Tuesday, 6 November 2018

រឿង សុភា​ទន្សាយ

រឿង សុភា​ទន្សាយ
ពាក្យ​រាយ​ត​ពី​ពាក្យ​កាព្យ

ដំណាល​ពី​រឿង​ទន្សាយ កាល​ដែល​រត់​ពី​អណ្ដូង​ទៅ​នោះ ទៅ​ឈប់​ជិត​ភូមិ​មួយ មាន​យាយ​ចាស់​ម្នាក់​ទូល​ចេក​ទៅ​លក់ ទន្សាយ​នោះ​ឃើញ គិត​ថា «ឥឡូវ​អញ​អស់​កម្លាំង​ម៉េ្លះ ធ្វើ​ម្ដេច​នឹង​បាន​ចេក​នោះ​ស៊ី មាន​តែ​ធ្វើ​ជា​ស្លាប់» គិត​ហើយ​លូន​ទៅ​ដេក​នៅ​ផ្លូវ ។ ឯ​យាយ​ចាស់​នោះ​ទូល​ចេក​ដើរ​មក​ដល់ ឃើញ​ទន្សាយ​គិត​ស្មាន​ថា​ជា​ស្លាប់​មែន ហើយ​លាន់​មាត់​ថា «អះ​អញ​មក​លក់​ចេក​ថ្ងៃ​នេះ ហៅ​ពេញ​ជា​មាន​លាភ​សុន្ទរ​ពន់​ពេក​ណាស់ អញ​នឹង​យក​អា​ទន្សាយ​នេះ ទៅ​ស្ល​ស៊ី​បាន​ម្ដង» ហើយ​ក៏​លើក​ទន្សាយ​នោះ​ដាក់​ក្នុង​ល្អី​ដើរ​ទៅ ។ ឯ​ទន្សាយ​កាល​បើ​យាយ​ចាស់​ដាក់​ទៅ​លើ​ល្អី​ចេក​ហើយ ក៏​បក​ស៊ី ៗ ។ លុះ​យាយ​ចាស់​នោះ​ដល់​ទៅ​ផ្ទះ​គេ ៗ ហៅ​ទិញ​ចេក គាត់​ដាក់​កញ្ជើ​ចេក​ពី​លើ​ក្បាល​មក ទន្សាយ​វា​លោត​បោល​ទៅ មើល​ទៅ​ចេក​នៅ​សល់​តែ​សំបក ។ យាយ​ចាស់​នោះ​ថា «ម៉ែ អា​ទន្សាយ​នេះ​វា​រស់​ទេ​តើ អញ​ស្មាន​ថា​វា​ងាប់» ។ ចេក​នោះ ក៏​អស់​ខាន​លក់, ទន្សាយ​នោះ​ក៏​វា​បោល​រួច​ទៅ ។
ឯ​ទន្សាយ កាល​បោល​ពី​ភូមិ​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ចុះ​ទៅ​ក្នុង​ត្រពាំង​មួយ​ប្រុង​នឹង​ផឹក​ទឹក ។ កាល​នោះ មាន​ខ្យង​ក្នុង​ត្រពាំង​នោះ​វា​ឃាត់​ថា «អា​ទន្សាយ​ឯង​ម្ដេច​ក៏​មក​ផឹក​ទឹក​អញ» ។ ទន្សាយ​ឆ្លើយ​ថា « ថ្វី! បើ​អញ​ផឹក​ទឹក​ផង, ទឹក​ម៉ែ​ឪ​អាណា? » ។ ខ្យង​ថា « អើ​ទឹក​ផង​អញ!» ។ ទន្សាយ​ឆ្លើយ​ថា « បើ​ច្នោះ​ឯង​បោល​ភ្នាល់​នឹង​អញ អញ​បោល​លើ​គោក ឯង​ហែល​ក្នុង​ទឹក បើ​ឯង​ហែល​លឿន​ជាង​អញ ៗ ខាន​ផឹក​ទឹក​ត្រពាំង​នេះ បើ​អញ​បោល​លឿន​ជាង​ឯង​ អញ​ផឹក​ទឹក​ត្រពាំង​នេះ» ។ ខ្យង​ក៏​ព្រម​ភ្នាល់​ ទើប​ខ្យង​វា​គិត​គ្នា​វា​ថា «យើង​បណ្ដាក់​គ្នា ឲ្យ​ជុំ​វិញ​មាត់​ត្រពាំង​នេះ បើ​ទន្សាយ​វា​ស្រែក​ហៅ កុំ​ឲ្យ​អ្នក​ឯក្រោយ​ឆ្លើយ​ឡើយ ឲ្យ​អ្នក​ណា​ដែល​នៅ​ឯមុខ​នោះ​ឆ្លើយ​ឡើង» ។ គិត​គ្នា​រួច​ស្រេច​ហើយ​ស្រែក​ប្រាប់​ទៅ​ទន្សាយ​ថា «ទន្សាយ​ពោល​ទៅ​ចុះ!» ។ ទន្សាយ​បោល​ទៅ​ៗ ស្រែក​ហៅ​ទៅ​ខ្យង ៗ ឯមុខ​ឆ្លើយ​ថា «កូ៎ក !» ។ ទន្សាយ​ថា «ម៉ែ! អា​នេះ​ហែល​លឿន​ទៅ​ឆ្ងាយ​ណាស់» ។ ទន្សាយ​បោល​ទៅ​ទៀត ហើយ​ហៅ​ទៀត ខ្យង​មុខ​នោះ​ឆ្លើយ​ឡើង​ទៀត បោល​ពុំ​ចេះ​ទាន់​ឡើយ ។ ទន្សាយ​ទទួល​ចាញ់​ប្រាជ្ញា​ខ្យង ពុំ​ហ៊ាន​ផឹក​ទឹក​ត្រពាំង​បឹង​បួ​ឯ​ណា៎​ឡើយ ផឹក​តែ​ទឹក​សន្សើម​តាំង​ពី​នោះ​មក ។
