Saturday, 10 November 2018

សំណេរពន្យល់សុភាសិត​ «ក្រោយ​​ភ្លៀង​ មេឃ​ស្រឡះ​»


សេចក្ដី​អធិប្បាយ
​​​​​​
 ​      ឆាក​ជីវិត​មាន​សប្បាយ កម្សត់​ ព្រាត់ប្រាស​ ផ្អែមល្ហែម​ ជូរចត់​ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត​នូវ​លក្ខណៈ​ទាំង​នេះ​បាន​ឡើយ​ ជា​ការ​ពិត​ណាស់​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ មនុស្ស​គ្រប់​រូប​តែង​តែ​ឆ្លង​កាត់​នូវ​ឧបសគ្គ​យ៉ាង​ច្រើន​រាប់​មិន​អស់​ ជួន​កាល​អាច​ធ្វើ​ឲ្យ​យើង​ដួល​ ឬ​អស់សង្ឃឹម​ ឬ​ក៏​អាច​លែង​ចង់​រស់​ទៀត​ក៏​ថា​បាន អ្វី​ដែល​សំខាន់​បំផុត​គឺ​ ត្រូវ​រក្សា​ជំហរ​និង​ជម្នះ​រាល់​ការ​លំបាក​ទាំងឡាយ​ដែល​កើត​មាន​ឡើង​ចំពោះ​មុខ​​។ ​ដូច​សុភាសិត​មួយ​ឃ្លា​លើក​ឡើង​ថា «​ក្រោយ​ភ្លៀង​ មេឃ​ស្រឡះ​»​។​
​      តើ​សុភាសិត​ខាង​លើ​នេះ​​បង្កប់​នូវ​ខ្លឹមសារ​អប់រំ​យ៉ាង​ដូចម្ដេច​ខ្លះ​?​
ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បកស្រាយ​បន្ត​ទៅ​មុខ​ទៀត​ ​​គួរ​គប្បី​យល់​នូវ​ឃ្លា​សំខាន់​ៗ​ជាមុន​សិន​ ដូចជា​ ​«​ក្រោយ​ភ្លៀង​»​ និង​ «​មេឃ​ស្រឡះ​»​​។ ឃ្លា​ «​ក្រោយ​ភ្លៀង​»​ គឺ​មាន​ថា បន្ទាប់​ពី​ភ្លៀង​រួច​ហើយ ឬ​ពេល​ភ្លៀង​រាំង​ហើយ​ ចំណែក​ឯ​ «​មេឃ​ស្រឡះ​»​ គឺ​សំដៅ​ដល់​ពេល​ដែល​​ផ្ទៃ​មេឃ​ភ្លឺ​ច្បាស់​ល្អ​ ពុំ​មាន​ខ្យល់​ព្យុះ​ ឬ​ពពក​ខ្មៅ​ឡើយ​។ តាម​ន័យ​ត្រង់​ ​មុន​ពេល​មេឃ​ភ្លៀង ​រមែង​មាន​ខ្យល់​​បក់​បោក​ ពពក​ខ្មៅ​ដេរដាស​គ្របដណ្ដប់​នៅ​លើ​លំហ​ បង្កើត​បាន​ជា​ភាព​អាប់អួ​ងងឹត​មេឃ​ងងឹត​ដី​ រក​មើល​អ្វី​មិន​យល់​ ហើយ​ជួន​កាល​មាន​ផ្គរ​រន្ទះ​គ្រាំងៗ​ ​នៅ​ពេល​ភ្លៀង​ធ្លាក់​ច្រើន​ ក៏​បង្កើត​បាន​ជា​ទឹក​ជំនន់​ជន់​លិច​​ផ្ទះ​សម្បែង​ និង​ភូមិឋាន​នានា​ ​​ប៉ុន្តែ​ក្រោយ​ពី​ភ្លៀង​រាំង​ហើយ​ នោះ​អ្វី​ៗ​នឹង​ប្រែ​មក​ជា​​សភាព​ដើម​វិញ​ គឺ​មាន​ពន្លឺ​ឡើង​វិញ​ ហើយ​មនុស្ស​ម្នា​ទាំង​ឡាយ​ប្រាកដ​ជា​អាច​ធ្វើ​ដំណើរ​ដោយ​មិន​មាន​ក្ដី​បារម្ភ​ទៀត​ឡើយ​ ចំណែក​ឯ​ន័យ​ធៀប​វិញ​ គឺ​ចង់​បង្ហាញ​ថា​ ​​ជោគជ័យ​ទាំង​ឡាយ​តែង​តែ​ឆ្លង​កាត់​ឧបសគ្គ​ជាមុន​សិន ក្រោយ​មក​ទើប​អាច​ទទួល​បាន​នូវ​ដែល​ខ្លួន​ប៉ង​ប្រាថ្នា​។​
​      មែន​ហើយ​ គ្មាន​បុគ្គល​ណា​ម្នាក់​​អាច​​សម្រេច​ប្រាថ្នា​បាន​ដោយ​គ្រាន់​តែ​ដេក​នៅ​ស្ងៀម​នោះ​ឡើយ​ គឺ​ត្រូវ​តែ​រួត​រះ​ស្វះស្វែង​ជានិច្ច​ ហើយ​ជួន​កាល​ក៏​ត្រូវ​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​អាក្រក់​ៗ​ផ្សេង​ៗ​ទៀត​ដែល​មក​រំខាន​ដំណើរ​ការ​នៃ​ជីវិត​របស់​យើង​ទៀត​ផង​​។ ជាក់​ស្ដែង​ សិស្ស​​ម្នាក់​ដែល​កើត​ចេញ​ពី​ត្រកូល​កសិករ​ក្រីក្រ​ នៅ​ឯ​ស្រុក​ស្រែ​ជនបទ ដែល​​ស្ទើរ​តែ​គ្មាន​ឱកាស​បាន​សិក្សា​ច្រើន​ដូច​កូន​អ្នក​មាន​ឬ​កូន​អ្នក​ទីក្រុង​ តែ​ដោយ​ការ​​តស៊ូ​ក្នុង​ឆាក​ជីវិត​ និង​ការ​ជម្នះ​រាល់​ការ​លំបាក​នានា​​ទើប​គេ​អាច​​ទទួល​បាន​លទ្ធផល​ល្អ​។ ក្រៅ​ពី​នេះ​ គេ​តែង​បង្កើត​ទម្លាប់​ល្អ​ៗ​ ដោយ​ត្រូវ​ងើប​តាំង​ពី​ព្រលឹម​ ដើម្បី​ជួយ​ធ្វើ​ការងារ​ផ្ទះ​ ជួយ​ធ្វើ​ស្រែ​ចម្ការ​ ចិញ្ចឹម​សត្វ​ ឃ្វាល​គោ​ឃ្វាល​ក្របី​​ ហើយ​ជួនកាល​ទៀត​ត្រូវ​ចំណាយ​ពេល​ទៅ​រក​ប្រាក់​កម្រៃ​បន្ថែម​​សម្រាប់​គ្រួសារ​ទៀត​ផង​ ប៉ុន្តែ​គេ​មិន​ដែល​បោះបង់​ការ​សិក្សា​នោះ​ឡើយ​ ដោយ​តែង​តែ​ឆ្លៀត​រៀន​ និង​ខំ​សន្សំ​លុយ​បន្តិច​បន្តួច​ដើម្បី​ទិញ​សៀវភៅ​សិក្សា ឬ​សៀវភៅ​អាន​ ឲ្យ​ដូច​គេ​ដូច​ឯង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​ ដោយ​ជីវភាព​តោកយ៉ាក​ពេក​ ក៏​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ដោយ​ថ្មើរ​ជើង​ ហើយ​ត្រូវ​ចំណាយ​ពេល​ពី​កន្លះ​ម៉ោង​ទៅ​មួយ​ម៉ោង​ ដើម្បី​ទៅ​ដល់​សាលារៀន​។ ពេល​ខ្លះ ក៏​ត្រូវ​ទឹក​ភ្លៀង​រហូត​សើម​ជោក​អស់​ ពេល​ខ្លះ​ទៀត​ ក៏​ធ្លាក់​ខ្លួន​ឈឺ​។ ផ្ទុយ​ទៅ​វិញ​ ផល​លំបាក​ទាំង​នេះ​មិន​បាន​រារាំង​នូវ​ដំណើរ​ការ​តស៊ូ​របស់​គេ​ឡើយ​ ទីបំផុត​ គេ​អាច​យក​ឈ្នះ​លើ​​ព្រហ្មលិខិត​របស់​ខ្លួន​ ដោយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សិក្សា និង​ទទួល​បាន​ការងារ​ដែល​ខ្លួន​តែង​តែ​ប្រាថ្នា​ជា​យូរ​មក​ហើយ​ទៀត​ផង​។ គេ​អាច​និយាយ​បាន​ថា គ្មាន​អ្វី​ដែល​មនុស្ស​យើង​មិន​អាច​ធ្វើ​បាន​ទេ​ ឲ្យ​តែ​ខ្លួន​យើង​សម្រេច​ចិត្ត​ត្រឹមត្រូវ​និង​តាំង​ចិត្ត​ខ្ពស់​ប្រកប​ដោយ​ក្ដី​អំណត់​ព្យាយាម​ដាច់​ខាត​ ដូច​​ច្បាប់​ស្រីហិតោបទេស​តែង​លើក​ឡើង​ថា ​«​គ្មាន​ម្រឹគ​ឯណា​ បោល​ចូល​មាត់​សីហៈ​ដែល​កំពុង​ដេក​នោះ​ទេ​»​ ជោគជ័យ​មិន​ដែល​រត់​មក​រក​យើង​ឡើយ​ មាន​តែ​មនុស្ស​ទេ​ដែល​រត់​ទៅ​រក​ជោគជ័យ​ ឬ​គោល​ដៅ​នោះ​។
​      បន្ថែម​ពី​នេះ​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ ​គេ​សង្កេត​ឃើញ​ថា​ ​ទម្រាំ​តែ​អាច​កសាង​អង្គរវត្ត​បាន​​ គឺ​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ​ និង​ចំណាយ​ជីវិត​មនុស្ស​អស់​ជាច្រើន​ ​ដំបូង​គេ​ត្រូវ​ជ្រើសរើស​ទី​តាំង​ ដាក់​ខ្សាច់​បុក​គ្រឹះ​ ដើរ​ស្វែង​រក​ប្រភព​ថ្ម​ ការ​ដឹក​ជញ្ជូន​ថ្ម​មួយ​ផ្ទាំង​ៗ​ដ៏​ធំ​មហិមា​ និង​ការ​រចនា​ម៉ូត​ចម្លាក់​ជា​ក្បាច់​នានា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ទាំង​នេះ​មិន​​មែន​កើត​ឡើង​ពី​​ព្រះ​អាទិទេព​​ព្រះជាម្ចាស់​ឡើយ ប៉ុន្តែ​គឺ​មនុស្ស​នេះ​ឯង​ដែល​ប្រឹង​ប្រែង​រាល់​ការ​លំបាក​ទាំង​ឡាយ​ រហូត​បន្សល់​បាន​នូវ​វត្ថុ​អច្ឆរិយ​​សម្រាប់​កម្ពុជា​និង​ពិភពលោក​ទាំង​មូល​។​ យ៉ាង​ណា​មិញ​ ​ប្រទេសខ្មែរ​យើង​អាច​​នៅ​គង់វង្ស​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ក៏​ព្រោះ​តែ​ដូនតា​យើង​ខិតខំ​ការពារ​ពី​ឈ្លានពាន​ពី​បរទេស​ ហើយ​ហ៊ាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​ខ្លួន​ដោយ​មិន​មាន​ការ​សោកស្ដាយ​ ហើយ​កូន​ខ្មែរ​គ្រប់​រូប​ក៏​បាន​ស្គាល់​ទឹក​ដី​របស់​ខ្លួន​ ​និង​យល់​ពី​ប្រវត្តិ​សាស្ត្រ​តស៊ូ​របស់​ខ្លួន​កាន់​តែ​ច្បាស់​ថែម​ទៀត​។ ក្រៅ​ពី​នេះ​ គេ​សង្កេត​ឃើញ​ នៅ​ក្នុង​សម័យ​ឧដុង្គ​ ព្រះ​ខ្មែរ​ត្រូវ​ចោរ​យួន​និង​សៀម​បែងចែក​ទឹកដី​យើង​ជា​ពីរ​ក្នុង​បំណង​ពុះ​ចែក​គ្នា​ ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​សៀម​និង​យួន ប្រទេស​ទាំង​ពីរ​នេះ​ក៏​បាន​លើក​ព្រះ​បាទ​អង្គ​ឌួង​ ឲ្យ​ឡើង​សោយរាជ្យ​ ប៉ុន្តែ​ដោយ​សារ​ព្រះ​អង្គ​មាន​ឆន្ទៈ​ស្នេហាជាតិ​មិន​ចង់​ឲ្យ​ទឹក​ដី​បាត់​បង់​ ទ្រង់​ក៏​លួច​ផ្ញើ​លិខិត​សម្ងាត់​ទៅ​កាន់​ព្រះ​ចៅ​ណាប៉ូឡេអុង​ទី​បី​នៅ​សិង្ហបូរី​ឲ្យ​ចូល​មក​ដែន​កម្ពុជា​ ក្នុង​បំណង​យក​បារាំង​ជា​បង្អែក​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​យួន​និង​សៀម។ ក្រោយ​មក​បារាំង​ក៏​បាន​ចូល​មក​ដាក់​អាណាព្យាបាល​លើ​ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​ព្រះ​បាទ​នរោត្ដម​ ហើយ​ឥទ្ធិពល​យួន​សៀម​ក៏​ត្រូវ​បញ្ចប់​នៅ​ពេល​នោះ។​ នៅ​ក្នុង​សម័យ​អាណានិគម​និយម​បារាំង​ទៀត​សោត​ កម្ពុជា​​ពុំ​បាន​សុខ​ស្រួល​ឡើង​ គឺ​ត្រូវ​បារាំង​ជំរិត​ទារ​ពន្ធ​យ៉ាង​ដំណំ​ យុវជន​ខ្លះ​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ច្បាំង​ក្នុង​សង្គ្រាម​លោក ហើយ​ត្រូវ​ស្លាប់​អស់​ជាច្រើន​។ សេចក្ដី​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​ធ្វើ​ឲ្យ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ខិត​ខំ​ទាមទារ​ឯករាជ្យ​ រហូត​ទទួល​សិទ្ធិ​ពេញលេញ​ជា​ម្ចាស់​ទឹក​ដី​របស់​ខ្លួន​នៅ​ក្រោយ​ស្នាព្រះហស្ត​របស់​ព្រះ​បាទ​នរោត្ដម​សីហនុ​ ដែល​ព្រះ​អង្គ​ខិតខំ​បំពេញ​តួនាទី​ស្វែង​រក​ឯករាជ្យ​រហូត​ទទួល​បាន​ជោគជ័យ​ទាំង​ស្រុង​ក្នុង​ឆ្នាំ​មួយ​ពាន់​ប្រាំ​បួន​រយ​ហាសិប​បី​។ ហេតុ​ការ​តាមរយៈ​ប្រវត្តិ​សាស្ត្រ​សុទ្ធ​តែ​លាត​ត្រដាង​ឲ្យ​ឃើញ​​យ៉ាង​ច្បាស់​ថា ទម្រាំ​តែ​ទទួល​បាន​ស្វ័យភាព​គឺ​ត្រូវ​ចំណាយ​ពេល​ជិត​មួយ​សតវត្ស​ឯណោះ​ ប៉ុន្តែ​មិន​មែន​បោះ​បង់​ការ​តស៊ូ​នោះ​នៅ​ពាក់​កណ្ដាល​ទី​នោះ​ឡើយ​។​
​      បើ​ក្រឡេក​មក​មើល​នៅ​ក្នុង​ស្នាដៃ​អក្សរសិល្ប៍​ប្រជាប្រិយ​ រឿង​រៃ​និង​ស្រមោច​ បាន​ឆ្លុះ​បញ្ចាំង​នូវ​ទស្សនៈ​ពីរ​ មួយ​គឺ​ភាព​ខ្ជិល​ច្រអូស និង​ទី​ពីរ​គឺ​ការ​ខិតខំ​ព្យាយាម​។ រៃ​តំណាង​ឲ្យ​តួអង្គ​ឥត​បាន​ការ​ គិត​តែ​ពី​ច្រៀង​រាំ​ សប្បាយ​ មិន​គិត​រក​ចំណី​ទុក​​ក្នុង​រដូវ​ក្ដី​ឡើយ ដល់​ពេល​រដូវ​វស្សា​មក​ដល់​ ទើប​ភ្ញាក់​ខ្លួន​ថា​មិន​មានចំណី​ ក៏​ទៅ​សុំ​ខ្ចី​ពី​ស្រមោច​ ស្រមោច​ក៏​មិន​ឲ្យ​ខ្ចី​ ចំណែក​សត្វ​ហេតុ​តែ​ភ្លើតភ្លើន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ទើប​ដាច់​ស្បៀង​រហូត​ដល់​ស្លាប់​អស់​ ចំណែក​ឯ​តួអង្គ​ស្រមោច​ខំ​លីសែង​អង្ក​ឬ​ចំណី​តូច​ៗ​ល្អិត​ៗ​យ៉ាង​សស្រាក់សស្រាំ​ដោយ​មិន​ចេះ​នឿយណាយ​ ឬ​ពន្យារពេល​ឡើយ​ មិន​យូរ​ប៉ុន្មាន​ស្បៀងអាហារ​ក៏​ពេញ​សម្បុក​ ហើយ​អាច​ចិញ្ចឹម​ពួកគេ​ពេញ​មួយ​រដូវ​វស្សា​បាន​។ ក្រៅ​ពី​នេះ​ នៅ​ក្នុង​រឿង​ប្ដី​ប្រពន្ធ​នាក់​បាច់​ទឹក​សមុទ្រ​រីង​ ក៏​បាន​បង្ហា​យ៉ាង​ច្បាស់​ក្រឡែត​តែ​ម្ដង​។ ក្នុង​នោះ​ មាន​ប្ដី​ប្រពន្ធ​មួយ​គូ​ខំ​បាច​ទឹក​សមុទ្រ​ដែរ​ តែ​មិន​រីង​សោះ ក៏​បោះបង់​ការ​ងារ​របស់​ខ្លួន​ចោល​ ចំណែក​ឯ​ប្ដី​ប្រពន្ធ​មួយ​គូ​ទៀត​បាន​ខិត​ខំ​ដោយ​ឥត​ឈប់ឈរ​ឡើយ​ក្នុង​ការ​បាច់​ទឹក​សមុទ្រ​ឲ្យ​រីង​ ដោយ​មច្ឆាជាតិ​ខ្លាច​ទឹក​សមុទ្រ​រីង​អស់ ទី​បំផុត​ពួកគេ​ក៏​យក​មាស​ប្រាក់​កែវ​កង​​ពិទូរ្យសូរ្យកាន្ត​​​​មក​ឲ្យ រហូត​ក្លាយ​ជា​សេដ្ឋី​​ និង​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​។​ តាម​រយៈ​រឿង​ខាង​លើ​នេះ ការ​ដែល​យើង​ប្រឹងប្រែង​ដោយ​​មិន​ខ្លាច​នឿយ​ហត់​និង​មាន​ឆន្ទៈ​មោះមុត​ផង​នោះ ទើប​សម្រេច​ផល​បែប​នេះ​ឯង​។
