រឿង ដើមចេកជ្វា និងដើមបាយម៉ាត
- ចាស់បុរាណខ្មែរយើង ច្រើនជឿហើយហាមប្រាមកូនចៅ មិនឲ្យដាំដើមចេកជ្វានៅជិតសំយាបផ្ទះ ព្រោះគេយល់ថា វាដាក់ម្ចាស់ផ្ទះ ។ បានជាមានជំនឿយ៉ាងនេះ ដោយមានរឿងដំណាលដូចតទៅ ៖
- ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយ ជាអ្នកទីទ័លក្រ ប្រកបរបររកស៊ីជាកសិករ ។ ក្នុងពេលមួយដែលជារដូវរាំងឫស ឥតមានភ្លៀងធ្វើស្រែ បុរសប្ដីក៏លាប្រពន្ធ ទៅរកស៊ីឈ្នួលគេ
នៅស្រុកឆ្ងាយ ។ ក្រោយដែលបុរសនេះចេញផុតទៅ ស្រុកកើតជំងឺអហិវាតរោគ រាតត្បាត ពាសពេញបណ្ដាលឲ្យអ្នកភូមិទាំងមូល ភ័យជ្រួលច្របល់យ៉ាងសម្បើម ។ មុនដំបូង, ជំងឺនោះបណ្ដាលឡើងអំពីសត្វតូចតាច លុះយូរបន្តិចទៅ ក៏រាលដាលរហូតដល់សត្វធំៗ រហូតដល់ជីវិតមនុស្សក្នុងភូមិផង គ្មាននរណាអាចជួយនរណាបានឡើយ ។ ផ្ទះនីមួយ ៗ ស្ងាត់ឈឹង ពេលយប់គេឮតែសំឡេងឆ្កែលូ និងពន្លឺភ្លើងប្រទីបផ្លុង ៗ ត្រង់នេះមួយ ត្រង់នោះមួយ គួរឲ្យព្រឺក្បាលពន់ពេក ។
- នៅភូមិខ្លះ ដែលរោគនេះមិនទាន់រាលដាលទៅដល់ អ្នកនិគមជនបទទាំងនោះ ក៏ពុំហ៊ានដើរស្វែងរក ប្រកបកិច្ចការរហេតរហូត ដូចប្រក្រតីឡើយ ។ មនុស្សទាំងនោះ មានកិរិយាស្ងប់ស្ងៀម
មានទឹកមុខក្រៀមក្រំ ស្រពាប់ស្រពោនជានិច្ច និយាយរកគ្នាទៅវិញទៅមកដោយខ្សឹបខ្សៀវ មិនហ៊ាននិយាយគ្នាកោកកាក ឬ នឹកឈ្មោះទីកន្លែង ដែលកើតជំងឺចង្រៃទាំងនោះផងទេ ។
- មានថ្ងៃមួយ នៅពេលដែលជំងឺកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំង ស្រាប់តែមានទាយកម្នាក់មកនិមន្តព្រះសង្ឃ ៤ អង្គទៅចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួន ។ លុះដល់កំណត់ ទាយកនោះក៏មកទទួល
ព្រះថេរៈចៅអាវាស ព្រមទាំងភិក្ខុ ៣ រូបទៀត និមន្តទៅដល់ផ្ទះឧបាសកនោះ ឃើញមានភ្ញៀវយ៉ាងច្រើន ។ គេក៏និមន្តព្រះសង្ឃទាំង ៤ អង្គឡើងលើផ្ទះ គង់លើអាសនៈ យ៉ាងសមគួរ ហើយប្រគេនភេសជ្ជៈ តែស្ករបារី តាមទំនៀម ។ បន្ទាប់មក គេនាំគ្នានមស្ការព្រះរតនត្រ័យ រួចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត, ប៉ុន្តែគេទូលលោកថា ៖ “ សូមលោកម្ចាស់ កុំសូត្រ “ ធម៌ករណីយ៍ ” សូមនិមន្តសូត្ររំលងទៅ “ វិរូបក្ខេ ” តែម្ដងទៅ ដើម្បីកុំឲ្យយូរពេល ។ ព្រះសង្ឃចាប់ផ្ដើមចម្រើនព្រះបរិត្ត តាំងអំពីដើមរៀងទៅ, លុះដល់ “ ធម៌ករណីយ៍ ” លោកក៏រំលងចោល ទៅសូត្រ “ វិរូបក្ខេ ” តាមពាក្យទាយកបវារណាសុំតែម្ដង ។ ក្នុងពេលនោះ, លោកសង្កេតឃើញទាយកទាយិកា សប្បាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចក គ្រប់ ៗ គ្នា ។ ព្រះថេរៈដើមអាសនៈនឹកឆ្ងល់ថា ៖ គេសុំកុំឲ្យសូត្រ “ ធម៌ករណីយ៍ ” សុំឲ្យផ្លោះទៅសូត្រ “ វិរូបក្ខេ ” តែម្ដង, ឥឡូវសូត្រវិរូបក្ខេទៅ ស្រាប់តែនាំគ្នាសប្បាយបែបដូចជាប្លែក ។ ព្រះថេរៈនឹកអៀនក្នុងព្រះទ័យណាស់ ខ្លាចក្រែងគេរិះគន់ ថាលោកសូត្រខុស ទើបត្រឡប់មកចាប់សូត្រធម៌ករណីយ៍ វិញ ។ លោកទើបតែនឹងចាប់សូត្របាន ៣-៤ ព្រះឱស្ឋ, ស្រាប់តែទាយកទាយិកានាំគ្នាដកខ្លួនថយបន្តិចម្ដង ៗ រហូតដល់អស់រលីង ស្ងាត់សូន្យឈឹង ។ ភ្លើងក៏រលត់ភ្លឹប ផ្ទះដែលព្រះសង្ឃឡើងទៅនោះ ត្រឡប់ទៅជាគុម្ពឫស្សីយ៉ាងញាតស្បាត បារី-តែស្ករទៅជាដុំធ្យូង ដីខ្សាច់ និងកំណាត់ឈើអស់ ។ ទើបព្រះសង្ឃភ្ញាក់ ថាបិសាចក្លែងខ្លួនធ្វើមនុស្ស ។ ទម្រាំតែភិក្ខុផងគ្នានៅឯវត្តដឹងថា ៖ លោកគ្រូជាប់នៅចុងឫស្សី លោកគ្រូនិងព្រះសង្ឃ ៣ អង្គទៀតត្រូវអត់ចង្ហាន់ ២-៣ ថ្ងៃ ។ ដោយហេតុហ្នឹងហើយ ទើបចាស់បុរាណលោកថា ៖ “ ធម៌ករណីយ៍ ” នេះធ្វើឲ្យខ្មោចខ្លាចណាស់ ។ ឯធម៌វិរូបក្ខេ ធ្វើឲ្យខ្មោចសប្បាយទៅវិញ ។ កាលណាស្រុកមិនសូវស្រួល ដោយមានកើតជំងឺដង្កាត់ផ្សេង ៗ មានអាសន្នរោគ,អុតជាដើមនោះ គេតែងនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ហើយសុំឲ្យលោកសូត្រធម៌ករណីយ៍នេះ ឲ្យបាន ៧-៨ ចប់ ហើយហាមផ្ដាច់មិនឲ្យព្រះសង្ឃ សូត្រធម៌វិរូបក្ខេឡើយ ដោយមានជំនឿតាមរឿងដូចបានរៀបរាប់មកខាងលើនេះ ។ ម្យ៉ាងទៀតបុរាណមានជំនឿថា ៖ បើយើងដើរទៅណាមកណាយប់ ហើយមានព្រឺរោម ព្រឺស្រែកត្រូវឲ្យសូត្រធម៌ករណីយ៍នេះដែរ ដោយសម្អាងថាខ្មោចមិនលង ។
- និយាយពីបុរសដែលទៅរកស៊ីស្រុកឆ្ងាយនោះ ក្រោយដែលបានទៅរកស៊ីមានលុយកាក់ល្មមត្រឡប់មកលំនៅម្ដងហើយ ក៏វិលត្រឡប់មកស្រុកកំណើតវិញ ។ មកដល់កណ្ដាលផ្លូវគេប្រាប់ថា ៖
