អ្នកតាទ្វារស្រុក
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ៦១ – ៦៤
នៅភូមិកំពង់សំរឹទ្ធិ ឃុំមៀន ស្រុកព្រៃឈរ (កំពង់ចាម) មានអ្នកតាមួយសំខាន់ជាងគេឈ្មោះអ្នកតា "ទ្វារស្រុក" មានទីលំនៅៗលើដីទួលមួយខ្ពស់ ជិតជើងភ្នំ ។ ត្រង់កន្លែងដីទួលនោះ កាលពីដើមគ្មានដើមឈើសោះទេ មានតែវាលទទេ យូរក្រោយបន្តិចមក ស្រាប់តែមានតាចាស់ម្នាក់ស្លៀកពាក់ស្អាតបាត ទៅនិយាយនឹងលោកគ្រូចៅអធិការវត្តកំពង់សំរឹទ្ធថា "ខ្ញុំករុណាមកសុំរោងលោកគ្រូមួយជ្រកកោនផង សព្វថ្ងៃគ្មានម្លប់ជ្រកទេ" លោកគ្រូចៅអធិការសួរថា: "តាឯងនៅឯណា?” តានោះឆ្លើយថា "ខ្ញុំករុណានៅត្រង់ដីទួលខ្ពស់នោះឯង" ទើបលោកគ្រូចៅអធិការថា "តាឯងទៅចុះ ចាំថ្ងៃក្រោយអាត្មាទៅធ្វើរោងមួយឲ្យ" លោកគ្រូថាមិនទាន់ផុតពីមាត់ផង ស្រាប់តែបែរមើលតានោះ បាត់ភ្លាមមួយរំពេច រកមើលពុំទាន់ មិនដឹងជាទៅផ្លូវណា ។
ដល់ថ្ងៃក្រោយ លោកគ្រូចៅអធិការរៀបរាប់ប្រាប់អាចារ្យវត្តតាមដំណើររឿង ទើបអាចារ្យ ដើរបបួលឧបាសក-សិកាជើងវត្តទាំងអស់គ្នា ឲ្យយកឈើធ្វើរោងប្រក់ក្បឿង ត្រង់កណ្ដាលដីទួលឲ្យតាទ្វារស្រុកនៅ អ្នកស្រុកទាំងអស់ក៏ស្រុះស្រួល ខ្លះបានឈើ ខ្លះបានក្បឿងនាំគ្នាធ្វើរោងហើយជាស្រេច ទើបយកថ្ម ១ដុំ ទំហំ ២ម បួនជ្រុងទៅតម្កល់ទុកក្នុងរោងតំណាងរូបអ្នកតា "តាទ្វាស្រុក" ។ រួចអាចារ្យនិងពពួកឧបាសកជើងវត្តទាំងអស់ កំណត់ថ្ងៃខែឆ្នាំ នឹងធ្វើបុណ្យថ្វាយមួយយប់ សូមឲ្យតាទ្វារស្រុកថែរក្សាកូនចៅនៅក្នុងស្រុកទាំងមូល ឲ្យបានសុខសប្បាយ បើមានកើតជំងឺឯស្រុកភូមិក្រៅ សូមតាទ្វារស្រុក ជួយកម្ចាត់បង់ឲ្យចេញឆ្ងាយពីស្រុកទៅ កុំឲ្យមកបៀតបៀនដល់កូនចៅក្នុងស្រុកឲ្យសោះ ។ តាំងពីពេលនោះមក អ្នកស្រុកបានសុខសប្បាយដូចសេចក្ដីប្រាថ្នាមែន ក៏បបួលគ្នាកំណត់ធ្វើបុណ្យ ១ ឆ្នាំម្ដងៗរាល់ឆ្នាំ ។
តែបើឆ្នាំណាមានកើតជំងឺផ្សេងៗក្នុងស្រុក អ្នកនាំគ្នាភ័យឆោឡោ បបួលគ្នាទៅអុជ ទៀនធូបត្រង់មុខអ្នកតាតាទ្វារស្រុក និយាយថា "កូនចៅមានភ័យតក់ស្លុតខ្លាំងណាស់ ឥឡូវមកសុំឲ្យតាទ្វារស្រុកជួយកម្ចាត់ភិតភ័យចេញ នឹងធ្វើបុណ្យថ្វាយមួយយប់។ "
