រឿង ពស់ថ្លាន់ក្អែពិស
កាលពីព្រេងនាយ មានបុរសម្នាក់ ទើបតែនឹងការប្រពន្ធហើយ ថ្មី ៗ ។ ថ្ងៃមួយបុរសនោះ នាំប្រពន្ធទៅលេងឯផ្ទះឪពុកម្ដាយរបស់ខ្លួន ។ ពេលនោះមានពស់ថ្លាន់មួយលូនចេញពីព្រៃមក បានឃើញដានជើងបុរសប្ដីប្រពន្ធនៅតាមផ្លូវធ្លា ក៏លិទ្ធដានជើងនោះ ។ ដោយអំណាចពិសដ៏ខ្លាំង អស្ចារ្យរបស់ពស់ថ្លាន់ បុរសទាំងពីរនាក់ប្ដីប្រពន្ធក៏បានស្លាប់ ក្រោយដែលបានទៅដល់ផ្ទះឪពុកម្ដាយរបស់ខ្លួន ។ ឪពុកម្ដាយព្រមទាំងបងប្អូនញាតិសន្ដានទាំងអស់ យំសោកអាឡោះអាល័យសង្រេងសង្រៃគ្រប់ ៗ គ្នា ព្រមទាំងនាំគ្នាធ្វើបុណ្យខ្មោចនោះ ។ ដើម្បីអួតអាងអំពីឥទ្ធិពលនៃពិសរបស់ខ្លួន ពស់ថ្លាន់ក៏សួរទៅសត្វក្អែកថា “បងក្អែក ! ខ្ញុំឮសូរមាត់មនុស្សអ៊ូអរម្ល៉េះនៅក្នុងភូមិ ? ” ។ ក្អែកឆ្លើយថា “ គេសើចសប្បាយទេតើ ព្រោះគេធ្លាប់ដឹងថាពស់បងថ្លាន់ឯងនេះពូកែណាស់ គ្រាន់តែលិទ្ធតាមស្នាមជើងក៏ស្លាប់បានដែរ តែឥឡូវនេះលិទ្ធស្នាមជើងរបស់គេទៅហើយ បែរជាមិនស្លាប់ទៅវិញ ទើបគេសើចសប្បាយរីករាយទាំងអស់គ្នា” ។ ថ្លាន់ឮដូច្នោះនឹកអន់ចិត្តថា “ពិសរបស់អញធ្លាប់តែពូកែឆុតឆាប់គ្រាន់តែលិទ្ធស្នាមជើងគេក៏ងាប់ដែរ បើឥឡូវលែងពូកែវិញ នឹងទុកវាធ្វើអី ត្រូវតែក្អែវាចោលចេញឲ្យអស់ពីខ្លួន ” ។ គិតហើយក៏ក្អែពិសរបស់ខ្លួន ចោលចេញអស់គ្មានសល់ ” ។
ពពួកសត្វទាំងឡាយ មានពស់, ត្រី, ក្អែប, ខ្ទួយ, សង្អារ, ស្រាំង, ឪម៉ាល់ជាដើម បានដឹងថា “ ថ្លាន់ក្អែពិសចោល ក៏នាំគ្នាលូន នាំគ្នាហើរមកដណ្ដើមយកពិសរបស់ថ្លាន់គ្រប់ ៗ គ្នា ខ្លះបានច្រើន ខ្លះបានតិច ខ្លះទៀតក៏មិនបាន ដោយមកមិនទាន់គេ ។
សត្វពស់ដែលយកពិសថ្លាន់ច្រើនជាងគេ គឺពស់ ព្រលិត, ច័នទ្រមម, ពស់ដី, ពស់ប្រេង, ពស់ត្រី, ពស់ព្រៃ, ពស់ខ្សែគោ, ពស់កុក, ពស់ផ្កាបបុះ, នឹងពស់សម្លាប់កង្កែបជាដើម ។ ពពួកពស់ទាំងនេះ យកពិសថ្លាន់បានច្រើនជាងគេណាស់ ហេតុនេះហើយបានជាឥឡូវ ពស់ទាំងនេះ ទៅជាចឹកមនុស្សមិនស្លាប់ គ្មានឈឺចាប់អ្វីសោះ, ព្រោះពិសថ្លាន់គេថា បើមានច្រើនត្រលប់ជាគ្មានឈឺចាប់ទៅវិញ ដោយពេលដែលចឹកមនុស្សនោះ ពិសវារត់ហួស ។
ពពួកពស់ដែលយកពិសថ្លាន់បានតិចល្មមនោះគឺ ពស់វែកដំបូក, វែកស្រងែ, វែកក្របី, ស្នាអន្សោង, ពព្លាក់ ជាដើម ហេតុនេះហើយ បានជាពពួកពស់នេះ មានពិសពូកែឆុតឆាប់ណាស់ តែចឹកហើយ កម្រនឹងមើលជាបាន ។
ចំណែកឯសត្វ ត្រីអណ្ដែង, កញ្ចុះ, ឆ្លាំង, ខ្ទួយ, ក្អែប, ខ្យាដំរី, ស្រមោច, សង្អារ, ស្រាំង, ឪម៉ាល់, ឃ្មុំ, ព្រួត ដែលទៅក្រោយគេ ក៏ ប្រមូលយកតែពិសដែលនៅសល់បន្តិចបន្តួច យកមកប្រឡាក់ ៗ ចុងធ្មុង និងទ្រនិចរៀង ៗ ខ្លួន ហេតុនោះហើយបានជាពពួកសត្វទាំងនេះមានពិសតិចតួចមកដល់សព្វថ្ងៃ ។
រីឯត្រីក្រមម និងទីពោ ខឹងណាស់ ព្រោះដណ្ដើមយកពិសថ្លាន់មិនបាននឹងគេ ក៏ស្រែកយំហើមមុខស្ពុល ។ ត្រីសណ្ដាយ ឃើញត្រីក្រមមយំសោកដូច្នេះ ក៏សើចក្អាកក្អាយ មិនឈប់ឈរ ទាល់តែរយះមាត់អស់ ។ ព្រោះហេតុនោះហើយ បានជាត្រីក្រមមមានមុខស្ពុលធំ, ឯត្រីសណ្ដាយមានមាត់វែងច្រវាប ៗ រហូតមកដល់សព្វថ្ងៃ ។
ពស់ថ្លាន់ កាលបើក្អែពិសចោលអស់ហើយ ក៏អស់ឫទ្ធិអំណាចដោយចាញ់ឧបាយកលសត្វក្អែក ។ ចាប់តាំងពីពេលនោះមក មនុស្សទាំងអស់ក៏មានសេចក្ដីរីករាយ ដោយពស់ថ្លាន់អស់ពិសដ៏ខ្លាំងក្លានោះ លែងមានសេចក្ដីព្រួយបារម្ភចំពោះគ្រោះថ្នាក់ ដោយសារសត្វពស់ថ្លាន់ រៀងមកដល់សព្វថ្ងៃ ។
No comments:
Post a Comment