Tuesday, 6 November 2018

អ្នក​តា​គណេស

អ្នក​តា​គណេស

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី​៤១ – ៤៤



នៅ​ឃុំ​ត្រពាំង​ធំ ស្រុក​សូទ្រ​និគម ខែត្រ​សៀមរាប មាន​អ្នក​តា​មួយ ដែល​អ្នក​ស្រុក​ហៅ​ថា (អ្នក​តា​ព្រះ​ភក្ត្រ​គណេស ឬ ព្រះ​អគ្នេស) ឋិត​នៅ​លើ​ទួល​មួយ មាន​ខ្ទម​តូច​ប្រក់​ស្បូវ ហើយ​មាន​ព្រៃ​ឈើ​ដុះ​ព័ទ្ធ​ជុំ​វិញ​ជា​ទី​កណ្ដាល​ស្រែ​ស្រូវ​របស់​អ្នក​ស្រុក​ភ្នំ​ដី ចម្ងាយ​ពី​សាលា​ស្រុក​សូត្រ​និគម ប្រមាណ ២ គ. ម. ទៅ​ខាង​ទិស​អាគ្នេយ៍ ។ រូប​នេះ​នៅ​ល្អ គេ​បាប​សាង​ឡើង​ដោយ​ថ្ម​ភក់​យ៉ាង​រឹង កម្ពស់​ប្រមាណ ១ម​៥០ ទទឹង​ភ្នែន ប្រមាណ ១ម​៣៥ គឺ​ជា​រូប​ព្រះ​គណេស​ដែល​មាន​ក្បាល​ជា​ដំរី​ខ្លួន​ជា​មនុស្ស ។ រូប​នេះ​អ្នក​ស្រុក​គោរព​រាប់​អាន​ណាស់ គេ​ខំ​ថែរក្សា​ទុក​ធ្វើ​ជា​រូប​អ្នក​តា​រក្សា​ស្រុក​របស់​គេ ។
នៅ​វេលា​មាន​ភ័យ​អាសន្ន បាត់​គោ-​ក្របី ឬ មាន​ជំងឺ​តម្កាត់​ចំពោះ​សត្វ​ពាហនៈ និង​មនុស្ស​ម្នា គេ​តែង​តែ​ទៅ​បន់​ស្រន់​អ្នក​តា​ព្រះ​អគ្នេស​នោះ ។ កាល​បើ​បាន​រក​ឃើញ​របស់ ឬ​ជា​សះ​ស្បើយ​ពេលណា​ហើយ តែង​តែ​យក​ស្លា​ធម៌​ដូង ១​គូ ឬ អុជ​ទៀន ធូប ឬ​កាច់​ស្លឹក​ឈើ​ស្រស់​ធ្វើ​ជា​ស្លា​ធម៌​ព្រៃ​ទៅ​ថ្វាយ​ក៏​បាន ឥត​មាន​តង្វាយ​អ្វី​ធំ​ដុំ​ពេក​ទេ ។ នៅ​វេលា​ចូល​ឆ្នាំ​ម្ដង​ៗ អ្នក​ស្រុក​នាំ​គ្នា​ធ្វើ​រោង និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត​ប្រគេន​ចង្ហាន់​នៅ​បរិវេណ​អ្នក​តា គេ​មាន​ធ្វើ​រាជវ័តិ​ព័ទ្ធ​ជុំ​វិញ​រោង​មាន​ទាំង​ដោត​ទង់​ក្រដាស​ពណ៌​ផ្សេង​ៗ ហើយ​មាន​ក្រាល​កន្ទេល​ស្មៅ​ធំ ១​ពី​ក្រោម ក្រាល​កន្ទេល​ក្រហម ១​ពី​លើ មាន​ដាក់​ខ្នើយ ១​យ៉ាង​ស្អាត​គួរ​សម សម្រាប់​ទទួល​អ្នក​តា​នោះ ។ លុះ​គេ​សូត្រ​ពាក្យ​សុំ​ពរ សូម​ឲ្យ​បាន​សុខ​សប្បាយ​ដល់​ស្រុក​ទេស-កូន​ចៅ​រួច​ហើយ គេ​ឧទ្ទិស​ផល​ដែល​គេ​ធ្វើ​នោះ​ថ្វាយ​ថ្វាយ​ទៅ​អ្នក​តា ។
ឯ​ប្រវត្តិ​រឿង​ព្រះ​គណេស​មាន​ដូច​ត​ទៅ​នេះ :
