Friday, 11 January 2019

ភិមៈសម្លាប់ស្ដេចកំណាចចស៌្វតៈ(ចរស្វតៈ)

ភិមៈសម្លាប់ស្ដេចកំណាចចស៌្វតៈ(ចរស្វតៈ)

នៅក្នុងរឿងមហាភារតយុទ្ធមានភាគមួយទាក់ទងនឹងភិមៈសម្លាប់ស្ដេចកំណាចចស៌្វតៈ។ បើមើលប្រវត្តិស្ដេចកំណាចចស៌្វតៈមានដូចតទៅ៖ នៅនគរមួយមានព្រះមហាក្សត្រមួយអង្គមានមហេសីពីរព្រះអង្គព្រមជាមួយស្នំចំនួន១០០០០អង្គ។ ជាសំណាងអភព្វព្រះមហាក្សត្រអង្គនេះថ្វីត្បិតមានមហេសីព្រមជាមួយស្នំយ៉ាងច្រើនក្ដីក៏ព្រះអង្គពុំមានបុត្រសម្រាប់ស្នងត្រកូលឡើយ។ ដោយព្រះទ័យចង់បានបុត្រសម្រាប់ស្នងរាជបល្ល័ង្គ ព្រះមហាក្សត្របានឲ្យព្រាហ្មណ៍រៀបចំពិធីបូជាភ្លើងដើម្បីសុំបុត្រ។ ខណៈពេលដែរកំពុងបូជាភ្លើងនោះស្រាប់តែអណ្ដាតភ្លើងចាប់ផ្ដើមឆេះយ៉ាងសន្ធរសន្ធៅបានលេចមហាឥសីមួយអង្គឡើងដោយមានកាន់ផ្លែស្វាយមួយផ្លែនៅក្នុងដៃហើយបានប្រទានទៅឲ្យព្រះមហាក្សត្រ។ ក្រោយបានប្រទានហើយបានបញ្ជាក់ទៀតថា សូមឲ្យព្រះមហេសីសោយផ្លែស្វាយនេះចុះនោះទ្រង់នឹងមានគ៌ភជាពុំខាន និយាយចប់ក៏រលាយបានអំពីភ្នក់ភ្លើងបាត់ទៅ។ បន្តពីព្រះមហាក្សត្រព្រះអង្គមានមហេសីពីរអង្គ ដោយព្រះមហេសីទាំងពីរសុទ្ធតែចង់បានបុត្ររៀងខ្លួន ដូច្នេះព្រះមហាក្សត្រ





បានបែងចែកផ្លែស្វាយជាពីរបំណែកឲ្យព្រះមហេសីទាំងពីរអង្គសោយទៅ។ បន្ទាប់ពីសោយផ្លែស្វាយទៅមិនយូរប៉ុន្មានមហេសីរបស់ព្រះមហាក្សត្រក៏តាំងគ៌ភទាំងពីរអង្គ។ រហូតដល់ថ្ងៃកំណត់ប្រសូត្រមហេសីទាំងពីរប្រសូត្របានបុត្រម្នាក់មួយជំហៀងធ្វើឲ្យព្រះមហាក្សត្រតក់ស្លុតយ៉ាងខ្លាំងបញ្ជាឲ្យសេនាយកកុមារទៅបំបស់បង់ចោលកណ្ដាលព្រៃ។ សម្ដែងពីក្នុងព្រៃនោះមានយក្សខនីយ៍មួយអាស្រ័យនៅ ខណៈពេលដើរស្វែងរកចំណីនាងយក្សាបានច្រៀងរាំបណ្ដាលឲ្យផ្អើរអស់ពពួកសត្វទាំងឡាយដែរអាស្រ័យនៅក្នុងព្រៃនោះរត់ពួនសម្ងំអស់គ្មានសល់។ លុះក្រលេកទៅឃើញកុមារាទាំងពីរជម្រៀកនោះមានមុខមាត់ដូចគ្នា ក៏បានចាប់យកកុមារមកផ្គុំចូលគ្នា ស្រាប់តែកុមារបានរលាយចូលគ្នាមានជីវិតស្រែកយំយ៉ាងខ្លាំងភ្លាមបណ្ដាលឲ្យយក្សមានការភិតភ័យទុកកុមារាចោលហើយរត់បាត់ទៅ។ បន្ទាប់ពីត្រូវយក្សផ្គុំរូបហើយកុមារបានស្រែកយំផ្អើលអស់ពេញរាជវាំងទាំងមូល ព្រះមហាក្សត្រឆ្ងល់ពីហេតុចម្លែកលឺសម្លេងកុមារយំរំពងតែក្នុងវាជវាំងប៉ុណ្ណោះ ដោយចង់ដឹងពីមូលហេតុស្ដេចបានបញ្ជាឲ្យសេនាស្វែងរកសម្លេងនោះ។ អស់ពពួកសេនាទាំងឡាយស្វែងរករហូតប្រទះកុមារានៅក្នុងព្រៃស្គាល់ជាក់ថាជាបុត្ររបស់ក្សត្រដែលឲ្យយកចោល ក៏ប្រញាប់យកកុមារទៅថ្វាយព្រះមហាក្សត្រ។ ព្រះមហាក្សត្រទតយល់ស្គាល់ជាក់ជាបុត្រខ្លួនត្រេកអរណាស់បានប្រទានព្រះនាមថា ចស៌ស្វតៈ។ លុះកុមារចម្រើនវ័យមានអំណាចអស្ចារ្យបានធ្វើសង្គ្រាមវាយដណ្ដើមចាប់ស្ដេច១០០នគរយកបូជាព្រះសីវៈព្រះនាម ភេវ៌ៈ ជារូបដ៏កាចឃោរឃៅបំផុតរបស់ព្រះសីវៈដើម្បីទទួលបានអំណាចពីព្រះសីវៈ។ បន្ទាប់ពីបានអំណាចហើយចស៌្វតៈបានវាយលុយលុកដល់បាដាលឋាន កំទិចបំផ្លិតបំផ្លាញឋាននរកដើម្បីកុំឲ្យយមរាជទៅចាប់ព្រលឹងខ្លួន។ ការទទួលបានអំណាចពីព្រះសីវៈ ភេវ៌ៈ សូម្បីតែយមរាជក៏មិនហ៊ានមើលមុខចស៌្វតៈចំដែរ ព្រោះអំណាចព្រះសីវៈនឹងធ្វើឲ្យយមរាជត្រូវរលាយសាបសូន្យបាន។

