Tuesday, 6 November 2018

អ្នក​តា​ក្រហម​ក

អ្នក​តា​ក្រហម​ក

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១១៥ – ១២២



អ្នក​តា​ក្រហម​ក​ឋិត​នៅ​ភូមិ​មហា​រាជ សព្វ​ថ្ងៃ​គេ​ហៅ​ថា ភូមិ​ឈើ​ទាល សង្កាត់​បឹងត្រាញ់ ស្រុក​សំរោង ខែត្រ​តាកែវ ។ អ្នក​តា​នេះ មាន​ខ្ទម​ធ្វើ​ដោយ​ឈើ​ប្រក់​ស្លឹក​ជញ្ជាំង​ក្ដារ ។ អ្នក​ស្រុក​ទើប​នឹង​សង់​អាស្រម​ថ្មី​មួយ​ទៀត​ដោយ​ស៊ីម៉ងត៍ នៅ​ទន្ទឹម​គ្នា​នឹង​ខ្ទម​ចាស់​ពី​មុន ។ នៅ​ពី​ខាង​ក្រោយ​អាស្រម​មាន​ដំបូក ហើយ​មាន​ដើម​ឈើ​ដុះ​ស៊ុម​ទ្រុម តាំង​នៅ​លើ​ដី​ទួល​មួយ​ខ្ពស់ ដែល​អ្នក​ស្រុក​នេះ​និយម​ហៅ​ថា "លោក​តា​ភូមិ" ។ លោក​តា​ម្នាក់​និយាយ​ថា: អ្នក​តា​នេះ​មិន​ដឹង​ជា​មាន​ពី​កាល​ណា​ទេ គាត់​កើត​ឡើង​ដឹង​ក្ដី​កាល​ណា ក៏​ឃើញ​អ្នក​តា​នេះ​តែ​ម្ដង ប្រហែល​ជា​កើត​មាន​ពី​ត្រឹម​សម័យ​ដែល​មនុស្ស មក​តាំង​នៅ​លើ​ភូមិ​មហារាជ​នេះ ។ អ្នក​តា​នេះ មាន​ឥទ្ធិពល​លើ​អ្នក​ស្រុក​ភូមិ​នេះ​ណាស់ ចេះ​ជួយ​ថែរក្សា​សេចក្ដី​សុខ និង​ជួយ​រក​យុត្តិ​ធម៌​ឲ្យ​អ្នក​ស្រុក-​ភូមិ​ទៀត​ផង ។ សម័យ​ដើម កាល​បើ​មាន​រឿង​រ៉ាវ​ផ្សេង​ៗ កើត​ឡើង​រវាង​អ្នក​ភូមិ ឬ​មាន​ការ​ឈ្លោះ​ទាស់​ទែង​គ្នា​ជា​ដើម គេ​តែង​ទៅ​ប្ដឹង-​ស្បថ​ចំពោះ​មុខ​អ្នក​តា​នោះ រាប់​រៀប​តាម​ដំណើរ​រឿង​រៀង​ៗ​ខ្លួន ហើយ​មាន​សូត្រ​ពាក្យ​ស្បថ​ប្រាំ​ធាន​ទៀត​ផង គូ​វិវាទ​ទាំង​ពីរ​ក៏​សុខ​ចិត្ត​រៀង​ៗ​ខ្លួន​ជា​ការ​ស្រេច មិន​បាច់​ប្ដឹង​ផ្ដល់​ដល់​រដ្ឋការ​មុខ​ក្រសួង​ទៀត​ទេ ។ ពាក្យ​សម្បថ​នេះ ឃើញ​ថា​ស័ក្ដិ​សិទ្ធិ​មែន បើ​អ្នក​ណា​ប្រព្រឹត្ត​ពុំ​សុចរិត​ទៀង​ត្រង់​ទេ អ្នក​នោះ​មុខ​ជា​អន្តរាយ​រហូត​ដល់​ស្លាប់​យ៉ាង​ទាន់​ហន់​ក៏​សឹង​មាន ។
