Tuesday, 6 November 2018

អ្នក​តា​កង្ហារ​ដែក

អ្នក​តា​កង្ហារ​ដែក

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១៣៦ – ១៣៩



អ្នក​តា​កង្ហារ​ដែក​ស្ថិត​នៅ​លើ​ភ្នំ​ជីសូរ សម័យ​មុន​ហៅ​ថា​ភ្នំ​បារមី​ជីសូរ បច្ចុប្បន្ន​ហៅ​ថា​គិរី​សោភ័ណ នៅ​សង្កាត់​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ ។
អ្នក​តា​នោះ​មាន​អាយុ​ប្រមាណ​ជា​ជាង​មួយ​សតវត្ស​មក​ហើយ បើ​គេ​ឡើង​ទៅ​លើ​ភ្នំ តាម​ផ្លូវ​ខាង​កើត​ត្រង់​កំពែង​បុរាណ​មួយ ឈ្មោះ​ថា សែន​ធមល "ធ្មល់" តាម​ជណ្ដើរ​កាច់​នោះ​នោះ ឡើង​ទៅ​ដល់​ខាង​លើ ត្រង់​មាត់​ទ្វារ​ចូល​ទៅ​តាម​កំពែង​បន្ទាយ​សិលា​ទៅ​កាន់​ប្រាសាទ ផ្លូវ​នោះ​បិទ​ជិត គេ​ត្រូវ​ងាក​ឡើង​ទៅ​ខាង​ឆ្វេង ឬ ខាង​ស្ដាំ​ទៅ​វិញ ។ ត្រង់​កន្លែង​ផ្លូវ​បុរាណ​នោះ បាន​ជា​ខ្ទម​តា​កង្ហារ​ដែក ទៅ​នៅ​លើ​កំពែង​បន្ទាយ​សិលា​នោះ​ទៅ​វិញ ។ ផ្ទះ​អ្នក​តា​នោះ​សង់​ឡើង​ដោយ​ឥដ្ឋ​ប្រក់​ក្បឿង​មាន​បណ្ដោយ ៣ម. ទទឹង ២ម. ៥០ ។ ក្នុង​ខ្ទម​ពី​ខាង​ក្រោយ មាន​រាង​ជា​ថ្នាក់​ៗ មាន​កម្ពស់​ទាំង​អស់​ចំនួន ៧ តឹក សម្រាប់​តម្កល់​រូប​សំណាក​អ្នក​តា​និង​អ្នក​យាយ រូប​នោះ​មាន​របៀប​ជា​បុរាណ​វត្ថុ មាន​រាង​កំប៉ោង អង្គុយ​ជើង​ម្ខាង​បត់ ជើង​ម្ខាង​បញ្ឈរ​ជង្គង់ ដៃ​កាន់​កង្ហារ​ធ្វើ​ដោយ​ដែក រូប​សំណាក​អ្នក​យាយ​អង្គុយ​បត់​ជើង​រូប​នោះ​មាន​ផើង​ពីរ ពេញ​ដោយ​ជើង​ធូប មាន​កន្លែង​បិទ​ទៀន មាន​ភាជន៍​មួយ​សម្រាប់​ដាក់​ប្រាក់ ដែល​គេ​យក​ទៅ​ថ្វាយ ។ ពី​ខាង​មុខ និង​សង​ខាង​អ្នក​តា មាន​ទង់​ចង​ប្រជ្រៀត​គ្នា និង ឡង់-​តាំងយូ​ជា​ច្រើន ដែល​គេ​យក​ទៅ​ថ្វាយ ។ នៅ​ក្បែរ​ជញ្ជាំង​មាន​ច្រើន​តែ​សក់ ដែល​អ្នក​បន់​គេ​កោរ​ថ្វាយ​អ្នក​តា​នោះ ។
មនុស្ស​ទាំង​ឡាយ ទោះ​ជិត​ក្ដី​ឆ្ងាយ​ក្ដី តែង​តែ​ចូល​ទៅ​គោរព​បូជា បន់​ស្រន់​រៀង​រាល់​ថ្ងៃ​ពុំ​ដែល​ខាន ជា​ពិសេស​នៅ​ចូល​ឆ្នាំ​ម្ដង​ៗ ។ ក្នុង​រវាង ៣​ថ្ងៃ​នោះ នៅ​តាម​ផ្លូវ​ពី​ខាង​ត្បូង​ត្រពាំង​ស្រង់ ស្ទើរ​តែ​រក​ដើរ​ពុំ​រួច ព្រោះ​មនុស្ស​ច្រើន​ដើរ​ប្រជ្រៀត​គ្នា​រហូត​ដល់​កំពូល​ភ្នំ ។ ក្នុង​មួយ​ឆ្នាំ​ៗ គ្រាន់​តែ​តង្វាយ​ព្រះ និង​អ្នក​តា​នោះ ប្រមាណ​ជា ៤.០០០ ឬ ៥.០០០​រៀល​យ៉ាង​តិច ។
