សុភាសិត “ច”
សុភាសិត “ច”
- ចងអ្វីមិនជាប់សើ្មសង្សារ ការអ្វីមិនស្មើការប្រតិបត្តិ ស្ងាត់អ្វីមិនសើ្មចិត្តអរហត្ថ កាចអ្វីមិនស្មើចិត្តពាលា។
- ចងទូកបោះបង្គោល រិះរកថ្នោលពួរយុថ្កា។
- ចងជនលោភដោយអោយធន ចងប្រាជ្ញកល្យាណដោយអោយពាក្យសត្យ ចងអ្នកឆ្មើងឆ្មៃដោយប្រណិប័តន៍ ចងអ្នកល្ងង់ក្តាត់ដោយបណ្តោយតាម។
- ចចេសមិនចង់ត្រង់ឈឺណា មិនចង់ចាស់ស្លាប់ចាកធម្មតា តែចិត្តខ្ពើមស្អប់សីលចរិយា នេះជាអាការៈពាលជន។
- ចង់ដឹងភាពមនុស្សដោយសេពគប់ ចង់ដឹងភូមិភពដោយទស្សនា ដឹងពាលបណ្ឌិតដោយវាចា ចង់ដឹងអាត្មាត្រូវអប់រំ។
- ចង់គាប់ប្រើស្វះស្វែង រករៀនរិះសារពើក្តី។
- ចង់គង់អោយទុក ចង់បានក្តីសុខអោយស្វែងដើររក។
- ចង់ចេះអោយសំលាប់អាចារ្យ ចង់បានផ្លែផ្កាអោយយកភ្លើងដុតគល់។
- ចង់បានប្រាណជាប្រុសអោយទាត់ទៀង រៀងៗរាល់ជាតិអសង្ខេយ្យ គួរវៀរប្រពន្ធអ្នកដ៏ទៃ និស្ស័យកាមេនឹងប្រែភេទ។
- ចង់បានសុខតត្រុកចូលក្រុមភាគច្រើន មិនក្រវើនមើលមុខក្រោយអាយច្បាស់ការ ឮតែផ្គរចាក់ទឹកចោលបង់អាសារ ដល់គ្មានភ្លៀងរត់ឆ្លេឆ្លាររកទឹកគ្មាន។
- ចង់ដឹងសេះលឿនដោយជវ័ន ចង់ដឹងគោគ្រាន់ដោយរទេះ ចង់ដឹងទឹកដោះដោយរួតកែះ ចង់ដឹងប្រាជ្ញចេះដោយចរចា។
- ចង់ឆ្ងាញ់អោយរកអន្លក់ ចង់ស្រណុកអោយនឿយពីក្មេង។
- ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ។។
- ចង់ធំអោយតូច ចង់ខ្ពស់អោយទាប ចង់បានអោយបង់ ចង់ចេះអោយរៀន ចង់ទៀងអោយត្រង់ ចង់ស្រួលអោយស្រង់ខ្លួនពិបាក។
- ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីអោយចេះថ្លឹង កុំប្រឹងជុះតាមដំរី។
- ចង់ល្អហួសមាឌ ចង់បានហួសខ្នាត កំរិតមាត្រា មិនបានដូចប៉ង បំណងប្រាថ្នា ខូចទាំងទ្រព្យា គួរបានក៏បង់។
- ចង់បានវាបង់ ចង់មានទ្រទ្រង់ ចង់ត្រូវបានខុស ចង់ខ្ពស់បានទាប ដោយហេតុកំហុស ដែលខ្លួនបណ្តុះ បណ្តោយអោយផល។
- ចង់បានហួសខ្នាត ច្រើនតែបង់ខាត ខកខូចលោភា ខាតបង់ចំណេញ ច្រើនហួសមាត្រា ដូចពាក្យចាស់ថា លាភរែងបាត់ធន។
- ចង់ច្រើនបានតិច ក្រោកដើររឹលរិច ខាតបានទទេ ខំចេញជួញឆ្ងាយ ពុំបានទំនេរ ប្រែខាតបង់កេរ្តិ៍ ដើមទុនចេញទៅ។
- ចង់ស្តាប់សំឡេងដែលពីរោះ ចំពោះជាចង់គ្មានស្រាកស្រន់ ចង់ស្រូបរសក្លិនមិនឆ្អែតឆ្អន់ ព័ន្ធជោដ្ឋព្វាធម្មារម្មណ៍។
- ចង់ប្រាជ្ញអោយខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនធ្វើគ្រូមានគេរាប់។
