ព្រះវិស្ណុផ្ចាញ់បក្សីគ្រុឌ
រឿងទេវកថាមួយបាននិយាយថានៅចំពាក់កណ្ដាលចន្លោះឋានមនុស្ស និងឋានសួគ៌មានភ្នំមួយឈ្មោះថាភ្នំអណ្ដែត។ ភ្នំអណ្ដែតជាកន្លែងស្នាក់អាស្រ័យរបស់មហាឥសីម្នាក់ឈ្មោះ កស្យាបៈ។មហាឥសីកស្យាបៈព្រះអង្គមានភរិយា ២នាក់គឺ ភរិយាទី១ឈ្មោះ កាទ្រុទេវី និង ភរិយាទី២ឈ្មោះ សុប៌ណទេវី។ នាងទាំងពីរនេះចេះប្រតិបត្តិស្វាមីរហូតដល់ធ្វើឲ្យពពួកអទិទេពមានការកោតសសើរបានប្រទានពរឲ្យនាងទាំងពីរមានរូបសម្រស់ស្រស់ស្អាតយ៉ាងល្អឯក។ នៅក្នុងថ្ងៃមួយនាងកាទ្រុទេវីបានចុះទៅដងទឹកនាស្រះទឹកក្បែរអាស្រមហើយបានលឺពពួកត្រីដែលនៅក្នុងស្រះនោះនិយាយថា (នាងកាទ្រុទេវីចាស់ប្រៀបដូចជាជីដូនឯនាងសុប៌ណទេវីប្រៀបដូចជាចៅ)។ ពេលបានលឺការតិះដៀលពីសំណាក់ត្រីបែបនេះនាងកាទ្រុទេវីមានការច្រណែននឹងនាងសុប៌ណទេវី ហើយក៏បានដើរចេញអំពីស្រហនោះទៅ។ ច្រើនថ្ងៃក្រោយមកនាងសុប៌ណទេវីសង្គេតឃើញថានាងកាទ្រុទេវីមានទឹកមុខក្រៀមក្រំមិននិយាយស្ដីរកខ្លួនសោះ ពេលនោះនាងកាទ្រុទេវីក៏បាននិយាយអំពីមូលហេតុដែលព ពួកត្រីបានតិះដៀលប្រាប់ទៅនាងសុប៌ណទេវី។ ព្រោះរឿងនេះនាងទាំងពីរបានធ្វើការភ្នាល់គ្នា ដោយការច្រណែននាងកាទ្រុទេវីបានយករឿងដែលត្រីបាននិយាយទៅសួរស្វាមីថា ( តើរវាងនាងនិងនាងសុប៌ណទេវីនរណាក្មេងល្អជាងនរណា)។ ពេលនោះមហាឥសីបានយល់អំពីការច្រណែនប្រច័ន្តច្រើនរបស់នាងកាទ្រុទេវី ហើយមហាឥសីបានឆ្លើយដោយមិនសុទ្ធិចិត្តថា៖ (នាងកាទ្រុទេវីក្មេងល្អជាងនាងសុប៌ណទេវី)ដោយមិនចង់ធ្វើបាបចិត្តប្រពន្ធដើមដែលចំណាស់ជាងប្រពន្ធទី២នោះទេ និយាយចប់ហើយក៏បានឡើងទៅកំពូលភ្នំអណ្ដែតបាត់ទៅ។ ខណៈនោះដែរនាងសុប៌ណទេវីបានត្រលប់មកពីដងទឹកវិញបានលោបស្ដាប់លឺប្ដីនិយាយបែបនេះតូចចិត្តតូចថ្លើមអង្គុយយំ ចំណែកនាងកាទ្រុទេវីវិញបានដេញនាងសុប៌ណទេវីឲ្យចុះចេញអំពីភ្នំអណ្ដែតបើចង់វិលត្រលប់លុះត្រាណាតែយកទឹកអម្រឹតមកឲ្យនាងផឹក ទើបអាចរស់នៅលើភ្នំអណ្ដែតបាន។ នាងសុប៌ណទេវីបានអង្វរច្រើនលើកច្រើនសារឲ្យនាងកាទ្រុទេវីអនុគ្រោះតែជាការឥតប្រយោជន៍ ។ ដោយខឹងខ្លាំងនាងបានដាក់បណ្ដាសារនាងកាទ្រុទេវីហើយប្រកាសឡើងថាបើស្វាមីនិយាយដោយបរិសុទ្ធត្រឹមត្រូវ សូមឲ្យរូបកាយនាងរលាយផុតពីលោកនេះទៅ ក៏ប៉ុន្តែបើស្វាមីរបស់នាងឆ្លើយឲ្យរួចតែពីមាត់ សូមឲ្យនាងកាទ្រុទេវីមានកូនសុទ្ធតែសត្វពស់នាគគ្រប់ប្រភេទ ហើយត្រូវក្លាយជាចំណីរបស់កូននាងនាថ្ងៃអនាគត។ និយាយចប់ក៏ចុះចេញពីភ្នំអណ្ដែតទៅធ្វើពិធីតបៈយោគៈយ៉ាងលំបាកវេទនាឆ្ពោះទៅកាន់ព្រះសីវៈ។ ដោយក្ដីអាណិតអាសូរព្រះសីវៈទ្រង់យាងមកផ្ទាល់បានប្រទានពរជ័យដល់សុប៌ណទេវីឲ្យប្រសូត្របានរាជបុត្រជាបក្សីគ្រុឌមានពន្លឺព្រះអាទិត្យ និងមានភាពអមតៈទាំង២១ប្រការដើម្បីឡើងទៅកាន់ឋានសួគ៌យកទឹកអម្រឹតឲ្យបាន។
