អ្នកតាភ្នំដី
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ៥៧ – ទំព័ទី ៦០
នៅក្នុងឃុំត្រពាំងធំ ស្រុកសូទ្រនិគម ខែត្រសៀមរាប មានអ្នកតាមួយ ដែលអ្នកស្រុកសន្មតហៅថា "អ្នកតាភ្នំដី" ។ អ្នកតានេះមានរាងរៅជាព្រះពុទ្ធរូបឈរមួយព្រះអង្គ បាក់ព្រះហស្តម្ខាង និងរូបព្រះគណេស មួយទៀត ដែលមានក្បាលជាដំរីខ្លួនជាមនុស្ស បាក់ជើង-ដៃអស់នៅតែដងខ្លួននិងក្បាល ហើយមានរូបអវលោកេស្វរៈ (ព្រះឥសូរ) បាក់ជើង-ដៃអស់ដែរ នៅតែព្រះភក្ត្រល្មមឲ្យស្គាល់បាន ។ ឯចំណែកដែលបាក់បែកទាំងប៉ុន្មាន ក៏នៅគរក្បែរទីនោះដែរ ។ រូបទាំង ៣ នេះសុទ្ធតែឆ្លាក់ដោយថ្មភក់ទាំងអស់ ទំហំនិងកម្ពស់រូបមួយៗ ប៉ុនៗគ្នា ប្រហែលៗគ្នា គឺកម្ពស់ប្រមាណ ០ម៥០ និងទទឹងដងខ្លួន ០ម២០ គេដាក់នៅក្នុងខ្ទមប្រក់ក្បឿងតូចមួយ ជាមួយគ្នាទាំង ៣រូបនោះឯង ។
ទីកន្លែងនៃអ្នកតានេះ ស្ថិតនៅលើដីទួលមួយខ្ពស់ របៀបជាកូនភ្នំតូចមួយ មានកម្ពស់ប្រមាណ ៦ម០០ពីដីស្រែធម្មតា ដីទួលនោះរាងមូល បើវាស់ចំពាក់កណ្ដាល មានវិជ្ឈមាត្រប្រមាណ ២៣ម០០ ។ ដីទួលនេះហើយដែលគេហៅថាភ្នំដី ឯស្រុកភូមិនៅក្បែរៗនោះ គេក៏ហៅថាភូមិភ្នំដីដែរ ។ នៅភូមិភ្នំដីនោះ មានផ្ទះប្រមាណជា ៣០ខ្នងប៉ុណ្ណោះទេ ។ តាមសេចក្ដីតំណាលថា ភ្នំដីនេះកើតឡើងដោយមនុស្សម្នាក់ឈ្មោះ "ចៅកម្ជិលខ្សាច់" ចៅនេះល្បីខ្ចរខ្ចាយខាងខ្ជិល តាំងតែពីក្មេងតូចមក ការអ្វីក៏ចៅនេះមិនធ្វើដែរ មួយថ្ងៃៗ អង្គុយតែរោយដីខ្សាច់លេង រហូតទាល់តែកើតបានទៅជាភ្នំដីនេះឡើង ។
ឯអ្នកតាដែលនៅលើភ្នំដីនេះ គេសន្មតហៅថា "អ្នកតាភ្នំដីៗ" តាមឈ្មោះភ្នំនោះទៅ ។ ក្រោយមក ទីនេះក្លាយទៅជាបូជនីយដ្ឋានរបស់អ្នកស្រុករហូតមកដល់សព្វថ្ងៃ ព្រោះក្នុងមួយថ្ងៃៗ គេតែងតែបន់ស្រន់ បួងសួង សុំសេចក្ដីក្នុងពេលដែលស្រុកមានជំងឺ ឬ បាត់គោក្របីជាដើម ។
