Tuesday, 6 November 2018

រឿង​ ធនញ្ជយ​សេដ្ឋី​លួច​មាស របស់​តុត្តលោ​សេដ្ឋី

រឿង​ ធនញ្ជយ​សេដ្ឋី​លួច​មាស របស់​តុត្តលោ​សេដ្ឋី
ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៤១ - ៤៥


មាន​និទាន​មួយ​ថា : មាន​សេដ្ឋី ២ នាក់ ម្នាក់​ឈ្មោះ​ធនញ្ជយ​សេដ្ឋី​ម្នាក់​ឈ្មោះ​តុត្តលោ​សេដ្ឋី អ្នក​ទាំង ២ ស្រលាញ់​គ្នា​ណាស់​យក​គ្នា​ជា​ក្លើ ។ ឯ​តុត្តលោ​សេដ្ឋី យក​មាស​មួយ​ពាន់​តម្លឹង​ដាក់​ក្នុង​ថង់ យក​ខ្សែ​ចង​ដំ​ត្រា​ជា​សម្គាល់​រួច​ហើយ ផ្ញើ​ទុក​នៅ​ផ្ទះ​ធនញ្ជយ​សេដ្ឋី​ជា​ក្លើ ។ ធនញ្ជយ​សេដ្ឋី​ទៅ​ជួញ​យក​មាស​ទុក​ហើយ តុត្តលោ​សេដ្ឋី​លា​ធនញ្ជយ​សេដ្ឋី​ទៅ​ជួញ​ជា​អំឡុង​ទៅ ។ ធនញ្ជយ​សេដ្ឋី​ឲ្យ​ទៅ​រក​ជួល​ជាង​ជួល​បាន​ហើយ ទើប​កាត់​ថង់​ទាំង​ពីរ យក​មាស​មួយ​ពាន់​តម្លឹង​ចេញ​មក​ហើយ​ ក៏​យក​ទង់​ដែង​មក​ថ្លឹង​ទម្ងន់​ស្មើ​នឹង​មាស​នោះ​ហើយ យក​ទៅ​ច្រក​ទុក​ក្នុង​ថង់​មាស​នោះ​វិញ រួច​ជួល​ជាង​ឲ្យ​ជុល​ថង់​នោះ​ឲ្យ​បាន​ដូច​ដើម ។ ជាង​ទទួល​ឈ្នួល​ជុល​ថង់​រួច​ហើយ ឲ្យ​ធនញ្ជយ​សេដ្ឋី​ទទួល​ទុក​ជា​អំឡុង​ទៅ ។ តុត្តលោ​សេដ្ឋី​​មក​អំពី​ជួញ ទើប​ប្រដាប់​ចំណី​ផ្លែឈើ​ផង​យក​មក​ជូន​ធនញ្ជយ​សេដ្ឋី​ជា​ក្លើ​ហើយ​និយាយ​ថា “អញ​មក​សុំ​មាស​អំពី​ក្លើ” ។ ឯ​ធនញ្ជយ​សេដ្ឋី​យក​ថង់​ច្រក​ទង់​ដែង​ឲ្យ​តុត្តលោ​សេដ្ឋី ៗ រមិល​រមើល​ថង់​នោះ​សព្វ​គ្រប់ ជាក់​ជា​របស់​ឯង ពុំ​ប្លែក​ឡើយ តែ​ទទួល​យក​មក​ស្រាយ​ពុំ​ឃើញ​មាស​នោះ​ឡើយ ឃើញ​ឯ​ទង់ដែង​វិញ តុត្តលោ​សេដ្ឋី​សួរ​ថា អញ​ផ្ញើ​មាស​អញ​នៅ​ក្លើ មាស​អញ​បាត់​ទៅ​ណា​ក៏​មក​ឃើញ​ឯ​ទង់ដែង​ដូច្នេះ​វិញ ។ ធនញ្ជយ​សេដ្ឋី​ឆ្លើយ​ថា “នរណា​នឹង​យក​មាស​ក្លើ បើ​ក្លើ​មិន​ជឿ​អញ​ក្លើ​មើល​តែ​ថង់ ចំណង​ខ្សែ​ថង់ នឹង​ត្រា​នោះ​ចុះ ” ម៉្លោះ​ហើយ​អ្នក​ទាំង ២ ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ដាច់​​ស្រេច កើត​ទៅ​ជា​ក្ដី​នឹង​គ្នា​ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម​ៗ ជំនុំ​ឲ្យ​ពុំ​បាន​ទើប​នាំ​គ្នា​ទៅ​ដល់​ព្រះ​មហាក្សត្រ ។ ឯ​តុត្តលោ​សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ ត្បិត​ខ្ញុំ​ព្រះបាទ​អម្ចាស់ យក​មាស​មួយ​ពាន់​តម្លឹង​ច្រក​ក្នុង​ថង់​ចង​មាត់​ខ្ជាប់​ដំ​ត្រា​ហើយ​ផ្ញើ​នឹង​ក្លើ​នេះ​ឯង