Tuesday, 6 November 2018

រឿង ដើមភ្លៅនាង

រឿង ដើមភ្លៅនាង



គ្រាន់តែឮឈ្មោះថាដើម “ភ្លៅនាង” គេនឹកឆ្ងល់ភ្លាម ចង់ដឹងប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះមាននាមពីរោះម្ល៉េះ ? បើសង្កេតពីរូបភាពនៃដើមនេះវិញ គេឃើញថា មានដើ​ម​
នោះ​ត្រសូល​ស្អាត​ ពុំសូវមានថ្នាំងឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាត នាំឲ្យនឹកថា ៖ ប្រហែលជាបុរាណលោកប្រដូចដើមនេះ ទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅ ។ ដើម្បីដោះស្រាយសេចក្ដីឆ្ងល់នេះ ក្រុមជំនុំទំនៀមទម្លាប់សូមជូនឯកសារមួយ ដែលមាននិទាន១ រឿងដូចតទៅនេះ ៖
កាលនោះមានព្រះរាជាមួយអង្គ ព្រះនាមពុំប្រាកដ រឿងនេះកន្លងទៅច្រើនសតវត្សមកហើយ ព្រះរាជាអង្គនោះទ្រង់មានស្នំមហេសីច្រើនអង្គ មានព្រះរាជបុត្រក៏ច្រើន ។ លុះយូរបន្តិចមក ព្រះ​រាជា​អង្គ​
នេះ ទ្រង់សព្វព្រះរាជហឫទ័យនឹងនាងមួយឈ្មោះនាងចាន់ ព្រះអង្គទ្រង់យកនាងនោះធ្វើជាស្នំពៅបង្អស់ ។ នាងនោះ មានរូបឆោមលោមពណ៌ ល្អយ៉ាងឆើតជាងស្នំមហេសីទាំងអស់ តែ​នាង​នោះ​ឥត​មាន​ព្រះ​រាជ​បុត្រ​ទេ ម្ល៉ោះហើយព្រះអង្គ ក៏សព្វព្រះរាជទ័យជាជាងស្នំមហេសីទាំងអស់ដែរ ព្រោះនាងចេះប្រកបកិច្ចការងារដណ្ដាំស្ល ធ្វើភោជនាហារត្រូវព្រះទ័យព្រះអង្គ ។ ព្រះ​រាជ​ក៏​លើក​តម្កើង​នាង​ចាន់ ធ្វើជាព្រះអគ្គមហេសី ធំលើសគេឯង ។ និយាយពីនាងចាន់នេះ នាងមានក្រចកម្រាមដៃល្អលូតលាស់វែង ៗ គ្រប់ទាំងដប់ បីដូចជាស្លាបព្រា បើ​ធ្វើ​ក្រយា​ស្ងោយ​ថ្វាយ​ស្ដេច​នាង​យក​ក្រចក​ដង​ទឹក ឬដួសដស់គ្រឿងផ្សេង ៗ ដើម្បីធ្វើជារង្វាល់ឲ្យដឹងប្រមាណ មិនឲ្យប្រៃពេកឬសាបពេកឲ្យតែល្មម សូម្បីនាងបង់ព្រហក់ អំបិល ស្លឹកគ្រៃ ឬគ្រឿងអ្វីក្នុងសម្លក្ដី នាង​ក៏យក​ក្រចក​ម្រាម​ដៃ​ធ្វើ​ជា​ស្លាប​ព្រា ម្ល៉ោះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវ សម្លនោះមានឱជារសឆ្ងាញ់ណាស់ នាំឲ្យព្រះស្វាមីសព្វព្រះរាជហឫទ័យរាល់ពេលវេលា ។ លុះចំណេរយូរទៅ ព្រះមហេសីដើមទាំងអស់ ក៏​មាន​ការ​ក្ដៅ​ក្រហាយ​ច្រណែននិន្ទាថា ហេតុអ្វីក៏ព្រះអង្គ តាំងពីបាននាងចាន់ ដែលជាកូនរាស្ត្រសុទ្ធសាធធ្វើជាស្នំ ហើយលើកតម្កើងជាអគ្គមហេសីលើសយើងរាល់គ្នាយ៉ាងនេះ ? ហាក់ដូចជាព្រះអង្គបង់ស្នេហាអំពីយើងគ្រប់គ្នាហើយ ។ ដូច្នេះ យើងរាល់គ្នា មិនត្រូវនៅក្រអេះព្រងើយកន្តើយឡើយ ត្រូវតែរកឧបាយណាមួយ ដើម្បីឲ្យព្រះអង្គជាស្វាមីនៃយើង ឃ្លាតចាកសេចក្ដីស្នេហាអំពីនាងចាន់ចេញ ទើបយើងរាល់គ្នានឹងបានសេចក្ដីសុខ ។ គិតដូច្នោះហើយ ក៏នាំគ្នាឡើងទៅគាល់ព្រះរាជា ក្រាបទូលដោយសេចក្ដីពិតថា ៖
បពិត្រព្រះអង្គជាស្វាមី សូមព្រះអង្គជ្រាប ខ្ញុំម្ចាស់ទាំងអស់គ្នាបានឃើញហេតុច្បាស់ អំពីនាងចាន់ ។ ព្រះអង្គហាក់ដូចពុំបានជ្រាបការណ៍អ្វីសោះ ។ នាងនេះជាមនុស្សស្មោកគ្រោកជួជាតិអាក្រក់ 
សព្វ​ថ្ងៃ​នេះ បើនាងធ្វើក្រយាស្ងោយថ្វាយព្រះអង្គ ខ្ញុំម្ចាស់បានឃើញច្បាស់ នាងយក ក្រចកម្រាមដៃនាង ដួស ដងគ្រឿងដាក់ក្នុងសម្លនោះ។ ប៉ុន្តែ បើព្រះ​អង្គ​មិន​ជឿ​រឿង​នេះ​ដូច​ជា​ខ្ញុំ​ម្ចាស់​បាន​ក្រាប​ទូល​ទេ សូមព្រះអង្គចាត់រាជបម្រើណាមួយ លបមើលក្នុងពេលដែលនាងធ្វើក្រយាស្ងោយថ្វាយព្រះអង្គចុះ ទើបជ្រាបនូវហេតុពិតនោះពុំខាន ។
ព្រះរាជា កាលបានទ្រង់ព្រះសណ្ដាប់អំពីមហេសីទាំងអស់ក្រាបទូលដូច្នោះហើយ ក៏ព្រះអង្គទ្រង់ក្រោធ ទ្រង់ចាត់រាជបម្រើមួយឲ្យទៅតាមសង្កេតនូវហេតុនោះ តើពិតឬពុំពិត ។ លុះរា​ជ​បម្រើ​បាន​
សង្កេត​ទៅ ឃើញពិតដូច្នោះមែន ទើបព្រះមហាក្សត្រ ទ្រង់ចាត់នាយពេជ្ឈឃាដឲ្យយកនាងចាន់ទៅសម្លាប់ចោល ។
ឯនាងចាន់កាលបើនាងបានដឹងនូវហេតុដែលព្រះអង្គខ្ញាល់នឹងអំពើ ដែលនាងបានធ្វើដូច្នោះ នាងក៏មានសេចក្ដីតក់ស្លុត នាងបានភៀសខ្លួនរត់ចេញពីព្រះបរមរាជវាំង ដើម្បីឲ្យរួចពីសេចក្ដីស្លាប់ ។ 
ឯ​ពេជ្ឈ​ឃាដ​ក៏ទៅរកចាប់នាងតាមព្រះតម្រាស់ តែរកនាងពុំឃើញក្នុងប្រាសាទ ក៏ឡើងទៅក្រាបបង្គំទូលព្រះរាជា ។ ព្រះរាជាទ្រង់ឲ្យលើកទ័ពពលរេហ៍ទៅតាមចាប់នាងឲ្យបានយកមកសម្លាប់ចោល ។
