ផ្ទះរោងឬផ្ទះកន្ដាំង ជាផ្ទះដែលសាមញ្ញបំផុតមានដំបូលផ្តុំឡើងដោយផ្ទាំងពីរ ដែលមកទល់គ្នានៅត្រង់មេដំបូល។ រីឯសសរមាន ៣ជួរយ៉ាងតិច។ ជួរកណ្តាលតែងតែខ្ពស់ជាងគេ ហៅថាសសរមេដំបូល ឬសសរទ្រូង ឬសសរកន្លោង។ ចំណែកឯសសរជើងរៀងនៅអមសងខាងជាធម្មតា។ ទ្វារផ្ទះតែងនៅសសរជើងរាង។ ផ្ទះនេះមានសមាមាត្រ កំពស់ស្មើរ១កន្លះនៃទទឹង បណ្ដោយ២ដងនៃទទឹង ហើយ មានមេដំបូលចំកណ្ដាលស្មើ នៃផ្ទាំងដំបូលទាំងពីរ ជួនកាលក៏មានដំបូលច្រើនជាប់គ្នា ព្រមទាំងមានរានហាល។
ផ្ទះប៉ិត ពពួកផ្ទះដែលហៅថា «ប៉ិត» ឬហៅតាមអ្នកស្រុកបាត់ដំបងថា«ផ្ទះជម» ឬ «ផ្ទះក្រជម» គឺតែងតែមានដំបូលផ្តុំឡើងដោយផ្ទាំង៤ ដែលមានជម្រាលស្មើគ្នា ហើយពុំមានហោជាងនៅផ្នែកណាមួយនៃដំបូលឡើយ។ ជាទូទៅបើមើលលើប្លង់ផ្ទះប៉ិតដែលមានតែមួយខ្នង ឃើញថាទ្វារមិននៅលើជ្រុងខ្លីទេ គឺនៅលើជ្រុងវែង។
ផ្ទះរោងដោល ផ្ទះរោងដោលនេះគឺនៅក្នុងពពួកផ្ទះ«រោង»។ ជាទូទៅផ្ទះរោងដោលសង់ឡើងដោយប្រើសសរ៣ជួរ។ ជួរកណ្តាលខ្ពស់ជាងគេ អ្នកខ្លះហៅថាសសរមេដំបូល ខ្លះទៀតហៅថាសសរទ្រូង។ សសរជួរកណ្តាលទាំងនេះមានទំហំធំជាងសសរជួរចំហៀងត្បិតមានតួនាទីទ្រមេដំបូល។ ម្យ៉ាងទៀតគេតែងសង្កេតឃើញថា សសរជួរកណ្តាលនោះមានភាពប្រណិតផ្ចិតផ្ចង់ជាងគេ។ បើផ្ទះនោះមានសសរ៤ជួរ សសរទ្រូងត្រូវមាន២ជួរ ដែលមានធ្នឹមទ្រជើងគកនៅចន្លោះជួរសសរនោះ។រីឯសសរនៅជួរចំហៀងគេហៅថាសសររៀង ឬសសរជើងរៀង។ ជួនកាលយើងពុំចាប់អារម្មណ៍ទេថា ផ្ទះអ្នកកំសត់ក្រីក្រតោកយ៉ាក ដែលស្ទើរតែរលំខ្លះនោះ ក៏មានដំបូលជារាងដោលដែរ។ ការវិភាគរចនាសម្ព័ន្ធខ្លះៗនៃផ្ទះរោងដោល។ពាក្យថារោងដោល ឬថាអ្វីផ្សេងទៀតក៏ដោយ (ឧទាហរណ៍ ប៉ិត កន្តាំង ។ល។) សុទ្ធសឹងសំដៅទៅលើអង្គភាពឬរចនាសម្ព័ន្ធ ដែលជាមូលដ្ឋានប៉ុណ្ណោះ។
ផ្ទះរោង ឌឿង ខុសប្លែកពីផ្ទះរោងដោលត្រង់ផ្ទះនោះមានហប់នៅមុខផង ក្រោយផងដូចគ្នា ដែលមានសសរបួនជួរ ហើយហោជាងធំជាង។ ម៉្យាងទៀតផ្ទះរបៀបរោងឌឿងនេះដែរ មានដំបូលពីរថ្នាក់ ដូចដំបូលវិហារ គេច្រើនតែធ្វើកុដិ ឬ ជាផ្ទះខសង។
ផ្ទះខ្មែរ គឺជាផ្ទះដែលមានដំបូលខ្ពស់ស្រួចហើយចោតយ៉ាងខ្លាំង ហើយមានហប់មុខ ហប់ក្រោយ និង ហប់នៅចុងជើង។ខាងក្បាលដំនេកគ្មានហប់ទេ ផ្ទះខ្មែរមានរនាបក្រាលពីរថ្នាក់។
ផ្ទះកឹង ជាប្រភេទផ្ទះបុរាណខ្មែរ ដែលត្រូវបានសាងសង់សម្រាប់តែមន្រ្តីជាន់ខ្ពស់។ការសង្កេតមកឈ្មោះប្រភេទផ្សេងៗនៃផ្ទះខ្មែរច្រើនតែកំណត់ដោយដំបូល។ រីឯផ្ទះកិងសម្គាល់ថាមានដំបូលពីរថ្នាក់ត្រួតលើគ្នា ហើយមានហប់ពីរនៅខាងមុខនិងក្រោយ។ សសរកណ្តាលមានពីរជួរ ដំបូលលើទ្រដោយជើងគក។ ដំបូលថ្នាក់ក្រោមអាចបង្កើតបានជារបៀងបើគេបាំងជញ្ជាំងមកនៅត្រឹមជួរទី២។ រនាបនៅត្រង់របៀងនេះសោតគេអាចបញ្ចុះឲ្យទាបជាងរនាបផ្ទះធំបន្តិច តាមចំណូលចិត្ត។ ជួនកាលគេធ្វើទ្វារធំដល់ទៅ៤ទិស នៅតាមទិសផ្សេងៗ រីឯជណ្តើរដាក់នៅត្រង់ទ្វារណាមួយ មិនថាជាទទឹងឬបណ្តោយផ្ទះនោះឡើយ គឺដាក់ទៅតាមតំរូវការ។ នេះជាផ្ទះកឹងដែលបានសាងសង់នៅឆ្នាំ១៩០៧។
ចាប់ពីមូលដ្ឋាននេះ គេបំបែកបន្ថែមបានច្រើនទម្រង់តាមកាលៈទេសៈ។
awesome house classic khmer
ReplyDelete