រឿងរាមាយណៈ ឬរឿងរាមកេរ្តិ៍ ខ្សែទី៣
ក្រុងរាពណ៌ចាប់នាងសិតា
តាមផ្លូវព្រះរាមបានជួបនឹងយក្សមួយឈ្មោះ ពិរាធ មានចិត្តកំណាចឃោរឃៅ គិតចូលមកចាប់ឆក់យកព្រះនាងសិតា ។
ពិតដូច្នោះហើយ ភិរាធក៏ស្ទុះចូលទៅឆក់នាងសិតាយកទៅ ។ ព្រះលក្សណ៍ធានាខ្លួនការពារយកនាងសិតាមកវិញ ក៏ប៉ុន្តែការប្រយុទ្ធឃើញថា ទន់ដៃជាងយក្ស ។ ព្រះរាមឃើញដូច្នោះ ថ្លែងសរសម្លាប់យក្សក្នុងពេលនោះទៅហោង ។ តទៅទៀតក្សត្រីទាំងបីអង្គបានបន្តដំណើរដល់ភ្នំកណ្ឌការណ្យពន ក៏បួសជាតាបស ។ ព្រះលក្សណ៍ដឹងអនុភាពរបស់ខ្លួនបថុជនក៏សុំលាព្រះរាមទៅតាំងសិល្ប៍ រម្លឹកអាគមគាថាឡើងវិញនៅនាទៀបអាយអាស្រមគ្នា ។
ពេលនោះមានយក្ខនីយ៍មួយឈ្មោះនាងសូបនខា ត្រូវជាប្អូនយក្សក្រុងរាពណ៍បានឃើញក្សត្រទាំងពីរមានរូបឆោមលោម ពណ៌គួរឲ្យបេតី ក៏កាឡាខ្លួនជាទេពអប្សរយ៉ាងស្រស់ប្រិបម្រិយចូលទៅប្រលោមលួងលោម សុំសេចក្ដីស្នេហាពីព្រះរាម ។ តែព្រះរាមបានប្រាប់នាងឲ្យទៅសុំពីព្រះលក្សណ៍វិញ ។ ព្រះលក្សណ៍ដាច់សិល្ប៍ខ្ញាល់នឹងនាងសូបនខាមករុកគួនក៏ចាប់ផ្ដួលកោ សក់កាត់ដៃ ស្រែកបណ្ដេញចេញទៅ ។ នាងសូបនខាប្រែកាឡាជាយក្សវិញ ហើយបានស្រែកជម្ទាលឮសូររហូតដល់ក្រុងខរជាបងរបស់ នាង ។ ក្រុងខរឮហើយ ក៏ជិះសេះតម្រង់មកជួយសង្គ្រោះ ។ ដោយកំហឹងឆាបឆេះជាខ្លាំង ក្រុងខរបញ្ជាមេទ័ពម្នាក់ឈ្មោះខុនទូសណ៍នាំនាងយកទៅចូលនគរវិញ ហើយក៏លើកទ័ពចូលច្បាំងនឹងព្រះរាម ។
ក្រុងខរបានបញ្ជាឲ្យខុនទូសណ៍ចូលច្បាំងមុនគេ បន្ទាប់មកត្រីស្វិរៈ ទីបំផុតក្រុងខរខ្លួនឯងចូលទៅទៀតតែត្រូវសរព្រះរាមស្លាប់គ្មានសល់ ឡើយ ។ នាងសូបនខាឃើញបងស្លាប់អស់ក្នុងការប្រយុទ្ធដូច្នោះ ក៏ហោះសំដៅទៅក្រុងលង្កា ញុះញង់បងប្រុសគឺក្រុងរាពណ៍ ឲ្យចេញមកសងសឹក ព្រមទាំងឲ្យចាប់នាងសិតាយកមកធ្វើជាមហេសីផង ។ ក្រុងរាពណ៍កាលបើបានជ្រាបដំណឹងពីប្អូនស្រីហើយ មានចិត្តឈឺចាប់ខ្លាំងពន់ប្រមាណ ក៏ហៅមហារីកជាសេនាឲ្យកាឡាខ្លួនជាប្រើសមាសចេញមកបង្អួតយ៉ាងសង្ហាចំពោះមុខនាងសិតា ។
កាល បើឃើញប្រើសមាសភ្លាម នាងសិតាក៏បង្ខំស្វាមីឲ្យចេញទៅតាមប្រហារដើម្បីយកស្បែកទុកលម្អ នៅពេលយាងទៅគ្រប់គ្រងរាជ្យវិញ ។ ព្រះរាមចេញទៅតាមប្រើសមាស ទុកព្រះលក្សណ៍នៅចាំអាស្រមការពាររាជទេពី ។ ប្រើសមាសចេះតែរត់ទៅៗរហូតដល់ពេលរសៀលទើបព្រះរាមបាញ់ត្រូវប្រើសៗ ក៏កាឡាខ្លួនជាយក្ស ស្រែកដង្ហើយហៅព្រះលក្សណ៍ឲ្យចេញមកជួយ នាងសិតាឮហើយក៏បង្ខំព្រះលក្សណ៍ឲ្យចេញមកជួយព្រះស្វាមី ព្រះលក្សណ៍ប្រកែកព្រះនាងសិតាបង្ខំព្រះលក្សណ៍ៗទ្រាំពុំបានក៏ចាក ចេញពីអាស្រមទៅតាមព្រះរាម ។ ក្រុងរាពណ៍បានឱកាសកាឡាខ្លួនជាឥសីលួងលោមប្រលោមនាងសិតា ចុងបំផុតក៏ឆក់នាងសិតាបានហោះទៅតាមអាកាសចេញទៅ ។
No comments:
Post a Comment