ត្រឡប់មកផ្ទះវិញ ជំងឺទាំងប៉ុន្មានក៏ស្បើយល្ហើយដូចចិត្តប្រាថ្នា ក៏ជឿជាក់ពិតៗ បបួលគ្នាធ្វើបុណ្យថ្វាយ កំណត់ថ្ងៃទៅនិមន្តលោកចម្រើនព្រះបរិត្តនិងទេសនា ព្រឹកឡើងប្រគេនចង្ហាន់ដារឆ្លង ហើយបបួលគ្នាយកបាយ សម្ល បង្អែម ទៅដាក់សែននៅមុខអ្នកតា តាទ្វារស្រុកនិយាយថា "កាលកូនចៅមានភ័យ មកបន់លោកតាទ្វារស្រុកឲ្យជួយកម្ចាត់ជំងឺដែលកូនចៅឈឺនោះ តាទ្វារស្រុកក៏ជួយកាន់ខ្នងរងមុខកម្ចាត់ជំងឺបានជាស្បើយមែន ឥឡូវនេះ យើងធ្វើបុណ្យថ្វាយរួចសព្វគ្រប់អស់ហើយ សូមតាទ្វារស្រុកកុំចាប់មាត់ចាប់ពាក្យកូនចៅទាំងអស់គ្នាទៀត បើមានការថ្លោះធ្លោយខ្វះខាតអ្វី សុំកុំប្រកាន់អូសដំណើរឲ្យសោះ ។
រឿងអ្នកតា តាទ្វារស្រុកនេះ លោក ងួន អយ ជាអាចារ្យសម្រាប់វត្តកំពង់សំរឹទ្ធិ បានតំណាលថា: កាលពីដើមត្រង់ដីទួលខ្ពស់ដែលជាកន្លែងអ្នកតានេះ គ្មានដើមឈើមួយដើមសោះទេ ដីទួលនេះនៅខាងមុខភ្នំ នៅភ្នំនោះមានតែផ្លូវរទេះមួយប៉ុណ្ណោះ សម្រាប់ធ្វើដំណើរទៅកាន់ភូមិ ។ ឯផ្លូវរទេះនេះចុងម្ខាង ចុះត្រង់ទៅទួលមួយខ្ពស់ដែលជាកន្លែងអ្នកតា បើអ្នកស្រុកជិតឆ្ងាយបររទេះ មកដល់ទីទួលខ្ពស់នោះហើយ មិនបានដាក់នំចេក ដូង ថ្វាយទេ រទេះនោះនឹងបាក់កង់-កាំ ផ្អើលគោក្របីរត់ចោលរទេះ ឬ ក៏ធ្វើមនុស្សឲ្យចុកពោះ គ្រុនក្ដៅ រងាញ័រញាក់ មិនឃ្លានបាយទឹក ទាល់តែយកមាន់ស ១គូ ដូង ១គូ បាយស-ក្រហម បង្អែម ចំអាម ថ្វាយ និយាយសុំទោស ទើបជាភ្លាម ។
បានជាគេហៅអ្នកតានេះថា "តាទ្វារស្រុក" ព្រោះមានរឿងតំណាលថា:
នៅលើទីទួលខ្ពស់នោះ ពីដើមមានតាចាស់ម្នាក់ឈ្មោះ ជា គាត់បានទៅកាប់គាស់ដីដាំដំណាំផ្សេងៗ មិនបានប៉ុន្មាន តាជា ក៏ឈឺចាញ់ស្លាប់ទៅ ។ កន្លែងដីទួល តាជា ធ្វើចម្ការនេះទុកចោលទំនេរ គ្មានអ្នកណាហ៊ានមកធ្វើដំណាំតទៅទៀតសោះ ដោយទួលនេះនៅចំផ្លូវរទេះដែលចេញមកពីភ្នំ ទៅកាន់ស្រុកឯទៀតៗនោះ ទើបគេសន្មតហៅទួលនេះថា ទួលតាទ្វារស្រុក យូរទៅក៏ក្លាយទៅជាតាទ្វារស្រុកៗ រហូតមកដល់សព្វថ្ងៃ ។ ខ្មោចតាជាដែលបានស្លាប់នៅលើដីទួលនេះហើយ ដែលបានក្លែងខ្លួនស្លៀកពាក់ស ទៅនិយាយសុំរោងលោកគ្រូចៅអធិការវត្តកំពង់សំរឹទ្ធ ហើយដែលបានក្លាយជាអ្នកតាហៅថាអ្នកតា តាទ្វារស្រុកៗ រហូតមកដល់សព្វថ្ងៃនេះឯង ។
No comments:
Post a Comment