និយាយពីភាពឃោរឃៅរបស់ចស៌្វតៈបានផ្សាយរន្ទឺគ្រប់ទីកន្លែងរហូតដំណឹងបានដឹងដល់ក្ឫស្ណៈ។ បន្ទាប់ពីបានលឺដំណឹងនេះក្ឫស្ណៈបាននាំ អជ៌ុន(អរជុន) និងភិមៈតែងខ្លួនជាព្រាហ្មណ៍តម្រង់ទៅនគររបស់ចស៌្វតៈ។ នាថ្ងៃមួយចស៌្វតៈបានប្រលងប្រយុទ្ធកម្លាំងជាមួយមេទ័ព ប្រជារាស្រ្ត តែគ្មានអ្នកណាអាចយកឈ្នះចស៌្វតៈបានទេ។ ដោយមានកម្លាំងខ្លាំងក្លា ចស៌្វតៈកាន់តែមានភាពក្រអើតក្រទោមគិតថាគ្មាននរណាអាចយកឈ្នះខ្លួនឡើយ ខណៈនោះដែរក្ឫស្ណៈក៏បានចូលរួមព្រមទាំងបានច្រានភិមៈឲ្យចូលទៅប្រកួតជាមួយចស៌្វតៈ។ ការប្រកួតប្រយុទ្ធភិមៈបានចាប់ហែកចស៌្វតៈជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែមិនអាចសម្លាប់ស្ដេចកំណាចបានឡើយ។ ការដែរភិមៈហែកចស៌្វតៈជាពីរជម្រៀកកាលណាស្ដេចកំណាចតែងតែផ្គុំរូបចូលគ្នាវិញដូចដើមជានិច្ច ហេតុដែលសម្លាប់ស្ដេចកំណាចមិនបានសម្រេចភិមៈខឹងណាស់។ បន្ទាប់មកបានចាប់ចស៌្វតៈបោកទៅនឹងភ្នំមួយបណ្ដាលឲ្យភ្នំនោះលិចស្រុតទៅក្នុងផែនដី។ ឃើញហេតុការណ៍បែបនេះព្រះក្ឫស្ណៈបានចង្អុលបង្ហាញពីវិធីនៃការសម្លាប់ស្ដេចកំណាចទៅដល់ភិមៈ ដោយយកដើមត្រែងមកជ្រៀកជាពីរជម្រៀកហើយបោះបញ្រ្ជាស់ខ្វែងដៃគ្នាទៅលើផែនដី។ សង្គេតឃើញពីសកម្មភាពរបស់ក្ឫស្ណៈបង្ហាញពីតម្រុយហើយភិមៈបានចាប់វាយចស៌្វតៈបោកចាប់ហែកជាពីរជម្រៀកហើយបោះបញ្រ្ជាស់ខ្វែងដៃគ្នាតាមកាយវិការដែលក្ឫស្ណៈបានបង្ហាញ។ ទីបំផុតចស៌្វតៈត្រូវបានស្លាប់ដោយស្នាដៃរបស់ភិមៈដែលមានការចង្អុលបង្ហាញពីសំណាក់ក្ឫស្ណៈ។

No comments:

Post a Comment