កាល​ពី​ឆ្នាំ ១៩៣៥ រាជការ​បារាំងសែស បាន​ឡើង​ទៅ​រៀប​ចំ​សិលា​នៅ​លើ​ភ្នំ​នោះ បាន​សុំ​រុះ​រើ​ខ្ទម​អ្នក​តា​នោះ​ចេញ លោក​គ្រូ​ចៅ​អធិការ​ព្រះ​នាម ប៉ុល ក៏​ព្រម​អនុញ្ញាត​ឲ្យ​រុះ​រើ ប៉ុន្តែ​លោក​ឲ្យ​ទៅ​និយាយ​នឹង​អ្នក​តា​នោះ​ផង គឺ​ឲ្យ​រៀប​ចំ​បញ្ជាន់​រូប និយាយ​ឲ្យ​គេ​សុខ​ចិត្ត​ផង​ទើប​បាន ។ ពេល​នោះ​បារាំងសែស​ក៏​រៀប​ពិធី​បញ្ចូល​អ្នក​តា​នោះ គេ​ឲ្យ​ទៅ​អញ្ជើញ​រូប​ដែល​ចូល​នោះ​មក រូប​នោះ​នៅ​ខាង​កើត​ភ្នំ​ឈ្មោះ តា ឯក ប្រពន្ធ​ឈ្មោះ ញឹក ផ្ទះ​ក្នុង​សង្កាត់​ស្លា ស្រុក​សំរោង ខែត្រ​តាកែវ ។ ក្នុង​ពេល​បញ្ចូល​នោះ គេ​រៀប​ពិធី​សព្វ​គ្រប់ ​មាន​បាយ​សម្ល បង្អែម ចម្អាប មាន់​ស្ងោរ ជ្រូក​ខ្វៃ មាន​អុជ ផាវ​ប្រអប់​ប្រវែង ២ ម. លេង​ភ្លេង​ខ្មែរ​បុរាណ ភ្លេង​ពិណ​ពាទ្យ ឆៃយ៉ាំ ដើម្បី​នឹង​បញ្ចូល​អ្នក​តា ហើយ​សុំ​រុះ​រើ​កន្លែង​នោះ​ចេញ ។ ដល់​អ្នក​តា​ចូល​រូប​នោះ បារាំង​ក៏​ចូល​ជជែក​ជា​មួយ​នឹង​រូប បារាំង​ចេះ​ភាសា​ខ្មែរ​ខ្លះ​ដែរ ពេល​នោះ​បារាំង​និយាយ​ពី​ពង្សាវតារ​ថា កន្លែង​នេះ​ជា​ដំបូល​កំពែង​សិលា ព្រោះ​បន្ទាយ​កំពែង​សិលា​កើត មិន​មែន​អ្នក​តា​កើត​មុន​បន្ទាយ​កំពែង​សិលា​ទេ អ្នក​តា​ទើប​នឹង​កើត​ក្រោយ​យ៉ាង​ពិត​ប្រាកដ" ។ ពេល​នោះ​អ្នក​តា​ក៏​ព្រម​ចុះ​ចាញ់​បារាំង បារាំង​ក៏​អញ្ជើញ​ឲ្យ​ទៅ​នៅ​ជ្រុង​កំពែង​ខាង​ជើង គេ​នឹង​រៀប​ផ្ទះ​សង​វិញ​ឲ្យ​បាន​ល្អ​ដូច​ដើម ព្រោះ​ហេតុ​ហ្នឹង​ហើយ​បាន​ជា​សព្វ​ថ្ងៃ​នេះ គេ​ឃើញ​អ្នក​តា​កង្ហារ​ដែក​ស្ថិត​នៅ​ខាង​ជើង​វិញ ។ កន្លែង​ផ្ទះ​អ្នក​តា​នោះ ក្រោយ​ដែល​រុះ​រើ​ផ្ទះ​អ្នក​តា​ចេញ​ហើយ បារាំង​ក៏​រៀប​ចំ​ចាក់​ដី​បំពេញ ហើយ​រៀប​ដុំ​ថ្ម​ដែល​ធ្លាក់​បាក់​បែក​នោះ ដាក់​ឲ្យ​បាន​ស្រួល​ដូច​ដើម​ឡើង​វិញ ។ នៅ​ខាង​ក្នុង​បន្ទាយ​ដែល​មាន​ដី​ដុះ កម្ពស់​ប្រមាណ ០ម. ៧០ ក៏​បារាំង​ឲ្យ​រែក​ដី​នោះ​ចេញ​អស់ បាន​ស្អាត​បាត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។
មាន​ចម្រៀង​មួយ​បទ​ដែល​ទាក់​ទង​នឹង​អ្នក​តា​នោះ
ជា​របៀប​សុំ​ពរ​ថា
ព្រះ​ឥសូរ​ជា​កំពូល​នៃ​ទេវតា ហើយ​និង​អ្នក​តា
ឈ្មោះ​កង្ហារ​ដែក លោក​មាន​ឫទ្ធិ​ពេញ​ចម្លែក
អ្នក​ស្រុក​ពឹង​ផ្អែក ទាំង​ប្រុស​ទាំង​ស្រី ។
បន្ទរ ប្រាសាទ​នាង​ខ្មៅ ស្រី​ស្រស់​ស្រងៅ
មាន​ឫទ្ធិ​ចេស្ដា សូម​ជួយ​ខេមរា
សូម​ជួយ​ខេមរា និង​រក្សា​ផែន​ដី ។