ម៉្យាង​ទៀត អ្នក​តា​នេះ​ស្អប់​ណាស់ មនុស្ស​ណា​ពាក់​មួក ជិះ​ដំរី និង​ស្ត្រី​មាន​ផ្ទៃ​ពោះ ដើរ​កាត់​មុខ​មិន​បាន​ទេ នឹង​បណ្ដាល​ឲ្យ​រលូត​កូន បើ​អ្នក​មាន​បុណ្យ​ស័ក្ដិ​នឹង​ធ្លាក់​បុណ្យ​ស័ក្ដិ ។ អ្នក​ស្រុក​ខ្លាច​ហើយ​មិន​ហ៊ាន​ប្រព្រឹត្ត​បំពាន​ចំពោះ​រឿង​នេះ​ទេ ។
អ្នក​ស្រុក​ដំណាល​តៗ​មក​ថា ប្រមាណ​ជា ៤០ ឬ ៥០ ឆ្នាំ​កន្លង​ទៅ​ហើយ មាន​តា​ចាស់​ម្នាក់​ឈ្មោះ​ង៉ែត ប្រពន្ធ​ឈ្មោះ​លឿង ផ្ទះ​គាត់​នៅ​ចម្ងាយ​ប្រមាណ ៤០០ម ពី​ទិស​អាគ្នេយ៍​នៃ​អាស្រម​អ្នក​តា​នោះ ។ តា ង៉ែត ជា​អ្នក​រក​ស៊ី​ធ្វើ​ទឹក​ត្នោត គាត់​បាន​ធ្វើ​ទឹក​ត្នោត​មួយ​ដើម​ក្បែរ​ខ្ទម​អ្នក​តា​នេះ​ឯង ។ ពេល​ដែល​ឡើង​គាប​ត្នោត​នោះ​ម្ដង​ៗ តា​ង៉ែត​ចេះ​តែ​ជ្រលួស​មាត់​ក ដោយ​គាប​ទៅ​វា​បាក់ ឬ​ក្រឡាច់​ផ្កា​ត្នោត​ពី​ឃ្នាប ។ អ្នក​តា​នេះ​ខឹង ក៏​ច្រាន​តា ង៉ែត ទម្លាក់​ពី​ចុង​ត្នោត​មក​ដី ហើយ​ទៅ​ចូល​រូប​អ្នក​ស្រុក​ម្នាក់ ឲ្យ​និយាយ​ថា "លោក​តា​មិន​ឲ្យ​តា ង៉ែត​ធ្វើ​ត្នោត​ទៀត​ទេ ឲ្យ​រកស៊ី​អ្វី​ដទៃ​ទៀត​ទៅ កុំ​ដើរ​គាប​ផ្កា​គេ​ទៀត គេ​ឈឺ​ណាស់ ។ គ្រោះ​ជា​តា ង៉ែត មិន​ស្លាប់​ក្នុង​ពេល​នោះ​ដែរ ។ តែ​លុះ​គាត់​បាន​ស្រាក​ស្រាន្ត​ជា​ចាក​ជំងឺ មាន​កម្លាំង​ស្រួល​បួល​ឡើង​វិញ គាត់​ក៏​ចាប់​ធ្វើ​របរ​ត្នោត​ទៀត គាត់​ធ្វើ​ដើម​ដដែល​ហ្នឹង ។ ពេល​នោះ​អ្នក​តា​ក្រហម​ក (អ្នក​តា​ភូមិ) លែង​ច្រាន​តា ង៉ែត ទម្លាក់​ដូច​មុន​ទៀត​ហើយ អ្នក​តា​ខឹង​ខ្លាំង​ណាស់ ដោយ​ប្រដៅ​តា ង៉ែត មិន​ស្ដាប់ ក៏​ចាប់​តា ង៉ែត យក​ទៅ​ដាក់​ច្រវាក់​ភ្ជាប់​នឹង​សសរ​ខ្ទម​អ្នក​តា អស់​មួយ​យប់​មួយ​ថ្ងៃ ។ ប្រពន្ធ​កូន​បាត់​តា ង៉ែត ដើរ​រក​មិន​ឃើញ​សោះ រក​ចុះ​រក​ឡើង​ក៏​បាន​ឃើញ​តា ង៉ែត នៅ​ខ្ទម​អ្នកតា ។ ពេល​នោះ​តា ង៉ែត ឃើញ​ប្រពន្ធ​ដើរ​ចូល​ទៅ ស្រែក​ប្រាប់​មក​ថា "អញ​ទៅ​មិន​រួច​ទេ អញ​ជាប់​ច្រវាក់​ជើង​ហើយ!” ។ ឮ​ដូច្នោះ ប្រពន្ធ​កូន​ក៏​ខំ​ទាញ​គាត់​ចេញ​ពី​ខ្ទម​អ្នកតា តែ​គ្មាន​កម្រើក​សោះ ទាញ​យ៉ាង​ណា​ក៏​មិន​រួច គេ​ឃើញ​ជើង​គាត់​ទាំង​ពីរ​ព័ទ្ធ​ជាប់​នឹង​សសរ​ខ្ទម ហើយ​ឮ​សូរ​ច្រវាក់​ច្រាវ​ៗ​នៅ​ក្បែរ​គាត់​នោះ​ដែរ ។ ប្រពន្ធ​កូន​ខំ​ទាញ​ទាល់​ចំណេះ នៅ​តែ​មិន​រួច ក៏​តាំង​បែរ​បន់​ចុះ​ញ៉ម សុំ​ឲ្យ​អ្នក​តា​លែង​តា ង៉ែត នោះ​មក​វិញ អ្នក​តា​ក៏​លែង​តា ង៉ែត ឲ្យ​មក​ជួប​ជុំ​ប្រពន្ធ​កូន​វិញ​ដូច​ធម្មតា ។ តាំង​ពី​ពេល​នោះ​មក អ្នក​ស្រុក​ភូមិ​ក៏​នាំ​គ្នា​ជឿ​ស៊ប់ ចំពោះ​អ្នក​តា​នោះ​ឥត​ងាក​រេ គេ​តែង​បន់​គ្រប់​ៗ​គ្នា ក្នុង​ពេល​ណា​ដែល​មាន​ទុក្ខ​ព្រួយ ឬ បាត់​របស់​ទ្រព្យ​ផ្សេង​ៗ ឬ ក៏​ចង់​បាន​ជ័យ​ជម្នះ ក្នុង​ការ​លេង​ល្បែង​ស៊ី​សង​ជា​ដើម ។ គោល​បំណង​នៃ​ការ​បន់​នេះ​ច្រើន​តែ​បាន​សម្រេច​ដូច​បំណង​រៀង​ៗ​រហូត​មក ។ ឯ​របៀប​តង្វាយ​គេ​ច្រើន​ថ្វាយ​ស្លា​ធម៌​ដៃ2 ១​គូ ស្លា​ធម៌​ដូង ១​គូ មាន់​ស្ងោរ ១ មាន់​រស់ ឬ មាន់​ធ្នាក់ នំ ចេក ប្រាក់ ទង់ ទៅ​តាម​ការ​ដែល​គេ​បាន​បន់ ។
របៀប​ឡើង​អ្នក​តា
ពិធី​ឡើង​អ្នក​តា​ក្រហម​ក ឬ​អ្នក​តា​ភូមិ​នេះ គេ​កំណត់​ធ្វើ​នៅ​ថ្ងៃ ១៣ កើត ខែ​ពិសាខ​រៀង​រាល់​ឆ្នាំ ។ អ្នក​ស្រុក​មហារាជ (ភូមិ​ឈើ​ទាល) រៀប​ចំ​ធ្វើ​ពិធី​នេះ​រៀង​រាល់​ឆ្នាំ ឆ្នាំ​ខ្លះ​គេ​ធ្វើ​បង្ហា​រួច និមន្ត​ព្រះ​សង្ឃ​ចំរើន​ព្រះ​បរិត្ត រួច​ទេសនា ។ ព្រឹក​ឡើង​និមន្ត​ព្រះ​សង្ឃ​ដារ ឆាន់ ដល់​ពេល​ល្ងាច ទើប​គេ​ចាប់​ធ្វើ​ពិធី​បញ្ជាន់​រូប ។ ប៉ុន្តែ​មាន​ឆ្នាំ​ខ្លះ គេ​ធ្វើ​បញ្ជាន់​រូប​តែ​ម្ដង មិន​មាន​និមន្ត​ព្រះ​សង្ឃ​ឆាន់​ទេ ។ អ្នក​តា​នោះ មាន​រូប​សម្នឹង​ជា​ភេទ​ប្រុស សម្រាប់​ចូល​មក​និយាយ​កិច្ច​ការ​ប្រាប់​កូន​ចៅ ។ តា​រូប​សម្នឹង​នោះ​មាន​អាយុ​ប្រមាណ ៥០​ឆ្នាំ គឺ​អ្នក​តា​ក្រហម​ក​ចូល​ជាន់​តែ​ម្ដង ឥត​មាន​អ្នក​ណា​រើស​ទេ ។ ប៉ុន្តែ​ត​មក​ខាង​ក្រោយ រូប​នោះ​ក៏​កាន់​តែ​ចាស់ ចូល​ជាន់​លែង​កើត អ្នក​ស្រុក​ក៏​រើស​រក​រូប​ថ្មី​ទៀត ដោយ​គេ​បួង​សួង​ថា "បើ​លោក​តា​ស្រឡាញ់​អ្នក​ណា សូម​ឲ្យ​ចូល​រូប​អ្នក​នោះ​ចុះ ព្រោះ​រូប​មុន​ចាស់​ណាស់​ហើយ ។ គេ​បួង​សួង​រួច​ហើយ ក៏​ចាប់​លេង​ភ្លេង​ខ្មែរ ឲ្យ​អ្នក​តា​រើស​រូប​ចូល​ទៅ ។ សព្វ​ថ្ងៃ​នេះ ចូល​រូប​តា​ម្នាក់​ឈ្មោះ តា អន ដែល​ជា​រូប​ថ្មី អាយុ ៥០ ប្លាយ​ដែរ​ទើប​នឹង​ចូល​ធ្វើ​សម្នឹង​ក្នុង​ឆ្នាំ​១៩៦៦ មុន​នេះ​គាត់​នៅ​ភូមិ​ខ្នាអុង សង្កាត់​បឹង​ត្រាញ់ ស្រុក​សំរោង តាកែវ​។
អំពី​គ្រឿង​សំណែន​សម្រាប់​ឡើង​អ្នក​តា
នៅ​ថ្ងៃ​មុន ១៣ កើត​ខែ​ពិសាខ​អ្នក​ស្រុក​ពីរ​នាក់​ដើរ​រៃ​អង្គាស​ប្រាក់​ពី​អ្នក​ភូមិ​ទាំង​អស់​គ្នា ដើម្បី​យក​ទៅ​ទិញ​ប្រដាប់​ប្រដា សម្រាប់​រៀប​ចំ​ពិធី ។ កាល​ទិញ​ឥវ៉ាន់​សព្វ​គ្រប់​ហើយ គេ​ក៏​ចាប់​ធ្វើ​ស្លា​ធម៌​ដៃ ១​គូ ដាក់​ក្នុង​ខ្ទម​អ្នក​តា ព្រម​ទាំង​មាន​ចេក នំ បង្អែម ចម្អាប ដាក់​ថ្វាយ​ក្នុង​រោង​នោះ​ផង ។ ក្រៅ​ពី​នេះ​មាន​ធ្វើ​សង្ឃឹក​មួយ ទទឹង ០ម.៦០ បណ្ដោយ ១ម.២០ ។ នៅ​ក្នុង​សង្ឃឹក​នោះ គេ​ដាក់​ស្រូវ អង្ករ ពោត សណ្ដែក ល្ង អំបិល ប្រហុក ប្រាក់​កាស ដែល​អ្នក​ស្រុក​ភូមិ​គេ​យក​មក​ដាក់ ។ ស្រូវ​អង្ករ គេ​ដេរ​ស្បោង​តូច​ៗ​ច្រក​គ្រប់​ៗ​គ្នា​យក​មក​ដាក់ ក្នុង​ម្នាក់​ៗ​មាន​ស្រូវ ១​បាវ អង្ករ ១​បាវ ប្រាក់ ១​រៀល បាយ​សម្ល​សម្រាប់​ដាក់​លើ​សង្ឃឹក និង​បាយ​សម្ល​សម្រាប់​ឲ្យ​ពួក​អ្នក​ភ្លេង​បរិភោគ ។ គេ​ធ្វើ​ជ្រូក​១ ដាក់​លើ​ស្ពក និង​មាន់​ស្ងោរ ១​គូ បង្អែម ១​គូ ចម្អាប ១​គូ​គ្រប់​មុខ​សុទ្ធ​តែ​មួយ​គូ​ៗ​ទាំង​អស់ ។ ពែ​មួយ​ប្រវែង ១​ហត្ថ​រាង​ចតុកោណ​កែង​ស្មើ ក្នុង​ពែ​គេ​ដាក់​បាយ​សម្ល ចេក នំ គ្រប់​មុខ​ឥវ៉ាន់​ដែល​មាន ។ មាន​ពែ​មួយ​ទៀត​រាង​ឆ​កោណ មាន ៦ ថ្នាក់3 មាន​ទ្រង់​ទ្រាយ​ពែ​ប្រហែល​នឹង​អាក់​ព័ទ្ធ​សូត្រ ក្នុង​ពែ​នេះ គេ​គេ​ដាក់​បង្អែម-​ចម្អាប ដូច​ពែ​រាង​ចតុកោណ​កែង​ស្មើ​នោះ​ដែរ ។
នៅ​ខាង​មុខ​រោង​អ្នក​តា គេ​ក្រាល​កន្ទេល ហើយ​រៀប​ដាក់​ប្រដាប់​ប្រដា​ទាំង​អស់ ឲ្យ​រូប​អង្គុយ​លើ​កន្ទេល​ក្រហម ក្បែរ​របស់​ទាំង​អស់​នេះ បែរ​មុខ​ទៅ​ទិស​ខាង​កើត ។ នៅ​ពី​មុខ​រូប​មាន​រង​មួយ ហើយ​រង​មាន​ដន្លាប់​ក្រមួន ១ ស្លា​បៀក ៥ ម៉ាត់ បារី ៥ ទៀន ទៀន​អុជ​ហើយ ១​គូ ម្លូ ៣​សន្លឹក ស្លា​មួយ ប្រាក់ ២០​រៀល ដែល​គេ​ដាក់​ឲ្យ​រូប​បាំង4 ។ រូប​អង្គុយ​បត់ជើង​ទទូរ​ក្រមា ដៃ​ទាំង​ពីរ​ចាប់​រង របៀប​ទ្រោម​បន្តិច ។ ពី​មុខ​រូប​នោះ គេ​រៀប​ឆ្វេង-​ស្ដាំ​ជា​ជួរ គឺ មាន់ ១​គូ បង្អែម ចម្អាប ១​គូ ជ្រូក​ដាក់​កណ្ដាល​ខាង​មុខ​បង្អែម និង​ចម្អាប​ទៅ​ទៀត ។ ត​ទៅ​ទៀត គេ​ដាក់​ពែ​សង្ឃឹក សង្ឃឹក​គេ​ដាក់​មុខ​ឲ្យ​ឈម​មក​រក​មុខ​អ្នក​តា និង​ក្រុម​ភ្លេង ១​វង់ មាន​ទ្រ ១ ប៉ី​ពក ១ អ្នក​ច្រៀង​ម្នាក់ ស្គរ ២ ។ ពេល​បញ្ជាន់​រូប​លេង​ភ្លេង​ប្រគំ ។
ពេល​ភ្លេង​កំពុង​តែ​លេង រូប​ធ្វើ​ទ្រឹង ហាក់​ដូច​ជា​ចាំ​ស្ដាប់​ភ្លេង និង​ចម្រៀង បើ​អ្នក​ចម្រៀង​ច្រៀង​មិន​ត្រូវ​ទេ រូប​ចាប់​ច្រៀង​ខ្លួន​ម្ដង ទើប​អ្នក​តា​ក្រហម​ក​ចូល ។ ពេល​ចូល​រូប​មុន​ដំបូង អ្នក​តា​និយាយ​ជា​ភាសា​លាវ រួច​ទើប​និយាយ​ភាសា​ខ្មែរ​ជា​ខាង​ក្រោយ ។ មាន​ម្នាក់​អ្នក​សួរ និង​ថ្វាយ​តង្វាយ ដែល​តាម​ទម្លាប់​អ្នក​ស្រុក​ហៅ​ថា "ជើង​ព្រះ" ។ ជើង​ព្រះ​នេះ ចេះ​និយាយ​ភាសា​ខ្មោច ដូច​ដូង គេ​ថា "មហា​លៃ" ចេក គេ​ថា "ត្រសូល"5 ជា​ដើម ។ល។ អ្នក​ចាំ​សួរ​នោះ គេ​សួរ​ពី​សុខ​ទុក្ខ​ក្នុង​ស្រុក​ភូមិ នឹង​សុំ​កុំ​ឲ្យ​មាន​ជំងឺ​អាសន្ន​រោគ អុត ព្រោះ​ជំងឺ​ពីរ​មុខ​នេះ អ្នក​ស្រុក​ខ្លាច​ណាស់ សុំ​ឲ្យ​មាន​ទឹក​ភ្លៀង​បរិបូណ៌ សុំ​កុំ​ឲ្យ​មាន​ក្រា​ដង្កូវ​ស៊ី​ស្រូវ កុំ​ឲ្យ​ស្រូវ​ពាយ ជា​ដើម ។
