Tuesday, 6 November 2018

អ្នក​តា​សំពៅ​ធ្លាយ

អ្នក​តា​សំពៅ​ធ្លាយ

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ៧៣ – ៧៩



នៅ​ភូមិ​បារ៉ាយ សង្កាត់​ភឿតតឹម ស្រុក​បាសាក់ ខែត្រ​ឃ្លាំង2 មាន​អ្នកតា ១ ឈ្មោះ​អ្នក​តា​សំពៅ​ធ្លាយ មាន​រឿង​ដែល​ចាស់​ព្រឹទ្ធាចារ្យ ធ្លាប់​បាន​តំណាល​តៗ​គ្នា​មក ប៉ុន្តែ​មិន​មាន​ក្បួន​ច្បាប់​អ្វី​ជា​សំអាង​ទេ គ្រាន់​តែ​មាន​ទី​ឋាន​ជា​កេរ្តិ៍​ដំណែល​និង​ភស្តុតាង​ជាច្រើន​កន្លែង​ល្មម​ឲ្យ​សង្កេត​បាន​ប៉ុណ្ណោះ ។
សេចក្ដី​តំណាល​ថា កាល​ពី​យូរ​អង្វែង​មក​ហើយ​នោះ (សករាជ​មិន​ប្រាកដ) មាន​ព្រះ​ញាតិ​វង្ស​នៃ​ព្រះ​មហាក្សត្រ ២​ព្រះអង្គ (ព្រះ​នាម​មិន​ប្រាកដ) ទ្រង់​យាង​ទៅ​គង់​ក្នុង​ស្រុក​បាសាក់ ។ ត្រង់​កន្លែង​ដែល​ទ្រង់​គង់​នោះ អ្នក​ស្រុក​សន្មត​ហៅ​ថា​ទី​ប្រាសាទ​គង់ មាន​សង់​ប្រាសាទ​ឈើ ដែល​សព្វ​ថ្ងៃ​នេះ​នៅ​សល់​តែ​ខឿន ឥឡូវ​នេះ​គេ​សង់​ព្រះ​វិហារ​លើ​ខឿន​ប្រាសាទ​ចាស់​នោះ អ្នក​ស្រុក​សន្មត​ហៅ​ថា វត្ត​ប្រាសាទ​គង់​ក្នុង​ភូមិ​ប្រាសាទ សង្កាត់​ថាមដូង ខែត្រ​ឃ្លាំង ។
វត្ត​ហ្លួង​បាសាក់ កាល​ព្រះ​អង្គ​ម្ចាស់​ក្សត្រា​ក្សត្រី​ទាំង​ពីរ​អង្គ​គង់​ក្នុង​ស្រុក​បាសាក់​នោះ ទ្រង់​បាន​សាង​អារាម ១​ទុក​ជា​វត្ត​ព្រះ​រាជ​ទ្រព្យ​ហៅថា "វត្ត​ហ្លួង​បាសាក់" នៅ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក្នុង​ភូមិ​បាយ​ឆៅ ឃុំ​ធ្វៀង ខែត្រ​ឃ្លាំង ។
អំពី​ការ​សាង​រូប លុះ​ព្រះ​មហាក្សត្រ​ជា​ព្រះ​វរ​បិតា ទ្រង់​សោយ​រាជ្យ​នៅ​កោះ​គោក​ធ្លក ទ្រង់​ជ្រាប​ថា ព្រះ​រាជ​បុត្រ​ព្រះ​អង្គ​បាន​នាំ​គ្នា​កសាង​ទី​អារាម​និង​ព្រះ​វិហារ ១ ក្នុង​ស្រុក​បាសាក់ ស្ដេច​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ប្រើ​ជាង​ឲ្យ​យក​ថ្ម​សាង​ជា​ព្រះ​ពុទ្ធ​រូប មាន​ភាព ៤​ជ្រុង​ដូច​ព្រះ​ចេតិយ ។ ក្នុង​ជ្រុង​នីមួយ​ៗ មាន​ឆ្លាក់​ជា​ព្រះ​ពុទ្ធ​រូប ៥​ព្រះ​អង្គ ហើយ​សាង​ពីរ​រូប​ទៀត​គឺ រូប​ព្រះ​នារាយណ៍ ១ រូប​ព្រះ​នាង​ឧមា​ភគវតី ១ សាង​ស្រេច​ហើយ ទ្រង់​ឲ្យ​ក្នុង​ដាក់​សំពៅ​នាំ​ទៅ​ប្រទាន​ដល់​ព្រះ​រាជ​បុត្រ ដើម្បី​តម្កល់​ទុក​ជា​កិត្តិយស​របស់​ស្រុក​បាសាក់ ។ ឯ​សំពៅ​នោះ ពេល​ដែល​បើក​ទៅ​ត្រូវ​យប់​ងងឹត ក៏​ពារ​ទៅ​លើ​កោះ ធ្លាយ​លិច​ក្នុង​ទី​នោះ​ទៅ ។
អ្នក​តា​សំពៅ​ធ្លាយ កាល​ព្រះ​អង្គ​ម្ចាស់​ក្សត្រា​ក្សត្រី​ទ្រង់​បាន​ជ្រាប​ថា​សំពៅ​ធ្លាយ​លិច​ដូច្នោះ ទ្រង់​ក៏​យាង​ទៅ​ទត​សំពៅ​ធ្លាយ​នោះ រួច​ទ្រង់​ឲ្យ​សាង​ព្រះ​វិហារ​មួយ តម្កល់​ព្រះ​ពុទ្ធ​រូប​នោះ​សន្មត​ឈ្មោះ​ថា វត្ត​ព្រះ​នារាយណ៍​ចេតិយ (សព្វ​ថ្ងៃ​នេះ​គេ​ហៅ​ថា វត្ត​ព្រះ​បួន​ព្រះ​ភក្ត្រ) នៅ​ត្រង់​កន្លែង​ដែល​សំពៅ​ធ្លាយ​លិច​នោះ ស្រេច​ហើយ ទ្រង់​ឲ្យ​សាង​ទេវស្ថាន ១​ទៀត តម្កល់​ព្រះ​នារាយណ៍ និង​ព្រះ​នាង​ឧមា​ភគវតី សន្មត​ឈ្មោះ​ថា "អ្នក​តា​ដូន​រាយ" ។ សព្វ​ថ្ងៃ​នេះ​អ្នក​ស្រុក​ហៅថា "អ្នក​តា​សំពៅ​ធ្លាយ" វិញ (ដោយ​កំណត់​យក​ហេតុ​សំពៅ​ធ្លាយ​នោះ​ជា​ឈ្មោះ​អ្នក​តា) វត្ត​និង​អ្នក​តា​នេះ​ឋិត​នៅ​ភូមិ​ជា​មួយ​គ្នា គឺ​ភូមិ​បារាយណ៍ សង្កាត់​ភឿកតឹម ខែត្រ​ប្រាសាក់ ។
លក្ខណៈ​អ្នក​តា​សំពៅ​ធ្លាយ ក្នុង​អាស្រម​អ្នក​តា​សំពៅ​ធ្លាយ​មាន​រូប​ពីរ​គឺ រូប​អ្នក​តា​ភេទ​ប្រុស​មួយ រូប​អ្នក​តា​ភេទ​ស្រី​មួយ ។ ឯ​ក្បាល​និង​ដៃ​ជើង​បាក់​ទាំង​អស់ ភាគ​ដែល​បាក់​នោះ បាត់​អស់​ទៅ នៅ​សល់​តែ​ដង​ខ្លួន ។
