Friday, 11 January 2019

រឿង ក្ឫស្ណៈទ្រភ្នំគោវដ្ថនៈ







រឿង ក្ឫស្ណៈទ្រភ្នំគោវដ្ថនៈ
ក្នុងកាលព្រះក្ឫស្ណៈមានព្រះជន្ម៦ឆ្នាំ អ្នកភូមិនន្ទៈបានរៀបចំពិធីមួយយ៉ាងធំ ប្រកបដោយនំចំណី ផ្លែឈើជាច្រើនដើម្បីរៀបចំបូជាថ្វាយព្រះឥន្ទ្រ។ កាលនោះក្ឫស្ណៈឆ្ងល់ណាស់ តើអ្នកភូមិរៀបចំនំចំណីបូជាចំពោះព្រះឥន្រ្ទធ្វើអ្វី? ខណៈនោះដែរក្ឫស្ណៈបម្រុងនឹងយកនំមកបរិភោគ តែត្រូវហាមឃាតដោយនាងយសោទា ជាម្ដាយ។ នាងយសោទាបង្គាប់ឲ្យក្ឫស្ណៈយកនំទៅបូជាថ្វាយព្រះឥន្រ្ទ ក៏ប៉ុន្តែក្ឫស្ណៈមិនព្រមធ្វើតាមម្ដាយ និងអ្នកភូមិឡើយ។ បន្ទាប់មកក្ឫស្ណៈបានយកនំទៅឲ្យក្មេងគង្វាលគោបរិភោគអស់គ្មានសល់ ដោយថាព្រះឥន្ទ្រគ្មានអ្វីល្អនោះទេមួយថ្ងៃៗគិតតែបង្កភ្លៀងរន្ទះធ្វើឲ្យក្ដៅក្រហាយដល់អ្នកដទៃ ហើយអ្វីដែលគួរគោរពបូជាគឺភ្នំគោវដ្ថនៈទៅវិញទេដែលផ្ដល់អាហារ ទឹក ស្មៅសម្រាប់ចិញ្ចឹមអ្នកភូមិ និងគោ។ ហើយក្ឫស្ណៈបាននាំអ្នកភូមិទៅបូជាភ្នំគោវដ្ថនៈវិញដែលបានផ្ដល់ប្រយោជន៍គ្រប់យ៉ាងដល់អ្នកភូមិ។
​ថ្លែងពីព្រះឥន្ទ្រដែលប្រថាប់លើដំរីព្ធរាវ័នរង់ចាំទទួលគ្រឿងដង្វាយ ឃើញក្ឫស្ណៈយកនំឲ្យក្មេងគង្វាលបរិភោគអស់ ហើយថែមទាំងនៃអ្នកភូមិនន្ទៈទោគោរពបូជាភ្នំគោវដ្ថនៈទៀតនោះខឹងខ្លាំងណាស់។ ព្រះឥន្ទ្របានបង្កឲ្យមានភ្លៀង ព្យុះ រន្ទះទាំងឡាយ មកបំផ្លាញភូមិនន្ទៈភ្លាម។ ភូមិនន្ទៈត្រូវបានលិចលង់ដោយភ្លៀង ធ្វើឲ្យអ្នកភូមិមានការលំបាកយ៉ាងខ្លាំង រំពេចនោះក្ឫស្ណៈ និងពលរាមបាននាំអ្នកភូមិព្រមជាមួយហ្វូងគោទោរកទីសម្រាប់ជ្រកភ្លៀង។ ក្ឫស្ណៈក៏បានយកម្រាមដៃរបស់ខ្លួនលើកភ្នំគោវដ្ថនៈឡើងដើម្បីបិតបាំងភ្លៀងឲ្យអ្នកភូមិ និងហ្វូងគោបានជ្រកអាស្រ័យ។ រីឯព្រះឥន្ទ្រឃើញហេតុការណ៍បែបនេះខ្ញាល់ណាស់បានប្រើបំពង់កាំរន្ទះបាញ់មកលើភ្នំគោវដ្ថនៈយ៉ាងខ្លាំងរហូតដល់អស់គ្រាប់រន្ទះក៏នៅតែមិនអាចធ្វើអ្វីក្ឫស្ណៈបានដែរ។ បន្ទាប់មកទៀតព្រះឥន្ទ្រក៏បានវាយបំបែកបំពង់កាំរន្ទះ បង្កឲ្យមានរន្ទះមកពីគ្រប់ទិសទីបាញ់តម្រង់មករកក្ឫស្ណៈ តែបំពង់កាំរន្ទះបានផ្ដុំគ្នាដូចដើមហើយបានប្រមូលយករន្ទះទាំងឡាយចូលក្នុងបំពង់វិញ។ ឃើញហេតុការណ៍ដ៏ចម្លែកព្រះឥន្ទ្រមានការងឿឆ្ងល់ណាស់ ខណៈនោះដែរព្រះក្ឫស្ណៈបានប្រែព្រះកាយក្លាយជាព្រះវិស្ណុភ្លាមមួយរំពេច។ ព្រះឥន្ទ្រឃើញហើយក៏ចុះពីលើដំរីព្ធរាវ័នលុតជង្គង់សុំព្រះរាជទានទោសហើយវិលត្រលប់ទៅឋានសួគ៌វិញទៅ។
(រៀបរៀងដោយ ឃន់ រស្មី)

No comments:

Post a Comment