ម្ដេច​ក៏​មាស​របស់​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ប្រែ​ជា​ទង់​ដែង​ទៅ​វិញ សូម​ព្រះបាទ​អម្ចាស់ ទ្រង់​ព្រះ​ពិចារណា​ហោង” ។ ឯ​ធនញ្ជយ​សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ត្បិត​ក្លើ​នេះ​ឯង​យក​ទង់​ដែង​ច្រក​ថង់​ដំ​ត្រា​ខ្ជាប់ ហើយ​ផ្ញើ​នឹង​ខ្ញុំ​ព្រះបាទ​អម្ចាស់​ឲ្យ​ទុក​ឲ្យ ខ្ញុំ​ព្រះបាទ​អម្ចាស់​ពុំ​ដឹង​ជា​ទង់​ដែង​ស្មាន​ថា​ជា​មាស​ពិត ខ្ញុំ​ព្រះបាទ​អម្ចាស់​ក៏​ទទួល​ទុក លុះ​យូរ​ទៅ​ក្លើ​នេះ​មក​យក​អំពី​ខ្ញុំ​ព្រះបាទ​អម្ចាស់ ៗ យក​ឲ្យ​ហើយ ក្លើ​នេះ​ស្រាយ​ចេញ​ពុំ​ឃើញ​មាស​ឡើយ ឃើញ​ឯ​ទង់​ដែង​វិញ ក្លើ​នេះ​ថា “ខ្ញុំ​ព្រះបាទ​អម្ចាស់​យក​មាស​នោះ” សូម​ព្រះអង្គ​ទ្រង់​ពិចារណា ព្រះរាជ​ទាន​ខ្ញុំ​ព្រះបាទ​អម្ចាស់​ហោង ” ។ ព្រះមហាក្សត្រ ព្រះអង្គ បាន​ជ្រាប​នូវ​ដំណើរ​ការណ៍​សេដ្ឋី​ទាំង ២ ហើយ​ទើប​មាន​ព្រះបន្ទូល​ថា “ហៃ​សេដ្ឋី​ទាំង ២ អើយ​! កុំ​ព្រះស្ដែង​ក្ដី​នឹង​គ្នា បើ​ព្រះ​ស្ដែង​ស្រលាញ់​គ្នា​អំពី​ដើម​ដូច​ម្ដេច​មិញ ចូរ​ព្រះស្ដែង​ស្រលាញ់​គ្នា​ដូច​ដែល​ហោង”។ ឯ​ធនញ្ជយ​សេដ្ឋី​កាល​បើ​ឮ​ព្រះបន្ទូល​ដូច្នោះ​ហើយ ក៏​ក្រាប​លា​ទៅ​លំនៅ​អាត្មា​វិញ ។ ក្រោយ​មក​ព្រះអង្គ​ត្រាស់​ដណ្ដឹង​ទៅ​តុត្តលោ​សេដ្ឋី​ថា “ ធនញ្ជយ​សេដ្ឋី មាន​កូន​ឬ​ឥត​កូន ? ” ។ តុត្តលោ​សេដ្ឋី​ក្រាប​ទូល​ថា “ មាន​កូន ” ។ ទើប​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “បើ​មាន​កូន​មែន​ដូច្នោះ ចូរ​ព្រះ​ស្ដែង​ប្រលោម​លួង​លោម យក​កូន​នោះ​មក​នៅ​នឹង​ព្រះស្ដែង បាន ៣ ថ្ងៃ ហើយ​ព្រះស្ដែង យក​ស្វា ១ ទៅ​ឲ្យ​វិញ ហើយ​ប្រាប់​ថា “ កូន​ក្លើ​ប្រែ​អាត្មា​ជា​ស្វា​ទៅ​ហើយ” ។ តុត្តលោ​សេដ្ឋី ទទួល​ព្រះបន្ទូល​ដូច្នោះ​ហើយ ក៏​ទៅ​ប្រលោម​លួង​លោម​យក​កូន​ធនញ្ជយ​សេដ្ឋី​បាន​មក​នៅ​ជា​អំឡុង​ថ្ងៃ ៣ យក​កូន​នោះ​លាក់​ហើយ ចាប់​បាន​ស្វា ១ យក​ទៅ​ឲ្យ​ធនញ្ជយ​សេដ្ឋី ហើយ​ប្រាប់​ថា “ ក្លើ ! ឥឡូវ​នេះ កូន​ក្លើ​ឯង​ប្រែ​ទៅ​ជា​ស្វា​ទៅ​ហើយ” ។ ធនញ្ជយ​សេដ្ឋី​ថា “ ក្លើ​យក​កូន​អញ​ទៅ​នៅ​ផង ហេតុ​អ្វី​បាន​ជា​ពុំ​យក​កូន​មក​ឲ្យ​អញ យក​ឯ​ស្វា​មក​ឲ្យ​អញ​ដូច្នេះ ? ” ។ តុត្តលោ​សេដ្ឋី​ថា “នេះ​ឯង​កូន​ក្លើ​ហើយ ម្ដេច​ឡើយ​ក្លើ​ថា​អញ​យក​ស្វា​មក​ឲ្យ ” ។ ម្ល៉ោះ​ហើយ​សេដ្ឋី​ទាំង ២ ក៏​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​ពុំ​ចេះ​អស់​ពុំ​ចេះ​ហើយ ទើប​នាំ​គ្នា​ទៅ​គាល់​ព្រះ​មហា​ក្សត្រ ។ ធនញ្ជយ​សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ តុត្តលោ​សេដ្ឋី ​យក​កូន​ខ្ញុំ​ព្រះបាទ​អម្ចាស់​ទៅ​នៅ​ផង​ជា​អំឡុង​ថ្ងៃ ៣ ពុំ​យក​កូន​មក​ឲ្យ​ខ្ញុំ ព្រះបាទ​អម្ចាស់​វិញ​ឡើយ យក​ឯ​ស្វា​មក​ឲ្យ​ថា​កូន​ខ្ញុំ​អម្ចាស់​វិញ ​សូម​ព្រះរាជ​ទាន ព្រះអង្គ​ទ្រង់​ពិចារណា​ឲ្យ​ខ្ញុំ​ព្រះបាទ​អម្ចាស់ ” ។ ឯ​តុត្តលោ​សេដ្ឋី​ក្រាប​បង្គំ​ទូល​ថា “ខ្ញុំ​ព្រះបាទ​អម្ចាស់ យក​កូន​នេះ​ទៅ​ពិត​មែន តែ​ហេតុ​ម្ដេច​បាន​ជា​កូន​នេះ​ប្រែ​អាត្មា​ជា​ស្វា​វិញ រឿង​នេះ​សូម​ព្រះអង្គ​ទ្រង់​ព្រះចិន្ដា​ពិចារណា​ហោង” ។ ព្រះ​មហាក្សត្រ​ទ្រង់​ព្រះ​សណ្ដាប់​ដំណើរ​សេដ្ឋី​ទាំង ២ ហើយ ក៏​ទ្រង់​មាន​ព្រះបន្ទូល​ថា “ សេដ្ឋី​អើយ ! បើ​វា​បាន​ជា​ក្លាយ​ដូច្នេះ​ទៅ​ហើយ ព្រះស្ដែង​ទាំង ២ នាក់​ត្រូវ​ធ្វើ​សច្ចាធិដ្ឋាន​រៀង​ខ្លួន ហើយ​ធនញ្ជយ​សេដ្ឋី​ត្រូវ​យក​ទង់​ដែង​ច្រក​ក្នុង​ថង់​ទុក​ដូច​​ដែល​អស់​កំឡុង​ថ្ងៃ ៣ តុត្តលោ​សេដ្ឋី ក៏​ត្រូវ​យក​ស្វា​ទៅ​ទុក​រក្សា​ធ្វើ​ជា​កូន​អស់​កំឡុង​ថ្ងៃ ៣ ដែរ, បើ​ព្រះស្ដែង​ទាំង​ពីរ​ស្រលាញ់​គ្នា តាម​សភាព​ដើម​ពិត​មែន​ហើយ ទង់​ដែង​មុខ​ជា​កើត​ជា​មាស​វិញ, ស្វា​ក៏​មុខ​ជា​ប្រែ​ខ្លួន​ជា​កូន​វិញ​ដែរ បើ​បាន​ដូច​ក្ដី​សច្ចា​ធិដ្ឋាន​របស់​ព្រះស្ដែង​ទាំង​ពីរ​នាក់​ហើយ ចូរ​ព្រះស្ដែង​នាំ​មក​កាន់​អញ” ។ សេដ្ឋី​ទាំង​ពីរ​ទទួល ព្រះ​បន្ទូល​ហើយ​ក្រាប​លា​ទៅ​លំនៅ​អាត្មា​ទីទៃ ៗ ។ ដល់​រាត្រី​ថ្ងៃ​ទី ៣ ធនញ្ជយ​សេដ្ឋី​យក​មាស​ច្រក​ក្នុង​ថង់ នាំ​ឡើង​ទៅ​ថ្វាយ ។ ឯ​តុត្តលោ​សេដ្ឋី​ឮ​ថា ធនញ្ជយ​សេដ្ឋី​យក​មាស​ទៅ​ថ្វាយ ក៏​យក​កូន​ទៅ​ថ្វាយ​ដែរ ។ ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះបន្ទូល​ឲ្យ​យក​មាស​ឲ្យ តុត្តលោ​សេដ្ឋី, យក​កូន​អំពី​តុត្តលោ​សេដ្ឋី មក​ឲ្យ​ធនញ្ជយ​សេដ្ឋី​វិញ ហើយ​ទ្រង់​មាន​ព្រះបន្ទូល​ថា “ ព្រះស្ដែង​ទាំង ២ នាក់​កុំ​អន់​ចិត្ត​នឹង​គ្នា​ឡើយ ចូរ​ស្រលាញ់​គ្នា​ដូច​ដើម​វិញ​ទៅ ” ។ សេដ្ឋី​ទាំង ២ ទទួល​ព្រះបន្ទូល​ព្រះមហាក្សត្រ​ហើយ ក៏​ក្រាប​បង្គំ​លា​ទៅ​លំនៅ​អាត្មា​ទីទៃ ៗ ។ ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។

No comments:

Post a Comment