Tuesday, 6 November 2018

រឿង ​ចចក​និង​អណ្ដើក

រឿង ​ចចក​និង​អណ្ដើក



ក្នុង​សម័យ​ព្រេង​នាយ មាន​និទាន​មួយ​ដំណាល​ថា៖ ថ្ងៃ​មួយ​មាន​សត្វ​ចចក​និង​អណ្ដើក​បាន​ជួប​គ្នា ហើយ​បបួល​គ្នា​ប្រលង​ប្រជែង​ដោយ​លោត​ចម្ងាយ ឆ្លង​ពី​មាត់​ស្ទឹង​ម្ខាង​ទៅ​មាត់​ស្ទឹង​ម្ខាង ។ អណ្ដើក​បាន​សួរ​ទៅ​ឆ្កែ​ចចក​ថា “ នែ ! បង​ចចក​ខ្ញុំ​ចង់​ភ្នាល់​ណាស់ ថ្វី​បើ​ជើង​ខ្ញុំ​ខ្លី ” ។ ចចក​ឆ្លើយ​ថា “ មើល៍ ! បង​អណ្ដើក ដែល​បង​ឯង​បបួល​ខ្ញុំ​ភ្នាល់​នេះ តើ​ភ្នាល់​របៀប​ណា ? ” ។ អណ្ដើក​ថា “ភ្នាល់​លោត​ឆ្លង​ស្ទឹង​នេះ ហើយ​ចង្អុល​ទៅ​ស្ទឹង​ដែល​នៅ​ក្បែរ​ខ្លួន ” ។ ចចក​ថា “ យី ! ខ្ញុំ​ដូច​ជា​ឆ្ងល់​ដែរ ចុះ​បង​ឯង​បបួល​ខ្ញុំ​ភ្នាល់​ដូច​ម្ដេច បើ​ជើង​បង​ឯង​ប្រវែង​ជើង​ក្អាត់​ដូច្នេះ, លោត​ម្ដេច​នឹង​កើត ” ។ អណ្ដើក​ឆ្លើយ​ថា “ យើ ! បង​ចចក មើល​ងាយ​ខ្ញុំ​ជើង​ខ្លី​ទេ​តើ ? បង​ឯង​មិន​ទាន់​ដឹង​អា​ជើង​ខ្លី​ហ្នឹង​ទេ មើល​បង​ឯង​សាក​ល្បង​មើល ! ” ។ ចចក​ថា “ បើ​បង​អណ្ដើក​ឯង​ចាញ់​ខ្ញុំ តើ​បាន​អ្វី​ឲ្យ​ខ្ញុំ ! ” ។ អណ្ដើក​ថា “ ខ្ញុំ​សុខ​ចិត្ត​រក​សត្វ​ជើង​ពីរ ឲ្យ​បង​ចចក​ឯង​ស៊ី” ។ ចចក​ថា “បើ​ខ្ញុំ​លោត​ចាញ់​បង​អណ្ដើក​ឯង ខ្ញុំ​រក​សត្វ​ជើង​មួយ​ឲ្យ​បង​ឯង​ស៊ី​ជា​អាហារ” ។ ថា​ដូច្នោះ​ហើយ សត្វ​ទាំង​ពីរ​ក៏​ប្រុង​ប្រៀប​រៀបចំ​លោត​ប្រឡង​គ្នា ។ អណ្ដើក​ថា “ ហ៎ ! បង​ចចក​ឯង​មក​ឈរ​ពី​មុខ​ខ្ញុំ​រៀបចំ​លោត ” ។ ចចក​ថា “ ហ្អេះ ! មិន​បាច់​ត​ទី​ឲ្យ​ខ្ញុំ​ទេ ” ។ អណ្ដើក​មក​ឈរ​ពី​ខាង​ក្រោយ​ចចក ៗ ប្រុង​នឹង​បោះ​ពួយ​យ៉ាង​អង់​អាច ។ រៀប​នឹង​លោត អណ្ដើក​ក៏​ខាំ​ចុង​កន្ទុយ​ចចក​ជាប់ ចចក​ភ្ញាក់​ក៏​រលាស់​កន្ទុយ​ទៅ ដូច​ជា​គេ​បោះ​អណ្ដើក​ទៅ​ខាង​ត្រើយ​ម្ខាង ចចក​ធ្លាក់​ទឹក​ប្រូង ។ អណ្ដើក​ងើប​ឡើង​សើច ហោះ ! ហោះ ! ហោះ ថា “ យី​បង​ចចក​ជើង​វែង ម្ដេច​ក៏​លោត​មិន​រួច ” ។ ចចក​ក៏​ប្រវេ​ប្រវា​ឡើង ទៅ​លើ​គោក​រលាស់​ខ្លួន​ភឹល នឹក​ខឹង​ណាស់​ក៏​ចាប់​លោត​ម្ដង​ទៀត គម្រប់ ២ ដង ៣ ដង ក៏​នៅ​តែ​ចាញ់​កល​អណ្ដើក​គ្រប់​លើក​ទាំង​អស់ ។ ឯ​ចចក​បាន​ជា​ហ៊ាន​ធានា​រក​សត្វ​ជើង ១ ឲ្យ​អណ្ដើក​ស៊ី ក្នុង​ពេល​ដែល​ខ្លួន​ចាញ់​នោះ ដោយ​អាង​ថា អណ្ដើក​លោត​មិន​ឈ្នះ​ខ្លួន លុះ​ដល់​ពេល​លោត ត្រឡប់​ជា​ចាញ់​អណ្ដើក​វិញ​នោះ ក៏​នឹក​ភ័យ មិន​ដឹង​ជា​ទៅ​រក​សត្វ​ជើង ១ ឯ​ណា​ឲ្យ​អណ្ដើក​ស៊ី ក៏​គេច​រត់​ភៀស​ខ្លួន​ចេញ ។ អណ្ដើក​ក៏​ខំ​ដើរ​តាម​រក​ចចក ៗ រត់​ទៅ ៗ បាន​ជួប​នឹង​សុភា​ទន្សាយ កំពុង​តែ​ធ្វើ​ជាង​ដំដែក​ឮ​ប៉ឹក ៗ បាន​ឃើញ​ឆ្កែ​ចចក បោល​ចូល​មក​ក៏​សួរ​ថា “បង​ចចក​ឯង​មាន ភ័យ​អាសន្ន​អ្វី បាន​ជា​រត់​មក​ត្រហេបត្រហប​យ៉ាង​នេះ? ” ។ ចចក​ឆ្លើយ​ថា “ ខ្ញុំ​ភ័យ​ខ្លាច​សត្វ​អណ្ដើក​វា​ដេញ​តាម​ខាំ​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​ភ្នាល់​លោត​ទឹក​ចាញ់​វា ” ។ សុភា​ទន្សាយ​ឆ្លើយ​ថា “ អូ ! អីចឹង​ទេ​ឬ ? បើ​ដូច្នេះ​ចូរ​បង​កុំ​ភ័យ​ឲ្យ​សោះ ជួយ​ដំដែក​ឲ្យ​ខ្ញុំ ខ្ញុំ​នឹង​ជួយ​ឲ្យ​បង​ឯង​រួច​ខ្លួន” ។ ឆ្កែ​ចចក​ក៏​ខំ​ដំ​ដែក​ឲ្យ​បង​សុភា​ទន្សាយ​ទៅ ។ ឯ​អណ្ដើក​ក៏​វារ​ខ្វះ ៗ តាម​មក​ទាន់ ឃើញ​ចចក​កំពុង​តែ​ដំ​ដែក អណ្ដើក​ក៏​ស្រែក​ថា “យើ ! បង​ចចក​ឯង​នៅ​ទីនេះ​ទេ ? ខ្ញុំ​​ខំ​តែ​ដើរ​រក​មុខ​យូរ​ហើយ ឥឡូវ​ស្រាប់​តែ​ឃើញ​បង​ចចក​មុខ​ក្រាស់​នៅ​ទី​នេះ​សោះ” ។ ទន្សាយ​ថា “ឈប់ ៗ បង​អណ្ដើក” ហើយ​ស្ទុះ​លោត​ទៅ​ជិះ​លើ​ខ្នង​អណ្ដើក អង្គុយ​ប្រហោង​ដាក់​ពង ៣ ប្របេះ​មាត់​អណ្ដើក ៗ​ក៏​លូន​ក្បាល​ចេញ​មក​ខាំ​ពង​៣ ទន្សាយ​ដាច់​មួយ​កំណាត់​ទៅ ។ ទន្សាយ​ដឹង​ថា​អណ្ដើក​ខាំ​ពង​របស់​ខ្លួន​ដាច់​ហើយ ក៏​លោត​ហក់​រត់​ភឹង យ៉ាង​លឿន​អស្ចារ្យ ប្រៀប​បាន​នឹង​ព្រួញ ។ ចចក​បាន​ឃើញ​ទន្សាយ​រត់​ដូច្នោះ ក៏​ផាយ​ត្រង់​កន្ទុយ​ភ្លឹង តាម​ក្រោយ​ទន្សាយ​ទៅ​ដែរ ដោយ​នឹក​ស្មាន​ថា ប្រហែល​ជា​ទន្សាយ​ទប់​ទល់​នឹង​អណ្ដើក​មិន​ឈ្នះ ។ អណ្ដើក​ស្រែក​ឃាត់​ថា “ ឈប់ ៗ ! ” ។ ចចក​ឆ្លើយ​ថា “ ទេ ! អញ​មិន​ឈប់​ទេ អញ​មិត​ចូល​ព្រៃ​ជា​មួយ​បង​ទន្សាយ​ហើយ ” ។
ថា​តែ​ប៉ុណ្ណោះ ចចក​រត់​ឥត​ងាក​ក្រោយ​តម្រង់​ទៅ​ព្រៃ​បាត់​ទៅ​លែង​ចូល​មក​ភូមិ​ស្រុក​វិញ​រហូត ។
ព្រោះ​មាន​រឿង​ដំណាល​ដូច្នេះ បាន​ជា​អ្នក​ប្រាជ្ញ​បុរាណ លោក​បាន​ក្រើន​រំលឹក​ថា “ អ្នក​ធំ​កុំ​មើល​ងាយ​អ្នក​តូច​តាច ប្រយ័ត្ន​មាន​គ្រោះ​ថ្នាក់​ដូច​រឿង​ដំណាល​មក​នេះ ” ។

No comments:

Post a Comment