ព្រេងទាក់ទងនឹងពិធីបញ្ចូលម្លប់កូនស្រី
មានរឿងដំណាលថា កាលនោះ មានមហាចោរម្នាក់ពុំមានភរិយា បានសង់ផ្ទះមួយខ្នងយ៉ាងល្អបណ្ដាច់ នៅក្នុងព្រៃស្មសាន ដើម្បីនឹងទុកដាក់ទ្រព្យរបស់ មានមាស ប្រាក់ សំពត់ អាវ សាវស្បៃ ជាដើម ដែលខ្លួនទៅលួចប្លន់គេបានអំពីទីផ្សេងៗ មក ។ មហាចោរនោះ លុះកាលជាចំណេរក្រោយមក ក៏រំពឹងគិតថា “អាត្មាអញ មានទ្រព្យសម្បត្តិ ច្រើនដល់ម្ល៉ឹងដែរហើយ តែទាស់ត្រង់គ្មានអ្នកណាថែរក្សា គិតសព្វគ្រប់ទៅ ការខំប្រឹងរបស់អញនេះ ដូចជាគ្មានបានការអ្វីសោះ ! ព្រោះថា បើកាលណាអាត្មាអញស្លាប់ទៅ ទ្រព្យអស់ទាំងនេះ នឹងទៅជារបស់អសារឥតការគួរឲ្យស្ដាយ, បើមានកូនប្រពន្ធគ្រាន់នឹងស៊ីមត៌កនោះទៅរ៉ា អាត្មាអញនឹងមិនសូវជាស្ដាយពេក” ។ គិតហើយ មហាចោរ ក៏ដើរទៅក្រវែលភូមិអ្នកស្រុក រំពៃគយគន់មើលហ្វូងស្រី–ប្រុស ដែលនាំគ្នាលេងខ្ញៀវខ្ញារនៅក្រោមម្លប់ឈើ ។ លុះគយគន់ទៅ ឃើញនាងតូចមួយនោះ មានរូបឆោមស្អាតសមរម្យ មានសាច់ឈាមថ្លា ថ្លៃថ្នូរ គួរឲ្យស្រឡាញ់ ក៏និយាយលួងលោមកូននោះឲ្យបែកចេញពីហ្វូង ហើយក៏បញ្ឆោតនាំយកទៅដល់ផ្ទះផងខ្លួន ។ ដោយខ្លាចកូនក្មេងនោះលួចរត់ ទៅរកម៉ែឪវាវិញ ព្រមទាំងការពារកុំឲ្យម្ដាយឪពុកវាតាមទៅរកឃើញ មហាចោរក៏យកក្មេងនោះទៅលាក់ទុកក្នុងបន្ទប់ ចាក់សោយ៉ាងខ្ជាប់ខ្ជួន ។ រាល់ពេលបាយ ឬពេលបានចំណីអាហារឆ្ងាញ់ៗ មក មហាចោរ តែងហុចតាមបង្អួចមួយតូចទៅឲ្យនាងបរិភោគ ។
ក្មេងស្រីនោះ នៅក្នុងម្លប់ ក៏ចេះតែចម្រើនសាច់ឈាម រាល់ថ្ងៃជាលំដាប់ ។ លុះនាងពេញវ័យក្រមុំ ការដែលនាងមិនមានត្រូវពន្លឺព្រះអាទិត្យ និង មិនមានជាន់ដី បណ្ដាលឲ្យនាងមានជំងឺស្គមស្គាំងស្លាំងស្លេក ។ មហាចោរ ភ័យណាស់ មិនដឹងជាកូនមានការណ៍អ្វី ក៏ត្រាច់ទៅក្នុងភូមិមួយឆ្ងាយ ទើបបានជួបនឹងដូនចាស់ម្នាក់ធ្លាប់ធ្វើឆ្មប ក៏និយាយអង្វរសុំអញ្ជើញដូនឲ្យមកជួយមើលកូនខ្លួន ។ យាយម៉បនោះមកដល់ ចូលទៅសួរសុខទុក្ខនាងហើយយល់ការណ៍ ក៏ប្រាប់នាងថា “ចៅយាយអើយ ! ចូរចៅកុំព្រួយអ្វី ! ចៅឈឺនេះ គ្មានអ្វីក្រៅពីជំងឺគ្រប់ការទេ គឺពេលដែលនាងផ្លាស់វ័យនេះឯងហើយ ដែលធ្វើឲ្យនាងចេះតែរសាប់រសល់ ចុកខ្នង ចុកចង្កេះ ល្ហិតល្ហៃ ទន់ដៃទន់ជើង, កុំព្រួយអ្វីណា៎ចៅ ! ចាំយាយផ្សំថ្នាំសង្កូវឲ្យនាងញ៉ាំ ឲ្យបានធូរស្រាលឆាប់រហ័ស” ។ ថាហើយ យាយម៉ប ក៏ទៅរកស្ងោរសំបកឈើមកផ្សំថ្នាំ ដាំឲ្យនាងនោះអាស្រ័យ ហើយផ្ដាំថា “ចៅអើយ ! ចៅយកថ្នាំនេះទៅហាលថ្ងៃឲ្យស្ងួត ហើយរកថូ ឬឆ្នាំងអ្វីដាក់ទុកទៅ, ពេលនាងដឹងថា ជិតដល់រដូវកាលហើយ ចូរនាងយកមួយកញ្ចប់មកដាំញ៉ាំ ៤–៥ ថ្ងៃទៅ នោះនាងនឹងបានធូរស្រាលក្នុងខ្លួនដូចបំណង ហើយសាច់ឈាមពណ៌សម្បុររបស់នាង ក៏រឹតតែល្អឡើងដែរ” ។ លុះកូនស្រីមហាចោរផឹកថ្នាំ បានធូរស្រាលស្បើយរោគហើយ យាយម៉ប ក៏ចូលទៅសំពះសុំលាមហាចោរ ត្រឡប់ទៅមើលផ្ទះសម្បែងវិញ ។ មហាចោរ បានយកមាសប្រាក់ជូនជា ទ្រនឹបរង្វាន់យាយម៉ប ហើយជូនត្រឡប់ដល់ផ្ទះវិញ ។ ពេលរៀបចេញដំណើរពីផ្ទះមហាចោរទៅ យាយម៉ប នឹកក្នុងចិត្តថា “កន្លែងមហាចោរនេះ ឆ្ងាយដាច់ស្រយាលពីភូមិស្រុកគេណាស់, ឯព្រៃទៀតសោត ក៏ញឹកស្ងាត់ជ្រងំ គួរឲ្យខ្លាច, ប្រសិនបើអញត្រូវការចង់បករកទីនេះវិញ ធ្វើម្ដេចនឹងរកផ្លូវមកឃើញ !” នឹកសព្វគ្រប់ហើយ គាត់ក៏រកបានគ្រាប់ឪឡឹកមួយបង្វេច យកមកតាមខ្លួន ដើរតាមក្រោយមហាចោរមក ដើរបណ្ដើរ ចាប់គ្រាប់ឪឡឹករោយបណ្ដើរ រហូតមកដល់ផ្ទះគាត់ ។ តទៅនេះ នឹងថ្លែងចាប់សាដើមបន្តិច អំពីពេលដែលយាយម៉បបានទៅនៅថែទាំកូនចោរនោះមក គាត់តែងតែសង្កេតមើលឫកពា និង រូបឆោមកូននោះឃើញល្អ ក៏ចេះតែកួចចិត្តទុក នឹងសម្លឹងរកកំលោះណាមួយឲ្យសក្ដិសមគ្នានឹងនាង ។ ថ្ងៃមួយ អាស្រ័យបច្ច័យហេតុផលពីបុព្វេ បណ្ដាលចិត្តឲ្យមាណពម្នាក់ ដែលត្រឡប់ពីរៀនវិជ្ជាការ ឲ្យចង់ចូលទៅសុំសម្រាក នៅផ្ទះយាយម៉បនោះសិន ត្បិតថ្ងៃកាន់តែជ្រេ, កម្លាំងក៏អស់, ហេវបាយ, ផ្លូវទៅមុខទៀតក៏ឆ្ងាយ ក្រែងយប់កណ្ដាលផ្លូវ នឹងមានភ័យច្រើន ក៏រូតរះចូលទៅសំពះដូនចាស់ សុំសម្នាក់មួយយប់ ។ ដូនចាស់ កំពុងនឹងរៀបចំដណ្ដាំបាយបរិភោគ ជួនក្រឡេកឃើញមាណពចូលមកសំពះសុំស្នាក់ ក៏មានចិត្តសប្បុរស ទទួលឲ្យនៅ ហើយដាំបាយបណ្ដើរ សំណេះសំណាលសួរអំពីពូជពង្សបណ្ដើរ ។ លុះអាស្រ័យបាយរួច នឹងទុកដាក់ចានក្បានស្រេច យាយម៉ប ដែលចេះតែលបសង្កេតរូបឆោមមាណពនោះតាំងតែពីចូលមក ក៏បង្ហើបសំនួរថា “ចៅអើយ ! ពីកាលដែលចៅលាឪពុកម្ដាយមកស្វែងរកតម្រិះវិជ្ជានេះ តើឪពុកម្ដាយចៅ មានស្ដីដណ្ដឹងកូនចៅអ្នកឯណាទុកឲ្យចៅហើយឬនៅ ?” ។ ចៅមាណពតបថា “មិនទាន់មាននៅឡើយទេ !” ហើយបន្តសំដីថា “ខ្ញុំនឹកថា ប្រសិនបើ នៅពេលដែលខ្ញុំធ្វើដំណើរតាមស្រុកភូមិគេនេះ បានជួបស្ត្រីណាមួយមានលក្ខណៈសមរម្យ ខ្ញុំនឹងយកគេជាប្រពន្ធហើយ! តើលោកយាយមានបានស្គាល់កូនចៅលោកអ្នកណា ដែលល្អ នៅក្នុងស្រុកភូមិរបស់យាយនេះ ដែរឬទេ ?” ។ – ចៅអើយ ! (យាយម៉បនោះឆ្លើយ) នៅក្នុងស្រុកភូមិនេះ មិនឃើញមានស្ត្រីណាម្នាក់ដែលសក្ដិសមនឹងចៅទេ ប៉ុន្តែ ជីដូនធ្លាប់បានឃើញស្ត្រីម្នាក់ដែរ នាងនោះ ជាកូនមហាចោរ នៅក្នុងព្រៃឆ្ងាយដាច់ស្រយាលឯនោះ ។ យាយម៉ប ក៏និយាយរាប់រៀប អំពីដំណើរការណ៍ដែលគាត់បានទៅឃើញនាងនោះ និងបានសង្កេតឃើញឫកពាសមរម្យ ។ ឮពាក្យសរសើររបស់យាយម៉ប មាណពនោះអន្ទះសាចង់ឃើញរូបនាង ក៏អង្វរឲ្យយាយជូនទៅ ។ – ទេចៅ ! (យាយម៉បប្រកែក) យាយជូនទៅមិនបានទេ ព្រោះយាយខ្លាចមហាចោរនោះណាស់ ធម្មតាចិត្តមហាចោរ តែដល់មានការអ្វីស្រួលមិនស្រួលកើតឡើង វាមុខជាមកសម្លាប់យាយចោលហើយ ! ។ យាយចាស់ហើយ តែយាយនៅចង់រស់នៅឡើយ ។ ចូរចៅជឿជាក់ថា យាយចង់ឲ្យចៅ និង នាងនោះបានគ្នាជាប្ដីប្រពន្ធណាស់ ព្រោះតាំងតែពីកាលយាយបានឃើញនាងមក ទោះពេលយាយចេញដើរទៅផ្សារផ្សោ ទៅកាន់ភូមិនានា ទៅសង្គ្រោះគេក្ដី យាយតែងតែគយគន់សម្លឹងមើលរាល់ថ្ងៃ តែមិនប្រទះឃើញបុរសកំលោះណាម្នាក់ ឲ្យសមល្មមនឹងចិត្តយាយសោះ ទើបតែពេលនេះ ចៅមកដល់ ចំជាមហាលាភហើយ, ចៅគេងឲ្យស្រួលទៅ ព្រឹកស្អែក ចាំចៅចេញដំណើរទៅរកនាង” ។ នៅពេលយប់នោះ បុរសចេះតែគិតសព្វគិតគ្រប់ ដេកក៏មិនលក់ ដោយប្លែកកន្លែងផង ទន្ទឹងឲ្យតែភ្លឺឆាប់ផង, ណាមួយគិតបារម្ភអំពីដំណើរក្នុងព្រៃតែម្នាក់ឯង ណាមួយគិតដល់គ្រោះថ្នាក់ជាមួយនឹងមហាចោរ, លុះយប់យន់ ទើបបុរសគេងលង់លក់ទៅ ។ ពេលមាន់រងាវភ្លឺស្រាងៗ យាយម៉ប ក្រោកដណ្ដាំបាយ រកម្ហូបក្រៀមក្រោះ ទឹកបំពង់ ទុកបម្រុងជាស្បៀង ឲ្យមាណពធ្វើដំណើរ ។ លុះមាណពក្រោកឡើងហើយ យាយក៏ឲ្យស្រស់ស្រួប រួចប្រគល់កញ្ចប់អាហារសម្រាប់ផ្លូវ ហើយនាំបង្ហាញតម្រុយដើមឪឡឹក ឲ្យចៅមាណពធ្វើដំណើរចេញទៅ ។ – នែចៅ ! (យាយម៉បប្រាប់) ចូរចៅដើរតាមជួរឪឡឹកនេះទៅចុះ ! ចៅនឹងបានទៅដល់ផ្ទះនាងនោះហើយ តែថា