Tuesday, 6 November 2018

ដើម​កំណើត​អ្នកតា

ដើម​កំណើត​អ្នកតា

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ៩៩ – ១០៥



បើ​តាម​រឿងព្រេង​នេះ អ្នក​តា​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន មុន​នានា​ប្រទេស​ទាំង​អស់​លើ​ទ្វីប ។ រឿង​ដើម​មាន​ដូច​តទៅ
ក្នុង​សម័យ​ព្រេង​នាយ មាន​បុរស​ជា​អ្នក​ទី​ទ័ល​ក្រ​ពីរ​នាក់​គឺ: ឪពុក​និង​កូន​ប្រុស​ពេញ​កំលោះ អាស្រ័យ​ក្នុង​ភូមិ​និគម​ដ៏​តូច​មួយ តាំង​នៅ​ដាច់​ស្រយាល​ពី​រាជធានី ។ នៅ​នា​វស្សន្តរដូវ បុរស​ឪពុក​មាន​ជំងឺ​យ៉ាង​ទម្ងន់ ក៏​ទទួល​អនិច្ច​កម្ម​ទៅ ទុក​កូន​នៅ​កំព្រា​តែ​ម្នាក់​ឯង ។ កូន​នោះ​គិត​ថា: អញ​មិន​គួរ​យក​ខ្មោច​ឪពុក​ទៅ​បញ្ចុះ​ជិត​ម៉ុង​អ្នក​មាន​ធន​ធាន​នោះ​ទេ ត្រូវ​តែ​យក​ទៅ​បញ្ចុះ​ឲ្យ​ឆ្ងាយ​ពី​គេ ព្រោះ​ខ្លួន​អ្នក​ទី​ទ័ល​ក្រ គិត​ហើយ​ទើប​យក​សព​ឪពុក ទៅ​បញ្ចុះ​ក្បែរ​ជើង​ភ្នំ​មួយ​ឆ្ងាយ ។ លុះ​បញ្ចុះ​រួច​ហើយ ក៏​លា​ខ្មោច​ឪពុក​វិល​មក​ប្រកប​អាជីវ​កម្ម តាម​ធម្មតា​វិញ ។ ដោយ​សេចក្ដី​អាល័យ​ឪពុក​ខ្លាំង​ពេក បុរស​កម្សត់​មិន​អាច​បំភ្លេច​ចោល​ម៉ុង​ឪពុក​បាន តែង​យក​ចំណី​ទៅ​សែន​ជូន​ជា​ញឹក​ញាប់ ។ គាប់​ជួន​ថ្ងៃ​មួយ មាន​ភ្លៀង​បង្អុរ​ចុះ​ជាប់ មិន​ដាច​គ្រាប់​សោះ ចៅ​កម្សត់​ក៏​ស៊ូ​ទ្រាំ​អត់​បាយ​អត់​ទឹក ដេក​នៅ​ជិត​ម៉ុង​ឪពុក មិន​ព្រម​ត្រឡប់​ទៅ​លំនៅ​វិញ ។
ក្នុង​រាត្រី​ដ៏​ស្ងប់​ស្ងាត់​នោះ ពេល​ដែល​ចៅ​កម្សត់​កំពុង​និន្ទ្រា​លក់​ស្កល់ ព្រលឹង​ខ្មោច​ឪពុក​បាន​មក​ពន្យល់​សប្ដិ និយាយ​នឹង​កូន: "នែ​កូន! កូន​ឪពុក!... ម្ដេច​ក៏​កូន​នៅ​តែ​ស៊ូ​ប្ដូរ​នឹង​ឪពុក​ដែល​ចែក​ឋាន​ទៅ​ហើយ? តើ​សព្វ​ថ្ងៃ​នេះ កូន​មាន​គោល​បំណង​យ៉ាង​ណា​ខ្លះ?” ព្រលឹង​កូន​ក៏​ឆ្លើយ​ទៅ​វិញ​ថា: "កូន​គ្មាន​ប្រាថ្នា​អ្វី​ទេ​លោក​ឪពុក" លុះ​ព្រលឹង​ឪពុក