​      ដោយ​ឡែក​ នៅ​ក្នុង​រឿង​កុលាប​ប៉ៃលិន​ ដែល​ជា​ស្នាដៃ​របស់​លោក​ ញ៉ុក​ ថែម​ ក៏​បាន​បង្ហាញ​យ៉ាង​ប្រត្យក្ស​ថា តួ​អង្គ​ចៅ​ចិត្រ​ ជា​កូន​កសិករ​ក្រីក្រ​ ស្វែង​រក​ការងារ​ធ្វើ​ជា​កម្មករ​ជីក​ត្បូង​របស់​លោក​ហ្លួង​រតនសម្បត្តិ​និង​នាង​ឃុននារី​។ ចៅចិត្រ​​ធ្វើ​ការ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ​ហូត​ហែង​ ហូរ​ញើស​ប៉ុន​គ្រាប់​ពោត​ ដោយ​មិន​ត្អូញត្អែរ​អ្វី​ឡើយ​។ ពេល​ខ្លះ​ ត្រូវ​នាង​ឃុននារី​ ពេបជ្រាយ​ថា​ជា​មនុស្ស​ស្គម​ដូច​អ្នក​ញៀន​អាភៀន​មិន​សម​នឹង​ធ្វើ​ការ​ជា​កម្មករ​ជីក​ត្បូង​ទៀត​ផង​។ បន្ថែម​ពី​នេះ​ ចៅ​ចិត្រ​ បាន​មាន​​ចិត្ត​លួច​ស្រឡាញ់​ចៅហ្វាយ​នាយ​របស់​ខ្លួន​ ទាំង​ដឹង​ថា​ខ្លួន​ឯង​មិន​ឈោង​ដល់​ គឺ​ដូច​សុភាសិត​មួយ​ពោល​ «​ខ្លួន​ទាប​ ដៃ​ខ្លី ស្រវា​ឱប​ភ្នំ​»​។ ដោយ​មើល​ឃើញ​ថា​ចៅ​ចិត្រ​ជា​បុរស​ឧស្សាហ៍​ព្យាយាម​និង​ស្មោះ​ស្ម័គ្រ​ចំពោះ​ថៅកែ​ផង​នោះ​ ក៏​ធ្វើ​ឲ្យ​នាង​ឃុននារី​បាក់​ចិត្ត​ស្រឡាញ់​ រី​ឯ​លោក​ហ្លួង​រតនសម្បត្តិ​ក៏​យល់​ព្រម​ឲ្យ​អ្នក​ទាំង​ពីរ​រៀបការ​នឹង​គ្នា​ និង​ប្រគល់​ការ​ងារ​ឲ្យ​ចៅ​ចិត្រ​មើល​ការ​ខុស​ត្រូវ​ថែម​ទៀត​ផង​។ ចំណែក​ឯ អក្សរសិល្ប៍​រឿង​​ ផ្កា​ស្រពោន​វិញ​ ប៊ុន ធឿន​ ដែល​ជា​តួ​អង្គ​ឯក​តំណាង​ឲ្យ​​យុវជន​ដែល​ស្រឡាញ់​ការ​​​​រៀន​សូត្រ​ បាន​ទទួល​បាន​ជោគជ័យ​ក្នុង​សិក្សា​របស់​ខ្លួន​ ទោះ​បី​ជា​រូប​គេ​បាត់​បង់​នារី​ជាទី​ស្រឡាញ់​ និង​គ្រួសារ​ត្រូវ​ធ្លាក់​ខ្លួន​ក៏​ដោយ​ ក៏​មិន​​បាន​ធ្វើ​ឲ្យ​ ប៊ុន ធឿន​ នឿយណាយ​នឹង​ចំណេះ​វិជ្ជា​នោះ​ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ក្នុង​រឿង​មាលា​ដួងចិត្ត​ ក៏​បាន​លាត​ត្រដាង​នូវ​ស្នេហា​ឆ្លង​ជាតិ​សាសន៍​រវាង​កំលោះ​ជនជាតិ​ខ្មែរ គឺទីឃាវុធ​ និង​ក្រមុំ​​ជនជាតិ​សៀម​ គឺ​ចន្ទ​មណី។​ ​ស្នេហា​របស់​ពួក​គេ​ពោរពេញ​ទៅ​ដោយ​ឧត្ដមគតិ​ មិនមែន​កើត​ឡើង​ដូច​ភ្លើង​ចំបើង​​ ហើយ​​ក៏​មិន​សំខាន់​ស្មើ​នឹង​ឯករាជ្យ​ជាតិ​នោះ​ឡើយ​។ ទីឃាវុធ​ សន្យា​ថា​បើ​សៀម​មិន​ព្រម​ប្រគល់​ខេត្ត​ខ្មែរ​មក​ឲ្យ​ខ្មែរ​វិញ​ ខ្លួន​មិន​ព្រម​ស្រឡាញ់​នាង​ចន្ទមណីនោះ​ឡើយ​ ទីបំផុត​ស្នេហា​របស់​គេ​ក៏​សម្រេច​ដល់​គោលដៅ​ ក្រោយ​ពី​សៀម​ប្រគល់​ខេត្ត​មួយ​ចំនួន​មក​ឲ្យ​ខ្មែរ​វិញ​។ បើ​ក្រឡេក​មក​មើល​រឿង​ទុំទាវ​ដែល​ស្នាដៃ​និពន្ធ​របស់​ព្រះ​ភិក្ខុ​សោម​វិញ​ បាន​លើក​ឡើង​ពី​ចំណង​ស្នេហា​រវាង​ព្រះ​សង្ឃ​និង​នារី​ម្នាក់ដែល​​កំពុង​ចូល​ម្លប់​ គឺ​ទុំ​ និង​ទាវ​។ សេចក្ដី​ស្នេហា​របស់​ពួកគេ​ត្រូវ​ឆ្លង​កាត់​នូវ​ឧបសគ្គ​យ៉ាង​ច្រើន​ នៅ​ពេល​យាយ​ម្ដាយ​ទាវ​ដឹង​រឿងរ៉ាវ​អស់​ហើយ គាត់​ខឹង​នឹង​ទុំ​ខ្លាំង​ណាស់​ ដោយ​សារ​គាត់​មាន​កូន​ស្រី​តែ​ម្នាក់​ ដែល​បម្រុង​នឹង​រៀបការ​និង​ម៉ឺនងួន​ ដែល​ជា​កូន​ប្រុស​របស់​អរជួន​ទៀត​ផង​។ មិន​យូរ​ប៉ុន្មាន​ ​ព្រះរាជា​ក៏​បាន​ជ្រើសរើស​នាង​ទាវ​ធ្វើ​ជា​ស្នំ​ឯក​ រី​ឯ​ទុំ​ក្លាយ​ជា​ម៉ឺន​ឯក​ នៅ​ពេល​អ្នក​ទាំង​ពីរ​ជួប​មុខ​គ្នា​នៅ​ចំពោះ​ព្រះភក្ត្រ​​របស់​រាជា​ ពួកគេ​ក៏​ហ៊ាន​សារភាព​ស្នេហ៍​ចំពោះ​គ្នា​នឹង​គ្នា រហូត​ដល់​ព្រះ​រាជា​ប្រទាន​មង្គលការ​តាម​សំណូមពរ​។​ ​ជាង​នេះ​ទៅ​ទៀត​ ​ក្នុង​រឿង​រាមកេរ្តិ៍​ ព្រះ​រាម​ត្រូវ​ចំណាយ​អាយុ​កង​ទ័ព​អស់​ជាច្រើន​ និង​ពេល​វេលា​យ៉ាង​យូរ​​ ដើម្បី​ច្បាំង​ដណ្ដើម​យក​នាង​សីតា​វិញ​​ពី​ក្រុង​​រាពណ៍​នៅ​នគរ​លង្កា​។ ចំណែក​ឯ​នៅ​ក្នុង​រឿង​ព្រះ​អាទិត្យ​ថ្មី​រះ​លើ​ផែន​ដី​ ដែល​ជា​ស្នាដៃ​និពន្ធ​របស់​លោក សួន​ សុរិន្ទ​ វិញ​ តួ​អង្គ​សម​ ជា​ជន​ក្រីក្រ​តោកយ៉ាក​ តស៊ូ​ក្នុង​ឆាក​ជីវិត​ សុខ​ចិត្ត​ធាក់​​ស៊ីក្លូ​ មិន​ព្រម​លក់​ឧត្ដម​គតិ​ខ្លួន​ឡើយ​ ​ក្នុង​ឆាក​ជីវិត​របស់​សម​​តែង​តែ​ជួប​រឿង​អយុត្តិធម៌​ និង​ការ​មើលងាយ​ជានិច្ច​ ហើយ​ត្រូវ​បាត់​បង់​ប្រពន្ធ​កូន​ ព្រមទាំង​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​តែ​ម្នាក់ឯង​ឯកា​។ ទីបំផុត​ ភាព​ស្មោះ​ត្រង់​របស់​សម​ ក៏​បាន​នាំ​សម​ឆ្លង​ពី​រណ្ដៅ​ដ៏​ងងឹត​នេះ​ ហើយ​បាន​ក្លាយ​ជា​ប្រជាជន​ដ៏​ល្អ​និង​ជា​កសិករ​ដ៏​គំរូ​ប្រចាំ​សហគមន៍​ទៀត​ផង​។
​      យោង​តាម​ការ​បកស្រាយ​ខាង​លើ​នេះ​ គេ​សង្កេត​ឃើញ​ថា គ្រប់កិច្ចការ​ទាំងឡាយ​មិនថា​តូច​ក្ដី​ធំ​ក្ដី​ គឺ​សុទ្ធ​តែ​ទាមទារ​ចាំបាច់​នូវ​ការ​ប្រឹងប្រែង​យ៉ាង​ប្ដូរ​ផ្ដាច់​ មិន​មែន​ធ្វើ​លេង​សើច​ឲ្យ​តែ​រួច​ពី​ដៃ​ឡើយ​។ ឧបសគ្គ​ទាំង​ឡាយ​អាច​នឹង​រលាយ​ទៅ​បាន​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ការ​តស៊ូ​ក៏​ក្លៀវក្លា​មិន​ចុះចាញ់​ ប្រៀប​ដូចជា​រាជសីហ៍​ដែល​ពោរពេញ​ទៅ​ដោយ​អំណាច​ ហើយ​មិន​ចុះចាញ់​នឹង​ការ​ស្វែង​រក​ចំណី​​នោះ​ឯង។ តួយ៉ាង​ នៅ​ក្នុង​សង្គម​ជាក់​ស្ដែង​ក្ដី​ ក្នុង​ប្រវត្តិ​សាស្ត្រ​ក្ដី​ ឬ​ក្នុង​អក្សរសិល្ប៍​ក្ដី​ សុទ្ធ​តែ​លាត​ត្រដាង​ឬ​បង្ហាញ​ឲ្យ​ជាក់​លាក់​ថា គ្មាន​ជោគជ័យ​ឯណា ដែល​មិន​ឆ្លង​កាត់​ឧបសគ្គ​សោះ​ឡើយ​។
​      ក្រោយ​ពី​ធ្វើ​ការ​ពន្យល់​យ៉ាង​ក្បោះក្បាយ​ដូច​ខាង​លើ​​ ស​បញ្ជាក់​ថា សុភាសិត​នេះ​ពិត​ជា​មាន​តម្លៃ​អប់រំ​យ៉ាង​ជ្រាលជ្រៅ​មិន​អាច​កាត់​ថ្លៃ​បាន​ដែល​បណ្ដុះ​ឲ្យ​មនុស្ស​គ្រប់គ្នា​ក្លាហាន​ហ៊ាន​ក្រោក​តស៊ូ​នឹង​ព្រហ្មលិខិត​។​ ក្នុង​នាម​ជា​យុវជន​​ គួរ​លះបង់​​ពេល​វេលា​និង​កម្លាំង​កាយ​ដើម្បី​ក្រេប​យក​ចំណេះ​វិជ្ជា និង​កសាង​ខ្លួន​ឲ្យ​សម​ជា​កូន​ល្អ​ សិស្ស​ល្អ​ ប្រជាពលរដ្ឋ​ល្អ​ មេគ្រួសារ​ល្អ​ និង​មេ​ដឹកនាំ​ដ៏​ល្អ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។

No comments:

Post a Comment