ក- អ្នក​តា​ភេទ​ប្រុស​គឺ រូប​ព្រះ​នារាយណ៍ មាន​ដៃ​បួន ក្បាល​បាក់​ត្រឹម​ក ដៃ​បាក់​កែង ដៃ​ម្ខាង​ៗ មាន​នៅ​តែ​ជា​ហេតុ​ស្នាម​ព្រែក​ជា​ពីរ​ៗ ជើង​បាក់​ត្រឹម​ចុង​ភ្លៅ ទំហំ​ស្មា ០ម៤៥ ពី​ត្រឹម​ស្មា​ដល់​ចុង​ភ្លៅ​ដែល​បាក់​នោះ​ប្រវែង ០ម៧០ ។
គ្រឿង​ប្រដាប់ ពី​ស្មា​ទៅ​ទល់​ចង្កេះ​លែង​ខ្លួន​ទទេ លើ​ទ្រូង​និង​លើ​ស្មា​មាន​ក្បាច់​តិច​តួច តែ​ពិនិត្យ​មិន​ច្បាស់ ដោយ​សឹក​រលីង​ស្ទើរ​អស់ ។ ត្រង់​ចង្កេះ​មាន​ខ្សែ​ក្រវាត់​ក្បាច់​បី​ជាន់ មួយ​ជាន់​ខាង​លើ ក្បាច់​ត្របក​ឈូក​ចុង​ឡើង​លើ ជាន់​កណ្ដាល​ក្បាច់​ដកចន្ទន៍ មាន​ខ្សែ​អម​សង​ខាង ជាន់​ក្រោម​បង្អស់​ក្បាច់​ជរ​ធំ​ៗ សំយុង​ចុះ​ក្រោម ។ ខាង​មុខ​មាន​ចង​ណា ទ្រង់​ព្រះ​ពស្ត្រ ឬ ទ្រង់​ខោ​ស្នាប់​ភ្លៅ​មិន​ប្រាកដ ព្រោះ​ខាង​ក្រោម​ខ្សែ​ក្រវាត់​បែក​ជា​ពីរ មាន​ស្នាម​ផ្គុំ​ឡើង​វិញ ។ រូប​នោះ​តាម​ពិនិត្យ​ទៅ ដូច​ជា​រូប​ព្រះ​នារាយណ៍​ដែល​ធ្លាប់​ឃើញ​ក្នុង​ទី​ដទៃ​ៗ​នោះ​ដែរ ។
ខ- អ្នក​តា​មាន​ភេទ​ជា​ស្រី អាច​ស្គាល់​បាន​ជា​រូប​ក្សត្រី​ពិត​មែន មាន​ក្បាល​បាក់​ត្រឹម​ក ដៃ​បាក់​ត្រឹម​ស្មា ជើង​បាក់​ត្រឹម​ក​ជើង ទំហំ​ទទឹង​ស្មា ០ម.៣៥ ពី​ត្រឹម​ស្មា​ទៅ​ទល់​ក​ជើង​ដែល​បាក់​នោះ ១ម៨០ ។ អំពី​គ្រឿង​ប្រដាប់ ប្រដាប់​តែង​កាយ​អ្នក​តា​នោះ ពី​ត្រឹម​ស្មា​ទៅ​ទល់​ចង្កេះ​លាត​ស្មើ សុដន់​នៅ​ទទេ លើ​ស្មា​និង​សុដន់​មាន​ស្នាម​គំនូស​រាក់​ៗ ហាក់​ដូច​ជា​ពាក់​សង្វារ ឬ​សូរង​ក​មិន​ប្រាកដ ។ ពី​ត្រឹម​ចង្កេះ​ចុះ​ក្រោម ស្លៀក​សំពត់​សម្លុយ​ស្នាម​ឆ្នូត​ៗ ដូច​សំពត់​អន្លូញ​បញ្ឈរ ។ នៅ​ចង្កេះ​មាន​ខ្សែ​ក្រវាត់​ក្បាច់​បី​ជួ ខាង​លើ​ក្បាច់​មូល​ៗ​ដូច​ពង​ត្រី បន្ទាប់​មក​ជា​ខ្សែ​១ ត្រង់​កណ្ដាល​ក្បាច់​ត្របក​ឈូក ពី​ក្រោម​ត្របកឈូក មាន​ខ្សែ​១​ទៀត ខាង​ក្រោម​ខ្សែ​នោះ​មាន​ក្បាច់​មូល​ៗ ដូច​ពង​ត្រី​មួយ​ជួរ​ទៀត ។