ការដែលបន់នោះ មិនមានកំណត់ឈ្មោះរបស់ថ្វាយអ្វីៗទេ គឺគេអុជទៀនធូបថ្វាយហើយទើបបន់ក៏មាន គេកាច់ស្លឹកឈើស្រស់ធ្វើជាស្លាធម៌ព្រៃថ្វាយហើយបន់ក៏មាន ប្រសិនបើជាបាត់គោវិញនោះ គេបន់ថា "ឱ ! លោកអ្នកតាអ្នកដូនភ្នំដីអើយ ! ឥឡូវកូនចៅបាត់គោមួយនឹមទៅហើយ ឈ្មោះវាអាចំប៉ា១ អាចំប៉ី១ មិនដឹងជាចោរលួច ឬ វារត់ទៅណាបាត់ទេ សូមលោកតាជួយរក ជួយនាំចិត្តគោនោះ ឲ្យវាត្រឡប់មករកផ្ទះសម្បែងវិញផង" លុះបន់រួចហើយ គេក៏ទៅរក បានឃើញប្រាថ្នាក៏មាន គោនោះវាបោលមកផ្ទះវិញខ្លួនវាក៏មាន ជូនរកមិនឃើញក៏មានដែរ ប៉ុន្តែអ្នកស្រុកដែលជឿអ្នកតា តែងអួតថា ច្រើនតែឃើញ មិនសូវដែលដែលមិនឃើញទេ ។ បើបន់ទៅបានឃើញហើយ ទោះបីថ្វាយអ្វីក្ដី មិនថ្វាយអ្វីក្ដី ឬ ទៅប្រាប់ក្ដី មិនប្រាប់វិញថា បានឃើញគោហើយក្ដី អ្នកតានោះគ្មានប្រកាន់ទោសអូសដំណើរអ្នកបន់ទេ ។
របៀបនេះ ខុសអំពីរបៀបអ្នកតាឯទៀត ដែលបានរកឃើញហើយមិនបានទៅប្រាប់ឬទៅថ្វាយអ្វីទេនោះ នឹងត្រូវធ្វើឲ្យឈឺចាប់ចុកដូច្នេះដូច្នោះមិនទេឡើយ ។
ព្រោះហេតុហ្នឹងទេដឹង បានជាអ្នកស្រុកភ្នំដីនិងអន្លងពីរជាដើម គេតែងទៅប្រជុំគ្នាធ្វើបុណ្យពូនភ្នំថ្វាយអ្នកតានោះរៀងរាល់ឆ្នាំ នៅខែចែត្រគឺ គេនាំគ្នាទៅជម្រះស្មៅភ្នំដីនោះ ហើយជួសជុលខ្ទមនោះឲ្យស្អាតបាតល្អ ធ្វើរបងព័ទ្ធជុំវិញ ពូនភ្នំខ្សាច់ និមន្តព្រះសង្ឃចម្រើនព្រះបរិត្តពីល្ងាចស្អែកឡើងប្រគេនចង្ហាន់លោក ពេលព្រឹកម្ដង ថ្ងៃត្រង់ម្ដង ។
ឯអ្នកតា គេធ្វើពែដាក់បាយនំចំណីថ្វាយ ហើយក្រាលកន្ទេលស្មៅ កន្ទេលក្រហម ដាក់ខ្នើយមួយយ៉ាងល្អ ដល់ពេលព្រះសង្ឃសូត្រពហូទេវាឆ្លង គេនាំបង្វិលពពិលជុំវិញខ្ទមអ្នកតា មានអាចារ្យម្នាក់ឈ្មោះព្រិន តែងតែសូត្រសុំពរពីអ្នកតា ឥតមានក្បួនខ្នាតអ្វីទេ គាត់សូត្រមាត់ទទេ តាំងតែពីដើមរៀងមកថា: "ឱ ! អស់លោកអ្នកតា អ្នកដូនភ្នំដី និងអស់លោកទេព្ដារក្សាទឹកដីព្រៃព្រឹក្សា ភូមិស្រុក ព្រមទាំងទេពនិករអមរមេឃ ព្រះឥន្ទ្រព្រះព្រហ្ម ព្រះនរាយន៍ ព្រះឥសូរ ព្រះចតុលោកបាលទាំង ៤ មានព្រះបាទវិរូបក្ខជាដើម យើងខ្ញុំសូមអញ្ជើញលោកមកសេពសោយក្រយាហា ហើយសូមទទួលអនុមោទនាបុណ្យយើងខ្ញុំគ្រប់គ្នា សូមលោកជួយបីបាច់ថែរក្សាយើងខ្ញុំជាកូនចៅ ព្រមទាំងស្រុកភូមិ សត្វធាតុគោក្របី ឲ្យបានសុខសប្បាយគ្រប់ៗគ្នាទោហោង" ។
No comments:
Post a Comment