Friday, 9 November 2018

រឿង​ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

រឿង​ស្ត្រី​ស្មោះ​ត្រង់​នឹង​ស្វាមី

មាន​និទាន​មួយ​ដំណាល​ថា នៅ​ក្នុង​នគរ​មួយ​នោះ មាន​សេដ្ឋី​ពីរ​នាក់ សេដ្ឋី​ម្នាក់​មាន​កូន​ស្រី សេដ្ឋី​ម្នាក់​ទៀត​មាន​កូន​ប្រុស ទើប​សេដ្ឋី​ទាំង​ពីរ គិត​ផ្សំ​ផ្គុំ​កូន​ប្រុស-ស្រី​របស់​ខ្លួន​បាន​ជា​ស្វាមី​ភរិយា ។ គាប់​ជួន​ជា​នគរ​នោះ​​កើត​ចលាចល បះបោរ​ឡើង ហើយ​សេដ្ឋី​ទាំង​ពីរ​នាក់ ក៏​បាក់​បែក​ខ្ចាត់​ខ្ចាយ​ចេញ​ទៅ​នៅ​ទី​ទៃ​ៗ​ពីគ្នា ត​មក​សេដ្ឋី​មាន​កូន​ស្រី​នោះ ក៏​ផ្សំ​ផ្គុំ​កូន​ស្រី​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៅ កូន​ស្រី​ក៏​ព្រម​ទទួល​យក​ប្ដី​ពុំ​ប្រកែក លុះ​នាង​បាន​ទៅ​នៅ​នឹង​ប្ដី​ហើយ ទើប​នាង​ស្រដី​នឹង​ប្ដី​ថា ដ្បិត​អាពុក​ខ្ញុំ​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​មាន​ប្ដី​អំពី​មុន​រួច​ហើយ តែ ​ពុំ​ទាន់​បាន​​មូល​លំនៅ​ស្ថាន ស្រាប់​តែ​អ្នក​បាន​ខ្ញុំ​មក​ជា​ភរិយា ហើយ​ខ្ញុំ​ពុំ​ទាន់​បាន​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​មុន​នោះ​នៅ​ឡើយ ឥឡូវ​នេះ​ខ្ញុំ​សូម​លាអ្នក ទៅ​ដោះ​ប្ដេជ្ញា​នឹង​ប្ដី​ដើម​​នោះ​សិន បើ​អម្ចាស់​បើក​ទើប​ខ្ញុំ​ហ៊ាន​ទៅ បើ​អម្ចាស់​ពុំ​បើក​ឲ្យ​ទៅ​ទតេ​ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។
ឯ​ប្ដី​នោះ​ឆ្លើយ​ថា អញ​គិត​ថា​នាង​ជ្រះ​ស្រឡះ​ទំនេរ​​ឥត​ប្ដី​ទេ បើ​នាង​មាន​ស្វាមី​អំពី​មុន​រួច​មក​ហើយ​ដូច្នោះ ចូរ​នាង​​ទៅ​ដោះ​​ប្ដេជ្ញា​​នឹង​ប្ដី​ដើម​ឲ្យ​ជ្រះ​ស្រឡះ​សិន​ចុះ អញ​ពុំ​ឃាត់​នាង​ឡើយ ។ ​លុះ​នាង​បាន​អនុញ្ញាត​ពី​ប្ដី​ដូច្នោះ​ហើយ ក៏​តាក់​តែង​ស្អិត​ស្អាង​រាង​កាយ ប្រដាប់​គ្រឿង​សម្រាប់​អាត្មា​រួច​ស្រេច​ហើយ ​ក៏​លីលា​ចេញ​ទៅ សំដៅ​ស្មោះ​ចំពោះ​រក​កូន​សេដ្ឋី​ជា​ប្ដី​ដើម​នោះ ស្រាប់​តែ​ទៅ​ពើប​ពះ​ប្រទះ​នឹង​ខ្លា​ធំ​អត់​អាហារ​មក ៧ ថ្ងៃ​ហើយ ទើប​ខ្លា​លោត​ទៅ​ប្រុង​ចាប់​នាង​ធី​ចំអែត​អាត្មា ។ នាង​ក៏​រ៉ាយ​រឿង​នាង​ឲ្យ​ខ្លា​ស្ដាប់​សព្វ​គ្រប់ ខ្លា​ក៏​លែង​បើក​ឲ្យ​នាង​ត្រេច​ទៅ​ដោយ​ស្រួល ។
ឯ​នាង​ខំ​ស្រូត​ដើរ ត​អំពី​នោះ​បន្តិច​មក​កូវ ស្រាប់​តែ​ចួប​ប្រទះ​ននឹង​ចោរ ៧ នាក់ ចោរ​យល់​នាង​នោះ​មាន​គ្រឿង​ប្រដាប់​សម្រាប់​អាត្មា​សឹង​ដ៏​ជា​របស់​មាន​ដំឡៃ ទើប​ចោរ​គិត​គ្នា​និង​ទៅ​ចាប់​នាង​យក​​អីវ៉ាន់​អស់​នោះ ។ នាង​ក៏​និយាយ​សារ​ស័ព្ទ​ប្រា​ប់​ចោរ​តាម​ដំណើរ​សព្វ​គ្រប់ ពួក​ចោរ​បាន​​ស្ដាប់​ដូច្នោះ ក៏​មិន​យក​ទ្រព្យ​ទាំង​នោះ​ឡើយ ហើយ​បើក​ឲ្យ​នាង​ទៅ​ដោយ​ស្រួល ។
