Tuesday, 6 November 2018

អ្នក​តា​មហេសក្ខ ឬ អ្នក​តា​មាតគិត

អ្នក​តា​មហេសក្ខ ឬ អ្នក​តា​មាតគិត

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ៨៩ – ៩៤



ឯកសារ​នេះ សេចក្ដី​ដើម​ជា​ភាសា​លាវ អ្នក​សរសេរ​ឈ្មោះ ស៊ុង ភួយ ជាតិ​លាវ នៅ​ស្រុក​វ៉ឺនស័យ ខែត្រ​ស្ទឹងត្រែង អាយុ ៧០ ឆ្នាំ ដែល​មាន​សេចក្ដី​បក​ប្រែ ដូច​តទៅ ៖
នៅ​សង្កាត់​វ៉ឺនស័យ មាន​អ្នក​តា​មួយ​ឈ្មោះ ម៉ហេសក្ខ ។ អ្នក​ភូមិ​ទាំង​ឡាយ​ក្នុង​សង្កាត់​នេះ លើក​ទុក​ជា​អ្នក​ខ្លាំង​ពូកែ ជា​វត្ថុ​សក្ដិ​សិទ្ធិ​មួយ អាច​នឹង​ផ្ដល់​សេចក្ដី​ដល់​បណ្ដា​ជន​ទាំង​អស់​បាន ។ រឿង​រ៉ាង​ខាង​ដើម​ថា កាល​ដែល​ទឹក​ដី​វ៉ឺនស័យ នៅ​ជា​ចំណុះ​ស្រុក​ថៃឡង់ដ៍​នៅ​ឡើយ នោះ​មាន​នាម៉ឺន​លាវ​ម្នាក់​ដែល​រាជការ​ចាត់​ឲ្យ​ទៅ​ត្រួត​ត្រា​ស្រុក​នោះ ក៏​បាន​អញ្ជើញ​អ្នក​តា ម៉ហសក្ខ​នេះ មក​តាម​ខ្លួន​ផង ដើម្បី​ជា​ទី​ពឹង បាន​ឆ្លាក់​ឈើ​ធ្វើ​ជា​រូប​តំណាង​អ្នក​តា ហើយ​តម្កល់​ទុក​លើ​អាស្រម ១ ក្រោម​ដើម​ផ្ចិត នៅ​ចម្ងាយ​ពី​ក្រុង​វ៉ឺនស័យ​ចំនួន ១ គីឡូ​ម៉ែត្រ ។ កាល​បើ​បាន​ឃើញ​នាម៉ឺន​លាវ​នោះ គោរព​ប្រណិប័តន៍​បន់​ស្រន់​អ្នក​តា​នោះ​ទៅ បាន​សេចក្ដី​សុខ​ដូច​សេចក្ដី​ប្រាថ្នា អ្នក​ស្រុក​ក៏​ស្រុះ​ស្រួល​ទទួល​ស្គាល់​អ្នក​តា​នោះ​តាម​តមក ថា​ជា​អ្នក​តា​ដែល​ឫទ្ធានុភាព​ខ្លាំង​ពូកែ ។ ឯ​អ្នក​តា​នោះ​កាល​ជាន់​ដើម មាន​ប្រកាន់​រូប​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ប៊ូ ធ្វើ​ជា​ស្មិង​ដាច់​មុខ សម្រាប់​តែ​ខ្លួន​នោះ​ម្នាក់​ឯង ឥត​មាន​ខ្មោច​បិសាច​ឯណា​ដទៃ​ក្រៅ​ទៀត មក​សណ្ឋិត​លើ​រូប​នាង​ប៊ូ​បាន​ឡើយ ។ កិច្ច​ដែល​ត្រូវ​គោរព និង​ត្រូវ​រៀប​តង្វាយ​ថ្វាយ​អ្នក​តា​នោះ អ្នក​ស្រុក​ប្រព្រឹត្ត​ធ្វើ​តាម​តែ​ពាក្យ​រូប​សម្នឹង​បង្គាប់ គឺ​មាន​ថ្វាយ ជ្រូក មាន់ ទា ស្រា បាយ និង ទៀន​ធូប ។ តង្វាយ​បែប​នេះ មិន​មាន​កំណត់​កាល​វេលា​ទេ ស្រេច​នៅ​មាន​ការ​ដែល​គួរ​បន់ ឬ គួរ​ថ្វាយ ។