សួរ​បញ្ជាក់​បី-​បួន​លើក ទើប​ព្រលឹង​កូន​ឆ្លើយ​តប​ទៅ​វិញ​ថា "ក្នុង​ជាតិ​នេះ កូន​ប្រាថ្នា​ចង់​តែ​ឲ្យ​បាន​ជា​ធំ​ជាង​គេ​ទាំង​អស់ សូម្បី​តែ​ស្ដេច ឲ្យ​តែ​ឃើញ​គឺ​ត្រូវ​តែ​សំពះ​រូប​កូន" ។ ព្រលឹង​ខ្មោច​ឪពុក​បាន​ប្រាប់​ទៅ​ព្រលឹង​កូន​វិញ​ថា "បំណង​កូន​ឯង​នេះ​នឹង​បាន​សម្រេច​ពិត ។ ថ្ងៃ​ស្អែក​នេះ កូន​ត្រូវ​ក្រោក​ពី​ព្រលឹម ដើរ​ចេញ​ពី​ទី​នោះ​ទៅ​តាម​ផ្លូវ​ខាង​ជើង​ភ្នំ កាល​ណា​ឃើញ​ភ្នំ​បី​ជាប់​រដឹក កូន​ត្រូវ​ខំ​ត្រាច់​ឲ្យ​ហួស​ទៅ​ទៀត នុ៎ះ​កូន​នឹង​ឃើញ​ផ្លូវ​លំ​មួយ នៅ​ដើម​ផ្លូវ​នោះ មាន​ឈើ​បី​ដើម​ធំ​ៗ ហើយ​ខ្ពស់​ៗ​ផុត​ឈើ​ដទៃ​ផង ។ នៅ​ក្រោម​ព្រឹក្សា​នោះ​មាន​ថ្ម​មួយ​ផ្ទាំង​ខ្ពស់​ភ្លឺ​រលោង ស្ថិត​នៅ​ខាង​មុខ​ថ្ម​ទាំង​ពួង ដ៏​មាន​វល្លិ​ដុះ​ព័ទ្ធ​ដូច​ក្បាច់​រចនា នុ៎ះ​គឺ​ជា​សិលា​ដ៏​ពិសិដ្ឋ​សម្រាប់​អ្នក​មាន​បុណ្យ កាល​បើ​បាន​ទៅ​ដល់​ហើយ ចូរ​កូន​ឡើង​អង្គុយ​លើ​ថ្ម​នោះ​ទៅ ... ចូរ​កូន​ធ្វើ​តាម​បណ្ដាំ​ឪពុក​នេះ​កុំ​ខាន ... ឪពុក​លា​កូន​ហើយ ... ធ្វើ​តាម​បណ្ដាំ​ឪពុក​នេះ​កុំ​ខាន ... ឪពុក​លា​កូន​ហើយ ..." ។
លុះ​ព្រឹក​ឡើង បុរស​កម្សត់ ភ្ញាក់​ដំណេក មាន​អាការ​ញ័រ​អស់​អង្គ​ប្រាណ ជឿ​ស៊ប់​ក្នុង​ការ​យល់​សប្ដិ​នោះ ប៉ុន្តែ​មិន​ទាន់​យល់​ការណ៍​អាថ៌​កំបាំង​នៃ​សុបិន​នៅ​ឡើយ​ទេ ក៏​សំពះ​លា​ម៉ុង​ខ្មោច​ឪពុក​ដើរ​ចេញ​ទៅ​ដោយ​សង្ឃឹម​ថា បើ​បាន​សម្រេច​ដូច​បំណង​មែន នឹង​វិល​ត្រឡប់​មក​ធ្វើ​កិច្ច​វត្ត​តាម​ធម្មតា​វិញ ។ បុរស​កំលោះ ខំ​ស្រូត​កាត់​ព្រៃ​លេច​វាល ផុត​វាល​ចូល​ព្រៃ អស់​វេលា ៧​យប់ ៧​ថ្ងៃ ទើប​បាន​ឃើញ​ដើម​ឈើ​ធំ​ខ្ពស់​ៗ និង​ថ្ម​ពិសិដ្ឋ​ទំនង​ដូច​ពាក្យ​ខ្មោច​ឪពុក​បាន​ផ្ដាំ​មែន ក៏​ឡើង​ទៅ​អង្គុយ​លើ​ថ្ម​នោះ តាម​បណ្ដាំ​ឪពុក ។ ខណៈ​នោះ រាង​កាយ​បុរស​កំលោះ​ក៏​ប្រែ​កាយ​មួយ​រំពេច​ទៅ​ជា​សិលា​រឹង​កក្រោះ​គ្មាន​វិញ្ញាណ ។ ចាប់​តាង​ពី​ពេល​នោះ​មក អ្នក​តា​កំលោះ​តែង​បាន​ទទួល​នូវ​លាភ​សក្ការ​និង​វន្ទនាការ​អំពី​ជនានុជន​គ្រប់​ជាន់​ថ្នាក់​មែន ។ ការ​សែន​ព្រេន​បន់​ស្រន់​ក៏​មាន​ចាប់​តាំង​ពី​ពេល​នោះ​រហូត​មក ឯ​អ្នក​តា​សោត​ក៏​ទើប​នឹង​រូប​មួយ​ប៉ុណ្ណោះ ។ (តាម​យោបល់​ខ្ញុំ​ថា ដើម​ឡើយ​អ្នក​តា​កំលោះ​នេះ មិន​មែន​មាន​បំណង​ធ្វើ​ជា​អ្នក​តា​ថ្ម​ទេ គឺ​គ្នា​ប្រាថ្នា​ឲ្យ​តែ​បាន​មហេសក្ខ​ភាព និង ឥស្សរ​ភាព​ទេ​តើ?) ។ ថ្ងៃ​ក្រោយ​មក គហបតី​នៅ​ជន​បទ​នោះ បាន​រៀប​ចំ​ជា​ក្បួន​យ៉ាង​ឧឡារិក និង​នាំ​កូន​ស្រី​ទៅ​កាន់​ត្រកូល​ខាង​ប្ដី ដើម្បី​រៀប​អាពាហ៍ពិពាហ៍ ក៏​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ដោយ​ពុំ​បាន​ដឹង​ថា​មាន​អ្នក​តា ។ លុះ​មក​ដល់​មុខ​អ្នក​តា​កំលោះ​ៗ​បាន​ឃើញ​រូប​នាង​ស្រី​នោះ មាន​សេចក្ដី​ប្រតិព័ទ្ធ​ស្នេហា ក៏​ឆក់​យក​មក​ដាក់​លើ​ថ្ម​មួយ​ដុំ​ជិត​ខ្លួន នាង​ក្រមុំ​ក៏​ប្រែ​កាយ​ក្លាយ​ខ្លួន​ជា​ថ្ម​ដែរ​រក​ផ្លូវ​កែ​មិន​បាន ដោយ​មហិទ្ធិឫទ្ធិ​របស់​អ្នក​តា​កំលោះ ។
ចំណែក​គហបតី​ជា​ឪពុក ក៏​បន់​ស្រន់​អ្នក​តា​អស់​ពេល​ដ៏​យូរ ដើម្បី​ឲ្យ​កូន​មាន​រូប​រាង​ជា​មនុស្ស​វិញ តែ​ជា​ការ​ឥត​ប្រយោជន៍​សោះ ។ គហបតី​មាន​សេចក្ដី​ក្ដៅ​ក្រហាយ ព្រម​ជា​មួយ​នឹង​ទុក្ខ​សោក​ជា​ខ្លាំង រក​ធ្វើ​ប្រៀប​ពុំ​បាន​ឡើយ គាត់​ក៏​តាំង​ចិត្ត​ចង​ពៀរ​នឹង​អ្នក​តា​នោះ​វិញ ។ ត​មក​គហបតី​ធ្លាក់​ខ្លួន​មាន​ជំងឺ​យ៉ាង​ធ្ងន់ ដោយ​រោគ​ក្អក​ធ្លាក់​ឈាម ពេទ្យ​ហ្ម​មិន​អាច​មើល​ជា​ឡើយ ។ មុន​នឹង​ធ្វើ​មរណកាល​ទៅ គាត់​បាន​ផ្ដាំ​ប្រពន្ធ​ថា កាល​ណា​គាត់​ស្លាប់​ទៅ ត្រូវ​យក​ធ្យូង ៤ ដុំ ដាក់​ក្នុង​ក្ដារ​មឈូស​គ្រប់​ជ្រុង​ទាំង​បួន​ឲ្យ​គាត់​កុំ​ខាន ។ ដោយ​គាត់​មាន​បំណង​នឹង​យក​ទៅ​ដុត​ទី​កន្លែង​អ្នក​តា​ឲ្យ​ឆេះ​គ្រប់​ទិស​ទាំង​បួន​ទិស សង​គំនុំ​ចិត្ត​របស់​គាត់​វិញ ។ ប្រពន្ធ​ទទួល​ធ្វើ​តាម​បណ្ដាំ​ប្ដី​ទាំងអស់ ។