នាង​បាន​រួច​របូត​ពី​កណ្ដាប់​ដៃ​ចោរ​ដូច្នោះ​ហើយ ក៏​ខំ​ដើរ​ត្រេច​រង្កាត់​ទៅ​រហូត​ដល់​លំនៅ​ប្ដី​ដើម​នោះ​ៗ ក៏​សួរ​ថា នាង​មក​អំពី​ទី​តំបន់​ណា ? នាង​អង្គុយ​នាស្ថាន​ដ៏​សម​គួរ​ហើយ ជំរាប​ថា អាពុក​ខ្ញុំ​ជា​សេដ្ឋី​បាន​ផ្សំ​ផ្គុំ​ខ្ញុំ​ឲ្យ​ជា​ភរិយា​អ្នក​អំពី​មុន​ រួច​មក​ហើយ ឥឡូវ​នេះ អាពុក​ខ្ញុំ​លើក​ខ្ញុំ​ឲ្យ​មាន​ប្ដី​នឹង​បុរស​ដទៃ​ទៀត ឯ​ខ្ញុំ​ពុំ​បាន​ក្រាប់​លា ប្ដេជ្ញា​នឹង​អ្នក​ជា​ប្ដី​ដើម ឲ្យ​បាន​ជ្រះ​ស្រឡះ ដូច្នេះ​បើ​អម្ចាស់​បើក​ឲ្យ​ខ្ញុំ​ទៅ​ខ្ញុំ​ក៏​ទៅ បើ​អម្ចាស់​ពុំ​ព្រម​បើក​ឲ្យ​ទៅ​ទេ ខ្ញុំ​ពុំ​ហ៊ាន​ទៅ​ឡើយ ។
ឯ​ចៅ​នោះ​ឆ្លើយ​ឡើង​ថា នាង​មាន​ចិត្ត​ស្មោះ​ចំពោះ​មក​ដល់​អញ ៗ អរ​ណាស់ តែ​ឥឡូវ​នេះ​អាពុក​នាង​លើក​នាង​ឲ្យ​មាន​ប្ដី​ហើយ អញ​នឹង​ទៅ​តវ៉ា​ប្រាថ្នា​នាង​ជា​ប្រពន្ធ​ពុំ​បាន​ឡើយ ចូរ​នាង​ទៅ​កាន់​ប្ដី​នាង​ហោង ។ ទើប​នាង​ក្រាប​លា​ចៅ​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។
គាប់​ចួន​ជា​នាង​ដើរ​មក តាម​ផ្លូវ​ស្រាប់​តែ​ពើប​ពះ​ប្រទះ​នឹង​ចៅ​ម្នាក់​កំពុង​ដើរ​ទេស​រក​ប្រពន្ធ បាន​យល់​នាង​មាន​រូប​ឆោម​ស្អាង​ស្អាត​មាន​ទាំង​គ្រឿង​ប្រដាប់​ដ៏​ល្អ​នៅ​នឹង ​ខ្លួន ទើប​ចៅ​នោះ​និយាយ​ចែចង់​ប្រាថ្នា​នឹង​យក​នាង​ជា​ប្រពន្ធ ។ ឯ​នាង​ក៏​ថ្លែង​សេចក្ដី​ប្រាប់​ដោយ​ដំណើរ​រឿង​តាំង​ពី​ដើម​រៀង​មក ចៅ​នោះ​ក៏​ពុំ​ជជែក​ត​វ៉ា​ប្រាថ្នា​នាង​នោះ​ឡើយ លុះ​នាង​បាន​ទៅ​ដល់​លំនៅ​ប្ដី​ហើយ ក៏​នៅ​រួម​គ្នា​ជា​សុខ​ក្សេម​ក្សាន្ត​រៀង​ទៅ ។
នៅ​ទី​បំផុត​នៃ​និទាន​រឿង​នេះ មាន​សេចក្ដី​ពោល​ទុក​ថា បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ប្ដី​នាង​នោះ ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​ច្រើន​ប្រចណ្ឌ បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ខ្លា ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​គាប់​ចិត្ត​បៀត​បៀន​បំបាត់​ជីវិត​គេ ។ បើ​អ្នក​ឯ​ណា​សរសើរ​ចិត្ត​ចោរ​ទាំង ៧ នោះ​ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​រំលោភ​ចង់​បាន​តែ​ទ្រព្យ​គេ ។ បើ​អ្នក​ឯ​ណា​សរសើរ​បុរស​ដើរ​ទេស​រក​ប្រពន្ធ​នោះ ហេតុ​តែ​អ្នក​នោះ​ជា​មនុស្ស​ចូល​ចិត្ត ប្រព្រឹត្ត​បរទាកម្ម​នឹង​ភរិយា​គេ ។ បើ​អ្នក​ឯ​ណា​និមួយ​វៀរ​ក្ដី​ទាំង ៤ ចំពូក​នេះ​បាន​អ្នក​នោះ​នឹង​បាន​ឆ្លង​រំលង​ទៅ​ដល់-ស្ថាន​សួគ៌​នាយ​ហោង ។

No comments:

Post a Comment