អ្នកឯងទៅមិនទាន់បានទេ, ព្រោះភូមិអ្នកឯងនោះ កើតជំងឺអាសន្នរោគច្រើនណាស់ មនុស្សអ្នកភូមិស្លាប់គ្មាននរណាកប់នរណាទេ ឯប្រពន្ធកូនរបស់អ្នកឯង ក៏ប្រហែលជាស្លាប់ទៅហើយ ឬ យ៉ាងណា ក៏មិនដឹង ព្រោះអ្នកភូមិដទៃ ឥតមាននរណាម្នាក់ហ៊ានចូលទៅទេ ។ បុរសនោះដោយសេចក្ដីនឹកប្រពន្ធ-កូនខ្លាំងពេក ក៏ចេះតែចចេសចូលទៅ គាត់ខំធ្វើដំណើរទៅទាំងយប់ ហើយទាំងសស្លើតសស្លក់ផង ។ លុះទៅជិតដល់លំនៅខ្លួន មើលទៅឃើញភ្លើងផ្លុង ៗ គ្រប់ៗផ្ទះ ដូចប្រក្រតី គាត់ត្រេកអរណាស់ ហើយនឹកខឹងនឹងអ្នកស្រុក ដែលប្រាប់ពីកណ្ដាលផ្លូវថា ៖ គេនិយាយកុហកខ្លួន ។ ប៉ុន្តែនៅតាមផ្លូវទៅផ្ទះគាត់ គាត់មានសេចក្ដីសង្ស័យដែរ ចំពោះសភាពស្ងប់ស្ងាត់ប្លែកពីធម្មតា តែគាត់សន្និដ្ឋានថា ប្រហែលជាអ្នកស្រុកមិនស្រួលមែនទើបស្ងាត់យ៉ាងនេះ ។ លុះទៅដល់ទ្វាររបងផ្ទះក៏ស្រែកហៅប្រពន្ធ, ពេលនោះគាត់ឃើញស្រីម្នាក់ ដែលគាត់បានស្គាល់ច្បាស់ ថាជាប្រពន្ធរបស់គាត់ រត់មកទទួលរាក់ទាក់ នឹងគាត់ដូចដូចធម្មតា គ្មានអ្វីគួរឲ្យសង្ស័យសោះ ។
- នាងនោះខំប្រញិបប្រញាប់ ទៅបង្កាត់ភ្លើងដាំបាយឲ្យប្ដីបរិភោគ, ប៉ុន្តែនាងហាមប្ដីមិនឲ្យចូលទៅក្នុងបន្ទប់ដេកនាងទេ ឲ្យគាត់សម្រាកនៅខាងក្រៅសិនហើយ ។
ប្ដីនឹកឆ្ងល់នឹងឥរិយាបថដ៏ចម្លែករបស់ភរិយាណាស់ ដោយគាត់សង្កេតឃើញភ្នែកនាងធំៗ លៀនៗ បែបក្រហម ហើយក្រឡឹបក្រឡាប់ខុសពីធម្មតា ថែមទាំងធំក្លិនគំរង់សាកសព បក់ចេញពីបន្ទប់ដេក ម្ដងៗ ផង គាត់ក៏ចង់ដឹងថាមានអ្វីនៅក្នុងបន្ទប់ដេកនោះ បានជានាងឃាត់មិនឲ្យចូល ? គិតសព្វគ្រប់ទៅ ក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធ, បន្តិចមក ឃើញលៀនអណ្ដាតយ៉ាងវែងកេវយកវែកដែលរបូតពីដៃធ្លាក់ទៅដីមកវិញ ។ ប្ដីដែលចេះតែសម្លឹងអាកប្បកិរិយាប្រពន្ធ កាលបើឃើញដូច្នោះ ដឹងថាមិនមែនជាប្រពន្ធខ្លួនពិតប្រាកដទេ គឺច្បាស់ជាពួកបិសាចក្លែងភេទ ហើយទើបនឹកឃើញដល់រឿងដែលគេនិយាយប្រាប់ពីកណ្ដាលផ្លូវថា មានពួកបិសាចធ្វើបាបលោកសង្ឃ ដូចរៀបរាប់មកហើយ នោះភ្លាម, ក៏លបចូលទៅវែកមុងក្នុងបន្ទប់របស់ប្រពន្ធខ្លួនមើល ឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរុកជ្រិច ។
- គាត់ថយចេញមកវិញ ហើយគិតរកមធ្យោបាយដើម្បីដោះខ្លួនអំពីកណ្ដាប់ដៃមេបិសាចនេះ ទើបគាត់និយាយទៅកាន់នាងនោះថា “ ឯងដាំបាយឲ្យឆ្អិនឆាប់ទៅវ៉ី គ្នាអស់កម្លាំងណាស់
គ្នាទៅនោមនៅចុងរានក្រៅផ្ទះឯណោះមួយភ្លែត ។ ថាហើយគាត់ក៏ទៅ ចោះក្អមទឹកមួយដែលនៅក្បែរនោះ បង្ហូរទឹកទៅដី ឮដូចមនុស្សនោមមែន ។ ចោះរួចគាត់លបចុះ រត់បាតជើងសព្រាតតម្រង់ទៅរកអារាមមួយ ដែលមានលោកគ្រូមួយអង្គ ចេះមន្តអាគមគាថា ពូកែខាងការពារខ្មោចបិសាច និងអាបធ្មប់ ។
- ចំណែកនាងបិសាច ឮសូរប្ដីនោមយូរពេក នឹកឆ្ងល់ ក៏តាមទៅមើល, មិនឃើញប្ដី ក៏មឹតរត់តាមក្រោយយ៉ាងលឿន ដល់ពាក់កណ្ដាលផ្លូវឃើញប្ដី ។ ចំណែកឯប្ដី រត់មិនទាន់បានប៉ុន្មាន
ងាកក្រោយឃើញខ្មោចដេញតាម ដឹងខ្លួនថាមើលទៅស្ទុះមិនរួចអំពីកណ្ដាប់ដៃបិសាច ក៏រត់ឡើងដើមបាយម៉ាត ១ ដើមដែលនៅក្បែរនោះ ។ នាងបិសាចមិនហ៊ានទៅជិតដើមនោះសោះ ចេះតែដើរក្រឡឹង ៗ ក្បែរ ៗ ហើយស្រែកហៅប្ដីឲ្យចុះមក ។
- បុរសនោះដឹងថានាងបិសាចនេះ ពិតជាខ្លាចដើមបាយម៉ាតនេះហើយ បានជាមិនហ៊ានមកជិតអញសោះ ក៏កាច់មែកបាយម៉ាត ១ មែក លីដើរសំដៅទៅវត្តទៅ
ឯនាងបិសាចពិតមែនតែមិនហ៊ានទៅជិតបុរសជាប្ដី ដោយខ្លាចដើមបាយម៉ាតមែន តែនាងនៅតែដើរតាមក្រោយរហូត ។ បុរសទៅដល់វត្តស្ទុះចូលទៅកណ្ដាលជំនុំព្រះសង្ឃ ដែលកំពុងធ្វើឧបោសថកម្មនៅក្នុងព្រះវិហារ ហើយពិតពុទ្ធដីកាព្រះសង្ឃតាមដំណើរ ។ ពេលនោះលោកគ្រូដែលពូកែខាងមន្តអាគមគាថា ក៏នាំបុរសទៅនៅក្នុងកុដិរបស់លោក ហើយសូត្រអាគមគាថា ព័ទ្ធសីមាយ៉ាងស្វាហាប់ ។ ឯនាងបិសាចក៏មិនទៅណាឆ្ងាយ អំពីកុដិព្រះសង្ឃនោះទេ ។ ពិតមែន តែនាងចូលទៅក្នុងកុដិលោក តាមប្ដីរបស់នាងមិនបាន ដោយរបាំងនៃមន្តអាគមគាថា, ប៉ុន្តែ នាងចេះតែក្រវែលរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូលទៅតាមប្ដី ។
- ទៅក្បែរកុដិព្រះថេរៈអង្គនោះ មានដើមចេកជ្វា ១ ដើម ដែលមានធាងដុះចូលទៅត្រង់បង្អួចកុដិ ។ ទោះបីមន្តអាគមរបស់លោកដ៏ពូកែយ៉ាងណា ក៏មិនអាចទប់ឈ្នះនឹងដើមចេកជ្វានោះដែរ ។
លោកព័ទ្ធសីមាបានតែត្រង់កន្លែងណា ដែលធាងចេកជ្វា មិនទៅប៉ះនឹងសំយាបកុដិប៉ុណ្ណោះ ចំពោះ ១ ភាគតូចនៃកុដិរបស់លោក ដែលធាងចេកជ្វាទៅប៉ះនោះ នៅចន្លោះជាឱកាសដ៏ប្រសើរដល់នាងបិសាច, នាងបិសាចក៏ឡើងតាមដើមចេកជ្វា ហើយសួតាមធាងចេកនោះ ឆ្លងចូលទៅក្នុងកុដិរបស់លោក កាច់កប្ដីរបស់ខ្លួនសម្លាប់ក្នុងពេលនោះទៅ ។
- ព្រោះហេតុមានរឿងនិទានមកនេះហើយ ទើបបុរាណខ្មែរយើងនិយមជំនឿនេះ ហាមប្រាមកូនចៅ មិនឲ្យដាំដើមចេកជ្វានៅជាប់នឹងសំយាបផ្ទះ គេថាវាដាក់ខ្លួន ។
ឯដើមបាយម៉ាតក៏បានជាឱសថសម្រាប់ការពារមួយមុខយ៉ាងពូកែ ចំពោះខ្មោចព្រាយបិសាចនិងអាបធ្មប់ ជាប់រហូតមកដល់សព្វថ្ងៃនេះ ។
No comments:
Post a Comment