Tuesday, 6 November 2018

អ្នក​តា តា​ស្រី និង យាយ​បុស

អ្នក​តា តា​ស្រី និង យាយ​បុស

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១០៧ – ១១៣



អ្នក​តា​នេះ ប្លែក​អំពី​អ្នក​តា​ស្រុក​ឯ​ទៀត​ៗ ។ អ្នក​ស្រុក​ហៅ​ថា តា​ស្រី​យាយ​បុស តា​ស្រី​ជា​ប្ដី​យាយ​បុស អ្នក​តា​នេះ​នៅ​ក្នុង​វត្ត​ព្រែក​ឯង ឃុំ​ព្រែក​ឯង ស្រុក​កៀន​ស្វាយ ខែត្រ​កណ្ដាល ។ មាន​រឿង​ដំណាល​ថា ក្នុង​រាជ្យ​នៃ​ព្រះ​បាទ​អង្គ​ច័ន្ទ​ទ្រង់​សោយ​រាជ្យ​រាជ្យ​នៅ​លង្វែក ស្រុក​ខ្មែរ​យើង​កើត​សង្គ្រាម​ធំ​ពន្លឹក​អស្ចារ្យ​ច្បាំង​នឹង​ពួក​យួន ។ ពួក​យួន​បោះ​ឡើង​មក​វាយ​ស្រុក​ខ្មែរ​ច្រើន​ជា​អនេក ។ ខ្មែរ​តទល់​នឹង​យួន​ពុំ​បាន រត់​ចូល​ពួន​តែ​ក្នុង​ព្រៃ ភ័យ​នឹង​យួន​ធ្វើ​បាប ។ គ្រា​នោះ កើត​កោលាហល​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ពួក​យួន​ធ្វើ​បាប​ខ្មែរ ដល់​ថ្នាក់​យក​ក្បាល​ខ្មែរ ធ្វើ​ថ្ម​ជើង​ក្រាន​ដាំ​តែ បាន​ជា​មាន​ពាក្យ​ពាក្យ​ទំនៀម​ជាប់​មក​ថា "កំពប់​តែ​អុង​ៗ" (សម័យ​នោះ​ប្រហែល​ជា​គ្រិស្តសករាជ ១៨០០) ។
ក្នុង​ខែ​ភទ្របទ ជា​រដូវ​ទឹក​ដំឡើង​ពេញ​ទំហឹង ហូរ​ធ្លាក់​ពី​ស្រុក​លើ​ចុះ​មក​ទន្លេ​មេកុង មាន​ដើម​គគីរ ១ ដើម​រសាត់​មក​ទាំង​ឫស តាម​ដង​ទន្លេ​ដែល​ហូរ​ចុះ​ទៅ​ព្រៃ​នគរ ។ ដល់​ត្រង់​ព្រែក​មួយ​ហៅ​ថា ព្រែក​ឯង ដែល​បែក​ចេញ​ពី​ទន្លេ ទឹក​ហូរ​ចូល​តាម​មុខ​វត្ត​នាំ​ទាំង​ឈើ​នោះ​ទៅ​ផង ហើយ​ស្រាប់​តែ​ទៅ​ជាប់​ទើរ​នៅ​នឹង​ថ្កល់​មុខ​វត្ត​នោះ ហាក់​ដូច​ជា​សុំ​នៅ​ទី​នោះ​តែ​ម្ដង ។
យប់​នោះ លោក​គ្រូ​ចៅ​អធិការ យល់​សុបិន​ឃើញ​ស្រី​ម្នាក់​មក​ប្រាប់​ថា "ខ្ញុំ​ករុណា​ជិះ​ទូក​មក​ពី​ស្រុក​លាវ ឥឡូវ​នេះ​មក​ចត​ទូក​នៅ​មុខ​វត្ត សូម​លោក​គ្រូ​មេត្តា​សង្គ្រោះ ឲ្យ​ខ្ញុំ​ករុណា​នៅ​នឹង​វត្ត​នេះ​ផង" ។ លុះ​ភ្ញាក់​ដឹង​ខ្លួន​ឡើង លោក​គ្រូ​កើត​សេចក្ដី​ពិភាល់​ក្នុង​ព្រះ​ហឫទ័យ​ក្រៃ​ពេក នឹក​ពិចារណា​រក​ហេតុ​ថា សុបិន​និម្មិត​នេះ​ប្លែក​អស្ចារ្យ តាំង​ពី​អាត្មា​អញ​បួស​មក​នៅ​ទី​នេះ ពុំ​ធ្លាប់​ដែល​ឃើញ​សុបិន​និម្មិត​អ្វី​ចម្លែក​បែប​នេះ​ម្ដង​ណា​សោះ ។ លោក​គ្រូ​ត្រិះ​រិះ​រក​ហេតុ តាំង​ពី​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ដរាប​ទល់​ភ្លឺ ទើប​និមន្ត​ទៅ​មុខ​វត្ត ឃើញ​ដើម​ឈើ ១ ដើម​ទើរ​ជាប់​នៅ​នឹង​ដើម​បបុស​នៅ​មុខ​វត្ត​មែន ។ លោក​ក៏​ប្រើ​ក្មេង​ឲ្យ​ចុះ​ទៅ​មើល ឃើញ​ដុំ​ថ្ម​មួយ​ដុំ​ជាប់​នៅ​នឹង​ឫស​គគីរ ក្មេង​ឃើញ​ហើយ ស្រែក​ពិត​លោក​គ្រូ​ថា "ទាន​ប្រោស​មាន​ដុំ​ថ្ម​មួយ​ដុំ ជាប់​នៅ​នឹង​ឫស​ឈើ!” ។ លុះ​លោក​គ្រូ​ឃើញ​ដុំ​ថ្ម​ពិត​ដូច្នោះ ទើប​និមន្ត​ត្រឡប់​មក​កុដិ​វិញ ប្រើ​ក្មេង​ឲ្យ​វាយ​ស្គរ ដើម្បី​ឲ្យ​ដំណឹង​ដល់​ពួក​ឧបាសក​ជើង​វត្ត ។ ពួក​ឧបាសក កាល​បើ​ឮ​សូរ​ស្គរ​ក៏​មាន​សេចក្ដី​សង្ស័យ នាំ​គ្នា​ប្រញាប់​ប្រញាល់​មក​កាន់​ទី​វត្ត​ទាំង​ព្រឹក​ព្រហាម ។ លោក​គ្រូ​ដំណាល​រឿង​សុបិន​ប្រាប់​ពួក​ឧបាសក តាម​ដែល​លោក​បាន​ឃើញ​នោះ​សព្វ​គ្រប់ ។ ពួក​ឧបាសក​មាន​សេចក្ដី​ត្រេក​អរ ព្រម​ព្រៀង​គ្នា អ្នក​ខ្លះ​រក​ឈើ អ្នក​ខ្លះ​រក​ពូថៅ រណារ ចាប់​ធ្វើ​ខ្ទម​មួយ​ទំហំ​បណ្ដោយ ១ម.កន្លះ ទទឹង ១ម. ដោយ​គ្រឿង​ឈើ​ប្រក់​ស្លឹក​ហើយ​ស្រេច​ក្នុង​ថ្ងៃ​នោះ នៅ​ក្រោម​ដើម​ឈើ​ទាល​នា​ទិស​អាគ្នេយ៍​ព្រះ​វិហារ (ខ្ទម​នោះ​សព្វ​ថ្ងៃ​ក្លាយ​ទៅ​ជា​កូន​ផ្ទះ​ឈើ​ប្រក់​ក្បឿង) ។ លោក​គ្រូ​ចាត់​មនុស្ស​ឲ្យ​ចុះ​ទៅ​ក្នុង​ព្រែក​នឹង​សែង​យក​ដុំ​ថ្ម​នោះ​ឡើង​មក ។ អ្នក​ចុះ​ទៅ​យក​ដុំ​ថ្ម​នោះ ស្រែក​ថា "យក​មិន​រួច​ទេ ឲ្យ​ចុះ​មក​គ្នា​ច្រើន​ទើប​យក​រួច" លោក​គ្រូ​ប្រើ​មនុស្ស​តាំង​ពី ៥ នាក់​រហូត​ដល់ ៥០ នាក់ ក៏​នៅ​តែ​មិន​រួច សូម្បី​តែ​កម្រើក​បន្តិច​ក៏​មិន​កម្រើក​ផង ។ លោក​គ្រូ​និង​ពួក​ឧបាសក ពិគ្រោះ​គ្នា​ទៅ​ឃើញ​ថា "គួរ​ឲ្យ​ឆ្ងល់​ណាស់ ក្រែង​មាន​បី​ទាស់​ហេតុ​អ្វី?” ទើប​យក​ទៀន​ធូប​អុជ​បួង​សួង​អញ្ជើញ​ដុំ​ថ្ម​នោះ​ឡើង​មក ក៏​នៅ​តែ​មិន​រួច​ទៀត អស់​មួយ​ថ្ងៃ​ក៏​នាំ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។
ក្នុង​យប់​នោះ ស្រាប់​តែ​ពន្យល់​សប្ដិ​លោក​គ្រូ​ម្ដង​ទៀត​ថា "សូម​លោក​គ្រូ​កុំ​ប្រើ​មនុស្ស​ប្រុស​ៗ ឲ្យ​ទៅ​យក​ខ្ញុំ​ករុណា ខ្ញុំ​ករុណា​អៀន​ណាស់ មិន​ព្រម​ឡើង​មក​ទេ សូម​ប្រើ​តែ​មនុស្ស​ស្រី​ៗ​ទៅ​យក​វិញ ទើប​ខ្ញុំ​ករុណា​ព្រម" ។ លុះ​ព្រឹក​ឡើង​លោក​គ្រូ​ប្រើ​ក្មេង ឲ្យ​វាយ​ស្គរ​ភ្ជុំ​ពួក​ឧបាសក​-សិកា​ម្ដង​ទៀត ហើយ​លោក​តំណាល​រឿង​ដែល​លោក​ឃើញ​ហេតុ​ជា​គម្រប់​ពីរ​ដង ប្រាប់​សព្វ​គ្រប់ ទើប​ប្រើ​មនុស្ស​ស្រី​ៗ​ចំនួន ៥​នាក់ ឲ្យ​ចុះ​ទៅ​យក​ដុំ​ថ្ម​នោះ ។ លុះ​ពួក​ស្រី​ៗ​លូក​ដៃ​ទៅ​ស្ទាប់​ភ្លាម ថ្ម​នោះ​ហាក់​ដូច​ជា​អណ្ដែត​តាម​ដៃ​មក លើក​ឡើង​ដល់​លើ​សែង​យក​ទៅ​ដាក់​លើ​ខ្ទម​ដោយ​ស្រួល ។
លោក​គ្រូ​ចៅ​អធិការ​អង្គ​នោះ ប្រាប់​ពួក​ឧបាសក-សិកា​ជើង​វត្ត ឲ្យ​ធ្វើ​បុណ្យ​មួយ​តាម​ទំនៀម គឺ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា នៅ​ពេល​ដែល​យក​ថ្ម​ពី​ក្នុង​ទឹក​ឡើង​មក​ដាក់​ក្នុង​ខ្ទម ។ បុណ្យ​នោះ​អធិក​អធម​ណាស់ មាន​ការ​ជួប​ជុំ​ពុទ្ធ​បរិស័ទ​ជើង​វត្ត​និង​ជើង​វត្ត​ជិត​ខាង​ទៀត មូល​មក​បួង​សួង​អំពាវ​នាវ​សុំ​ឲ្យ​បាន​សេចក្ដី​សប្បាយ​ក្នុង​ស្រុក​ភូមិ សុំ​ឲ្យ​ឈ្នះ​អស់​មារ​សត្រូវ កុំ​ឲ្យ​ហ៊ាន​ចូល​មក​យាយី​ឡើយ ហើយ​សុំ​ឲ្យ​ស្រុក​ភូមិ​ប្រកប​របរ​រក​ស៊ី​ឲ្យ​បាន​ផល​សម​តាម​បំណង ។ រួច​លោក​អង្គ​នោះ សន្មត​ឈ្មោះ​ប្រាប់​ឲ្យ​អ្នក​ផង​រាល់​គ្នា​ស្គាល់​ថា អ្នក​តា​នេះ​ឈ្មោះ "យាយ​បុស" ព្រោះ​រសាត់​មក​ទើរ​ជាប់​នឹង​ដើម​បបុស ទើប​បាន​ដាក់​ជាប់​ឈ្មោះ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ ។