- ចង់ដឹងខ្ញុំអោយមើលពេលធ្វើការ ចង់ដឹងវង្សាក្នុងពេលដែលកើតទុក្ខ ចង់ដឹងមិត្រក្នុងកាលភ័យមកផ្ទុក ចង់ដឹងប្រពន្ធកាលទុក្ខអស់សម្បត្តិ
- ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
- ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
- ចង់អោយគេកោតស្ញប់ស្ញែងក្រែងអំណាច អោយគេខ្លាចគេសរសើរថាក្លាហាន តែតម្លៃខ្លួនមិនដល់ដូចស្មាន នោះនឹងបានតែវិនាសខ្លួនទេតើ។
- ចាក់អង្ករយកអង្កាម
- ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។
- ចាញ់បានជាព្រះ ឈ្នះបានជាមារ។
- ចាញ់ល្បែងអស់ទ្រព្យធន ចាញ់ប្រពន្ធអស់សិរី ចាញ់ក្តីអស់គំនិត។
- ចានមួយរាវ លែងអីរណ្តំគ្នា។
- ចាបមួយនៅដៃ ប្រសើរក្រៃជាងចាបដប់នៅលើឈើ។
- ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
- ចាប់ការអោយជាប់បាន ខំប្តូរប្រាណសំរេចផល សាងជាតិចេកិច្ចកល ស៊ូអោយដល់ទើបដាំដុះ។
- ចាប់ច្រវាក្រាក សំលឹងជ្រោយ។
- ចាប់ត្រីបានកុំអោយល្អក់ទឹក។
- ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានះ បង់ព្រះទៅសំពះឯបាយាប (ខ្លះថាបន់ព្រះ)។
- ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
- ចាស់ដូង ចាស់ត្នោត។
- ចាស់អាងស្លាប់ ពាលអាងកាប់ចាក់ ក្មេងអាងយំ។
- ចាស់កោងកាន់ច្រត់ អួតអាងប្រគំ ក្លូរអួតផ្លុំ ប៉ីពកយកខ្យល់។
- ចាស់ធ្វើគួរយើងកោត ថាចាស់ឆោតថាមិនបាន អ្នកឆោតខុសលំអាន សាច់សន្តានសត្វក្រៀល។
- ចាស់ថានៅស្រុកស្រាស់បន្លា អារសាច់ជូនខ្លាកុំខ្លាចស្តាយ វិជ្ជានឹងកើតមកពីកាយ កុំណាយខ្លាចនឿយ គិតអោយយូរ។
- ចាស់ចើកបានចួននួនក្រមុំ ដោះក្បំពកប៉ុនផ្លែទន្លាប់ សែនស្រលាញ់ពេញចិត្តប្រព្រឹត្តជាប់ របស់អ្វីក៏ផ្គាប់វាទាំងអស់។
- វាអើយឡើងកាលណាក៏អោយភ្លាម ស៊ូព្យាយាមអង្អែលទន្លាប់ស្រស់ ស៊ីពុំបានក៏ស៊ូតែហិតរស ការទាំងអស់ជាហេតុបរាមុខ (បរាភវសូត្រ)។
- ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមកូនខ្លា។
- ចិញ្ចឹមនុស្សអោយមើលចរិត ចិញ្ចឹមសត្វអោយមើលចង្កូម។
- ចិត្តជនអ្នកលោភដូចសាគរធំ ទន្លេប្រជុំពុំមានស្កប់ស្កល់ ទោះបីមានទ្រព្យនៅសេសសល់ គង់តែកិច្ចកលនៅពោលថាក្រ។
- ចិត្តចង់កុំអាលស៊ី យល់តែស្រីកុំអាលចង់។
- ចិត្តជាទេវទត្ត មាត់ជាទេវតា។
- ចិត្តល្អ ក្រខ្លួន។
No comments:
Post a Comment