អ្នកតាបេង
ប្រជុំរឿងព្រេងខ្មែរភាគ ៨ ពីទំព័រទី ៩៥ – ៩៨
ស្រុកត្បូងឃ្មុំដើមឡើយជាខែត្រមួយ អភិបាលខែត្រនោះមានងារជាអរជូន ពីមុនមកមិនដឹងជាមានឈ្មោះថាស្រុកអ្វីទេ តែបើតាមការដំណាល ប្រកបដោយគោលចារឹកជាដំណែល សល់នៅដល់សព្វថ្ងៃដែលគួរយកជាការបាននោះ មានដូចតទៅ :
ដើមឡើយ មានវត្តមួយនៅក្នុងឃុំវិហាហ្លួង ស្រុកត្បូងឃ្មុំ ហៅថា "វត្តទួលក្ដី" (មិនដឹងពីពុទ្ធសករាជប៉ុន្មាន) ។ លោកគ្រូចៅអធិការវត្តនោះមានឈ្មោះពុំប្រាកដ មានប្អូនស្រីក្រមុំម្នាក់ ។ វត្តនេះមានអ្នកតារូបសំរឹទ្ធិមួយ មានឥទ្ធិពលខ្លាំងពូកែណាស់ អាចក្លែងខ្លួនជាមនុស្សធម្មតាបាន ។ នៅថ្ងៃបុណ្យទាន ឬថ្ងៃសីល ដែលមានកិច្ចរាប់បាត្រក្នុងវត្តនោះ អ្នកតាក្លែងខ្លួនជាបុរសកំលោះម្នាក់ ស្លៀកពាក់ស្អាតស្អំ កាន់ផ្ដិលសំរឹទ្ធិវែកសំរឹទ្ធិ យកបាយទៅរាប់បាត្រជាមួយអ្នកស្រុក ។ រាល់ពេល តែដាក់បាត្ររួចចុះពីសាលា បាត់ខ្លួនមួយរំពេច ។ អ្នកស្រុកតែងសួរគ្នាទៅវិញទៅមក ដោយឆ្ងល់នឹងមនុស្សចម្លែកនេះពន់ពេកណាស់ មិនដឹងជាទីលំនៅបុរសនោះនៅឯណា ស្រាប់តែឃើញដល់វត្ត ហើយចុះតែពីសាលាបាត់ខ្លួនតែម្ដង ។
ក្រោយមកអ្នកតានោះ ទៅលបរួមរស់មេត្រីជាមួយនឹងប្អូនក្រមុំលោកគ្រូចៅអធិការ ។ លុះដឹងថាប្អូនស្រីមានប្រុសសហាយ លោកគ្រូក៏ហៅប្អូនមកសាកសួរតាមដំណើរ ។ នាងក៏ទទួលសារភាពថា បានស្រឡាញ់បុរសម្នាក់មែន តែឥតមានអ្នកណាដឹកនាំទេ ពេលយប់ស្រាប់តែឃើញបុរសនោះ ចូលទៅដេកជាមួយខ្លួនតែម្ដង ឯខ្លួននាងចាប់ពាល់បុរសនោះមិនត្រូវសោះ ហាក់ដូចជាស្រមោល ។ លោកមេវត្តបានស្ដាប់ប្អូនស្រីរាយរាប់គ្រប់សព្វគ្រប់ហើយ លោកជ្រាបភ្លាមថា គ្មាននរណាទេ ពិតជាអ្នកតាសំរឹទ្ធិនោះឯង ព្រោះមានឫទ្ធិខ្លាំងពូកែណាស់ ។ លោកគ្រូខ្ញាល់នឹងអ្នកតាសំរឹទ្ធនោះជាខ្លាំង ក៏ប្រើក្មេងឲ្យជីករណ្ដៅនៅទួលមួយនៅជ្រុងអាគ្នេយ៍វត្ត ចម្ងាយប្រមាណជា ២០០ម. ឬ ៣០០ម. ពីទីវត្ត ជីករួចហើយ លោកគ្រូឲ្យរូបសំរឹទ្ធិនោះ ទៅកប់ផ្ទីងក្បាលចុះក្រោម លុបដីរួច យកដើមបេងមួយដាំទៅដាំសង្កត់លើរូបនោះ ។ ទួលនោះសព្វថ្ងៃថា ទួលអ្នកតាបេង ។
ក្រោយមក លោកគ្រូមេវត្តក៏អនិច្ចធម្មទៅ នៅសល់តែភិក្ខុសាមណេរតិចតួចក្នុងវត្តទួលក្ដីនោះ ។ មានយាយចាស់ឈ្មោះកែ គាត់ឥតប្ដី-បងប្អូនទេ ហើយបួសជាយាយជី នៅវត្តទួលក្ដីនោះ ។ តមកខាងក្រោយទៀត លោកសង្ឃក្នុងចេះតែរប៉ាត់រប៉ាយ អស់រលីងគ្មានសល់ នៅសល់តែយាយកែម្នាក់ ។ ឯដើមបេងដែលលោកមេវត្ត ដាំសង្កត់លើរូបអ្នកតានោះ ក៏ចម្រើនធំឡើងមានសត្វឃ្មុំនៅទំលើមែនផង ។ តាមដំណាលថា មានឃ្មុំនោះធំហើយកាចណាស់ ផ្លិតវាធ្លាក់ស្តោកប៉ប្រះដី ។ គ្រាន់តែខ្យល់បក់នាំក្លិនមនុស្សមកដល់ មេវានាំគ្នាហើរទាំងហ្វូងទៅទិចទាល់តែស្លាប់។ ដូចនោះ ទើបនៅខែកត្តិក-មិគសិរ-បុស្ស ដែលជារដូវខ្យល់ខ្លាំង បក់មកពីទិសខាងជើង យាយកែតែងតែប្រាប់អ្នកដំណើរ ឲ្យដើរពីខាងត្បូងឃ្មុំ តែដើរពីខាងជើង ក្លិនមនុស្សរមែងបក់ដល់ឃ្មុំៗនឹងហើរមកទិចស្លាប់មិនខាន ។ ពាក្យថា "ដើរខាងត្បូងឃ្មុំ" នេះហើយ ដែលជាដើមកំណើតឈ្មោះនៃខែត្រត្បូងឃ្មុំនេះ មិនមែនគជឃ្មុំម៉្យាង ដែលគប្រើធ្វើត្បូងចិញ្ចៀននោះទេ ។
តមកខាងក្រោយ ដើមបេងនោះ ត្រូវដើមជ្រៃដុះរួតរឹតខ្លាំងក៏ងាប់ ដើមជ្រៃក៏លូតលាស់បែកមែកសាខាឡើង នៅកន្លែងដើមបេងនោះ ។ តមកមែកជ្រៃក៏បាក់រិចរិលអស់ នៅសល់តែគល់ទំហំ ២ ម. ដុះស្លឹកទាបៗនឹងដី ។ អ្នកមានបុណ្យស័ក្ដិ ដើរកាត់មុខអ្នកតានេះ មិនបានទេ សព្វថ្ងៃ មានផ្លូវមួយពីខាងត្បូង មួយពីខាងជើងអ្នកតានោះ ។
អ្នកតានេះ សម្រាប់អភិបាលខែត្រត្បូងឃ្មុំឡើង កាលបើមានលោកណាទៅធ្វើអភិបាលខែត្រ ឬ ស្រុក ដែលមានងារជាអរជូន ត្រូវឡើងអ្នកតានេះខានមិនបានទេ ។
No comments:
Post a Comment