Tuesday, 6 November 2018

ព្រេង​ទាក់ទង​នឹង​ទំនៀម​ដាក់​ផ្កា និង​ទៀន-ធូប​ក្នុង​ដៃ​ខ្មោច

ព្រេង​ទាក់ទង​នឹង​ទំនៀម​ដាក់​ផ្កា និង​ទៀន-ធូប​ក្នុង​ដៃ​ខ្មោច



មាន​រឿង​ដំណាល​ថា :
កាល​ពី​មុន មាន​ភិក្ខុ​មួយ​រូប មាន​ឈ្មោះ​មិន​ប្រាកដ ។ ញោម​ប្រុស​របស់​លោក​ជា​មេ​ព្រៃ​សម្លាប់​សត្វ​ច្រើន​ណាស់ តាំង​ពី​ក្មេង​ដល់​ចាស់ ។ លុះ​វេលា​ជិត​នឹង​ស្លាប់ គាត់​ភ្លឹក​ស្មារតី​ទៅ​ឃើញ​សត្វ​ដែល​ខ្លួន​បាន​សម្លាប់​ដោយ​អកុសល​ចិត្ត ក៏​ស្រែក​ប្រាប់​ឲ្យ​ភិក្ខុ​ជា​កូន​ជួយ ។ ភិក្ខុ​ជា​កូន​ដឹង​ថា "ញោម​មាន​កម្ម​ច្រើន បាន​ជា​ភ្លឹក​ទៅ​ឃើញ​តែ​សត្វ​ធាតុ​ដូច្នេះ" ទើប​ចាត់​មនុស្ស​ឲ្យ​រក​ផ្កា ទៀន និង ធូប យក​មក​ដាក់​ក្នុង​ដៃ​ញោម​ប្រុស រួច​ប្រាប់​ថា "ចូរ​ញោម​ខំ​សម្លឹង​មើល​ផ្កា ទៀន និង ធូប ជា​គ្រឿង​បូជា​ព្រះ​រតន​ត្រ័យ​នេះ ឲ្យ​ជាប់" ។ ញោម​ប្រុស​នៃ​ភិក្ខុ​នោះ កើត​សទ្ធា​ជ្រះ​ថ្លា មាន​ចិត្ត​ជា​កុសល ក៏​ធ្វើ​តាម​ពាក្យ​កូន ។ លុះ​ដល់​ស្លាប់​ទៅ គាត់​ក៏​បាន​ទៅ​កើត​នៅ​នា​ស្ថាន​សួគ៌ ។
ព្រោះ​ហេតុ​នេះ បាន​ជា​មនុស្ស​ជាន់​ក្រោយ​ធ្វើ​តាម​ត​ៗ គ្នា​មក ដោយ​ប្រាថ្នា​ឲ្យ​អ្នក​ជំងឺ​យក​គុណ​ព្រះ​រតន​ត្រ័យ​ជា​ទី​ពឹង ។
រឿង​នេះ ក៏​ជាប់​ជា​ទំនៀម​រហូត​មក ។

No comments:

Post a Comment