អ្នកតា ពុំ-សែន
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ៣៥ – ៤០
នៅភូមិសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ កំពង់ចាម មានអ្នកតាមួយ គេហៅថាអ្នកតា "ពុំ-សែន" មានរឿងរ៉ាវទាក់ទងនឹងអ្នកតានោះដូចតទៅ ៖
ប្រមាណជាក្នុង ព. ស. ២៣៨៤ មានយាយតា ២នាក់ប្ដីប្រពន្ធឈ្មោះ "តាពុំ យាយសែន" គាត់នៅស្រុកសំរោង ខែត្រជាមួយគ្នា ទាំងពីរនាក់បបួលគ្នាទៅរកភូមិថ្មីមួយ នៅភូមិគុកគុហា (បើហៅតាមអ្នកស្រុកថាភូមិបន្ទាយ) គាត់បានបោះគោលចារឹកវាតទីភូមិ ប្រមាណជាពីរហិកតារ ៤ជ្រុងស្មើ ហើយបានសង់ផ្ទះមួយខ្នងតូច ដោយគ្រឿងឈើប្រក់ស្លឹក មានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ទឹក ដាំដំណាំផ្សេងៗ មានចេក ខ្នុរ ជាដើម ។ នៅខាងកើតភូមិគាត់ចម្ងាយប្រមាណ ២០០ម មានដើមពោធិ ១ដើម ដុះនៅលើដីទួលមួយខ្ពស់ ដែលមានព្រៃដុះព័ទ្ធជុំវិញ នៅពេលយប់ គេតែងឃើញមានភ្លើងហោះ ចេញពីដើមពោធិនោះជានិច្ចរាល់ថ្ងៃ ។ យាយសែនមានសេចក្ដីសង្ស័យ ទើបប្រើតា ពុំ ជាប្ដី ឲ្យទៅមើលត្រង់ដើមពោធិនោះ បានប្រទះឃើញរូបចម្លាក់មួយ សាងដោយថ្ម សណ្ឋានជាមនុស្សឈរផ្អែកនឹងគល់ពោធិ គាត់ពិនិត្យសព្វគ្រប់ទៅ ឃើញដូចជាព្រះពុទ្ធរូប ហើយមានពណ៌ប្រផេះដូចជាថ្មថ្លើមអណ្ដើក ទំហំ ៤ ដ.ម. កម្ពស់ប្រមាណ ១មកន្លះ ឥតមានឆ្លាក់ជាក្បាច់អ្វីទេ ។ តា ពុំ បានឃើញដូច្នោះ ក៏ដើរនិយាយប្រាប់អ្នកផងគ្រប់គ្នា ឲ្យជួយពិចារណាមើល តើជារូបអ្វី? នរណាយកមកចោលនៅក្រោមដើមពោធិនេះ? ឬក៏អ្នកណាសាងទុកពីកាលណា? កាលបើអ្នកស្រុកបានដឹងគ្រប់គ្នាហើយ មានសេចក្ដីសង្ស័យគ្រប់ៗគ្នា ក៏បបួលគ្នាធ្វើបុណ្យអស់ ១យប់ ១ថ្ងៃ ដោយនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនាឆាន់បង្ហើយកិច្ច ។ ចប់ពិធីបុណ្យ គេនាំគ្នាយកអំបោះចងរូបនោះ ហើយអន្ទងលើកឡើង ដុសខាត់ទៅ ឃើញរូបភាពជាស្រី មានផ្នួងសក់ចំកណ្ដាលសិរសាខាងលើ នៅលើថ្ងាសមានជរទ្រជើងសក់ លែងខ្លួនទទេត្រឹមចង្កេះ ឯសំពត់ស្លៀកសម្លុយ ដៃទាំងសងខាង ដាក់ផ្អោបនឹងដងខ្លួន ពីត្រឹមកែងដៃបត់មកខាងមុខ ហើយដៃស្ដាំក្ដាប់ផ្កាប់មុខចុះក្រោម ដៃឆ្វេងក្ដាប់ផ្ងារឡើងទៅលើ (ឥឡូវនេះគេរូបនោះបំបាក់ក យកក្បាលទៅចោលឯណាបាត់ទៅហើយ ពិនិត្យមើលទៅមិនដឹងរូបភាពបែបណាឡើយ) ហើយរូបនេះតាំងពីគេវាយបំបាក់យកក្បាលចោលបាត់ទៅនោះ អ្នកស្រុកភូមិជិតខាង ចេះតែពុំសូវសុខសប្បាយ បន្តិចឈឺមនុស្ស បន្តិចឈឺសត្វពាហនៈ អ្នកស្រុកភិតភ័យជាខ្លាំង អ្នកខ្លះនឹកស្មានថា រូបនោះធ្វើឲ្យឈឺ ក៏យកស្លាធម៌ ១គូ បាយសក្រហម បង្អែមពីរ បីមុខ យកទៅថ្វាយរូបភាពនោះ ហើយអុជទៀនធូបនិយាយបន់ស្រន់ ថាសុំឲ្យកូនចៅបានជាសះស្បើយគោ ក្របីក៏ឲ្យបានជាសះស្បើយទៅ នឹងធ្វើរោងប្រក់ក្បឿងថ្វាយ ហើយលើករូបនេះដាក់លើរោងឲ្យផុតពីដី ។ កាលបន់ស្រន់រួច ត្រឡប់មកផ្ទះវិញ ជំងឺទាំងប៉ុន្មាន ក៏បានស្រាកស្រាន្តដូចប្រាថ្នា រួចក៏ទៅធ្វើរោងតាមបំណន់ដែលខ្លួនបានបន់នោះ មានរៀបស្លាធម៌ ១គូ ទឹកអប់ ១គូ ផ្កា ១គូ ទៀន ៥ ធូប ៥ ។ល។
និយាយពីយាយសែន ប្រពន្ធតាពុំ ដែលមានទីលំនៅៗ ក្បែរខ្ទមរូបនោះ យាយសែនមានជំងឺហើមអស់ទាំងខ្លួន ចំនួនជាង ១ឆ្នាំមកហើយ រកគ្រូមើលពុំជាសោះ បានឮអ្នកស្រុកជិតខាង នាំគ្នាឈូឆរមកបន់ស្រន់ គោរពបូជារូបនោះ យ៉ាងគគ្រឹកគគ្រេងដូច្នោះ គាត់ក៏ប្រើប្ដីគាត់ ឲ្យទៅសុំទឹកអប់ពីរូបនោះមកល្បងមើល ។ លុះប្ដីយកទឹកអប់បានមកហើយ គាត់ក៏សួរប្ដីថា ទឹកអប់នេះនឹងធ្វើដូចម្ដេចខ្លះ ប្ដីប្រាប់បាន : លោកតាឲ្យផឹកផងលាបខ្លួនប្រាណផង ។ ចាប់តាំងពីថ្ងៃដែលគាត់បានព្យាបាលរោគដោយទឹកអប់នោះមក រោគក៏កាន់តែស្រាកស្រាន្ត បានស្រួលបន្តិចម្ដងៗ ត្រឹមតែ៨ថ្ងៃប៉ុណ្ណោះ ក៏បានជាសះស្បើយ ហើយឲ្យប្ដីនាំគាត់ទៅខ្ទមអ្នកតា ទៅដល់ហើយ គាត់ថ្វាយបង្គំរូបនោះ ក៏ស្រាប់តែគាត់ក្រញែងខ្លួនដូចជារូបអារក្សដែលខ្មោចកំពុងចូល ស្រែកច្រៀងជាបទភ្លេងទសបារមី នាំតាដើរប្រទក្សិណរូបនោះ រួចនិយាយថា : អ្នកឯងមិនស្គាល់យាយទេឬ? ប្ដីឆ្លើយថា : មិនស្គាល់លោកយាយទេ ចុះលោកយាយឈ្មោះអ្វីទៅ? ហេតុដូចម្ដេចបានជាមកនៅក្រោមពោធិនេះ? តើអ្នកណាយករូបមកទុកដូច្នេះ? យាយសែនខ្មោចចូលក៏ប្រាប់ទៅវិញថា: "យើងនេះឈ្មោះទេពធីតារក្សាមនុស្សលោក