ថ្លែង​ពី​អ្នក​តា​កំលោះ កាល​បើ​បាន​ដឹង​រឿង​ថា​ខ្មោច​គហបតី​បម្រុង​នឹង​ដុត​ខ្ទម​ដូច្នោះ ក៏​និម្មិត​ខ្លួន​ជា​មនុស្ស​ចាស់​ម្នាក់ ទៅ​និយាយ​ពន្យល់​ប្រពន្ធ​គហបតី​ថា "លោក​ស្រី! លោក​ស្រី​មិន​ត្រូវ​ចេះ​តែ​ធ្វើ​តាម​បណ្ដាំ​ប្ដី នាំ​ឲ្យ​ខុស​ទំនៀម​ទម្លាប់​យ៉ាង​នេះ​សោះ មិន​ដែល​មាន​នរណា​យក​ធ្យូង​ទៅ​ដាក់​ក្នុង​មឈូស​ដាក់​សព​ប្ដី ដូច​លោក​ស្រី​ទេ" ។
ដោយ​សារ​ពាក្យ​ណែនាំ​នេះ ស្រី​មេម៉ាយ​ក៏​ព្រម​បន្ថយ​ដក​យក​ធ្យូង​បី​ដុំ​ចេញ ទុក​ឲ្យ​នៅ​សល់​តែ ១​ដុំ ព្រោះ​មុន​ពេល​ស្លាប់​ប្ដី​បាន​ផ្ដាំ​យ៉ាង​ម៉ឹង​ម៉ាត់​ណាស់ ។ រី​ឯ​ខ្មោច​គហបតី​វិញ បាន​ធ្យូង ១​ដុំ​តូច​នេះ​ទៅ​ដុត​ខ្ទម​អ្នក​តា​១​ជ្រុង ឆេះ​ហុយ​ទ្រលោម​ដូច​បំណង ។ គតិ​ក្នុង​រឿង​ព្រេង​នេះ: ព្រោះ​ហេតុ​នោះ​ហើយ ទើប​ចិន​តែង​ដំណាល​ប្រាប់​កូន​ចៅ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ថា: ខ្ទម​អ្នក​តា​ចិន​តែង​ស្រុត ១​ជ្រុង​ជា​ដរាប ទោះ​បី​ស្ថាបនា​ដោយ​អ្វី​ក៏​ដោយ ដូច​មាន​ន័យ​ក្នុង​រឿង​ខាង​លើ​នេះ​ស្រាប់ គឺ​ដោយ​ខ្មោច​គហបតី​នោះ​ដុត ។
ពេល​ចូល​រូប អ្នក​តា​តែង​ជិះ​កៀវ​នេះ​ជា​តំណាង​ដុំ​ថ្ម​ដែល​គាត់​ឡើង​ទៅ​អង្គុយ ហើយ​ក្លាយ​រូប​រាង​ទៅ​ជា​អ្នក​តា​ថ្ម ឯ​អ្នក​តា​ខ្មែរ​យើង​ក៏​មាន​ឥរិយា​បថ​ប្រហែល​នឹង​អ្នក​តា​ចិន​ដែរ ប្រហែល​ជា​ក្លាយ​មក​ពី​ចិន​ទេ​ដឹង​ជំនឿ​នេះ?
ទោះ​បី​មាន​ការ​ប្រញាប់​យ៉ាង​ណា​ក្ដី អ្នក​តា​ចិន​តែង​តែ​ប្រាប់​អ្នក​ដែល​មក​រក​មើល​ជតារាសី​ថា "ចាំ​ទៅ​សួរ​អ្នក​តា​ធំ​សិន" គឺ​ប្រហែល​ជា​ចាំ​ទៅ​សួរ​ខ្មោច​ឪពុក​ទេ​ដឹង? ព្រោះ​ឪពុក​គាត់​បាន​ឲ្យ​ឥស្សរភាព​នេះ​មក​គាត់ ។ ឯ​អ្នក​តា​ធំ​មិន​ដឹង​ជា​នៅ​ឯ​ណា​ទេ?
