) , ព្រះអង្គជាព្រះរាជាមួយអង្គដែលមានការសណ្តោះប្រណីទៅកាន់ប្រជានុរាស្ត្រគ្រប់គ្នានៅក្នុងអាណាចក្ររបស់ខ្លួន។ តែរឿងដែលព្រះអង្គសោកសង្រេងយ៉ាងខ្លាំងព្រោះព្រះអង្គពុំមានបុត្រមួយអង្គសោះសម្រាប់សោយរាជ្យបន្តពីព្រះអង្គ។ ព្រះអង្គក៏បានសម្រេចចិត្តប្រគល់ អំណាចឱ្យទៅមន្ត្រីនៅក្នុងវាំងរបស់ព្រះអង្គដើម្បីធ្វើព្រះរាជកិច្ចជំនួសព្រះអង្គ។ ព្រះបាទ បគិរថ ក៏បានធ្វើដំណើរទៅ ភ្នំ ហីមាលាយាស(Himalayas) ដើម្បីធ្វើពិធីតបយោគៈសុំពរពីព្រះ ព្រហ្ម ដើម្បីឱ្យព្រះម៉ែ គង្គា (Ganga) ចុះពីឋានទេវលោក ទៅកាន់ផែនដី ដើម្បីលាងបាបឱ្យសត្វលោក។ តែព្រះព្រហ្ម(Bhrahma) ពុំអាចជួយបាន និងបានឱ្យ ព្រះបាទ បគិរថ សុំពរពីព្រះសីវៈ(Shiva) វិញ។ ព្រះបាទ បគិរថ ក៏បានធ្វើតបយោគៈសុំពរពី ព្រះសីវៈ និងព្រះសីវៈក៏បានយល់ព្រមជួយ។ ដោយព្រះម៉ែគង្គាជាទេវៈដែលមានមហិទ្ធិឫទ្ធិ ខ្លាំងពេក ប្រសិនបើព្រះនាងធ្លាក់ពីទេវលោកទៅដល់ផែនដីនោះប្រាកដជាធ្វើឱ្យផែនដីឆេះក្លាយជាភ្លើង។ ដោយហេតុនេះហើយព្រះសីវៈ ក៏បានសម្រេចចិត្តយកព្រះសិរ(ក្បាល)របស់ទ្រង់ទៅទ្រងព្រះនាងគង្គាមិនឱ្យធ្លាក់ដល់ដី។ កាលព្រះម៉ែគង្គាធ្លាក់ដល់ព្រះសិរ(ក្បាល)របស់ព្រះសីវៈហើយនោះ សម្រស់របស់របស់ព្រះម៉ែគង្គា ស្អាតពេក ទើបធ្វើឱ្យព្រះសីវៈ បានយកព្រះកាសា(សក់) ទៅចងជើងព្រះម៉ែគង្គាជាប់មិនឱ្យចាក់ចេញពីព្រះអង្គរួច។ ព្រះម៉ែគង្គាកាលបើបានដឹងថាខ្លួនជាប់នឹងគំនួចព្រកេសា(សក់)របស់ព្រះសីវៈហើយនោះ ព្រះនាងខំប្រឹងរើបំរះយ៉ាងខ្លាំងរហូតរហែកជម្រែកស្បៃរបស់ព្រះនាង។ ព្រះសីវៈ មានព្រះបន្ទួលថាប្រសិនបើព្រះម៉ែគង្គា រៀបអភិសេកជាមួយព្រះអង្គ ព្រះអង្គនឹងព្រះដោះលែង។ ព្រះម៉ែគង្គាក៏បានយល់ព្រមរៀបអភិសេកជាមួយព្រះសីវៈក្នុងពេកនោះទៅ។ ព្រះម៉ែគង្គា ក៏បានធ្វើយាងទៅគ្រប់ទីកន្លែនទាំងអស់នៃប្រភពទឹក ដើម្បីលាងបាបឱ្យមនុស្សលោក។ ព្រះបាទ បគិរថ ក៏បានយកផេះរបស់បុត្រារបស់ព្រះបាទ សគ្រៈ មកលាងបាន ដើម្បីឱ្យពួកគេទៅកើតនៅឋានសួគ៌។ ថ្លែងពីជម្រែកស្បៃរបស់ព្រះម៉ែគង្គដែលបានរហែកនោះ បានធ្លាក់ទៅដល់បាតមហាសមុទ្ទ នឹងបានផ្គុំធាតុបង្កើតបានជាសត្វមួយឈ្មោះថា សត្វម្ករ ។សត្វនេះជាសត្វដែលមានឫទ្ធានុភាពជាងសត្វទាំងអស់នៅក្នុងបាតសមុទ្ទ និង បានធ្វើការលេបពពួកមច្ឆា និងពពួកនាគទាំងអស់នៅក្នុងបាតសមុទ្ទ។ ដោយហេតុអាក្រក់បែបនេះហើយព្រះសីវៈបានធ្វើការប្រយុទ្ធជាមួយសត្វម្ករនេះអស់រយៈពេល ៧យប់៧ថ្ងៃ ក៏នៅតែមិនអាចបង្ក្រាបបាន។ ព្រះសីវៈពេលបានដឹងថាសត្វម្ករនេះកើតមកពីអ្វីហើយនោះ ក៏បានហៅព្រះម៉ែគង្គាមកសួរ តើឱ្យធ្វើយ៉ាងណាដើម្បីបង្រាបសត្វម្ករបាន។ ព្រះម៉ែគង្គា ក៏បានប្រាប់ឱ្យយកសត្វម្ករនោះមកបង្ក្រាបនៅលើគោកវិញ ព្រោះសត្វទឹកមានមហិទ្ធិឫទ្ធិខ្លាំងពេលនៅក្នុងទឹក។ ពេលនោះព្រះសីវៈក៏បាន ចាប់សត្វម្ករទៅបង្ក្រាបនៅលើគោក និងបង្ខុំឱ្យសត្វម្ករនេះ ខ្ជាក់សត្វសមុទ្ទទាំងអស់មកវិញុ។ សត្វម្ករក៏បានខ្ជាក់សត្វសមុទ្ទទាំងអស់ លើកលែងតែពពួកនាគ។ តែទោះជាយ៉ាងណា ព្រះសីវៈបានបង្ខំសត្វម្ករឱ្យខ្ជាក់នាគឱ្យទានតែបាន។ ចាប់តាំងពីពេកនោះមក មិនថាប្រទេសឥណ្ឌា ក៏ដូចជាប្រទេសកម្ពុជា តែងតែយកទឹកមកលាងបាបកម្មដែលខ្លួនបានប្រព្រឹត្ត និងយកសត្វម្ករមកធ្វើជានិមិត្តសញ្ញានៃអំណាចសត្វសមុទ្ធ និងជាសត្វដែលតំណាងឱ្យការអភិវឌ្ឍន៍ ភាពត្រជាក់ត្រជុំ ព្រមទាំង សុខសន្តិភាពនៅក្នុងប្រទេសទាំងមូល។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment