ឆាកជីវិតមានសប្បាយ កម្សត់ ព្រាត់ប្រាស ផ្អែមល្ហែម ជូរចត់ គ្មាននរណាម្នាក់អាចគេចផុតនូវលក្ខណៈទាំងនេះបានឡើយ ជាការពិតណាស់ ដើម្បីទទួលបានជោគជ័យក្នុងជីវិត មនុស្សគ្រប់រូបតែងតែឆ្លងកាត់នូវឧបសគ្គយ៉ាងច្រើនរាប់មិនអស់ ជួនកាលអាចធ្វើឲ្យយើងដួល ឬអស់សង្ឃឹម ឬក៏អាចលែងចង់រស់ទៀតក៏ថាបាន អ្វីដែលសំខាន់បំផុតគឺ ត្រូវរក្សាជំហរនិងជម្នះរាល់ការលំបាកទាំងឡាយដែលកើតមានឡើងចំពោះមុខ។ ដូចសុភាសិតមួយឃ្លាលើកឡើងថា «ក្រោយភ្លៀង មេឃស្រឡះ»។
តើសុភាសិតខាងលើនេះបង្កប់នូវខ្លឹមសារអប់រំយ៉ាងដូចម្ដេចខ្លះ?
ដើម្បីងាយស្រួលក្នុងការបកស្រាយបន្តទៅមុខទៀត គួរគប្បីយល់នូវឃ្លាសំខាន់ៗជាមុនសិន ដូចជា «ក្រោយភ្លៀង» និង «មេឃស្រឡះ»។ ឃ្លា «ក្រោយភ្លៀង» គឺមានថា បន្ទាប់ពីភ្លៀងរួចហើយ ឬពេលភ្លៀងរាំងហើយ ចំណែកឯ «មេឃស្រឡះ» គឺសំដៅដល់ពេលដែលផ្ទៃមេឃភ្លឺច្បាស់ល្អ ពុំមានខ្យល់ព្យុះ ឬពពកខ្មៅឡើយ។ តាមន័យត្រង់ មុនពេលមេឃភ្លៀង រមែងមានខ្យល់បក់បោក ពពកខ្មៅដេរដាសគ្របដណ្ដប់នៅលើលំហ បង្កើតបានជាភាពអាប់អួងងឹតមេឃងងឹតដី រកមើលអ្វីមិនយល់ ហើយជួនកាលមានផ្គររន្ទះគ្រាំងៗ នៅពេលភ្លៀងធ្លាក់ច្រើន ក៏បង្កើតបានជាទឹកជំនន់ជន់លិចផ្ទះសម្បែង និងភូមិឋាននានា ប៉ុន្តែក្រោយពីភ្លៀងរាំងហើយ នោះអ្វីៗនឹងប្រែមកជាសភាពដើមវិញ គឺមានពន្លឺឡើងវិញ ហើយមនុស្សម្នាទាំងឡាយប្រាកដជាអាចធ្វើដំណើរដោយមិនមានក្ដីបារម្ភទៀតឡើយ ចំណែកឯន័យធៀបវិញ គឺចង់បង្ហាញថា ជោគជ័យទាំងឡាយតែងតែឆ្លងកាត់ឧបសគ្គជាមុនសិន ក្រោយមកទើបអាចទទួលបាននូវដែលខ្លួនប៉ងប្រាថ្នា។
មែនហើយ គ្មានបុគ្គលណាម្នាក់អាចសម្រេចប្រាថ្នាបានដោយគ្រាន់តែដេកនៅស្ងៀមនោះឡើយ គឺត្រូវតែរួតរះស្វះស្វែងជានិច្ច ហើយជួនកាលក៏ត្រូវជួបប្រទះនូវរឿងរ៉ាវអាក្រក់ៗផ្សេងៗទៀតដែលមករំខានដំណើរការនៃជីវិតរបស់យើងទៀតផង។ ជាក់ស្ដែង សិស្សម្នាក់ដែលកើតចេញពីត្រកូលកសិករក្រីក្រ នៅឯស្រុកស្រែជនបទ ដែលស្ទើរតែគ្មានឱកាសបានសិក្សាច្រើនដូចកូនអ្នកមានឬកូនអ្នកទីក្រុង តែដោយការតស៊ូក្នុងឆាកជីវិត និងការជម្នះរាល់ការលំបាកនានាទើបគេអាចទទួលបានលទ្ធផលល្អ។ ក្រៅពីនេះ គេតែងបង្កើតទម្លាប់ល្អៗ ដោយត្រូវងើបតាំងពីព្រលឹម ដើម្បីជួយធ្វើការងារផ្ទះ ជួយធ្វើស្រែចម្ការ ចិញ្ចឹមសត្វ ឃ្វាលគោឃ្វាលក្របី ហើយជួនកាលទៀតត្រូវចំណាយពេលទៅរកប្រាក់កម្រៃបន្ថែមសម្រាប់គ្រួសារទៀតផង ប៉ុន្តែគេមិនដែលបោះបង់ការសិក្សានោះឡើយ ដោយតែងតែឆ្លៀតរៀន និងខំសន្សំលុយបន្តិចបន្តួចដើម្បីទិញសៀវភៅសិក្សា ឬសៀវភៅអាន ឲ្យដូចគេដូចឯងដែរ។ លើសពីនេះទៅទៀត ដោយជីវភាពតោកយ៉ាកពេក ក៏ត្រូវធ្វើដំណើរទៅសាលារៀនដោយថ្មើរជើង ហើយត្រូវចំណាយពេលពីកន្លះម៉ោងទៅមួយម៉ោង ដើម្បីទៅដល់សាលារៀន។ ពេលខ្លះ ក៏ត្រូវទឹកភ្លៀងរហូតសើមជោកអស់ ពេលខ្លះទៀត ក៏ធ្លាក់ខ្លួនឈឺ។ ផ្ទុយទៅវិញ ផលលំបាកទាំងនេះមិនបានរារាំងនូវដំណើរការតស៊ូរបស់គេឡើយ ទីបំផុត គេអាចយកឈ្នះលើព្រហ្មលិខិតរបស់ខ្លួន ដោយទទួលបានជោគជ័យក្នុងការសិក្សា និងទទួលបានការងារដែលខ្លួនតែងតែប្រាថ្នាជាយូរមកហើយទៀតផង។ គេអាចនិយាយបានថា គ្មានអ្វីដែលមនុស្សយើងមិនអាចធ្វើបានទេ ឲ្យតែខ្លួនយើងសម្រេចចិត្តត្រឹមត្រូវនិងតាំងចិត្តខ្ពស់ប្រកបដោយក្ដីអំណត់ព្យាយាមដាច់ខាត ដូចច្បាប់ស្រីហិតោបទេសតែងលើកឡើងថា «គ្មានម្រឹគឯណា បោលចូលមាត់សីហៈដែលកំពុងដេកនោះទេ» ជោគជ័យមិនដែលរត់មករកយើងឡើយ មានតែមនុស្សទេដែលរត់ទៅរកជោគជ័យ ឬគោលដៅនោះ។
បន្ថែមពីនេះ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គេសង្កេតឃើញថា ទម្រាំតែអាចកសាងអង្គរវត្តបាន គឺត្រូវចំណាយពេលយ៉ាងយូរ និងចំណាយជីវិតមនុស្សអស់ជាច្រើន ដំបូងគេត្រូវជ្រើសរើសទីតាំង ដាក់ខ្សាច់បុកគ្រឹះ ដើរស្វែងរកប្រភពថ្ម ការដឹកជញ្ជូនថ្មមួយផ្ទាំងៗដ៏ធំមហិមា និងការរចនាម៉ូតចម្លាក់ជាក្បាច់នានាគួរឲ្យចាប់អារម្មណ៍ ទាំងនេះមិនមែនកើតឡើងពីព្រះអាទិទេពព្រះជាម្ចាស់ឡើយ ប៉ុន្តែគឺមនុស្សនេះឯងដែលប្រឹងប្រែងរាល់ការលំបាកទាំងឡាយ រហូតបន្សល់បាននូវវត្ថុអច្ឆរិយសម្រាប់កម្ពុជានិងពិភពលោកទាំងមូល។ យ៉ាងណាមិញ ប្រទេសខ្មែរយើងអាចនៅគង់វង្សរហូតដល់សព្វថ្ងៃនេះ ក៏ព្រោះតែដូនតាយើងខិតខំការពារពីឈ្លានពានពីបរទេស ហើយហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិរបស់ខ្លួនដោយមិនមានការសោកស្ដាយ ហើយកូនខ្មែរគ្រប់រូបក៏បានស្គាល់ទឹកដីរបស់ខ្លួន និងយល់ពីប្រវត្តិសាស្ត្រតស៊ូរបស់ខ្លួនកាន់តែច្បាស់ថែមទៀត។ ក្រៅពីនេះ គេសង្កេតឃើញ នៅក្នុងសម័យឧដុង្គ ព្រះខ្មែរត្រូវចោរយួននិងសៀមបែងចែកទឹកដីយើងជាពីរក្នុងបំណងពុះចែកគ្នា ដើម្បីបញ្ចប់សង្គ្រាមរវាងសៀមនិងយួន ប្រទេសទាំងពីរនេះក៏បានលើកព្រះបាទអង្គឌួង ឲ្យឡើងសោយរាជ្យ ប៉ុន្តែដោយសារព្រះអង្គមានឆន្ទៈស្នេហាជាតិមិនចង់ឲ្យទឹកដីបាត់បង់ ទ្រង់ក៏លួចផ្ញើលិខិតសម្ងាត់ទៅកាន់ព្រះចៅណាប៉ូឡេអុងទីបីនៅសិង្ហបូរីឲ្យចូលមកដែនកម្ពុជា ក្នុងបំណងយកបារាំងជាបង្អែកដើម្បីទប់ទល់នឹងឥទ្ធិពលយួននិងសៀម។ ក្រោយមកបារាំងក៏បានចូលមកដាក់អាណាព្យាបាលលើប្រទេសកម្ពុជាក្នុងរជ្ជកាលព្រះបាទនរោត្ដម ហើយឥទ្ធិពលយួនសៀមក៏ត្រូវបញ្ចប់នៅពេលនោះ។ នៅក្នុងសម័យអាណានិគមនិយមបារាំងទៀតសោត កម្ពុជាពុំបានសុខស្រួលឡើង គឺត្រូវបារាំងជំរិតទារពន្ធយ៉ាងដំណំ យុវជនខ្លះត្រូវបញ្ជូនឲ្យទៅច្បាំងក្នុងសង្គ្រាមលោក ហើយត្រូវស្លាប់អស់ជាច្រើន។ សេចក្ដីឈឺចាប់ទាំងប៉ុន្មានធ្វើឲ្យខ្មែរអ្នកស្នេហាជាតិខិតខំទាមទារឯករាជ្យ រហូតទទួលសិទ្ធិពេញលេញជាម្ចាស់ទឹកដីរបស់ខ្លួននៅក្រោយស្នាព្រះហស្តរបស់ព្រះបាទនរោត្ដមសីហនុ ដែលព្រះអង្គខិតខំបំពេញតួនាទីស្វែងរកឯករាជ្យរហូតទទួលបានជោគជ័យទាំងស្រុងក្នុងឆ្នាំមួយពាន់ប្រាំបួនរយហាសិបបី។ ហេតុការតាមរយៈប្រវត្តិសាស្ត្រសុទ្ធតែលាតត្រដាងឲ្យឃើញយ៉ាងច្បាស់ថា ទម្រាំតែទទួលបានស្វ័យភាពគឺត្រូវចំណាយពេលជិតមួយសតវត្សឯណោះ ប៉ុន្តែមិនមែនបោះបង់ការតស៊ូនោះនៅពាក់កណ្ដាលទីនោះឡើយ។
បើក្រឡេកមកមើលនៅក្នុងស្នាដៃអក្សរសិល្ប៍ប្រជាប្រិយ រឿងរៃនិងស្រមោច បានឆ្លុះបញ្ចាំងនូវទស្សនៈពីរ មួយគឺភាពខ្ជិលច្រអូស និងទីពីរគឺការខិតខំព្យាយាម។ រៃតំណាងឲ្យតួអង្គឥតបានការ គិតតែពីច្រៀងរាំ សប្បាយ មិនគិតរកចំណីទុកក្នុងរដូវក្ដីឡើយ ដល់ពេលរដូវវស្សាមកដល់ ទើបភ្ញាក់ខ្លួនថាមិនមានចំណី ក៏ទៅសុំខ្ចីពីស្រមោច ស្រមោចក៏មិនឲ្យខ្ចី ចំណែកសត្វហេតុតែភ្លើតភ្លើនខ្វះការប្រុងប្រយ័ត្ន ទើបដាច់ស្បៀងរហូតដល់ស្លាប់អស់ ចំណែកឯតួអង្គស្រមោចខំលីសែងអង្កឬចំណីតូចៗល្អិតៗយ៉ាងសស្រាក់សស្រាំដោយមិនចេះនឿយណាយ ឬពន្យារពេលឡើយ មិនយូរប៉ុន្មានស្បៀងអាហារក៏ពេញសម្បុក ហើយអាចចិញ្ចឹមពួកគេពេញមួយរដូវវស្សាបាន។ ក្រៅពីនេះ នៅក្នុងរឿងប្ដីប្រពន្ធនាក់បាច់ទឹកសមុទ្ររីង ក៏បានបង្ហាយ៉ាងច្បាស់ក្រឡែតតែម្ដង។ ក្នុងនោះ មានប្ដីប្រពន្ធមួយគូខំបាចទឹកសមុទ្រដែរ តែមិនរីងសោះ ក៏បោះបង់ការងាររបស់ខ្លួនចោល ចំណែកឯប្ដីប្រពន្ធមួយគូទៀតបានខិតខំដោយឥតឈប់ឈរឡើយក្នុងការបាច់ទឹកសមុទ្រឲ្យរីង ដោយមច្ឆាជាតិខ្លាចទឹកសមុទ្ររីងអស់ ទីបំផុតពួកគេក៏យកមាសប្រាក់កែវកងពិទូរ្យសូរ្យកាន្តមកឲ្យ រហូតក្លាយជាសេដ្ឋី និងជោគជ័យក្នុងការងាររបស់ខ្លួន។ តាមរយៈរឿងខាងលើនេះ ការដែលយើងប្រឹងប្រែងដោយមិនខ្លាចនឿយហត់និងមានឆន្ទៈមោះមុតផងនោះ ទើបសម្រេចផលបែបនេះឯង។
ដោយឡែក នៅក្នុងរឿងកុលាបប៉ៃលិន ដែលជាស្នាដៃរបស់លោក ញ៉ុក ថែម ក៏បានបង្ហាញយ៉ាងប្រត្យក្សថា តួអង្គចៅចិត្រ ជាកូនកសិករក្រីក្រ ស្វែងរកការងារធ្វើជាកម្មករជីកត្បូងរបស់លោកហ្លួងរតនសម្បត្តិនិងនាងឃុននារី។ ចៅចិត្រធ្វើការនៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅហូតហែង ហូរញើសប៉ុនគ្រាប់ពោត ដោយមិនត្អូញត្អែរអ្វីឡើយ។ ពេលខ្លះ ត្រូវនាងឃុននារី ពេបជ្រាយថាជាមនុស្សស្គមដូចអ្នកញៀនអាភៀនមិនសមនឹងធ្វើការជាកម្មករជីកត្បូងទៀតផង។ បន្ថែមពីនេះ ចៅចិត្រ បានមានចិត្តលួចស្រឡាញ់ចៅហ្វាយនាយរបស់ខ្លួន ទាំងដឹងថាខ្លួនឯងមិនឈោងដល់ គឺដូចសុភាសិតមួយពោល «ខ្លួនទាប ដៃខ្លី ស្រវាឱបភ្នំ»។ ដោយមើលឃើញថាចៅចិត្រជាបុរសឧស្សាហ៍ព្យាយាមនិងស្មោះស្ម័គ្រចំពោះថៅកែផងនោះ ក៏ធ្វើឲ្យនាងឃុននារីបាក់ចិត្តស្រឡាញ់ រីឯលោកហ្លួងរតនសម្បត្តិក៏យល់ព្រមឲ្យអ្នកទាំងពីររៀបការនឹងគ្នា និងប្រគល់ការងារឲ្យចៅចិត្រមើលការខុសត្រូវថែមទៀតផង។ ចំណែកឯ អក្សរសិល្ប៍រឿង ផ្កាស្រពោនវិញ ប៊ុន ធឿន ដែលជាតួអង្គឯកតំណាងឲ្យយុវជនដែលស្រឡាញ់ការរៀនសូត្រ បានទទួលបានជោគជ័យក្នុងសិក្សារបស់ខ្លួន ទោះបីជារូបគេបាត់បង់នារីជាទីស្រឡាញ់ និងគ្រួសារត្រូវធ្លាក់ខ្លួនក៏ដោយ ក៏មិនបានធ្វើឲ្យ ប៊ុន ធឿន នឿយណាយនឹងចំណេះវិជ្ជានោះឡើយ។ លើសពីនេះទៅទៀត នៅក្នុងរឿងមាលាដួងចិត្ត ក៏បានលាតត្រដាងនូវស្នេហាឆ្លងជាតិសាសន៍រវាងកំលោះជនជាតិខ្មែរ គឺទីឃាវុធ និងក្រមុំជនជាតិសៀម គឺចន្ទមណី។ ស្នេហារបស់ពួកគេពោរពេញទៅដោយឧត្ដមគតិ មិនមែនកើតឡើងដូចភ្លើងចំបើង ហើយក៏មិនសំខាន់ស្មើនឹងឯករាជ្យជាតិនោះឡើយ។ ទីឃាវុធ សន្យាថាបើសៀមមិនព្រមប្រគល់ខេត្តខ្មែរមកឲ្យខ្មែរវិញ ខ្លួនមិនព្រមស្រឡាញ់នាងចន្ទមណីនោះឡើយ ទីបំផុតស្នេហារបស់គេក៏សម្រេចដល់គោលដៅ ក្រោយពីសៀមប្រគល់ខេត្តមួយចំនួនមកឲ្យខ្មែរវិញ។ បើក្រឡេកមកមើលរឿងទុំទាវដែលស្នាដៃនិពន្ធរបស់ព្រះភិក្ខុសោមវិញ បានលើកឡើងពីចំណងស្នេហារវាងព្រះសង្ឃនិងនារីម្នាក់ដែលកំពុងចូលម្លប់ គឺទុំ និងទាវ។ សេចក្ដីស្នេហារបស់ពួកគេត្រូវឆ្លងកាត់នូវឧបសគ្គយ៉ាងច្រើន នៅពេលយាយម្ដាយទាវដឹងរឿងរ៉ាវអស់ហើយ គាត់ខឹងនឹងទុំខ្លាំងណាស់ ដោយសារគាត់មានកូនស្រីតែម្នាក់ ដែលបម្រុងនឹងរៀបការនិងម៉ឺនងួន ដែលជាកូនប្រុសរបស់អរជួនទៀតផង។ មិនយូរប៉ុន្មាន ព្រះរាជាក៏បានជ្រើសរើសនាងទាវធ្វើជាស្នំឯក រីឯទុំក្លាយជាម៉ឺនឯក នៅពេលអ្នកទាំងពីរជួបមុខគ្នានៅចំពោះព្រះភក្ត្ររបស់រាជា ពួកគេក៏ហ៊ានសារភាពស្នេហ៍ចំពោះគ្នានឹងគ្នា រហូតដល់ព្រះរាជាប្រទានមង្គលការតាមសំណូមពរ។ ជាងនេះទៅទៀត ក្នុងរឿងរាមកេរ្តិ៍ ព្រះរាមត្រូវចំណាយអាយុកងទ័ពអស់ជាច្រើន និងពេលវេលាយ៉ាងយូរ ដើម្បីច្បាំងដណ្ដើមយកនាងសីតាវិញពីក្រុងរាពណ៍នៅនគរលង្កា។ ចំណែកឯនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដី ដែលជាស្នាដៃនិពន្ធរបស់លោក សួន សុរិន្ទ វិញ តួអង្គសម ជាជនក្រីក្រតោកយ៉ាក តស៊ូក្នុងឆាកជីវិត សុខចិត្តធាក់ស៊ីក្លូ មិនព្រមលក់ឧត្ដមគតិខ្លួនឡើយ ក្នុងឆាកជីវិតរបស់សមតែងតែជួបរឿងអយុត្តិធម៌ និងការមើលងាយជានិច្ច ហើយត្រូវបាត់បង់ប្រពន្ធកូន ព្រមទាំងរស់នៅក្នុងពិភពលោកនេះតែម្នាក់ឯងឯកា។ ទីបំផុត ភាពស្មោះត្រង់របស់សម ក៏បាននាំសមឆ្លងពីរណ្ដៅដ៏ងងឹតនេះ ហើយបានក្លាយជាប្រជាជនដ៏ល្អនិងជាកសិករដ៏គំរូប្រចាំសហគមន៍ទៀតផង។
យោងតាមការបកស្រាយខាងលើនេះ គេសង្កេតឃើញថា គ្រប់កិច្ចការទាំងឡាយមិនថាតូចក្ដីធំក្ដី គឺសុទ្ធតែទាមទារចាំបាច់នូវការប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់ មិនមែនធ្វើលេងសើចឲ្យតែរួចពីដៃឡើយ។ ឧបសគ្គទាំងឡាយអាចនឹងរលាយទៅបានដោយសារតែឥទ្ធិពលនៃការតស៊ូក៏ក្លៀវក្លាមិនចុះចាញ់ ប្រៀបដូចជារាជសីហ៍ដែលពោរពេញទៅដោយអំណាច ហើយមិនចុះចាញ់នឹងការស្វែងរកចំណីនោះឯង។ តួយ៉ាង នៅក្នុងសង្គមជាក់ស្ដែងក្ដី ក្នុងប្រវត្តិសាស្ត្រក្ដី ឬក្នុងអក្សរសិល្ប៍ក្ដី សុទ្ធតែលាតត្រដាងឬបង្ហាញឲ្យជាក់លាក់ថា គ្មានជោគជ័យឯណា ដែលមិនឆ្លងកាត់ឧបសគ្គសោះឡើយ។
ក្រោយពីធ្វើការពន្យល់យ៉ាងក្បោះក្បាយដូចខាងលើ សបញ្ជាក់ថា សុភាសិតនេះពិតជាមានតម្លៃអប់រំយ៉ាងជ្រាលជ្រៅមិនអាចកាត់ថ្លៃបានដែលបណ្ដុះឲ្យមនុស្សគ្រប់គ្នាក្លាហានហ៊ានក្រោកតស៊ូនឹងព្រហ្មលិខិត។ ក្នុងនាមជាយុវជន គួរលះបង់ពេលវេលានិងកម្លាំងកាយដើម្បីក្រេបយកចំណេះវិជ្ជា និងកសាងខ្លួនឲ្យសមជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ មេគ្រួសារល្អ និងមេដឹកនាំដ៏ល្អនាពេលអនាគតដ៏ខ្លីខាងមុខ។