រឿង ភ្នំសុពណ៌កាឡី
(នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ)
បើធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវទន្លេធំ ដោយទូកឬកប៉ាល់ ដល់ទៅភ្នំដីច្រាល ហើយបត់ទៅដល់ផែក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ក្រឡេកចោលភ្នែកទៅទិសឦសាន ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រើយខាងជើង ត្រង់ឃុំចំបក់ យើងនឹងឃើញភ្នំមួយខ្ពស់ទទុងនៅក្បែរមាត់ទន្លេនោះ ឈ្មោះ " ភ្នំសុពណ៌កាឡី " ជាភ្នំស័ក្ដិសិទ្ធិ ។
ភ្នំនោះ មានរឿងព្រេងដំណាលដូចតទៅនេះ :
កាលពីព្រេងនាយ មានក្រពើមួយឈ្មោះ " សុពណ៌កាឡី " ខ្លួនធំមហិមា មានឫទ្ធានុភាពពូកែណាស់ ឥតក្រពើណាប្រឡងឫទ្ធិផងបាន អាស្រ័យនៅក្នុងអន្លង់មួយឈ្មោះអន្លង់សាលី ដែលសព្វថ្ងៃហៅ ភូមិអន្លង់សាលី ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាខាងក្រោមភ្នំ សុពណ៌កាឡី ចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ។
ក្នុងសម័យជាមួយគ្នានោះ នៅឃុំមហាលាភ ស្រុកកោះសុទិន ក្នុងខេត្តកំពង់ចាម មានក្រពើមួយឈ្មោះ " នាងឱរ៉ៃ " នៅអាស្រ័យក្នុងទឹកទន្លេតូច ត្រង់កំពង់វត្តមហាលាភ ជាក្រពើរបស់លោកសង្ឃចិញ្ចឹម ពេលលោកនិមន្តទៅបិណ្ឌបាត ក្រពើនោះតែងបញ្ជិះចម្លងលោកទៅ ដល់លោកនិមន្តត្រឡប់មកវិញជាធម្មតា ។
ក្រពើនោះ មានមាឌធំណាស់ ក្បាល ៧ហត្ថ តំណែងខ្លួនជាមនុស្សបាន ។ កាលវាតំណែងខ្លួនជាមនុស្ស បានឮពាក្យមនុស្សនិយាយគ្នាថា " ក្រពើឈ្មោះ នាងឱរ៉ៃ ធំអ្វីប៉ុណ្ណឹង ក្រពើឈ្មោះ សុពណ៌កាឡី នៅអន្លង់សាលី ធំជាងនេះទៅទៀត " ។
នាងឱរ៉ៃ បានឮមនុស្សនិយាយដូច្នេះ ក៏នៅជាក្រពើដូចដែលហែលទៅតាមទន្លេតូច មានចម្ងាយច្រើនគីឡូម៉ែត្រ សំដៅទៅរកក្រពើ សុពណ៌កាឡី ដោយប្រាថ្នានឹងប្រឡងឫទ្ធិគ្នា, លុះចេញទៅដល់មាត់ពាមផ្កាយម្រេច ប្រទះនឹងតាចាស់យាយចាស់កំពុងចែវទូកឆ្លងទន្លេធំ នាងឱរ៉ៃ ក៏គិតថា " បើខ្លួនអញនៅជាក្រពើនឹងសុំដោយសារតាយាយនេះពុំបានទេ ព្រោះគាត់ខ្លាច ដូច្នេះ គួរអញនិម្មិតខ្លួនជាលោកនេន ទើបសុំដោយសារគាត់បាន " ។ គិតហើយ ក៏និម្មិតខ្លួនជាលោកនេន សុំដោយសារជាមួយតាយាយបានដូចបំណង ។ នាងឱរ៉ៃ លោកនេន មិនបានឲ្យតាចែវកន្សៃទូកទេ បង្គាប់តាថា " សូមតាទៅអង្គុយកាន់ជើងចែវខាងក្បាលទូកទប់ខ្លួនឲ្យនឹងចុះ " ។ ថាដូច្នេះហើយ លោកនេនក្រពើក៏ខំចែវទូកលឿនបន្តិចម្ដងៗ យូរទៅរឹតតែលឿនឡើងៗ ដោយអំណាចនាងឱរ៉ៃ និម្មិតយកកន្ទុយជួយកាយទឹកផ្សំផង ចំនួនកន្លះថ្ងៃទើបទៅដល់ទីកន្លែងក្រពើ សុពណ៌កាឡី ។ នាងឱរ៉ៃលោកនេន សួរតាយាយថា " តាឡើងត្រើយខាងស្ដាំណា ? " ។ តាឆ្លើយប្រាប់វិញថា " តាឡើងត្រើយខាងស្ដាំនេះបានហើយ " ។ លុះចូលទូកទៅដល់កំពង់ នាងឱរ៉ៃ លោកនេន ជួយអូសទូកតាយាយផុតពីទឹក ។ តាថា ដាក់ទូកត្រង់ហ្នឹងបានហើយ" ។ នាងឱរ៉ៃ លោកនេនថា "ពុំបានទេ តា!” ថាហើយក៏អូសទូកនោះ ទៅដាក់ដល់ចិញ្ចើមច្រាំង ចងក្រៀកដោយច្រវាក់ភ្ជាប់នឹងបង្គោល ព្រោះ នាងឱរ៉ៃ គិតថា " នៅពេលប្រឡងឫទ្ធិគ្នានោះរលកទឹកខ្លាំងណាស់ ពោរដល់ចិញ្ចើមច្រាំង បើប្រហែលមិនចងឲ្យជាប់មុខជានឹងអណ្ដែតទូកនោះបាត់ "គិតហើយក៏សំដែងឫទ្ធិប្រែខ្លួនជាក្រពើលោតចុះទៅក្នុងទឹក ហែលសំដៅទៅរកក្រពើ សុពណ៌កាឡី បានជួបហើយក៏ប្រខាំគ្នាដោយឫទ្ធិយ៉ាងអស្ចារ្យ បញ្ឈរខ្លួនផុតពីទឹកផ្អើលអស់មនុស្សមកមើលត្រៀបត្រា រលកទឹកបោកហួសចិញ្ចើមច្រាំង ។ លុះប្រខាំគ្នាយូរទៅ ក្រពើ នាងឱរ៉ៃ មានឫទ្ធិជាងខាំត្រូវពោះក្រពើ សុពណ៌កាឡីៗ ក៏ធ្លាយពោះស្លាប់មួយរំពេចទៅ កើតជាភ្នំមួយហៅថា " ភ្នំសុពណ៌កាឡី " តាមឈ្មោះក្រពើនោះដរាបមកដល់សព្វថ្ងៃនេះ ។
ភ្នំនេះ ពូកែស័ក្ដិសិទ្ធិណាស់ បើអ្នកណាទៅរៀនមន្តវិជ្ជានៅទីភ្នំនោះ កំពុងអង្គុយស្វាធ្យាយ តែងមានពួកបិសាចមកច្បងធ្វើជាដុំមាសប៉ុនដូងទុំ ឬស្រីក្រមុំមកពិតអែបស្មាសងខាង បើអ្នករៀនវិជ្ជានោះ ភ្លាត់ចំណាប់ ចង់បានរបស់នោះ មុខជាពួកនេះវាយបំបាក់កស្លាប់ពុំខាន ។
កាលមានជ័យជម្នះហើយ ក្រពើ នាងឱរ៉ៃ នោះ ក៏ត្រឡប់មកទីលំនៅវិញ ។ លុះបានយូរទៅបន្តិចទៅ ក្រពើនោះកំពុងតែបញ្ជិះលោកនេនឆ្លងទឹក ស្រាប់តែប្រទះនឹងក្រពើបច្ចាមិត្តដទៃទៀតមកបៀតបៀន នាងឱរ៉ៃ ក៏គិតថា " ឥឡូវនេះនឹងទុកលោកនេននៅកន្លែងណា ? " ។ រកកន្លែងនឹងដាក់គ្មាន នាងឱរ៉ៃ ក៏លេបលោកនេនចូលទៅក្នុងពោះខ្លួនហើយប្រយុទ្ធនឹងក្រពើជាបច្ចាមិត្ត ។ ក្រពើបច្ចាមិត្ត ចាញ់ក្រពើនាងឱរ៉ៃ ហើយគេចខ្លួនរត់បាត់ទៅ ។
លុះរួចកិច្ចប្រយុទ្ធហើយ នាងឱរ៉ៃ ក៏ខ្ជាក់លោកនេនចេញពីពោះតាមមាត់ខ្លួនមកវិញ ឃើញលោកនេននោះសុគតទៅហើយ ក៏កើតសេចក្ដីសោកស្ដាយក្រៃពេក ។
នៅឱកាសដែលពួកមហាជន កំពុងធ្វើបុណ្យឈាបនកិច្ចរំលាយសពលោកនេននោះ, ក្រពើ នាងឱរ៉ៃ ក៏វារឡើងទៅដេកលើភ្នក់ភ្លើងដែលកំពុងឆេះពេញអំណាច ។ តេជោធាតុក៏ឆេះក្រពើ នាងឱរ៉ៃ នោះបាត់បង់ជីវិតទៅមួយរំពេចដែរ ។
No comments:
Post a Comment