Tuesday, 6 November 2018

ព្រេង​ទាក់ទង​នឹង​ទំនៀម​ស្លៀក​ពាក់​ក្នុង​ពេល​សំពះ​ផ្ទឹមកូន​ប្រុស​ស្លៀក​សំឡុយ ពាក់​អាវ​ផាយ កូន​ស្រី​បួង​សក់​ពាក់​ស្បៃ

ព្រេង​ទាក់ទង​នឹង​ទំនៀម​ស្លៀក​ពាក់​ក្នុង​ពេល​សំពះ​ផ្ទឹមកូន​ប្រុស​ស្លៀក​សំឡុយ ពាក់​អាវ​ផាយ កូន​ស្រី​បួង​សក់​ពាក់​ស្បៃ



កាល​នោះ ព្រះ​នារាយណ៍​រាមេសូរ ព្រះ​ចៅ​ក្រុង​កម្ពុជា ទ្រង់​សោយ​រាជ្យ​សម្បត្តិ​នៅ​បន្ទាយ​លង្វែក (ពុទ្ធ​សករាជ ១៩០០-១៩២០ កន្លង​មក​ប្រាំ​រយ​ប្លាយ​ឆ្នាំ​ហើយ) ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​នាង​ក្រមុំ​ម្នាក់​ជា​កូន​របស់​ជ្វា ដែល​នៅ​ភូមិ​ទួល​អំពិល-ទួលថ្លោក នៅ​ជាយ​ខាង​ត្បូង​ភូមិ​ពោ​ធំ​តូច កំពង់​ហ្លួង​សព្វ​ថ្ងៃ​នេះ ។ ជ្វា​ជា​ឪពុក​នាង​នោះ ក៏​ព្រម​ថ្វាយ​មិន​ហ៊ាន​ទទឹង​ទាស់ តែ​ធ្វើ​សំណូម​ពរ​សុំ​ឲ្យ​ទ្រង់​ចូល​សាសន៍ ហើយ​រៀប​ការ​តាម​ច្បាប់​ឲ្យ​ស្រប​តាម​ប្រពៃណី​ចាម-ជ្វា ។

សម្ដេច​ព្រះ​នារាយណ៍​រាម, ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​នាង​ម៉ាង៉ាសទេវី​ណាស់ នឹង​ទប់​ទល់​ព្រះ​ទ័យ​ពុំ​បាន ព្រោះ​នាង​នៅ​ប្រកប​នូវ​រូប​ឆោម​ល្អ មាន​សម្បុរ​ស្រស់​បំព្រង ហើយ​ជា​ត្រកូល​អ្នក​មាន​សម្បត្តិ​ច្រើន​ផង ទ្រង់​ក៏​បណ្ដោយ​តាម​អធ្យាស្រ័យ ព្រម​ចូល​សាសន៍ ឲ្យ​តែ​បាន​នាង​ជា​អគ្គ​មហេសី ។ ពួក​ចាម-ជ្វា​ ក៏​និមន្ត​សង្ឃរាជ​សាសនា​ច្រើន​អង្គ​នឹង​គណនា​ពុំ​បាន ហើយ​ធ្វើ​ព្រះ​ពន្លា​ជ័យ​ខ្វាត់​ខ្វែង​នៅ​ទី​ភូមិ​នោះ តាំង​បួង​សួង​ប្រាំ​ពីរ​ថ្ងៃ សូធ្យ​មន្ត​បញ្ចូល​សាសនា​ចាម-ជ្វា រួច​កាត់​ចុង​អង្គ​ជាតិ​ស្ដេច ដង្ហែ​យក​ទៅ​ធ្វើ​ឃ្លាំង​ដាក់ ។ វេលា​នោះ មាន​មន្ត្រី​ធំ​តូច​ចូល​សាសន៍​ជា​មួយ​នឹង​ព្រះ​មហា​ក្សត្រ​ជា​ច្រើន ដោយ​ចង់​បាន​កូន​ចាម-ជ្វា​ដែរ ។ ចាម-ជ្វា ក៏​កាត់​ចុង​អវយវៈ យក​ស្បែក​ទៅ​ដាក់​ឃ្លាំង​ជា​មួយ​ស្ដេច ។ ភូមិ​នេះ ក៏​ប្រែ​ឈ្មោះ​ហៅថា "ភូមិ​ឃ្លាំង​ស្បែក" វិញ ជាប់​ដល់​សព្វ​ថ្ងៃ1 ។

