ហេតុអ្វីបានជាប្រទេសកម្ពុជាយកសត្វនាគធ្វើជានិមិត្តសញ្ញារបស់ប្រទេស?
• ចម្លាក់នាគមានតម្លៃនិមិត្តតំណាងឱ្យភាពអមតៈគឺអ្វីៗទាំងអស់រលាយសាមសូន្យនៅសល់តែ១គត់ដែលគេឱ្យឈ្មោះថា”សេសៈឬអនន្តៈ”ជានាគរាជមានកំណើតនៅទេវលោកមានក្បាល១ពាន់ដែលជាយានជំនិះរបស់ព្រះវិស្ណុផ្ទុំរងចាំបង្កើតលោកជាថ្មី។
• នាគតំណាងឱ្យបុព្វការីរបស់ប្រជាជនខ្មែរដែលខ្មែរតែងហៅឈ្មោះថា”ព្រះនាងលីវយីឬនាងនាគទាវតី” ព្រមទាំងជាស្តេចបង្កើតរាជាណាចក្រខ្មែរដំបូងឈ្មោះថា”រាជាណាចក្រភ្នំ”ដែលស្ថិតនៅតំបន់គោកធ្លកនៅខេត្តតាកែវ។
• នាគតំណាងឱ្យទឹកភ្លៀងជាយានជំនិះរបស់ព្រះភិរុណ។ការគោរពលោកនាគប្រៀបបាននិងការគោរពសុំទឹកភ្លៀង។
នាគរាជនៅក្នុងសិល្បៈខ្មែរឆ្លាក់មានក្បាល់១,៣,៤,៧និង៩ ហើយសុទ្ធតែមាននិមិត្តរូបផ្សេងពីគ្នា៖
១/នាគក្បាល១នៅក្នុងតម្លៃព្រហ្មញ្ញសាសនា តំណាងឱ្យភាពអមតៈជោគជ័យសិរិមង្គលគេច្រើនដាក់ចែងព្រះវិហារ ឬរាជដំណាក់។នៅក្នុងសិល្បៈនាគក្បាល១ជានិមិត្តរូបចំនួនសេសតំណាងឱ្យក្បាលទាំង១០០០របស់នាគសេសៈឬវាសុកិ។
២/នាគក្បាល៣ តំណាងឱ្យលទ្ធិត្រីមូល៌តិ ក្បាលកណ្តាលតំណាងឱ្យព្រះសីវៈ ក្បាលខាងឆ្វេងតំណាងឱ្យព្រះវិស្ណុ និងក្បាលខាងស្តាំតំណាងព្រះព្រហ្ម។នាគក្បាល៣នេះក៏តំណាងឋានទាំង៣គឺឋានទេវៈ ឋានមនុស្ស និងឋានបាតដាលលោក។ហើយក៏តំណាងឱ្យអំណាចធំៗទាំង៣គឺអំណាចរគ្រប់គ្រងលោក អំណាចការពារថែរក្សាលោក និងអំណាចព្រហ្មចារីយ៍លោក។
៣/នាគក្បាល៥តំណាងឱ្យ៖តំណាងឱ្យអំណាចធំៗទាំង៥គឺអំណាចបង្កើតលោក អំណាចគ្រប់គ្រងលោក អំណាចការពារថែរក្សាលោក អំណាចរំលាយលោក និងអំណាចនៃភាពបរិសុទ្ធរបសើលោក។នាគក្បាល៥នេះក៏តំណាងឱ្យឋានទាំង៥៖ ឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ឋានយក្ស និងឋានមហារាជ។
៤/នាគក្បាល៧តំណាងឱ្យនិមិត្តរូប៤គឺ៖
o និមិត្តរូបឋានសួគ៌ទាំង៧ជាន់មានៈ១,ត្រៃត្រឹង្គ ២,ចតុមហារាជកា ៣,យាមា ៤,តុសិតា ៥,និម្មិតនរតី ៦,បរនិម្មិតសវតី និង៧,កៃលាស។ចំណាំកៃលាសខ្ពស់ជាងគេ។