របៀប​ឡើង​អ្នក​តា គ្រឿង​សែន​អ្នក​តា​នោះ ពី​បុរាណ​និង​បច្ចុប្បន្ន​កាល​ក៏​ដូច​គ្នា​ដែរ ហើយ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ មាន​ចិន យួន ចូល​សែន​ផង​ជា​ច្រើន​នាក់ ។ ជា​ទំនៀម តែ​ដល់​ខែ​ពិសាខ ជេស្ឋ អ្នក​ស្រុក​តែង​នាំ​គ្នា​ឡើង​អ្នក​តា​នោះ ។
នៅ​ថ្ងៃ​ដែល​ត្រូវ​ឡើង​អ្នក​តា គេ​យក​ដើម​ចេក​ប្រវែង ១ ទោម ឬ ១ ចំអាម ចិត​ចុង​ឲ្យ​ស្រួច យក​ស្លឹក​ដូង​ដោត​ធ្វើ​ជា​ស្លា​ជម មាន​អំបោះ​ចំណង​ដៃ​ដាក់​ពី​លើ​ស្លា​ជម របៀប​បែប​នេះ​មាន​ធ្វើ​គ្រប់​ផ្ទះ​អ្នក​ដែល​ឡើង​អ្នកតា ។
អំពី​គ្រឿង​សំណែន គ្រឿង​សែន​តាម​ទំនៀម​នោះ គឺ​ស្រា ១ ដប ភ្លេង​ខ្មែរ ១ វង់ ស្គរ​ធំ ១ ជ្រូក ១ (ស្ងោរ​ខ្លះ ឆៅ​ខ្លះ) បើ​ឆ្នាំ​ណា​កើត​ទុរ្ភិក្ស មាន​ត្រឹម​តែ​ក្បាល​ជ្រូក​ក៏​បាន ទា​ស្ងោរ មាន់​ស្ងោរ ចេក​និង​នំ​គ្រប់​មុខ មាន​នោះ​បញ្ចុក នំ​ទៀន អន្សម​ជ្រូក​ជា​ដើម បាយ​ម្ហូប​ផ្សេង​ៗ ប្រេង​ម្សៅ ផ្កា ទៀន ធូប ទឹក​អប់ ប្រអប់​ស្លា ១ និង​សំពៅ​ដើម​ចេក ១​ដើម ។
លុះ​ដល់​កំណត់​ពេល​វេលា​ហើយ គេ​ទៅ​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​អ្នក​តា​នោះ​រៀប​គ្រឿង​សែន​ព្រេន​ស្រេច​ហើយ គេ​អុជ​ទៀន​ធូប​បិទ​លើ​ប្រអប់​ស្លា​ចាក់​ស្រា​សែន​បី​ដង គេ​ហៅ​ថា​សែន​ព្រះ​ពិស្ណុការ​ភ្លេង រួច​លេង​ភ្លេង​បី​បទ វាយ​ស្គរ​ធំ ៣ ចប់ រួច​អុជ​ទៀន​ធូប​ម្ដង​ទៀត បិទ​នៅ​នឹង​ថ្ម​អ្នក​តា ចាក់​ស្រា​សែន​ចំពោះ​អ្នក​តាម​បី​ដង ហើយ​យក​ស្រា​ស្រោច​លើ​ថ្ម​អ្នក​តា មាន​ទាំង​ចាប់​បាយ​ម្ហូប យក​ក្បាល​ជ្រូក ក្បាល​ទា​និង​នំ​គ្រប់​មុខ​ដាក់​ក្នុង​សំណៅ​សែន​បី​ដង​ទៀត ទើប​មនុស្ស​ចាស់​ម្នាក់​សូត្រ​ឲ្យ​ពរ​ជ័យ​សិរី​មង្គល