បក្សីគ្រុឌអាណិតមាតារបស់ខ្លួនបានឡើងទៅកាន់ឋានត្រៃត្រឹង្គ ហើយបានសណ្ដមពួកអទិទេពទាំងអស់ឆក់យកទឹកអម្រឹតក្នុងថូទិព្វទាំងអស់។ ក្នុងខណៈពេលហោះចេញពីឋានសួគ៌ បានជួបនឹងព្រះវិស្ណុក៏ចាប់ផ្ដើមប្រយុទ្ធគ្នាយ៉ាងខ្លាំងអស់រយៈពេល២១ថ្ងៃមិនឈ្នះមិនចាញ់។ ព្រះវិស្ណុក្រលែកលើថ្ងាសបក្សីគ្រុឌឃើញសញ្ញា(អូម)របស់ព្រះសីវៈទ្រង់បានប្រើប្រាជ្ញាបង្រ្កាបបក្សីគ្រុឌដោយឲ្យបក្សីគ្រុឌសុំពរពីព្រះអង្គ បក្សីគ្រុឌខឹងខ្លាំងណាស់បានបញ្ជាឲ្យព្រះវិស្ណុសុំពរខ្លួនវិញ។ ពេលនោះព្រះវិស្ណុបានសុំពរ២ប្រការគឺ ប្រការទី១សុំបក្សីគ្រុឌប្រគល់ទឹកអម្រឹតត្រលប់មកវិញ ប្រការទី២សុំបក្សីគ្រុឌយកមកធ្វើជាយានជំនិះ។ បក្សីគ្រុឌមិនព្រមបានផ្ដុំកម្លាំងអមតៈទាំង២១ប្រការវាយរំលាយលោកតែម្ដង ក៏ប៉ុន្តែត្រូវឆព្វ័ណ្ណរង្សីទាំង៦ពណ៍របស់ព្រះវិស្ណុសង្គតបក្សីគ្រុឌឲ្យលុតជង្គង់ចុះចាញ់។ បក្សីគ្រុឌព្រមធ្វើជាយានជំនិះរបស់ព្រះវិស្ណុដោយទទួលពាក្យសន្យាពីព្រះវិស្ណុថានិងជួយបក្សីគ្រុឌរឿងមាតា។ ព្រះវិស្ណុប្រថាប់លើបក្សីគ្រុឌព្រមជាមួយនាងសុប៌ណទេវីដែលត្រូវទ្រក្នុងដៃនៃបក្សីគ្រុឌហោះមកកាន់ភ្នំអណ្ដែត បានប្រទះឃើញនាងកាទ្រុទេវីក្លាយរូបរាងជាមនុស្សចាស់មើលមិនយល់ ហលយបានត្រូវពពួកកូនជានាគពស់គ្រប់ប្រភេទដេញតាមនាងកាទ្រុទេវីរត់មួយថ្ងៃៗឥតឈប់ឈរ។ រីឯមហាឥសីកស្យាបៈបានរត់ទៅនៅកំពូលភ្នំអណ្ដែតឃើញទុក្ខវេទនារបស់នាងកាទ្រុក៏បានសុំឲ្យព្រះវិស្ណុជួយ។ ព្រះវិស្ណុបានបញ្ជាឲ្យបក្សីគ្រុឌចុះចាប់ពស់នាគគ្រប់ប្រភេទទាំងអស់ធ្វើជាចំណីអាហារ។ ក្នុងចំណោមពស់នាគទាំង១០០០ក្បាលនោះមាននាគមួយក្បាលបងគេបង្អស់ឈ្មោះ នាគរាជ្យកាល្យៈ រត់រួចខ្លួនចុះមករស់នៅបាតទន្លេយុម្ននា។ ពេលនោះព្រះវិស្ណុបានហៅមហាឥសី និងប្រពន្ធទាំងពីរឲ្យជួបជុំគ្នាវិញដោយឲ្យនាងកាទ្រុទេវីមានជីវិត និងសម្រស់មានការវិវត្តន៍ដូចជាមនុស្សលោកទូទៅ ចំណែកឯនាងសុប៌ណទេវីនៅតែក្មេងស្រស់ស្អាតជារៀងរហូត។ បន្ទាប់មកព្រះវិស្ណុបានសុំបក្សីគ្រុឌធ្វើជាយានជំនិះហើយឡើងគង់លើស្មាបក្សីគ្រុឌវិលត្រលប់មកឋានមហាសមុទ្រទឹកដោះវិញ។
(រៀបរៀងដោយ ឃន់ រស្មី)
No comments:
Post a Comment