ចិន​កាន់​ទំនៀម​មួយ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ គឺ​មុន​រៀប​មង្គល​ការ​កូន​ប្រុស​-ស្រី សាមី​ខ្លួន​ត្រូវ​តែ​ទៅ​ប៉ាយ​អ្នក​តា​ជា​មុន​សិន ដើម្បី​ថ្លែង​សេចក្ដី​គោរព​ចំពោះ​អ្នក​តា តែ​សេចក្ដី​ក្នុង​រឿង​នេះ ដែល​កូន​ស្រី​គហបតី​ក្លាយ​រូប​ទៅ​ជា​ថ្ម ដោយ​សារ​តែ​អ្នក​តា​ស្រឡាញ់​ទេ មិន​មែន​ខ្វះ​ការ​គោរព​ចំពោះ​អ្នក​តា​ទេ ។
ចិន​គ្រប់​ឋានៈ តែង​កោត​ខ្លាច​គោរព​អ្នក​តា មាន​ចិន​ត្រង់​ណា មាន​អ្នក​តា​នៅ​ត្រង់​នោះ ។ ម៉្យាង​ទៀត អ្នក​តា​នេះ​ហើយ​ដែល​ជា​សរណៈ​មួយ​យ៉ាង​ខ្ពង់​ខ្ពស់​របស់​ជាតិ​ចិន ។ សេចក្ដី​សន្និដ្ឋាន: បើ​យើង​ពិនិត្យ​តាម​រឿង​ព្រេង​នេះ អ្នក​តា​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន ហើយ​ហូរ​ហៀរ​ចូល​មក​ប្រទេស​ខ្មែរ​យើង ដោយ​សារ​មាន​ជាតិ​ចិន ចូល​មក​រកស៊ី​នៅ​ប្រទេស​យើង​ច្រើន​ទាំង​ទឹក​ដី​ស្រុក​គេ ក៏​កើត​មុន​ស្រុក​យើង​ច្រើន​សតវត្ស​មក​ហើយ​ដែរ ។ ខ្មែរ​យើង​ច្រើន​បញ្ជាន់​រូប​មេមត់ ខ្មោច បិសាច ទេព្រក្ស អារក្ស ការ​បញ្ចូល​រូប​អ្នក​តា​នេះ​ធ្វើ​តាម​ជាតិ​គេ​ទេ​ដឹង? ព្រោះ​អារ្យ​ធម៌​ខ្មែរ និង ចិន មាន​ការ​ជាប់​ទាក់​ទង​គ្នា​យូរ​យារ​ណាស់​មក​ហើយ ។ ឯ​ព្រហ្មញ្ញ​សាសនា​វិញ​ដែល​ចូល​មក​ប្រទេស​យើង មាន​តែ​ការ​បន់​ស្រន់ បួង​សួង ច្រៀង​រាំ​បូជា​លា​បំណន់​តែ​ប៉ុណ្ណោះ ដែល​ក្នុង​សម័យ​ព្រះ​ពុទ្ធ​សាសនា​យើង​សព្វ​ថ្ងៃ​នេះ យើង​នៅ​តែ​ឃើញ​មាន​ពុទ្ធ​សាសនិក​ខ្លះ និយម​ថ្វាយ​ស្លា​ធម៌​ដូង អង្ស័ក កោរ​សក់ ថ្វាយ​ចំពោះ​ព្រះ​ពុទ្ធ​រូប​ជា​ដើម ។
សេចក្ដី​បញ្ជាក់​ដោយ​ឡែក : ទោះ​បី​អ្នក​តា​ខ្មែរ​ក្ដី យួន​ក្ដី ចិន​តែង គោរព​ទាំង​អស់ ផ្ទុយ​ទៅ​វិញ​ខ្មែរ​យើង​ទេ​ដែល​មិន​សូវ​គោរព​អ្នក​តា​ដែល​ជាតិ​ចិន​កសាង ខ្មែរ​ទុក​ជា​ល្បែង​មួយ​សម្រាប់​កម្សាន្ត​ទៅ​វិញ ។

No comments:

Post a Comment