ក្នុង ១ ឆ្នាំ​ម្ដង អ្នក​ស្រុក​ត្រូវ​ប្រជុំ​គ្នា​រៀប​ធ្វើ​ពិធី ហៅ​ថា​បុណ្យ​ឡើង​អ្នក​តា ។ បុណ្យ​នេះ​ទម្លាប់​ធ្វើ​តែ​នៅ​ពិសាខ មាន​កំណត់​ពេល ១ ថ្ងៃ ១ យប់ នៅ​ទី​ខ្ទម​អ្នក​តា​នោះ​តែ​ម្ដង ។ ក្រៅ​ពី​តង្វាយ​ដូច​បាន​រៀប​រាប់​ខាង​លើ​នោះ នៅ​មាន​លេង​ភ្លេង​ដូរ្យតន្ត្រី ច្រៀង​រាំ និង​មាន​អុំ​ទូក​ប្រណាំង​ថ្វាយ​អ្នក​តា​នោះ​ផង រៀង​រាល់​ឆ្នាំ​ខាន​មិន​បាន​ជា​ដាច់​ខាត បើ​ខាន​មិន​បាន​សុខ​ទេ ។ អ្នក​តា​នោះ​សព្វ​ថ្ងៃ គេ​រើ​ទី​កន្លែង​លើក​ទៅ​ធ្វើ​ខ្ទម​ឥដ្ឋ​ប្រក់​ក្បឿង​នៅ​ប្រប​វត្ត​វ៉ឺនស័យ ។ ចិន-​យួន​ដែល​ស្រុក​វ៉ឺនស័យ​ទាំង​ប៉ុន្មាន ជឿ​ជាក់​ចំពោះ​អ្នក​តា​នេះ​ណាស់ តែង​នាំ​គ្នា​យក​តង្វាយ​ទៅ​ថ្វាយ​ជា​ប្រក្រតី ។ ប្រវត្តិ​អ្នក​តា តាម​ដំណឹង​ថា នៅ​នគរ​ឈ្មោះ​កោស៊ី ស្ដេច​មួយ​ព្រះ​អង្គ​គ្រង​រាជ​សម្បត្តិ ព្រះ​នាម​ព្រះ​បាទ​ចាក់គីមហាហង្ស ។ សម័យ​ថ្ងៃ​មួយ នៅ​ក្នុង​ខែ​មាឃ ស្ដេច​អង្គ​នោះ​ឯង​ទ្រង់​ភ្នក​ព្រះ​រាជ​ហឫទ័យ​ចង់​ស្ដេច​ទៅ​ប្រពាត​ព្រៃ ក៏​ចាត់​ពួក​កង​សេនាមាត្យ​ចំនួន ៨ រូប ឲ្យ​ហែហម​អម​ស្ដេច​ទៅ នាំ​យក​ទាំង​មាន់​ធ្នាក់ ៤ ទៅ​ជា​មួយ​ផង ដើម្បី​នឹង​ក្រសាល​ទាក់​មាន់​ព្រៃ ។ លុះ​បាន​ដល់​ព្រៃ​ហើយ វេលា​ដែល​ស្ដេច​កំពុង​ប្រពាត​ព្រៃ​នោះ ក៏​ត្រូវ​វង្វេង​ព្រៃ ស្ដេច​ក៏​ទ្រង់​សុបិន​ឃើញ​ស្រី​ក្រមុំ​ម្នាក់ មាន​រូប​ល្អ​ល្អះ​ឆើត​ឆាយ​យ៉ាង​ក្រៃលែង ឡើង​មក​ពី​មហា​បាតាល​នៃ​មហា​សាគរ ទ្រង់​មាន​ព្រះ​រាជ​ហឫទ័យ​ប្រតិព័ទ្ធ​ស្ត្រី​នោះ​ក្រៃ​ពេក ក៏​មាន​ព្រះ​បន្ទូល​ឲ្យ​អាមាត្យ​មុជ​ទឹក​ចុះ​ទៅ​តាម​មើល ។ លុះ​មុជ​តាម​ទៅ​បាន​ដល់​នគរ​នាង ឃើញ​នគរ​ធំ​សម្បើម​ណាស់ ហើយ​ល្អ​ចម្លែក​អស្ចារ្យ គឺ​នគរ​ស្ដេច​កុម្ភណ្ឌ ។ ព្រះ​អង្គ​មាន​បុត្រ​ដល់​ទៅ ៣ អង្គ​គឺ ឈ្មោះ គម្ភីរ ១ នាង​តែងអន ១ និង​កឡ៉ាកាន់ ១ ។ ឃើញ​រូប​នាង​នឹង​នគរ​ស្ដេច​ជា​ឪពុក​ជាក់​លាក់​ហើយ អាមាត្យ​ជា​បម្រើ​ត្រឡប់​មក​ទូល​ស្ដេច​វិញ​តាម​ដំណើរ ។ លុះ​អរុណោទ័យ​ឡើង​កាល​ណា ទ្រង់​ក៏​រក​ឃើញ​ផ្លូវ​វិល​មក​កាន់​នគរ​វិញ រួច​ទើប​ចាត់​ចែង​រៀប​ចំ​ព័ស្តុភារ​បណ្ណាការ ទៅ​ស្ដី​ដណ្ដឹង​នាង​តែង​អន​មក​ធ្វើ​ជា​អគ្គ​មហេសី​បាន​ដូច​សេចក្ដី​ប្រាថ្នា ។ ឯ​ស្ដេច​កុម្ភណ្ឌ​នោះ ជាតិ​ជា​ក្រពើ មាន​កូន​ប្រុស ២ នាក់​ក៏​ជា​ក្រពើ លើក​លែង​តែ​កូន​ស្រី គឹ​នាង​តែងអន​មួយ​ខុស​ពី​គេ កើត​មក​ជា​មនុស្ស ។
ក្រោយ​ដែល​នាង​តែងអន បាន​មក​ធ្វើ​ជា​អគ្គ​មហេសី​ស្ដេច​ចាក់គីមហាហង្ស​ហើយ ស្រាប់​តែ​មាន​ឈ្មោះ​នាង​វ៉ៃកា នៅ​នគរ​ជា​មួយ​ស្ដេច​នោះ នាំ​កូន​ក្រមុំ​របស់​ខ្លួន ៥ នាក់ មក​ថ្វាយ​ស្ដេច​ចាក់គីមហាហង្ស ធ្វើ​ជា​អគ្គ​មហេសី​បន្ត​បន្ទាប់​មក​ទៀត ។
លុះ​នាង​តែងអន​មាន​គភ៌​គ្រប់​ខែ​កាល​ណា ក៏​ប្រសូតិ​ព្រះ​រាជ​បុត្រ​នៅ​ក្នុង​ចំណោម​អគ្គ​មហេសី​ចុង​ទាំង ៥ រូប នាង​ទាំង ៥ នោះ​មាន​សេចក្ដី​បារម្ភ ខ្លាច​ក្រែង​បុត្រ​នាង​តែងអន មាន​ព្រេង​សំណាង​ជាង​កូន​ខ្លួន ក៏​តាំង​នាំ​គ្នា​រួម​គំនិត​ក្បត់ រក​ឧបាយ​កល យក​កូន​នាង​តែង​អនទៅ​កប់​ចោល យក​កូន​ក្រពើ​មក​ដាក់​ជំនួស​ឲ្យ​នាង​វិញ ហើយ​នាំ​គ្នា​ទៅ​ទូល​ស្ដេច​ជា​ស្វាមី​ថា: នាង​តែង​អន​ជា​ស្រី​ចង្រៃ​កើត​កូន​មក​ជា​សត្វ​ក្រពើ ហើយ​ប្ដឹង​ទូល​បង្ខុស​ថា ដោយ​ហេតុ​តែ​នាង​តែង​អន ចូល​ចិត្ត​តែ​ទៅ​លេង​ទឹក ទើប​កើត​កូន​មក​ជា​សត្វ​ក្រពើ ។ ស្ដេច​ចាក់គីមហាហង្ស​ទ្រង់​សណ្ដាប់​រឿង​មិន​ពិត​ដូច្នេះ ក៏​ពុំ​បាន​ពិចារណា​សាក​សួរ​រក​ខុស​ត្រូវ​ឡើយ ទ្រង់​ក៏​ក្រេវ​ក្រោធ​បង្គាប់​ឲ្យ​យក​នាង​តែងអន​ទៅ​បំបរ​បង់ ។ ឯ​នាង​តែងអន កាល​បើ​បាន​ទទួល​ផល​កម្ម​ដូច្នេះ​ហើយ ក៏​នឹក​ភ្នក់​មាតា​បិតា​និង​បង​ប្អូន​របស់​នាង ហើយ​នាង​នឹក​សង្ឃឹម​ថា បើ​នាង​បាន​ទៅ​ដល់​នគរ​កាល​ណា នាង​នឹង​សុំ​ឲ្យ​បង​ដែល​ជា​សត្វ​ក្រពើ​ឈ្មោះ​គម្ភីរ មក​ជួយ​ដោះ​ទុក្ខ​ធុរៈ​នាង ។ លុះ​បាន​ទៅ​ដល់​នគរ នាង​រៀប​រាប់​ទូល​ព្រះ​បិតា​និង​បង​តាម​ដំណើរ ពេល​នោះ​ចៅ​គម្ភីរ​ជា​បង​ក៏​ឆ្លើយ​តប​វិញ​ថា: វេលា​នេះ បង​នឹង​ជួយ​ដោះ​ទុក្ខ​ធុរៈ​ប្អូន​មិន​ទាន់​បាន​ទេ ព្រោះ​យើង​មិន​ទាន់​ចេះ​វិជ្ជា​ការ​អ្វី​សោះ ក៏​បបួល​នាង​តែងអន​ទៅ​រក​រៀន​មន្ត​វិជ្ជា​ការ ។ គម្ភីរ​ឲ្យ​ប្អូន​ស្រី​ជិះ​លើ​ខ្នង ហើយ​ហែល​ធ្វើ​ដំណើរ​ទៅ ដោយ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេក ការ​ហត់​នឿយ​ខ្លាំង​ក៏​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​ពីរ​នាក់​បង​ប្អូន​នោះ​ទៅ ។ ពេល​នោះ​ក៏​ក្ដៅ​ទៅ​ដល់​ព្រះ​ឥន្ទ្រ​ៗ រមិល​មើល​មក​ឃើញ​ដូច្នេះ ចាត់​ឲ្យ​ព្រះ​វិស្សកម្ម​ទេវបុត្ត មក​ប្រោះ​បង​ប្អូន​ទាំង​ពីរ​នាក់​រស់​ឡើង​វិញ ទើប​និម្មិត​ជា​សាលា​មួយ​ឲ្យ​នៅ​រក្សា​សីល​ក្នុង​ទី​នោះ ។ ត​មក​មាន​យក្ស​មួយ​ឈ្មោះ ហាត់​ចាក់ នៅ​នគរ ណានថាត់ផាន មក​លេង​ព្រៃ ប្រទះ​ឃើញ​នាង​តែងអន មាន​រូប​ល្អ​ស្អាត ក៏​ចាប់​យក​នាង​ទៅ​ធ្វើ​ជា​ភីលៀង​កូន​ស្រី​របស់​វា ដែល​រើស​បាន​ពី​ក្នុង​ផ្កា ។
