អ្នកតាសិង្ហ និងអ្នកតាព្រះឥន្ទ
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ៧១ – ៧២
នៅវត្តភ្នំក្ងោកមាស ស្រុកកំពង់លែង ខែត្រកំពង់ឆ្នាំង មានអ្នកតាពីរកន្លែង មានឈ្មោះផ្សេងពីរគ្នា:
ក. អ្នកតាព្រះឥន្ទ មានរូបធ្វើដោយថ្ម ចាស់តំណាលថា ព្រះបាទអស្សច័រាជជាអ្នកកសាង តាំងពីជំនាន់នគរវត្តម្ល៉េះ ។ រូបអ្នកតានោះមានសណ្ឋានជារូបសិង្ហ ឬ តោ ទំហំជុំវិញខ្លួន ០ម៩០ ទទឹងខ្លួន ០ម៣០ កម្ពស់ ០ម៧០ មានអាស្រមធ្វើដោយឈើប្រក់ក្បឿង ស្ថិតនៅមុខព្រះវិហារវត្តក្ងោកមាសលើសព្វថ្ងៃនេះ ។
ខ. អ្នកតាសិង្ហ មានរូបពីបុរាណមកធ្វើដោយថ្ម គេតំណាលថា ព្រះបាទអស្សច័រាជកសាងតំណាលគ្នានឹងអ្នកតាព្រះឥន្ទដែរ មានសណ្ឋាននិងទំហំប៉ុនគ្នា ឯអាស្រមទៀតសោតក៏ដូចគ្នា ប្លែកតែទីកន្លែងប៉ុណ្ណោះ គឺអ្នកតាសិង្ហនេះ ឋិតនៅមុខព្រះវិហារវត្តក្ងោកមាសក្រោមសព្វថ្ងៃ ។
អ្នកតាទាំងពីរនេះ ចាស់ព្រឹទ្ធាចារ្យបានតំណាលថា: ដើមឡើយអ្នកតាព្រះឥន្ទ មានអាស្រមនៅទួលគោកសំរង សង្កាត់ត្រប់ ស្រុកជើងព្រៃ ខែត្រកំពង់ចាម ។ ឯអ្នកតាសិង្ហ នៅសង្កាត់ច្រុប ស្រុកសន្ទុក ខែត្រកំពង់ធំឯណោះ ។ លុះដល់រវាងព. ស. (តាមអ្នកស្រុកស្មាន) ២៣៩៣ ព្រះបាទអង្គចន្ទ ទ្រង់យាងមកកាន់វត្តក្ងោកមាស ទ្រង់ទតឃើញដីទួលពេញព្រះទ័យ ក៏ត្រាស់ឲ្យអ្នកស្រុកទៅអញ្ជើញអ្នកតាទាំងពីរ ពីកន្លែងរៀងរាល់អង្គ មកប្រតិស្ឋាននៅកន្លែងសព្វថ្ងៃរហូតមក ។
សព្វថ្ងៃនេះ អ្នកស្រុកនៅតែគោរពរាប់អានអ្នកតាទាំងពីរនេះជាធម្មតា ។ ឯគ្រឿងសំណែនដែលគេរៀបចំឡើងអ្នកតានេះ មានស្លាជម បាយសី បង្អែម ចំអាម និងភ្លេងដូរ្យតន្ត្រីផង ។ ឯគ្រឿងតង្វាយមាន ស្លាធម៌ដូង ១គូ និងសំពត់ព្រែក្រហម ២ម០០។ គេឡើងអ្នកតានេះ នៅថ្ងៃទី ៣ កើត ខែពិសាខរៀងរាល់ឆ្នាំ ។ មានរូបសំណឹងសម្រាប់បញ្ជាន់ដែរគឺឈ្មោះ ចាន់ សុខ ។
No comments:
Post a Comment