បន្ទាប់​មក រូប​អ្នក​តា​ចូល​នោះ ចាប់​ឲ្យ​ចំណី​ខ្មោច​ព្រាយ ពេល​ដែល​ឲ្យ​ចំណី​គេ​បង្វែរ​សង្ឃឹក​នោះ ឲ្យ​បែរ​មុខ​ចេញ រូប​ចូល​នោះ​ចាប់​យក​អង្ករ​មក​ផ្លុំ រួច​បាច​ទៅ​លើ​ពែ​និង​សង្ឃឹក រួច​ចាប់​លាជ​មក​បាច​លើ​ពែ​និង​សង្ឃឹក​ទៀត ហើយ​គេ​ឲ្យ​ជូន​ពែ​និង​សង្ឃឹក​នោះ​ទៅ ។ មុន​ពេល​យក​សង្ឃឹក​និង​ជូន​ពែ​នោះ​ទៅ​នោះ គេ​ត្រូវ​ចាក់​បាយ​ចាក់​សម្ល បង្អែម ចម្អាប ដាក់​លើ​ពែ​និង​សង្ឃឹក រួច​នាំ​គ្នា​សែង​ពែ​និង​សង្ឃឹក​នោះ​ចេញ​ទៅ ។ ឯ​រូប​នោះ​ក្រោក​ឈរ ដៃ​កាន់​ដំបង ឬ ដាវ គ្រវី​លោត​ដើរ​តាម​ក្រោយ​អ្នក​សែង​សង្ឃឹក​នោះ​ទៅ​ដែរ ។ អ្នក​លេង​ភ្លេង​បទ​ស្ដេច​ដើរ មនុស្ស​ក៏​ក្រោក​ដើរ​ហែ​ទៅ​ទាំង​អស់​គ្នា បាន​ចម្ងាយ ៥០ម. ឬ ១០០ម. រូប​ត្រឡប់​មក​វិញ អ្នក​សែង​សង្ឃឹក ភ្លេង និង​អ្នក​ហែ​ទាំង​អស់ ចេះ​តែ​ហែ​ទៅ​មុខ​ទៀត បាន​ចម្ងាយ​ប្រហែល ៥០០ម. ទើប​ដាក់​សង្ឃឹក​និង​ពែ​ចោល ភ្លេង​ក៏​ឈប់​លេង អ្នក​ហែ​ត្រឡប់​មក​វិញ ។
ឯ​ប្រដាប់​ប្រដា​នៅ​លើ​សង្ឃឹក​ទាំង​ប៉ុន្មាន ត្រូវ​អ្នក​សែង​នោះ​ចាត់​ការ​គឺ មាន់​ស្ងោរ ជ្រូក គេ​បេះ​តែ​ស្លឹក​ត្រចៀក​បន្តិច ក្បាល​បន្តិច ជើង កន្ទុយ ដាក់​លើ​សង្ឃឹក​នោះ​ទៅ សល់​ប៉ុន្មាន គេ​នាំ​គ្នា​ចែក​គ្នា​បរិភោគ ។ ប៉ុន្តែ​បើ​ស្រុក​មាន​កើត​ជំងឺ​អាសន្ន​រោគ ឬ អុត ហើយ​បើ​មាន​ធ្វើ​ពិធី​នេះ គេ​មិន​ដែល​ហ៊ាន​យក​របស់​អ្វី​មក​វិញ​ទេ ទុក​ចោល​នៅ​នោះ​ហើយ សូម្បី​តែ​សត្វ​តិរច្ឆាន​ក៏​មិន​ហ៊ាន​ស៊ី​ផង ។ សម័យ​សព្វ​ថ្ងៃ​នេះ ពេល​រៀប​ឡើង​អ្នក​តា​ក្រហម​ក មិន​មាន​ដាក់​ជ្រូក​ទាំង​មូល​ដូច​មុន​ទេ គេ​ទិញ​តែ​ក្បាល ជើង និង​កន្ទុយ​ជ្រូក​មក​ជា​ការ​ស្រេច ។

No comments:

Post a Comment