កាលនោះ ពួកពលសេនាលើកទ័ពតាមរកនាងអស់ជាយូរថ្ងៃយូរខែពុំបានជួបនាងសោះ ។ ឯនាងក៏ខំរត់ឲ្យរួចពីព្រះអាជ្ញាដែរ តែចៃដន្យបុព្វកម្មអ្វីរបស់នាងពីអតីតជាតិ ក៏ឲ្យពួកពលសេនា តាម​នាង​
ទាន់​នៅទីកន្លែងមួយ ចាប់យកនាងបានហើយនាំទៅធ្វើឃាតចោលទៅ ។
និយាយអំពីនាងចាន់ មុននឹងស្លាប់ នាងបាននឹកដល់វាសនាអភ័ព្វរបស់ខ្លួន ដែលបានធ្វើជាមហេសីហើយ ជាអកុសលអ្វីមកបណ្ដាលឲ្យព្រះរាជាទ្រង់ក្រោធយកទោសដល់ជីវិត ។ ម្ល៉ោះហើយ 
នាងក៏តាំងសច្ចាចំពោះទេវតាដែលស្ថិតនៅដើមព្រឹក្សាលតាវល្លិ សូមឲ្យលោកធ្វើជាសាក្សីថា ៖
ឱ ! ជីវិតសង្ខាររបស់ខ្ញុំ ពេលនេះមច្ចុរាជ គឺសេចក្ដីស្លាប់តាមមកទាន់ហើយ, នឹងបណ្ដាច់សេចក្ដីស្នេហារបស់ខ្ញុំអំពីអង្គព្រះស្វាមីឥឡូវហើយ, ដោយព្រះស្វាមីក្រោធចំពោះរូបខ្ញុំ ដែល​ទ្រង់​ពុំ​បាន​ពិចារ​
ណា​រក​ហេតុផលជាមុន ឬមួយព្រះអង្គ ពុំមានប្រោសមេត្តាដល់រូបខ្ញុំសោះទេ ។ នោះខ្ញុំសូមសច្ចាផ្សងថា “ អាការទាំង ៣២ របស់ខ្ញុំ ឲ្យបានទៅជាឈ្មោះរុក្ខាលតាវល្លិទាំងនេះ ហើយ​ឲ្យ​ព្រះ​អង្គ​បាន​ជួប​នឹង​ឈ្មោះ​ដែល​ជានាមនៅជាប់នឹងឈើទាំងនេះ កុំបីឲ្យរំលងរួចឡើយ ។ ឯនាមរបស់ខ្ញុំផ្ទាល់សូមផ្ញើនឹងដើមក្រិស្នាដែលមានក្លិនក្រអូប ហើយជាទីសព្វព្រះរាជហឫទ័យរបស់ព្រះអង្គផង ” ។
សច្ចាបួងសួងចប់ហើយ ពេជ្ឈឃាដក៏ប្រហារជីវិតនាងក្ស័យបង់ទៅ ។ ចំណែកនាមឈ្មោះរបស់នាង ក៏បានទៅប្រតិស្ឋជាប់នឹងដើមក្រិស្នាទៅជា “ ចន្ទន៍ក្រិស្នា ” ឯអាយតនៈដទៃទៀត ក៏​ទៅ​ប្រតិស្ឋ​រូបភាព​ទៅនឹង​រុក្ខជាតិផ្សេង ៗ ដូចជា ៖
- កេសា បាននៅជាប់នឹងផ្លែពោត ហៅថាសក់ពោត,
- លោមា គឺរោមបាននៅជាប់នឹងម្អម,
- មំសំ គឺសាច់នាងផ្ញើនឹងដើមចាក,
- ឯសាច់ភ្លៅដែលសទ្រលុកទ្រលន់នោះ បានផ្ញើនឹងដើមឈើមួយបែប ដែលមានដើមតូចល្មម គេហៅជាប់ថាដើម “ ភ្លៅនាង ៗ ” រហូតដល់សព្វថ្ងៃនេះ ។

No comments:

Post a Comment