o និមិត្តរូបមហាសមុទ្ទទាំង៧ដែលព័ទ្ធជុំវិញទេវលោកមានៈ១.មហាសមុទ្ទសុទស្សន៍មានពណ៌ស ២.មហាសុទ្ទក៌វឹកមានពណ៌ខៀវ ៣.មហាសមុទ្ទឥសិន្ធរៈមានពណ៌លឿង ៤.មហាសមុទ្ទយុគន្ធរៈមានពណ៌ក្រហម ៥.មហាសមុទ្ទនេមិន្ធរៈមានពណ៌បៃតង ៦.មហាសមុទ្ទវិនត័កមានពណ៌ស្វាយ និង៧.មហសមុទ្ទអស្សកណ្ណមានពណ៌ស៊ីជម្ពូ ដោយមហាសមុទ្ទទាំងនេះបានផ្តុំគ្នាបង្កើតបានជាមហាសមុទ្ទមួយឈ្មោះមហាសមុទ្ទសីទន្តរសត្តបរិភណ្ឌ។
o និមិត្តរូបចក្រវាឡដែលមានរូបទាំង៧គឺព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ និងព្រះសៅរ៍។
o និមិត្តរូបទន្លេសួគ៌ទាំង៧មានៈទន្លេគង្គា ទន្លេយមុនៈ ទន្លេសរស្វតី ទន្លេនរមទ ទន្លេក្ហ្សីប្រា(ព្រះគ្ឬស្ណៈ) ទន្លេគោទវរី និងទន្លេកាវេគី។
៥/នាគក្បាល៩មាននិមិត្តរូបតំណាងឱ្យចក្រវាឡទាំង៩ ចក្រវាឡមានរូប៧ និងចក្រវាឡឥតរូប២។មានព្រះអាទិត្យ ព្រះច័ន្ទ ព្រះអង្គារ ព្រះពុធ ព្រះព្រហស្បតិ៍ ព្រះសុក្រ ព្រះសៅរ៍ កេតុ និងរាហូ(វាប្រហែលទៅនិងភព២មានអ៊ុយរានុ និងណើបទួនដែរ) ។ទ្រឹស្តីចក្រវាឡនេះមានតាំងពី៧០០០ឆ្នាំមុនគ.សទៀត។ព្រមទាងតំណាងឱ្យអំណាចអមតៈទាំង៩ប្រការមាន៖អំណាចព្យុះផ្គរន្ទះ(ទិសខាងកើត) អំណាចភ្លើង(ទិសអាគ្នេយ៍) អំណាចមរណៈនិងច្បាប់(ទិសខាងត្បូង) អំណាចខ្មោចនិងព្រាយបិសាច(ទិសនរតី) អំណាចទឹកភ្លៀង(ទិសខាងលិច) អំណាចខ្យល់(ទិសពាយ័ព្យ) អំណាចទ្រព្យសម្បត្តិនិងសោភ័ណ្ឌភាព(ទិសខាងជើង) អំណាចរំលាយលោកដោយជីវិតរបស់ពិភពលោកស្មើនិង១ថ្ងៃ១យប់របស់ព្រះព្រហ្មនៅពេលដែលលោក(ផែនដី)ប្រាកចាកភាពបរិសុទ្ធលោកត្រូវរំលាយមុនកំណត់(ទិសបញ្ចឹម) និងអំណាចគ្រប់គ្រងលោកនិងអំណាចព្រហ្មចារីយ៍លោក(ទិសកណ្តាល)។
នៅក្នុងប្រវត្តិសិល្បៈរបស់ខ្មែរមានចម្លាក់នាគក្បាលគត់ ដែលតំណាងឱ្យភាពបរាជ័យ និងស្លាប់តៃហោងមិនអាចរកភពកំណើតបាន។គេច្រើនឃើញចម្លាក់នេះមាននាគក្បាល៦និង៨ ត្រង់វគ្គព្រះគ្ឫស្ណៈហែកក្បាលនាគកាល្យៈក្នុងរឿងមហាភារតយុទ្ធ។
No comments:
Post a Comment