ចប់​ហើយ​ស្រែក​ហ៊ោ​គឹកកង​ឡើង ហើយ​ជូន​សំពៅ​ទៅ​ឲ្យ​បាន​ឆ្ងាយ​បន្តិច​ក៏​ដាក់​ចោល​ទៅ ។ គេ​សន្មត​ថា​ជូន​ខ្មោច​បិសាច​ចង្រៃ​ឲ្យ​ផុត​អំពី​ភូមិ​ស្រុក រួច​ហើយ គេ​នាំ​គ្នា​បរិភោគ​អាហារ​នំ​ចំណី​តាម​ពេល​វេលា ។ យក​ពី​នោះ គេ​សុំ​អំបោះ​ចំណង​ដៃ​ដែល​ដាក់​លើ​ស្លា​ជម​នោះ​រៀង​ខ្លួន យក​ទៅ​ផ្ទះ​ចង​ដៃ​កូន-​ចៅ គោ ក្របី តាម​ត្រូវ​ការ ។ កិច្ច​បែប​នេះ​ជា​ទំនៀម​ទម្លាប់​ពី​បុរាណ​រៀង​មក ។ សេចក្ដី​បញ្ជាក់
ក្រៅ​ពី​រដូវ​ឡើង​អ្នក​តា នៅ​មាន​ការ​បន់​ស្រន់​ខ្លះ​ដែរ ដូច​ជា​នៅ​ពេល​ឈឺ​ចាប់​បន្តិច​បន្តួច គេ​ថ្វាយ​មាន់​ស្ងោរ ស្រា ឬ ភ្លេង ។ បទ​ភ្លេង​សម្រាប់​លេង​ថ្វាយ​អ្នក​តា​នោះ​មាន​បួន​បទ​គឺ ៖

ក- ភ្លេង​ខ្លោង លេង​បី​បទ​បួង​សួង​ថ្វាយ​ព្រះ​ពិស្ណុការ​គ្មាន​ច្រៀង​ទេ ។
ខ- ភ្លេង​ជ្រង ចាក់​ស្រា​សែន​អ្នក​តា ហើយ​ច្រៀង​តាម​ទំនុក​ថា ៖
“ជ្រង​អើយ​ជ្រង​តា​ង៉ាក រក​ស៊ី​ចុង​ចាក ក្របី​ព្រៃ​វា​ឡើង ។
ផ្ដាំ​ទៅ​អ្នក​ស្រុក កុំ​ឲ្យ​បរ​បាញ់ អាសូរ​ជ្រង​អញ
ទុក​វា​កាល់​ហ្វូង ។ "
(លេង​ភ្លេង ៣​បទ ច្រៀង ៣​បទ​ប្រែ​ភ្លេង​ម្ដង​ទៀត) ។
គ- ភ្លេង​តូច​ស្ដើង មាន​ទំនុក​បែប​នេះ
“ស្ដើង​អើយ​ស្រី​ស្ដើង ស្រី​ដើរ​ឆាប់​ឡើង ទន្ទឹម​នឹង​បង ។
ស្ដើង​អើយ​ស្រី​ស្ដើង ទៅ​កៀង​ក្របី ច្រឡំ​ដើម​ប្រី
និង​កក់​កណ្ដៀង ។ "
(លេង​ភ្លេង ៣​បទ ប្រែ​ភ្លេង​ទៀត)
ឃ- ភ្លេង​សំពៅ​ធ្លាយ (គេ​ចាប់​គ្រឿង​សំណែន​ដាក់​ក្នុង​សំពៅ) ហើយ​ច្រៀង​ថា ៖
“សំពៅ​ថយ​ទៅ​សមុទ្រ រលក​វាយ​ផុត របើក​យុថ្កា
ស្រែក​ហៅ​កូន​ក្មួយ ឲ្យ​ចុះ​សំប៉ាន ស្រាវ​ពួរ​ឲ្យ​បាន
សន្ធឹក​គ្រូ​អើយ​ៗ" ។
ក្នុង​ពេល​ឡើង​អ្នក​តា​គ្មាន​បញ្ជាន់​រូប​ទេ កាល​ពី​ដើម ឮ​ថា​មាន​រូប​ដែរ ។

No comments:

Post a Comment