ចូរចៅប្រយ័ត្នខ្លួនឲ្យមែនទែនណា ! ចៅទៅចុះ ! សូមឲ្យបានសេចក្ដីសុខ ឲ្យបានសម្រេចដូចសេចក្ដីប្រាថ្នា, បើមានសត្រូវមកពីមុខឲ្យរំលង, បើមកពីខ្នងឲ្យរលាយណា៎ចៅណា ! ។ មាណព ក្រាបប្រណិប័តន៍លាលោកយាយ ហើយក៏ចេញដំណើរទៅ ។ ថ្ងៃជ្រេបន្តិច ទើបទៅដល់សម្នាក់មហាចោរ ។ គាប់ជួនពេលនោះ មហាចោរមិននៅ ចេញទៅរកប្លន់គេបាត់ ទុកតែកូនស្រីឲ្យនៅចាំផ្ទះម្នាក់ឯង ។ នាងកំពុងតែដើរតត្រុក បោសច្រាសសម្អាតផ្ទះសំបែងតាមទម្លាប់ ពុំមានគិតក្រែងអ្វីឡើយ ។ ឯចៅមាណពនោះ ទៅលបគយគន់ឃើញសព្វគ្រប់ហើយ ដឹងថានាងនៅតែម្នាក់ឯង ក៏ប្រថុយស្រែកហៅ ។ នាងឮសូរមាត់មនុស្សចម្លែក នឹកភ័យណាស់ គិតថា “តើអ្នកណាអេះ ! ហ៊ានចូលមកដល់ទីនេះ ?” ប៉ុន្តែ នាងក្រឡេកទៅឃើញយុវបុរស ជាអ្នកមានឫកពាសុភាពរាបសាល្អ មិនគួរឲ្យខ្លាច, នាងក៏បើកទ្វារ ហៅឲ្យបុរសចូល ហើយនិយាយសាកសួរគ្នាទៅវិញទៅមក, មិនត្រឹមតែប៉ុណ្ណោះ ក៏ទទួលរាក់ទាក់ សំណេះសំណាលតាមផ្លូវលោកិយ ដោយសុខចិត្តសុខកាយធ្វើជាស្វាមី ហើយនាំយកទៅលាក់មិនឲ្យមហាចោរជាឪពុកចិញ្ចឹមដឹងឡើយ ។ ប៉ុន្តែ ក្នុងកាលជាបន្ទាប់មក មហាចោរ សង្កេតឃើញឫកពាកូនស្រីរបស់ខ្លួនប្លែកអំពីធម្មតា គឺឃើញនាងតែងខ្លួនជានិច្ចកាល ធ្វើការងារសព្វសារពើក្នុងផ្ទះ ដោយមិនបាច់ឪពុកតឿនឡើយ ដូចជាចង់ផ្គាប់ផ្គុនមនុស្សណាម្នាក់ ដែលជាទីពេញចិត្ត ។ មហាចោរ នឹកសង្ស័យថា “នាងនេះ ច្បាស់ជាមានប្រុសសហាយហើយ !” ក៏នឹកតូចចិត្តនឹងកូនស្រី លាយនឹងសេចក្ដីខ្មាសអៀនអាសហាយនាងនោះផង ក៏ដើរចោលទីកន្លែងនោះទៅ ។ ឯទាំងពីរនាក់ប្ដីប្រពន្ធ នៅក្នុងព្រៃយូរបន្តិចទៅ មិនឃើញមហាចោរនោះត្រឡប់មកវិញ ក៏នាំគ្នាចុះមករកភូមិស្រុកនឹងគេ ។ លុះមកដល់ភូមិស្រុកហើយ ក៏ចូលទៅអរគុណនឹងយាយម៉ប ព្រមទាំងជូនរង្វាន់គាត់ខ្លះទៀតផង ។ យាយម៉ប មានចិត្តត្រេកអរណាស់ ដើរប្រាប់អ្នកជិតខាងឲ្យមកមើលនាង ដោយថ្លែងបូរបាច់ប្រាប់គេថា “នាងនេះ មានរូបឆោមលោមពណ៌សាច់ជិតល្អ មកអំពីគេនៅតែក្នុងម្លប់ ដល់ចេញពីម្លប់ ក៏មានប្ដីតែម្ដង” ។ អ្នកស្រុក ឃើញដូច្នោះ នាំគ្នាយកកូនដែលដល់អាយុគ្រប់ការ ទៅឃាំងក្នុងម្លប់ ដើម្បីឲ្យបានល្អដូចគេ ក៏ជាប់ជាទំនៀមរហូតមក ។
No comments:
Post a Comment