តង្វាយ: យាយ​បុស​ទទួល​តង្វាយ​ខុស​អំពី​អ្នក​តា​ឯ​ទៀត​ៗ ដែល​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ ហើយ​ដែល​គួរ​ឲ្យ​គេ​សម្គាល់​បាន​ថា យាយ​បុស​មិន​មែន​ជាតិ​ខ្មែរ​ទេ ពិត​ជា​ជាតិ​លាវ ព្រោះ​ស្រុក​លាវ​ទាំង​មូល​គេ​និយម​ប្រើ​បាយ​ដំណើប​និង​ប្រហុក​សម្រាប់​ទទួល​ទាន​ធម្មតា ។ ឯ​យាយ​បុស​ធ្វើ​ឲ្យ​មនុស្ស​ឈឺ ច្រើន​តែ​ធ្វើ​មនុស្ស​ប្រុស​ៗ​ដែល​ចូល​វត្ត ហើយ​និយាយ​ពាក្យ​មិន​សម​គួរ ជា​ពាក្យ​អាសគ្រាម គឺ​ធ្វើ​ឲ្យ​គ្រុន​ក្ដៅ​សន្លប់​បាត់​មាត់ បាត់​ករ​ភ័យ​ផ្អែម​មិន​ខាន ។ កាល​បើ​គេ​ដឹង​ថា​យាយ​បុស​ធ្វើ​ហើយ គេ​អុជ​ទៀន​ធូប​និយាយ​បន់​ស្រន់​ថា "បើ​យាយ​បុស​ធ្វើ​មែន ត្រូវ​ឲ្យ​ជា​ទៅ​ចុះ យើង​ថ្វាយ​បាយ​ដំណើប​និង​ប្រហុក​អាំង" ។ គ្រាន់​តែ​និយាយ​បន់​ពី​ផ្ទះ​មក ជំងឺ​នោះ​នឹង​បាន​គ្រាន់​ធូរ​ស្រាល​មួយ​រំពេច ។
តា​ស្រី អ្នក​តា តា​ស្រី​នេះ​មិន​មាន​រឿង​ទាក់​ទង​អំពី​បូរាណ​មក​ទេ គឺ​កើត​ដោយ​ស្នាដៃ​លោក​តា​មួយ​អង្គ​ដែល​ចាស់​ហើយ​ទៅ​បួស គឺ​ថា លោក​មាន​ប្រពន្ធ​កូន​រួច​ហើយ​ទើប​រត់​ទៅ​បួស ហើយ​ដែល​តាំង​ពី​ដើម​មក​លោក​អង្គ​នេះ​ធ្លាប់​ជា​អ្នក​លេង​កំប្លែង​ច្រើន​ផង មាន​នាម​និង​គោត្ត​មិន​ប្រាកដ​ផង អ្នក​ស្រុក​សន្មត​ហៅ​ថា "លោក​តា​ខាង​ត្បូង​ៗ" សម​នឹង​ហេតុ​ដែល​លោក​សង់​តូប​នៅ​ខាង​ត្បូង​ព្រះ​វិហារ ។ លោក​នេះ​គិត​ថា​យាយ​បុស​គាត់​នៅ​តែ​ម្នាក់​ឯង ហើយ​មក​ពី​ស្រុក​ឆ្ងាយ​ផង កាល​នៅ​ស្រុក​គាត់​ធ្លាប់​មាន​ប្ដី? ឥឡូវ​នេះ មក​នៅ​ម្នាក់​ឯង​ដូច្នេះ​ពុំ​សម​ទេ" ។ លោក​គិត​ហើយ ក៏​តាំង​ធ្វើ​ខ្ទម​មួយ ពី​ខាង​ត្បូង​ប្រប​ខ្ទម​យាយ​បុស រួច​ប្រើ​ក្មេង​ឲ្យ​ទៅ​បារ​ដី​ឥដ្ឋ​យក​មក​សូន​ធ្វើ​ជា​រូប​អ្នក​តា​មួយ​ឲ្យ​ឈ្មោះ​ថា "តា​ស្រីៗ" រួច​ក៏​ធ្វើ​ឧបកិច្ច​ថា "តា​ស្រី! តា​ឯង​ស្រឡាញ់​យាយ​បុស​ទេ?” ឲ្យ​ម្នាក់​ឆ្លើយ​ថា "ស្រឡាញ់" រួច​សួរ​យាយ​បុស​ថា "យាយ​បុស​ៗ​ស្រឡាញ់​តា​ស្រី​ទេ?” ឆ្លើយ​ថា "ស្រឡាញ់" លោក​តា​សួរ​យក​ចម្លើយ​តា​ស្រី​និង​យាយ​បុស ដឹង​ថា​ព្រមព្រៀង​គ្នា​ហើយ ក៏​និយាយ​បន្ថែម​ទៀត​ថា "នែ​តា​ស្រី​យាយ​បុស អាត្មា​ផ្សំផ្គុំ​ទាំង​ពីរ​នាក់​ឲ្យ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ណា៎ គ្រាន់​នឹង​បាន​ជា​គ្នា​ពីរ​នាក់​កុំ​ឲ្យ​អផ្សុក ចូរ​រក្សា​កុំ​ឈ្លោះ​គ្នា ចាស់​ៗ​ហើយ" តែ​ប៉ុណ្ណោះ​ទុក​ជា​ការ​ស្រេច ។
ដំណាល​អំពី​តា​ស្រី ចាប់​តាំង​ពី​ថ្ងៃ​ដែល​លោក​តា​អង្គ​នោះ​បាន​សន្មត​តាំង​ឲ្យ​ជា​អ្នក​តា​រួច​ហើយ ក៏​មាន​ឫទ្ធិ​អំណាច​កាច់​ធ្វើ​គេ​ធ្វើ​ឯង ហាក់​ដូច​ជា​ស្ដាប់​បាន និយាយ​គ្នា​បាន ។ កាល​បើ​មាន​មនុស្ស​អុំ​ទូក​ចេញ​ចូល​តាម​ព្រែក​មុខ​វត្ត (គឺ​មុខ​ខ្ទម​អ្នក​តា​តា​ស្រី) ឲ្យ​តែ​មាន​លេង​សើច​ផ្ដេសផ្ដាស​មិន​គប្បី តា​ស្រី​ធ្វើ​ឲ្យ​ចុក​ពោះ​មួយ​រំពេច ។
តង្វាយ: តា​ស្រី​ត្រូវ​ការ​តែ​ចេក​នួន ១​ស្និត ។ កាល​បើ​មាន​ជំងឺ​ឈឺ​ចុក​ពោះ អ្នក​ស្រុក​គេ​យល់​ថា: អ្នក​តា​ធ្វើ ត្រូវ​អុជ​ទៀន​ធូប​និយាយ​បន់​ពី​ផ្ទះ​ថា"ឲ្យ​តែ​លោក​តា​ជួយ​ឲ្យ​ជា​ទៅ​ចុះ ខ្ញុំ​នឹង​យក​ចេក​នួន​ទៅ​ថ្វាយ" ជួន​កាល​គ្រាន់​តែ​និយាយ​អំពី​ចម្ងាយ ជំងឺ​នោះ​បាន​ធូរ​ទាន់​មាត់​ភ្លាម ។
សព្វ​ថ្ងៃ​នេះ តា​ស្រី​និង​យាយ​បុស ហាក់​ដូច​ជា​រក​ស៊ី​ចូល​ហ៊ុន​គ្នា បើ​តា​ស្រី​ធ្វើ​ឲ្យ​គេ​ឈឺ​ចុក​ពោះ អ្នក​ស្រុក​យក​ចេក​ទៅ​ថ្វាយ​តា​ស្រី តោង​ថ្វាយ​បាយ​ដំណើប​និង​ប្រហុក ដល់​យាយ​បុស​ផង ។ បើ​យាយ​ធ្វើ​ឲ្យ​គេ​ឈឺ​គ្រុន​ក្ដៅ គេ​យក​បាយ​ដំណើប និង​ប្រហុក​ទៅ​ថ្វាយ​យាយ​បុស ត្រូវ​យក​ចេក​នួន​ទៅ​ថ្វាយ​តា​ស្រី​ផង ទើប​ជំងឺ​នោះ​បាន​ជា​ដាច់​ស្រឡះ ។

No comments:

Post a Comment