មាន​រឿង​ដំណាល​ក្នុង​គម្ពីរ​ព្រាហ្មណ៍​ថា ព្រះ​គណេស​នោះ​ជា​បុត្រ​នៃ​ព្រះ​ឥសូរ​ៗ ត្រូវ​ការ​កោរ​ជុក ក៏​ប្រើ​បម្រើ​ឲ្យ​ទៅ​អញ្ជើញ​ព្រះ​នារាយណ៍​មក​កោរ​ជុក ។ នៅ​វេលា​អ្នក​បម្រើ​ទៅ ព្រះ​នារាយណ៍​កំពុង​ផ្ទំ​ស្កល់ អ្នក​បម្រើ​ចូល​ទៅ​ដាស់​ទូល​តាម​សេចក្ដី​បង្គាប់​ពី​ព្រះ​ឥសូរ ។ ព្រះ​នារាយណ៍​តើន​ឡើង​ពី​ផ្ទំ ឮ​ពាក្យ​នោះ​ហើយ​ខ្ញាល់ ទើប​ពោល​ពាក្យ​ថា "អញ​មិន​រវល់​ទៅ​កោរ​សក់​អា​កំបុត​ក្បាល​ណា​ទេ រក​តែ​នឹង​ដេក​ពួន​មិន​បាន" ។ ដោយ​អំណាច​ព្រះ​នារាយណ៍​មាន​ឫទ្ធិ​ខ្លាំង​ពូកែ ក៏​បណ្ដាល​ឲ្យ​បុត្រ​ព្រះ​ឥសូរ​នោះ ដាច់​បាត់​ក្បាល​ទៅ​មួយ​រំពេច​នោះ​ឯង ។ ឯ​ព្រះ​ឥសូរ​ដែល​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ដែរ លុះ​ឃើញ​កូន​ខ្លួន​ដាច់​ក្បាល​បាត់​ដូច្នោះ ក្រឡេក​ឃើញ​កូន​ដំរី​១​នៅ​ជិត ក៏​កាត់​ក​ដំរី​យក​ក្បាល​មក​ត​ភ្ជាប់​នឹង​ក​កូន ហើយ​ជប់​ប្រស់​ឲ្យ​រស់​ឡើង​វិញ​១​រំពេច​នោះ​ដែរ ។
ឯ​ព្រះ​នារាយណ៍ កាល​បើ​ខ្ញាល់​ហើយ​ក៏​យាង​មក ប្រាថ្នា​នឹង​កោរ​សក់​ឲ្យ​បុត្រ​ព្រះ​ឥសូរ បាន​ជ្រាប​ហេតុ​សព្វ​គ្រប់​ដូច្នោះ​ហើយ ក៏​ជួយ​ប្រសិទ្ធី​កូន​នោះ ឲ្យ​មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ថែម​ឡើង​ទៀត ព្រម​ទាំង​បង្រៀន​មន្ត​វិជ្ជា​ការ​ផ្សេង​ៗ​ផង ហើយ​ឲ្យ​នាម​កូន​នោះ​ថា (ភក្ត្រ​គណេស" ព្រោះ​មាន​ខ្លួន​ជា​មនុស្ស ក្បាល​ជា​ដំរី អ្នក​ស្រុក​ហៅ​ក្លាយ​មក​ទៀត​ថា "ព្រះ​គ្នេស" ។ តាម​សេចក្ដី​ដំណាល​ថា ព្រះ​ភក្ត្រ​គណេស​នេះ មាន​ឫទ្ធិ​ខ្លាំង​ពូកែ​ណាស់ សូម្បី​តែ​ផ្កាយ​នៅ​លើ​មេឃ​ទាំង​អំបាលម៉ាន លោក​អាច​យក​ប្រមោយ បោស​ប្រមូល​យក​មក​មើល​បាន​ទាំង​អស់ ឥត​សល់​មួយ​ឡើយ ។
ដោយ​ហេតុ​នេះ​ហើយ ទើប​អ្នក​ស្រុក​ដែល​គោរព​សាសនា​ព្រាហ្មណ៍ ឆ្លាក់​រូប​ថ្ម​ជា​តំណាង​រូប​ព្រះ​គណេស​ទុក​គោរព​បូជា ជឿ​ថា​ជា​វត្ថុ​សក្ដិ​សិទ្ធ​មែន ។ អ្នក​ខ្លះ​ឆ្លាក់​ភ្លុក​ដំរី​ធ្វើ​ជា​រូប​ព្រះ​ភក្ត្រ​គណេស​តូច​ៗ ដាក់​ក្នុង​ទន្លាប់​ក្រមួន​ក្រអូប ហើយ​ប្រសិទ្ធិ​ដោយ​មន្ត​អាគម ឩមអាម​ផ្សេង​ៗ​ទុក​ជា​របស់​ទី​ពឹង​មួយ​យ៉ាង​សំខាន់ សម្រាប់​ការ​ពារ​ខ្លួន នៅ​វេលា​មាន​អាសន្ន​ម្ដង​ម្កាល ។ ដោយ​គេ​សន្មត​ថា ព្រះ​គណេស​ជា​អ្នក​ខ្លាំង​ពូកែ ប្រកប​ដោយ​ឫទ្ធិ​អំណាច និង​ជា​គ្រូ​លើ​មន្ត​អាគម​នេះ​ហើយ ទើប​គេ​ខំ​រចនា​ឆ្លាក់​ធ្វើ​ជា​រូប​តំណាង​ទុក​រហូត​មក ទាល់​តែ​ក្លាយ​បាន​ជា​រូប​អ្នក​តា​មួយ សម្រាប់​អ្នក​ស្រុក​គោរព​បូជា​ដល់​សព្វ​ថ្ងៃ ។

No comments:

Post a Comment