រឿង សត្វរើសគ្នាធ្វើស្ដេច
ក្នុងកប្បទណ្ឌខាំងកំបាំងបាត់ ស្ងាត់កន្លងរំលងយូរលង់ណាស់មកហើយមនុស្សទាំងអស់នៅលើផែនដី ក្នុងពិភពលោកនេះ ពុំទាន់មាននរណាមួយជាធំ សម្រាប់ត្រួតត្រាគ្នានៅឡើយ ។ លុះចំណេរកាលមកខាងក្រោយ ទើបគេជំនុំគ្នាលើកមនុស្សម្នាក់ជាក្សត្រដាក់នាមថា ព្រះសម្មតិរាជ ឲ្យសោយរាជសម្បត្តិនិងគ្រប់គ្រងអាណាប្រជានុរាស្ត្រតទៅ ។ ពពួកសត្វទាំងឡាយគឺ: សត្វម្រឹគ, បក្សី និងមច្ឆាជាតិ កាលបើបានឃើញមនុស្សមានស្ដេចមួយអង្គ សម្រាប់ត្រួតត្រាប្រជាពលរដ្ឋទូទៅដូច្នោះក៏នាំគ្នាផ្អើលឆោឡោជ្រួលច្របល់ ប្រកូកប្រកាសឲ្យពិភពលោកគឺមនុស្ស និងសត្វទាំងអស់ដឹងថា: ពពួកខ្លួននេះ ពុំទាន់មានស្ដេចសម្រាប់ត្រួតត្រានៅឡើយទេ, ដើម្បីឲ្យពិភពលោកជួយគិតគូរអំពីពួកខ្លួននេះផង ។ មិនយូរប៉ុន្មានមនុស្សទាំងអស់ ក៏នាំគ្នាជួយគិតគូររើសរកស្ដេចឲ្យពពួកសត្វទាំងនោះ ។ គេបានតាំងសត្វ រាជសីហ៍ ដែលជាសត្វខ្លាំងពូកែមានឥទ្ធិឫទ្ធិអង់អាច មានប្រាជ្ញាឈ្លាសវៃ និងចរិយាស្រគត់ស្រគំជាងគេ ឲ្យធ្វើជាស្ដេចនៃសត្វម្រឹគ ។ ពពួកសត្វម្រឹគទាំងឡាយ ពេញចិត្តនិងស្ដេចរបស់ខ្លួននេះ ដោយឥតមានប្រកែកអ្វីឡើយ ។ ពពួកសត្វត្រី គេបានតាំងអនន្ទមច្ឆា ដែលជាត្រីធំជាងគេ ឲ្យធ្វើជាស្ដេចនៃមច្ឆាជាតិទាំងអស់ , ពពួកសត្វមច្ឆាក៏ទទួលយកដោយពេញចិត្តយ៉ាងក្រៃលែង ។
ឯពពួកបក្សី លុះបានមកជំនុំរើសរកសត្វដែលនឹងឲ្យធ្វើជាស្ដេចនៃបក្សីទាំងពួង ស្រាប់តែមានបេក្ខជនពីររូបឈរឈ្មោះឲ្យគេតាំងគឺ: សត្វក្អែក ១ សត្វមៀម ១ ។ សត្វទាំងពីរនេះ សុទ្ធតែមានសត្វជាបរិពារយ៉ាងច្រើនរៀង ៗ ខ្លួន ។ សត្វទាំងពីរនេះ មានគំនិតចង់ធ្វើជាស្ដេចគ្រប់ ៗ គ្នា ម្ល៉ោះហើយក៏ចែកជាពួកបក្សដើរឃោសនាប្រកួតប្រជែង អួតតែបក្សពួករបស់ខ្លួនរៀង ៗ ខ្លួន, មិនតែប៉ុណ្ណោះ ថែមទាំងដើរឃោសនា បន្តុះបង្អាប់គ្នាទៅវិញទៅមកផង ។ ខាងក្អែកថា “ នរណានឹងឲ្យអាសត្វមៀមធ្វើជាស្ដេចកើត ! បើភ្នែកវាធំម្ល៉េះ ។ តែកាលណាវាបានធ្វើជាស្ដេច លើបក្សីផងទាំងពួង វានឹងបំផ្លិចបំផ្លាញអស់បក្សីផងនានា, បើអ្នកទាំងអស់គ្នាមិនជឿខ្ញុំ ត្រូវអ្នកមើលតែភ្នែកវា យើងគង់យល់បាន ថាវាជាសត្វកាចយង់ឃ្នងពិតប្រាកដមែន ” ។ ឯពពួកសត្វមៀមក៏ឃោសនាបង្អាប់ទៅសត្វក្អែកវិញថា “ យើ ! អាសត្វក្អែក ខ្មៅទាំងឆ្អឹង ! អាឯងនេះជាសត្វខ្មៅ មិនមែនខ្មៅតែរោមស្លាបនឹងសាច់ប៉ុណ្ណោះទេ ខ្មៅរហូតដល់ទៅចិត្តគំនិតទៀត បើនរណាសុខចិត្តតាំងអាសត្វក្អែកឲ្យធ្វើជាស្ដេច ក្អែកវានឹងជិះជាន់សង្កត់សង្កិនលើសត្វនានា ជាមិនខាន, ព្រោះអានេះចិត្តខ្មៅណាស់ វាជាសត្វធ្លាប់រកស៊ី ពុំតាមសម្មាអាជីវោទេ វារកស៊ីតែលួចឆក់ របស់គេជាអាហារ បើវាបានធ្វើស្ដេចវានឹងលួចឆក់ ហើយវាទៅសង្កត់កគេយកស៊ីទាំងភ្នែកស្រស់តែម្ដង, អ្នកទាំងអស់គ្នាមិនបាច់គិតឲ្យវែងឆ្ងាយទេ មើលតែរបរវារកស៊ីសព្វថ្ងៃ និងចរិយាក្រឡេមក្រឡឺម ហើយនឹងសម្បុរស្បែកវាក៏គង់ដឹងហើយ ” ។
បេក្ខជនក្អែកនិងមៀម ឃោសនាប្រឆាំងគ្នាយ៉ាងនេះ រហូតទល់តែបែកជាបក្សពួកយ៉ាងធំ កើតជាឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ទើបពពួកសត្វទាំងអស់ដែលមិនចូលដៃ-ជើងខាងបក្សពួកណា ក៏ជំនុំគ្នាតាំងសត្វហង្សឲ្យធ្វើជាស្ដេចនៃសត្វបក្សីទាំងអស់រហូតមក ។ ព្រោះហេតុនេះបានជាក្អែកនឹងមៀមចេះតែស្អប់គ្នាដរាបមកដល់សព្វថ្ងៃនេះ ជាប់ជាទម្លាប់មួយ ដែលចែកសត្វជាពួករកស៊ីពេលយប់ ពួករកស៊ីពេលថ្ងៃ ហើយទាំងពីរពួកនេះ ឃើញគ្នាមិនបានទេ ។
No comments:
Post a Comment