ដល់​ពេល​នឹង​ឡើង​ទៅ​សំពះ​ការ ទ្រង់​បាន​តាំង​មហា​តលិក​ម្នាក់ ឲ្យ​ហៅថា "ចៅ​រាជ​កុលកុមារ" ឲ្យ​ទៅ​សំពះ​ជំនួស​ព្រះ​អង្គ តាម​ទំនៀម​ស្ដេច ដែល​ត្រូវ​រៀបការ​នឹង​រាស្ត្រ តែ​ពួក​ចាម-ជ្វា​មិន​ព្រម ដោយ​យល់​ថា "ព្រះ​មហា​ក្សត្រ​យក​កូន​យើង​ទៅ​តម្កើង​ធ្វើ​ជា​អគ្គ​មហេសី ម្ដេច​ក៏​ឲ្យ​គេ​មក​សំពះ​ជួស​ព្រះ​អង្គ​ទៅ​វិញ ? សូម​ទ្រង់​យាង​ទៅ​គង់​ទន្ទឹម​នឹង​កូន​យើង​ផង តែ​យើង​មិន​អាច​ហ៊ាន​ឲ្យ​ទ្រង់​ក្រាប​សំពះ​ទេ" ។ ស្ដេច ក៏​ទ្រង់​យល់​ព្រម ។ តាម​ពួក​ចាម-ជ្វា ក៏​យក​ព្រះ​ពស្ត្រ​ហួស​យ៉ាង​ល្អ មាន​តម្លៃ​ច្រើន មក​តុប​តែង​ព្រះ​អង្គ ឲ្យ​ទ្រង់​សម្លុយ​ដូច​សារុង ហើយ​ថ្វាយ​អាវ​ផាយ​ដ៏​មាន​ប៉ាក់​រំលេច​ដោយ​ខ្សែ​សយ​មាស មាន​ត្បូង​ភ្លឺ​រន្ទាល​ច្រាល​ឆ្អៅ ។ ឯ​នាង​ម៉ាង៉ាសទេវី បួង​សក់​ពាក់​ស្បៃ ដណ្ដប់​ផាហ៊ុម​លឿង​ទុំ តាម​របៀប​ចាម-ជ្វា ។ មុន​នឹង​ចេញ​មក​ផ្ទឹម​នឹង​ស្ដេច មាន​អ្នក​ចម្រៀង​ពីរ​នាក់​ច្រៀង​សុំ​កូន​ស្រី មាន​ទំនុក​ទំនៀម​ចាម-ជ្វា​មក​ដល់​ឥឡូវ​នេះ​ថា ៖
អន​អើយ​ស្រី​អន
សុំ​បើក​វាំងនន សុំ​អន​មក​ផ្ទឹម បង​បើក​ទ្វារ​ឲ្យ
អន​ចេញ​សន្សឹម អន​ចេញ​មក​ផ្ទឹម ពីរ​នាក់​នឹង​បង
។ល។
ព្រះ​បាទ​សម្ដេច​ព្រះ​នារាយណ៍រាមា ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​របៀប​ចាម-ជ្វា​រៀប​មង្គល​ការ​ដូច្នោះ​ហើយ ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​បណ្ដា​ជន​ធ្វើ​តាម​លោក ទើប​មាន​ជាប់​ជា​ទំនៀម ស្លៀក​សម្លុយ ពាក់​អាវ​ផាយ ឲ្យ​កូន​ប្រុស​ឡើង​ផ្ទឹម​នឹង​កូន​ស្រី បួង​សក់ ពាក់​ស្បៃ ដល់​សព្វ​ថ្ងៃ ។

No comments:

Post a Comment