និយាយ​ពី​បុត្រ​នាង​តែង​អន ដែល​អគ្គ​មហេសី​ចុង​ទាំង ៥ នាក់ យក​ទៅ​កប់​ចោល​ក្នុង​ដី​នោះ បណ្ដាល​ឲ្យ​ក្ដៅ​ដល់​ទេវតា​មួយ​អង្គ​ឈ្មោះ​នាង​ទេពជាលីឡា ទេវតា​នោះ​ក៏​ចុះ​មក​កកាយ​ដី យក​ទារក​នោះ​ទៅ​ចិញ្ចឹម​បី​បាច់​ថែរក្សា ឲ្យ​បរិភោគ​សុទ្ធ​សឹង​អាហារ​ទិព្វ ។ នាង​ទេពជាលីឡា បាន​ហៅ​ខ្មោច​មួយ ដែល​នៅ​អាស្រ័យ​ក្នុង​ភូមិ​ស្រុក​នោះ ឈ្មោះ "មាតតាគិត" ឲ្យ​មក​នៅ​ជា​មួយ ជួយ​បីបាច់​រក្សា​កុមារ​នោះ​ដូច​ភីលៀង ។ លុះ​កុមារ​ចំរើន​អាយុ​ធំ​ឡើង មាន​វិស្សកម្ម​ទេវបុត្ត​មក​និយាយ​ប្រាប់​កុមារ​ថា: "ព្រះ​មាតា​របស់​កុមារ​ឯង​គឺ ព្រះ​នាង​តែងអន​ឯ​ណោះ​ទេ សព្វ​ថ្ងៃ​នាង​ត្រូវ​យក្ស​ចាប់​យក​ទៅ​រក្សាទុក នៅ​ឯ​នគរ​ណានថាត់ផាន​ឯ​ណោះ ដូច្នេះ​គប្បី​កុមារ​ទៅ​យក​មាតា​ឲ្យ​ឆាប់" ។
បាន​ដំណឹង​ដូច្នោះ កុមារ​ក៏​នាំ​ខ្មោច​ជា​ភីលៀង​របស់​ខ្លួន​នោះ ទៅ​តាម​រក​ព្រះ​មាតា បាន​ច្បាំង​នឹង​យក្ស​ដណ្ដើម​យក​នាង​តែងអន​វិល​ទៅ​នគរ​វិញ ។ លុះ​បាន​ដល់​នគរ​ហើយ បាន​សេចក្ដី​សុខ​សប្បាយ កុមារ​ក៏​ប្រាប់​ប្រាម​បណ្ដា​រាស្ត្រ​ទាំង​អស់ ឲ្យ​គោរព​រាប់​អាន​ខ្មោច​ដែល​ជា​ភីលៀង​របស់​ខ្លួន​ឈ្មោះ "មាតគិត" ផង ព្រោះ​មាតគិត​នេះ បាន​ជួយ​ដោះ​ទុក្ខ​ធុរៈ​ខ្លួន ។ ចាប់​តាំង​ពី​ពេល​នោះ​មក បណ្ដា​រាស្ត្រ​ក៏​ទទួល​ស្គាល់ "មាតគិត" នេះ​ថា ជា​អ្នក​សេចក្ដី​សុខ​ឲ្យ​ខ្លួន ក៏​នាំ​គ្នា​គោរព​បូជា ថែរក្សា​ផ្ដល់​ម្ហូប​ចំណី: គោ ក្របី ជ្រូក មាន់ ទា ស្រា បាយ ឲ្យ​បរិភោគ​ជា​ប្រក្រតី ។ ខ្មោច​មាតគិត​នោះ​ហើយ ដែល​អ្នក​ស្រុក​សម្គាល់​ថា ជា​អ្នក​តា​រក្សា​ស្រុក រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ហៅ​ថា​អ្នក​តា​មហេសក្ខ ។

No comments:

Post a Comment