ដែលថាអ្នកណាយកមកនៅក្រោមដើមពិធីនេះ យើងឥតដឹងទេ ព្រោះយើងតែងតែចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ច មិនមែនស្ថិតនៅក្រោមពោធិនេះទេ ឥឡូវដែលយើងមកចូលរូបយាយសែននេះ ក៏ដើម្បីជួយស្រោចស្រង់សង្គ្រោះមនុស្សក្នុងស្រុកនេះ ឲ្យបានសុខសប្បាយទាំងអស់គ្នា បើអ្នកឯងចង់បានឲ្យភូមិនេះថ្កុំថ្កើងរុងរឿង នោះត្រូវធ្វើតាមបង្គាប់យើងដូចតទៅនេះ : របៀប : កាលបើយាយសែនថ្លែងប្រាប់រួចហើយ តា ពុំ ក៏ធ្វើតាមបង្គាប់គឺ ឲ្យធ្វើស្លាធម៌ ១គូ ទឹកអប់១គូ បាយសី ១គូ លាជបារី ផ្កា ១គូៗ ទៀន ៥ ធូប ៥ ធ្វើរួចហើយ ឲ្យលេងភ្លេងខ្មែរ បញ្ជាន់រូបយាយសែនថែមទៀត ។
អំពីពិធីបន់ស្រន់ : ការបន់ស្រន់តាំងពីដើមរៀងៗ មកយ៉ាងណា ឥឡូវនេះក៏នៅមានដូច្នោះដែរ គឺថា: កាលបើមានជំងឺអ្វីកើតឡើងក្ដី ឬគេប្រាថ្នាអ្វីក្ដី ដូចជាប្រាថ្នាធ្វើស្រែចម្ការបានផលល្អជាដើម គេតែងទៅបន់ស្រន់សុំទឹកអប់ ហើយបួងសួងតាមបំណងដែលគេប្រាថ្នា ។ អំពីសែនថ្វាយ គ្រឿងតង្វាយនោះគឺ លេងភ្លេងនិងកាច់ផ្កាថ្វាយ ។ សព្វថ្ងៃនេះ គេច្រើនថ្វាយមាន់ប្រជល់ ១គូ ជួនណាគេបន់ធ្វើបុណ្យថ្វាយ លុះដល់យាយសែននោះស្លាប់ទៅ ក៏ចូលរូបដទៃជាច្រើនតំណ រហូតមកដល់សព្វថ្ងៃនេះ តែទោះបីចូលរូបយាយណាក៏ដោយ ក៏គេនៅតែហៅថាយាយសែនៗ តាមឈ្មោះយាយដែលចូលរូបពីដើមដំបូងនោះដែរ ។ អំពីបន់លេងភ្លេង ពិធីបញ្ជាន់យាយសែននោះ មានរបៀបបន់ស្រន់សែនថ្វាយ ដូចរៀបរាប់ខាងលើសព្វគ្រប់អស់ហើយ ឯភ្លេងតែមួយគឺ ភ្លេងទសបារមីមានទំនុកច្រៀងថា ៖
សូមថ្វាយបង្គំ សម្ដេចបារមី
មានរិទ្ធិក្រាសក្រៃ អំណាចជាក់ស្ដែង ។
មិនដឹងទេឬ? ឈ្មោះទេពធីតា
ចុះមករក្សា មនុស្សលោកសព្វថ្ងៃ ។
អញ្ជើញគ្រូតូច អញ្ជើញគ្រូធំ
ស្ថិតនៅលើកំពូលភ្នំ ចុះមកស្ថានអាយ ។
នាងស្រីសែនស្រណោះ អណ្ដាតជាភ្លើង
គ្រលួចឆេះឡើង បង្ក្រាបបិសាច ។
រឿងរ៉ាវទាំងនេះបាន គេនិយាយតៗគ្នាមកជាយូរអង្វែងឆ្នាំហើយ លោកគ្រូ ម៉ៅ រឹត វត្តសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ ខែត្រកំពង់ចាម ជាអ្នកដឹងរឿងទាំងនេះ ។
No comments:
Post a Comment