សេចក្ដី​បញ្ជាក់ រឿង​អ្នក​តា​កង្ហារ​ដែក​ដែល​ខ្ញុំ​សរសេរ​មក​នេះ គឺ​ខ្ញុំ​បាន​ដឹង ដោយ​បាន​ទៅ​សំណាក់​នៅ​នឹង​វត្ត​ភ្នំ​ជីសូរ​នោះ ក្នុង​ពេល​ដែល​បារាំង​បាន​ទៅ​រៀប​ចំ​សិលា​ប្រាសាទ​នៅ​លើ​ភ្នំ​ជីសូរ​នោះ ។ មួយ​ទៀត តា​ម្នាក់​ឈ្មោះ​គ្រូ ញាណ ផ្ទះ​នៅ​ភូមិ​ជន្លាត់​ដៃ សង្កាត់​រវៀង ខាង​លិច​ភ្នំ បាន​ឲ្យ​ការណ៍​ថា "អ្នក​តា​នេះ​មិន​មែន​ឈ្មោះ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ក្នុង​រវាង​ជាង ៤០ ឆ្នាំ​មក​ហើយ​អ្នក​តា​នោះ​ចូល​រូប គាត់​ក៏​បាន​សួរ​ផ្ទាល់​នឹង​រូប​អ្នក​តា​នោះ​ថា ហេតុ​អ្វី​ក៏​ឈ្មោះ​ថា​កង្ហារ​ដែក?”
អ្នក​តា​ឆ្លើយ​ថា ដើម​ឡើយ​យើង​ឈ្មោះ ដំបង​ដែក មិន​មែន​ឈ្មោះ​កង្ហារ​ដែក​ទេ ព្រោះ​យើង​មាន​ឥទ្ធិ​ពល​ខ្លាំង​ណាស់ សូម្បី​តែ​ដើម​ត្នោត ក៏​យើង​យក​​មក​គ្រវី​​ឲ្យ​វិល​ដូច​កង្ហារ​បាន​ដែរ ហេតុ​ហ្នឹង​ហើយ​បាន​ជា​អ្នកស្រុក​ហៅ​ថា កង្ហារ​ដែក​ៗ​រហូត​មក ។
សួរ ៖ ចុះ​មាន​អ្នក​តា​មាន​ឥទ្ធិពល​ជាង​នេះ​ទៀត​ទេ​នៅ​ក្នុង​ស្រុក​នេះ ?
ឆ្លើយ ៖ គ្មាន​ទេ ក្នុង​ខែត្រ​ទាំង​មូល​មាន​តែ​យើង​ធំ​ជាង​គេ ហើយ​មាន​ឥទ្ធិពល​ជាង​គេ បើ​មាន​ឥទ្ធិពល​ជាង​យើង ហើយ​ធំ​ជាង​យើង​នោះ​មាន​តែ​នៅ​ឯ​ភ្នំ​គូលែន​ឯ​ណោះ ។
សួរ ៖ ចុះ​រូប​សំណាក​ម្ដេច​ក៏​មាន​កាន់​កង្ហារ​ដែក​ទៅ​វិញ?
ឆ្លើយ ៖ រូប​សព្វ​ថ្ងៃ​នេះ​គេ​កសាង​ក្រោយ​ទេ ឯ​រូប​មុន​នោះ​គេ​ធ្វើ​កាន់​ដំបង​ដែក ។

No comments:

Post a Comment