ឯ​ទន្សាយ​បោល​ពី​នោះ​ទៅ​ទៀត គិត​នឹង​ឆ្លង​ត្រើយ​ម្ខាង ពុំ​ដឹង​គិត​ធ្វើ​ដូចម្ដេច​នឹង​ឆ្លង​ទៅ​បាន ។ កាល​នោះ មាន​ក្រពើ​មួយ​ហែល​ចុះ​ហែល​ឡើង ។ ទន្សាយ​ឃើញ​ហើយ​គិត​ថា «អញ​ធ្វើ​ដូចម្ដេច នឹង​បាន​អាក្រពើ​នេះ​ចម្លង​អញ​ទៅ​ដាក់​ត្រើយ​នាយ? » គិត​ហើយ​ធ្វើ​ជា​សួរ​ថា «បង​ក្រពើ! បង​ឯង​កើត​អ្វី​បាន​ជា​គគ្រាត​អស់​ទាំង​ខ្លួន? » ។ ក្រពើ​នោះ​ប្រាប់​ទៅ​វិញ​ថា «គេ​ហៅ​កើត​ស្រែង» ។ ទន្សាយ​ថា «បង​ឯង​ចម្លង​អញ​ឲ្យ​តែ​ដល់​ត្រើយ​នាយ​ចុះ អញ​នឹង​មើល​ស្រែង​បង​ឯង​ឲ្យ​ជា» ។ ឯ​ក្រពើ​ឮ​គេ​ថា​នឹង​មើល​ស្រែង​ឲ្យ​ជា​ដូច្នោះ ក៏​អរ​ណាស់​ឡើង​មក​បង្កើល​ខ្លួន​លើ​គោក ហើយ​ថា «អញ​ចម្លង​អ្នក​ឯង​ទៅ, អ្នក​ឯង​មើល​ស្រែង​អញ​ឲ្យ​ជា​ចុះ ។ ទន្សាយ​ថា «អើ! កុំ​ភ័យ» ។ ទន្សាយ​វា​ខ្ពើម​ខ្លួន​ក្រពើ​ វា​កាច់​ស្លឹក​ឈើ​ទ្រាប់​អង្គុយ ។ ក្រពើ​សួរ​ថា «ចាំ​ទ្រាប់​ស្លឹក​ឈើ​ធ្វើ​អ្វី?​?» ។ ទន្សាយ​ថា «បង​ឯង​មាន​គុណ​នឹង​ខ្ញុំ​ក្រែង​វា​បាប​ខ្ញុំ» ។ ហើយ​ទន្សាយ​ឡើង​ជិះ​លើ​ក្បាល​ក្រពើ​នោះ ។ ឯ​ក្រពើ​ជឿ​ស្មោះ ចំពោះ​ថា​ជា​ត្រង់​ពិត​មែន ខំ​ហែល​ចម្លង​បាន​ដល់​ទៅ​ត្រើយ​នាយ ។ ទន្សាយ​ចុះ​ពី​លើ​ក្បាល​ក្រពើ បោល​ឡើង​ទៅ​លើ​គោក ហើយ​ស្រែក​ថា «ស្រែង​អាឯង កើត​តាំង​ពី​ជី​ដូន​ជីតា​អា​ឯង​មក​អាណា​មើល​ជា» ។ ក្រពើ​ខឹង​ណាស់ គិត​ថា «អា​ទន្សាយ​នេះ វា​បញ្ឆោត​អញ​ដល់​ខ្នាត​ហើយ ពុំ​ដឹង​ធ្វើ​ដូចម្ដេច​នឹង​ខាំ​វា​បាន» គិត​ហើយ​ធ្វើ​ដូច​គល់​អណ្ដែត​ទឹក​រសាត់​ចុះ​ឡើង ។ ទន្សាយ​នោះ វា​បោល​ទៅ​បោល​មក ឃើញ​ឯ​ក្របី​មួយ​ងាប់​នៅ​មាត់​ត្រពាំង ត្មាត​វា​រូង​ពោះ​ក្របី​នោះ ទន្សាយ​វា​ក៏​ទៅ​ចូល​លេង, ដល់​ត្រូវ​ថ្ងៃ​ក្ដៅ​គូទ​ក្របី​នោះ​វា​ខ្ជឹប​ជិត ទន្សាយ​ចេញ​វិញ​ពុំ​រួច វិល​វល់​នៅ​ក្នុង​ពោះ​ក្របី​នោះ ទាល់​តែ​ល្ងាច ។ លុះ​ល្ងាច មាន​មនុស្ស​មក​ដង​ទឹក ទន្សាយ​ថា «ឱ​អស់​អ្នក​ស្រុក​អាណិត​ដង​ទឹក​មក​ស្រោច​គូទ​ក្របី​នេះ​ឲ្យ​ទាន​ផង មេត្តា​ប្រោស​យក​តែ​បុណ្យ​ទៅ​ចុះ លោក​បាន​បុណ្យ​ច្រើន​ណាស់ ។ អ្នក​ដង​ទឹក​គេ​ឮ​ច្រើន​ដង ក៏​ដង​ទឹក​ទៅ​ស្រោច​គូទ​ក្របី​នោះ​ក៏​រីក​ឡើង ។ ទន្សាយ​វា​ចេញ​មក​ខាង​ក្រៅ រួច​ហើយ​វា​បោល​ទៅ​វា​ស្រែក​ថា «គ្មាន​បាន​គុណ​ប្រយោជន៍​អ្វី​ទេ អញ​បញ្ឆោត​ឲ្យ​តែ​រួច​ខ្លួន​អញ​ទេ» ។ ទន្សាយ​វា​បោល​ទៅ​ទៀត ឃើញ​ក្រពើ​បណ្ដែត​ខ្លួន ក៏​មន្ទិល​ក្នុង​ចិត្ត​ថា «នេះ​ជា​ក្រពើ ឬ​មួយ​ជា​គល់​ទេ​អេះ?» ។ ទន្សាយ​គិត​ដូច្នោះ​ហើយ ទើប​ស្រែក​ទៅ​ថា «បើ​ជា​ក្រពើ​ទេ ឲ្យ​អណ្ដែត​បណ្ដោយ​ទឹក បើ​ជា​គល់​ឲ្យ​អណ្ដែត​ច្រាស់​ទឹក​ឡើង​ទៅ​វិញ» ។ ឯ​ក្រពើ ឮ​គេ​ថា​ដូច្នោះ​ហើយ គិត​ថា «អញ​ថា​ធ្វើ​ជា​គល់ ឥឡូវ​គេ​ថា បើ​គល់​ឲ្យ​អណ្ដែត​ច្រាស​ទឹក បើ​ដូច្នេះ​អញ​ធ្វើ​ជា​អណ្ដែត​ច្រាស​ទឹក​ទៅ​វិញ​ចុះ» គិត​ហើយ​ក៏​ហែល​ច្រាស​ទឹក​ទៅ​វិញ ។ ទន្សាយ​ឃើញ​ហើយ​ថា យី!​មើល​ន៎! អា​ក្រពើ អាឯង​មក​បញ្ឆោត​អញ កុំ​អា​បញ្ឆោត​មិន​បាន​ទេ» ។ ក្រពើ​ឮ​ហើយ​គិត​ថា «អញ​ចាញ់​ប្រាជ្ញា​ទន្សាយ​ទៀត​ហើយ» ទើប​គិត​ទៀត​ថា «បើ​ដូច្នេះ អញ​ឡើង​លើ​គោក ធ្វើ​ជា​ងាប់​វិញ​ទើប​ស្រួល» គិត​ដូច្នោះ​ហើយ ក៏​ឡើង​ទៅ​ដេក​លើ​គោក ហា​មាត់​ដូច​ជា​ងាប់ ។ ឯ​ទន្សាយ ដើរ​ទៅ​ដើរ​មក ឃើញ​ក្រពើ​ដេក​ដូច្នោះ គិត​ថា «អា​នេះ​ងាប់​ហើយ​តើ» ។ រួច​ដើរ​ចូល​ទៅ​មាត់​ក្រពើ​នោះ ហើយ​ក៏​អង្អែល​ចង្កូម​លេង​ថា «អើ​ចង្កូម​ធំ​នេះ ធ្វើ​ដង​កាំ​បិត​ស្នៀត​អញ ចង្កូម​តូច​នោះ​ធ្វើ​ដង​កាំ​បិត​ស្លា ឲ្យ​ប្រពន្ធ​អញ​វា​កាត់​គាត» ។ កុំ​ពុង​តែ​រៀប​រាប់ ក្រពើ​ត្របាក់​ឃ្លុប ។ ទន្សាយ​បោល​ប្លូច​ចូល​ទៅ​ក្នុង​ពោះ ហើយ​ស្រែក​ថា «ឱ! ជា​ណាស់​ហើយ​នេះ អញ​កំពុង​តែ​ចង់​ស៊ី​ពោះ​វៀន​បត់​ចន្ទាស​ផង ឥឡូវ​បាន​មក​ដល់​ក្នុង​ពោះ​ហើយ អញ​ស្រាវ​ពោះ​វៀន​បត់​ចន្ទាស​អាឯង​ស៊ី​ឲ្យ​អស់» ថា​ហើយ​ក៏​ផ្ទាត់​ក្រចក​ឮ​ប្រែះៗ ។ ឯ​ក្រពើ​ឮ​ហើយ​ភ័យ​ណាស់ អង្វរ​ថា «បង​ទន្សាយ អាណិត​ចេញ​ទៅ​ចុះ! ខ្ញុំ​មិន​ហ៊ាន​ខាំ​បង​ឯង​ទេ» ។ ទន្សាយ​ថា «អើ! បើ​អា​ឯង​អង្វរ​អញ ៗ អាណិត អញ​លែង​អាឯង» ។ ក្រពើ​ហា​មាត់​ឡើង​ហើយ ទន្សាយ​នោះ​បោល​ចេញ​ទៅ ។
ទន្សាយ​បោល​ទៅ ៗ ឃើញ​អង្គត់​ឈើ​មួយ​នៅ​មាត់​ត្រពាំង ឡើង​ទៅ​អង្គុយ​លើ​ដង្គត់​ឈើ​នោះ ។ ដល់​ថ្ងៃ​ក្ដៅ​ឡើង ជ័រ​ឈើ​រលាយ​ជាប់​ឯ​គូទ​ទន្សាយ​នៅ​ដង្គត់​ឈើ​ទៅ ។ ជូន​មាន​កូន​ដំរី​មួយ​មក​ផឹក​ទឹក​ត្រពាំង​នោះ ។ ទន្សាយ​ឃើញ​ហើយ​ថា «យើ​ឯង! ម្ដេច​ក៏​មក​ផឹក​ទឹក​អញ? ទេវតា​លោក​ឲ្យ​អញ​ចាំ​នៅ​នេះ» ។ កូន​ដំរី​ភ័យ​ណាស់ ក៏​បោល​ទៅ​ប្រាប់​មេ មេ​ឮ​កូន​ប្រាប់​ដូច្នោះ ខឹង​ណាស់​មក​រក​ទន្សាយ​សួរ​ថា «អា​ទន្សាយ ឯង​ម្ដេច​ក៏​មិន​ឲ្យ​កូន​អញ​ផឹក​ទឹក?» ។ ទន្សាយ​ថា «អើ​អញ​មិន​ឲ្យ​ផឹក ត្បិត​ទេពតា​លោក​ឲ្យ​អញ​ចាំ» ។ មេ​ដំរី​នោះ​ខឹង​ណាស់​បួង​កន្ត្រាក់​ឯ​ទន្សាយ​នោះ​ចោល​ទៅ ។ ទន្សាយ​អរ​ណាស់ ត្បិត​បាន​រួច​ខ្លួន ពី​ជ័រ​ឈើ​នោះ បោល​ពី​នោះ​ទៅ​ចូល​ក្នុង​ចម្ការ​តា​ចាស់​ម្នាក់ ។ ឯ​តា​ចាស់​នោះ គាត់​ដាំ​ត្រសក់​ពេញ​តែ​ចម្ការ ។ ទន្សាយ​នោះ លួច​ត្រសក់​គាត់​ស៊ី​តែ​សព្វ​ថ្ងៃ ។ តា​ចាស់​ខឹង​ណាស់ គិត​ធ្វើ​អន្ទាក់​ដាក់ ។ ដល់​យប់​មួយ​នោះ ទន្សាយ​ទៅ​ស៊ី ត្រូវ​អន្ទាក់​តា​ចាស់ ។ ទន្សាយ​ភ័យ​ណាស់ ក្រែង​តា​ចាស់​មក​ទាន់ ។ ពេល​នោះ មាន​គីង្គក់​មួយ​លោត​ចុះ​លោត​ឡើង ។ ទន្សាយ​ឃើញ​ហើយ​អរ​ណាស់ ក៏​ធ្វើ​ជា​សួរ​ថា «អើ​បង​គីង្គក់!​បង​ឯង​កើត​អ្វី? ។ គីង្គក់​ប្រាប់​ទៅ​វិញ​ថា «ខ្ញុំ​កើត​ស្រែង» ។ ទន្សាយ​និយាយ​ថា «ឱ​អ្នក​បង! បង​ឯង​ដោះ​អន្ទាក់​ឲ្យ​ខ្ញុំ ៗ នឹង​ធានា​មើល​ស្រែង​បង​ឯង​ឲ្យ​ជា កុំ​ឲ្យ​បង​ឯង​ព្រួយ​ចិត្ត» ។ គីង្គក់​ឮ​ទន្សាយ​ថា «មើល​ស្រែង​ឲ្យ​ជា» ក៏​អរ​ណាស់ ខំ​ដោះ​អន្ទាក់ ឲ្យ​ទាល់​តែ​រួច ។ ឯ​ទន្សាយ​បាន​រួច​ពី​អន្ទាក់​ហើយ ក៏​និយាយ​ថា «ស្រែង​ពី​ជីដូន​ជីតា​អា​មក ។ អាណា​មើល​ជា» ។ គីង្គក់​ខឹង​ណាស់ ខំ​លោត​ដេញ​តាម​ទន្សាយ​ក៏​មិន​បាន​ទាន់​ឡើយ ។
ពី​នេះ​នឹង​និយាយ​ពី​តា​ចាស់ គាត់​ភ្ញាក់​ឡើង​ពី​ព្រឹក រៀប​វេច​ស្លា​ម្លូ​រួច​ហើយ ក៏​ដើរ​ជា​ប្រញាប់ ទៅ​រក​មើល​ចម្ការ​ត្រសក់​គាត់ ហើយ​ចូល​ទៅ​មើល​ឃើញ​ស្នាម​ដែល​ត្រូវ​ទន្សាយ​រួច​ទៅ​នោះ ។ តា​ចាស់​ស្ដាយ​ណាស់ គក់​ទ្រូង​គក់​ស្មា​ថា «អញ​ខាន​ស្ល​សាច់​ទន្សាយ​សោះ» ។ គាត់​ក៏​រៀប​ដាក់​ជា​ថ្មី ដល់​យប់​ឯក្រោយ​ទៀត ទន្សាយ​នឹក​ភ្នក​ចង់​ស៊ី​ត្រសក់ ក៏​បោល​ចូល​ទៅ​ក្នុង​ចម្ការ ភ្លេច​នឹក​អំពី​អន្ទាក់ ដោយ​សារ​ឃ្លាន​ចង់​ស៊ី​ត្រសក់ ទៅ​ជាន់​លើ​អន្ទាក់​ ជាប់​ឯ​ជើង ទន្សាយ​ភ័យ​ណាស់ មិន​ដឹង​គិត​ធ្វើ​ដូចម្ដេច នឹង​បាន​រួច​ពី​អន្ទាក់ ។ ឯ​សត្វ​គីង្គក់ ឃើញ​ទន្សាយ​ជាប់​អន្ទាក់ ក៏​អរ​ណាស់ លោត​ឡើង​ទះ​ដៃ​ផ្ដន្ទា​ថា «ឯង​ធ្លាប់​តែ​បញ្ឆោត​អញ ឥឡូវ​នេះ​មក​ជាប់​អន្ទាក់​ក្រញោន​ធ្វើ​មុខ​ភ្លឹះៗ ដូច​ជា​មុខ​ខ្មោច នរណា​នឹង​ជួយ​ឯង​ទៀត» ។ ឯ​ទន្សាយ ឮ​គីង្គក់​ផ្ទាន់​ផ្ទាន់​ផ្ចាញ់​ផ្ទល់ នឹក​ខឹង​ក្នុង​ចិត្ត​ណាស់ ប៉ុន្តែ ជា​សត្វ​មាន​ប្រាជ្ញា ធ្វើ​ជា​មិន​ខឹង និយាយ​លួង​លោម​គីង្គក់​ថា «ពី​មុន​ខ្ញុំ​បញ្ឆោត​បង​ឯង ពី​ព្រោះ​ខ្ញុំ​ទាល់​ចំណេះ មិន​ចេះ​ថ្នាំ​មើល​ស្រែង​បង​ឯង ម្ដង​នេះ ខ្ញុំ​និយាយ​ប្រាកដ​ប្រជា​មែន​ទែន ត្បិត​ខ្ញុំ​ឃើញ​កូន​ក្រមុំ​គេ​ល្អ​ណាស់​មុខ​កំប្លង់​ៗ ថ្ពាល់​បំផូរ​ដូច​ផ្កា​កុលាប ខ្ញុំ​នឹង​ទៅ​ដណ្ដឹង​ឲ្យ​បង​ឯងៗ កុំ​ព្រួយ​ចិត្ត ត្បិត​ខ្ញុំ​បាន​និយាយ​ម្ដង​រួច​ហើយ គេ​ថា​នឹង​ឲ្យ​ជា​ប្រពន្ធ​បង​ឯង ។ បង​ឯង​ជួយ​ដោះ​ខ្ញុំ​ឲ្យ​រួច​ចេញ​ពី​អន្ទាក់​ម្ដង​នេះ ខ្ញុំ​ទៅ​ដណ្ដឹង​ឲ្យ កុំ​ព្រួយ​ចិត្ត» ។ គីង្គក់ ហេតុ​តែ​ជា​សត្វ​ឆ្កួត​នឹង​ស្រី បាន​ឮ​ទន្សាយ​និយាយ​ពី​កូន​ក្រមុំ​គេ​ដូច្នោះ អរ​ណាស់​អត់​មិន​បាន ញញឹម​ញញែម​កន្លេះកន្លោញ២ចង់​បាន​កូន​ក្រមុំ​គេ ហើយ​និយាយ​ថា «បង​ទន្សាយ​ឯង​និយាយ​ឲ្យ​មែន​ទែន កុំ​បញ្ឆោត​ខ្ញុំ​ដូច​ពី​មុន​ទៀត» ។ ទន្សាយ​ឆ្លើយ​ថា «ទេ! បញ្ឆោត​អី​ច្រើន​ដង​ម្ល៉េះ ពី​មុន​វា​ទាល់​ចំណេះ​ខ្ញុំ​ទេ បាន​ជា​ខ្ញុំ​កុហក ម្ដង​នេះ​ងាយ​ទេ ត្បិត​នៅ​ស្រុក​អង្គរ​មាន​កូន​ក្រមុំ​ច្រើន​ណាស់ ទោះ​បី​ខ្ញុំ​មិន​ទៅ បង​ឯង​ទៅ​ដណ្ដឹង​ខ្លួន​ឯង​ក៏​គេ​ឲ្យ​ដែរ ត្បិត​ឥឡូវ​ក្រមុំ​ថោក​ណាស់ ក្រមុំ​ដប់​មួយ​ស្លឹង៣ (បាន​ជា​មាន​ពាក្យ​គេ​ច្រៀង​ជាប់​ដល់​សព្វ​ថ្ងៃ​ថា «ក្រមុំ​ដប់​មួយ​ស្លឹង» ដោយ​សារ​ឃើញ​គីង្គក់​ហែល​ទឹក​ទៅ​យក​ប្រពន្ធ​ស្រុក​អង្គរ) ។ គីង្គក់ ក៏​ដោះ​អន្ទាក់​ឲ្យ​ទន្សាយ​ទៀត ។ ទន្សាយ​បាន​រួច​ពី​អន្ទាក់​ហើយ ក៏​ស្ទុះ​លោត​ផ្លោត​បោល​ទៅ ហើយ​ថា «គីង្គក់​ឯង ស្រែង​គគ្រាត​ណាស់ នរណា​គេ​នឹង​ឲ្យ​កូន​ក្រមុំ​គេ អញ​បញ្ឆោត​ឯង​ទេ » ។ ឯ​គីង្គក់ ឮ​ទន្សាយ​ថា​ដូច្នោះ ខឹង​ណាស់ ចង់​តែ​បោក​ខ្លួន​ឲ្យ​ស្លាប់​នឹង​ភ្លឺ​ស្រែ ប៉ុន្តែ មក​គិត​មានៈ​ក្នុង​ចិត្ត​ចង់​បាន​កូន​ក្រមុំ​ស្រុក​អង្គរ​ហើយ​ក៏​ទៅ​សួរ ជួប​បឹង​សត្វ​កំពូល​អាចម៍ ៗ សួរ​ថា «បង​គីង្គក់​ទៅ​ណា?» ។ គីង្គក់​ប្រាប់​ថា «ខ្ញុំ​ទៅ​រក​ប្រពន្ធ​ស្រុក​អង្គរ» ។ សត្វ​កំពូល​អាចម៍​ថា «បង​ឯង​ទៅ​ដល់​ឬ? ថ្មើរ​នេះ​ទៅ​ហើយ! ។ គីង្គក់​នោះ ហេតុ​តែ​ចង់​បាន​ប្រពន្ធ​ពេក ក៏​ប្រាប់​ទៅ​កំពូល​អាចម៍​ថា «ខ្ញុំ​ទៅ​ហើយ ខ្ញុំ​ត្រឡប់​មក​ស៊ី​បាយ​ព្រឹក​វិញ ។ គីង្គក់​ឃើញ​កំពូល​អាចម៍​ធ្វើ​ងូងៗ ក៏​សួរ​ថា «បង​ឯង​ធ្វើ​អ្វី?» ។ កំពូល​អាចម៍​ប្រាប់​ថា «ខ្ញុំ​ក្រឡឹង​ដុំ​រទេះ» ។ គីង្គក់​សួរ​ថា «ឯង​ធ្វើ​ដុំ​រទេះ​អ្វី​ខ្លី​ដល់​ម្ល៉េះ ? ។ កំពូល​អាចម៍​ឆ្លើយ​ថា «មិន​ខ្លី​ទេ ខ្ញុំ​គិត​នឹង​កាត់​ឲ្យ​បាន​ជា​ពីរ​កំណាត់​ផង ឲ្យ​គ្រប់​មួយ​សម្រាប់​តែ​ម្ដង» ។ (បាន​ជា​កំពូល​អាចម៍​ថា​ដូច្នេះ​នេះ ឲ្យ​ទាន់​ប្រាជ្ញា​ដែល​គីង្គក់​និយាយ​ជំហរ​ថា «ត្រឡប់​មក​ស៊ី​បាយ​ព្រឹក​វិញ») ។ គីង្គក់ ក៏​ហែល​ទឹក​ពី​ស្រុក​ទន្លេ​ធំ គិត​ទៅ​យក​ប្រពន្ធ​ពី​ស្រុក​អង្គរ បើ​ជួប​នឹង​សត្វ​ឯ​ណា​គេ​សួរ សុទ្ធ​តែ​ប្រាប់​គេ​ថា «ទៅ​យក​ប្រពន្ធ​ឯ​ស្រុក​អង្គរ» លុះ​ជួប​នឹង​ត្រី​ទីពោ វា​ក៏​ត្របាក់​ស៊ី​លេប​ទៅ ។ ត​អំពី​នេះ នឹង​និយាយ​អំពី​ទន្សាយ កាល​រួច​ពី​អន្ទាក់​តា​ចាស់​នោះ​ហើយ ក៏​បោល​ទៅ​ពូន​នឹង​គុម្ព​រពាក់​មួយ ។ ពេល​នោះ មាន​ខ្លា​មួយ មក​ឃើញ​ទន្សាយ​ពួន​នៅ​គុម្ព​រពាក់​នោះ វា​ក៏​លប​មក​ចង់​ខាំ​ទន្សាយ​ស៊ី ។ ឯ​ទន្សាយ ដឹង​ថា​ខ្លា​លប​ចង់​ខាំ​ស៊ី​ខ្លួន​ហើយ ធ្វើ​ជា​គ្រហែម​ថា «អ៊ែម! អញ​ស៊ី​ដំរី​ប្រាំ​មិន​ស្កាំ​ផ្ទៃ ស៊ី​គ្រប់​ខារ​ប៉ុន​មេ​ដៃ ស្អា​បំពង់​ក​ទល់​ល្ងាច ធ្វើ​ម្ដេច​បាន​ថ្លើម​ខ្លា​មក​ស៊ី សោះ​វា​ស្អា​បំពង់​ក» ។ ខ្លា​ឮ​ទន្សាយ​ថា​ដូច្នោះ ក៏​គិត​ខ្លាច​មិន​ហ៊ាន​ខាំ ហើយ​ទៅ​រក​បបួល​ស្មា លុះ​ទៅ​ជួប​នឹង​ស្វា​ហើយ និយាយ​ប្រាប់​ស្វា​ថា «អាដែង​សត្វ​អី​តូច​មួយ វា​ថា​ស៊ី​ដំរី​ប្រាំ​មិន​ស្កាំ​ផ្ទៃ ស៊ី​គ្រប់​ខារ​ប៉ុន​មេ​ដៃ ស្អា-ក​ទល់​ល្ងាច ធ្វើ​ម្ដេច​នឹង​បាន​ថ្លើម​ខ្លា​ស៊ី កុំ​ឲ្យ​ស្អា​ក, ខ្ញុំ​ឮ​ដូច្នោះ​ហើយ ខ្ញុំ​ភ័យ​ខ្លាច​ណាស់» ។ ស្វា​ឮ​ខ្លា​និយាយ​ប្រាប់​ដូច្នោះ​ហើយ ក៏​សួរ​ទៅ​វិញ​ថា «សត្វ​នោះ​ប៉ុនណា រូប​វា​ដូច​ម្ដេច?» ។ ខ្លា​ប្រាប់​ទៅ​ស្វា​ថា «សត្វ​នោះ​តូច​ប៉ុន​កដៃ​ខ្ញុំ ហើយ​មាន​ស្លឹក​ត្រចៀក​វែង កន្ទុយ​ខ្លី» ។ ស្វា​ឆ្លើយ​ថា «ឱ!​នេះ គេ​ហៅ​សត្វ​ទន្សាយ អា​នេះ​វា​ជំហរ​ណាស់ បង​ឯង​កុំ​ខ្លាច​វា» ។ ឯ​ខ្លា​ឮ​ស្វា​ថា​ដូច្នោះ​ហើយ​ថា «ទេ! បង​ស្វា ខ្ញុំ​ឃើញ​កម្ទេច​ភ្លុក​ដែល​វា​ស៊ី​ដំរី​សល់​នៅ​នោះ មាន​ពាស​ពេញ​ប្រប​ខ្លួន​វា» ។ ឯ​ស្វា​ថា «ទេ មិន​មែន​ទេ! បង​ខ្លា​ឯង​ទៅ​នឹង​ខ្ញុំ​ៗ ជូន​បង​ឯង​ទៅ​មើល​ឲ្យ​ច្បាស់​មែន​ទែន» ។ ខ្លា​ប្រកែក​ថា «ទេ​ខ្ញុំ​ខ្លាច​វា​ណាស់ វា​ថា​ចង់​ស៊ី​ថ្លើម​ខ្ញុំ បើ​បង​ឯង​ជូន​ខ្ញុំ​ទៅ បើ​វា​ដេញ​ខាំ​ខ្ញុំ ហើយ​បង​ឯង​រត់​ឡើង​ដើម​ឈើ​បាត់​ទៅ វា​នឹង​ខាំ​ខ្ញុំ​យក​ទៅ​ស៊ី​ឥត​អំពើ» ។ ស្វា​ថា «ឱ! បង​ឯង​ឆោត​អី​ដល់​ម្ល៉េះ! បើ​បង​ឯង​មិន​ជឿ​ខ្ញុំ បង​ឯង​យក​វល្លិ​មក​ចង​ចង្កេះ​ខ្ញុំ ភ្ជាប់​នឹង​បង​ឯង ឲ្យ​ជាប់​ទាំង​ពីរ​នាក់​ហើយ​សឹម​ទៅ» ។ ខ្លា​ឮ​ស្វា​ថា​ដូច្នោះ ក៏​បោច​វល្លិ​មក​ចង​ចង្កេះ​ទាំង​ពីរ​នាក់​ជាប់ ហើយ​បបួល​គ្នា​ដើរ​ទៅ​។​ ឯ​ទន្សាយ​កាល​ដែល​ខ្លា​ទៅ​វិញ ក៏​ទៅ​អង្គុយ​លើ​ដំបូក ១ ប្រប​ទី​នោះ ។ លុះ​ទន្សាយ​ក្រឡេក​មើល​ទៅ​ឃើញ​ខ្លា​និង​ស្វា​ចង​ចង្កេះ​ជាប់​គ្នា ហើយ​ដើរ​ចូល​មក​ដូច្នោះ ក៏​អើត​ឡើង​គ្រហែម​ថា «អ៊ែម ៗ! អា​ស្វា​ក្រញាំ ជំពាក់​បំណុល​អញ ២-៣ ឆ្នាំ​យក​ឯ​អា​ខ្លា​កញ្ចាស់​សំគម​មក​ឲ្យ​អញ» ។ ខ្លា​ឮ​ទន្សាយ​ថា «ស្វា​យក​ខ្លួន​មក​ផាត់​បំណុល​ឲ្យ​វា​ដូច្នោះ ក៏​ភ័យ​ណាស់ ស្ទុះ​បោល​ដូច​គេ​កន្ទ្រាក់​ស្វា​ដួល​ផ្កាប់​ផ្ងារ​ហា​មាត់ នឹង​ស្ដី​ក៏​មិន​រួច ខ្លា​ប្រឹង​តែ​បោល​ដូច​ជា​គេ​បោក​ស្វា​ទៅ​លើ​ដង្គត់​ឈើ​ស្លាប់​មាត់​ស្ញេញ ហើយ​ខ្លា​បោល​ទៅ​ឆ្ងាយ បែរ​មើល​មក​ក្រោយ​ឃើញ​មាត់​ស្វា​ស្ញេញ​ដូច្នោះ គិត​ស្មាន​ថា​ជា​ស្វា​សើច ក៏​ខំប្រឹង​កន្ទ្រាក់ ទាញ​ផ្ដាច់​ខ្សែ​ចំណង​ចេញ​ពីរ​ចង្កេះ ហើយ​បោល​តែ​ម្នាក់​ឯង​ទៅ ។ ឯ​ទន្សាយ លុះ​ដល់​ព្រលប់​យប់​ងងឹត គិត​ចង់​ស៊ី​ស្រូវ​សំណាប​ល្បាស់​ខ្ចី ហើយ​ទៅ​ជិត​ស្រុក​គេ ឃើញ​សំណាប​លាស់​ខៀវ​ខ្ចី ក៏​ស្ទុះ​លោត​ចូល​ទៅ​ស៊ី​ស្រូវ​សំណាប​ឆ្អែត ហើយ​ចូល​ទៅ​ពួន​ក្នុង​ព្រៃ​វិញ ។ ព្រឹក​ឡើង​ម្ចាស់​សំណាប​មក​មើល ឃើញ​ស្នាម​ទន្សាយ​ស៊ី​សំណាប​ខូច​អស់ ម្ចាស់​សំណាប​នោះ ។ លុះ​យប់ ទន្សាយ​ចេញ​មក​រក​ស៊ី​សំណាប​ទៀត ក៏​ត្រូវ​អន្ទាក់​ដែល​ដាក់​នោះ ។ ទន្សាយ ជាប់​អន្ទាក់​ហើយ ភ័យ​ណាស់ មិន​ដឹង​គិត​ទៅ​អង្វរ​អ្នក​ឯណា​ឲ្យ​មក​ជួយ​ដោះ ហើយ​គិត​ធ្វើ​ពុត​ជា​ងាប់​រឹង​ស្ដូក ។ លុះ​ព្រឹក​ឡើង​ម្ចាស់​អន្ទាក់ ភ្ញាក់​ពី​ព្រលឹម ក្រោក​ជា​ប្រញាប់ រៀប​ខ្លួន​ប្រាណ​ដើរ​ទៅ​មើល​អន្ទាក់ ឃើញ​ទន្សាយ ជាប់​អន្ទាក់​ងាប់​រឹង​ស្ដូក ។ ម្ចាស់​អន្ទាក់​អរ​ណាស់ ចូល​ទៅ​ដោះ​ទន្សាយ​នោះ ហើយ​រៀប​ដាក់​អន្ទាក់​នោះ​ទៅ​វិញ ។ ទន្សាយ​ដឹង​ថា​គេ​ដាក់​ខ្លួន​នៅ​ដី​ហើយ ក៏​ស្ទុះ​ចូល​ទៅ​ព្រៃ​បាត់​ទៅ ។ ម្ចាស់​អន្ទាក់ មើល​ទៅ​ឃើញ​ទន្សាយ​បោល​ចូល​ទៅ​ក្នុង​ព្រៃ ទើប​ភ្ញាក់​ខ្លួន ហើយ​ក្រោក​ឡើង​គក់​ទ្រូង​ថា «ឱ​អា​ចោរ​ទន្សាយ​ពុត​ខូច រស់​ទេ​តើ! អញ​ស្មាន​ថា​វា​ងាប់ ឥឡូវ​វា​បោល​ទៅ​ក្នុង​ព្រៃ​ព្រងើយ អើ! អត់​ឲ្យ​ម្ដង ថ្ងៃ​ក្រោយ​គង់​តែ​វា​ភ្លេច​ត្រចៀក មក​ត្រូវ​អន្ទាក់​អញ​ទៀត​មិន​ខាន​ទេ» ។ លុះ​ពីរ​បី​ថ្ងៃ​ក្រោយ​មក​ទន្សាយ​នឹក​ចង់ ស៊ី​ស្រូវ​សំណាប​ទៀត ហើយ​បោល​ចូល​ទៅ​ក្នុង​ស្រែ ភ្លេច​គិត​ពី​អន្ទាក់​នោះ អាល័យ​តែ​នឹក​ចង់​ស៊ី​សំណាប ក៏​ទៅ​ជាប់​អន្ទាក់​នោះ​ទៀត ។ ទន្សាយ​លុះ​ជាប់​អន្ទាក់​ហើយ ភិត​ភ័យ​ណាស់ មិន​ដឹង​បើ​នឹង​គិត​ធ្វើ​ម្ដេច​ឲ្យ​រួច ទាល់​ប្រាជ្ញ​ធ្វើ​មុខ​ស្រមេះ ។ លុះ​ព្រឹក​ឡើង ម្ចាស់​អន្ទាក់ មក​ឃើញ​ទន្សាយ​ជាប់​អន្ទាក់ អរ​ណាស់​ស្ទុះ​ម្នីម្នា ចូល​ទៅ​ដោះ​ទន្សាយ​ចេញ​ពី​អន្ទាក់ ហើយ​ថា «ឯង​ធ្លាប់​តែ​មាន​ពុត​ធ្វើ​ជា​ងាប់ ម្ដង​នេះ ឯង​ធ្វើ​ម្ដេច​ក៏​អញ​មិន​លែង​អា​ឯង​ទៀត​ដែរ, អញ​ទុក​ឯង​គ្រាន់​តែ​នឹង​មើល​មុខ ត្បិត​ឯង​មាន​ពុត​ចេះ​ធ្វើ​ងាប់» ហើយ​យក​ទន្សាយ​ទៅ​ផ្ទះ ។ លុះ​ដល់​ផ្ទះ​ហើយ ក៏​យក​អង្រុត​ក្រុង​ទន្សាយ​ចាប់ ។ ជួន​ជា​ព្រឹក​នោះ អ្នក​នោះ​បាន​ត្រី​រស់​មួយ​ផង យក​មក​ប្រោះ​ទុក​ក្នុង​ថ្លាង​ដាក់​ប្រប​គ្នា​នឹង​ទន្សាយ ហើយ​នឹក​ភ្នក​ឡើង​ថា «លោក​សង្ឃ​នៅ​វត្ត នេះ​ចាប់​យាម​ពូកែ ទាយ​ឆុត​ណាស់, បើ​ដូច្នោះ អញ​នឹង​ទៅ​ល្បង​ឲ្យ​លោក​ចាប់​យាម​មើល ជា​ឆុត​មែន​ឬ​ដូច​ម្ដេច?» ហើយ​អ្នក​នោះ​ផ្ដាំ​ប្រពន្ធ​ថា «ឯង​មើល​ទន្សាយ​និង​ត្រី​ផង ក្រែង​វា​រួច» ហើយ​ដើរ​ចូល​ទៅ​ក្នុង​វត្ត ឡើង​ទៅ​លើ​កុដិ ក្រាប​ថ្វាយ​បង្គំ​លោក ពិត​ពុទ្ធដីកា​ថា «ខ្ញុំ​ព្រះ​ករុណា ឮ​ល្បី​ថា​លោក​គ្រូ​ចេះ​ចាប់​យាម​ឆុត​ណាស់» ។ ឯ​លោក​មាន​ពុទ្ធដីកា​ថា «ចេះ​មែន ប៉ុន្តែ​ឆុត មិន​ឆុត​មិន​ហ៊ាន​អួត​ទេ» ។ អ្នក​នោះ​ឆ្លើយ​ឡើង​ថា «សូម​មេត្តា​ប្រោស​ទាយ​ឲ្យ​ខ្ញុំ​ករុណា​បន្តិច ក្នុង​វេលា​ព្រឹក​នេះ​ឯង តើ​ខ្ញុំ​ព្រះករុណា​នឹង​មាន​លាភ​អ្វី​ទទួល​បាន?» ។ លោក​នោះ​ឆ្លើយ​ឡើង​ថា «ទេ! អាច​ក្ដី​មិន​ហ៊ាន​ទាយ​ទេ! ។ អ្នក​នោះ​ថា «សូម​មេត្តា​ប្រោស ទាយ​ឲ្យ​ទាន​បន្តិច, ខ្ញុំ​ករុណា​ចង់​ដឹង​ថា​នឹង​បាន​អ្វី​ទទួល​ទាន​ក្នុង​វេលា​ព្រឹក​នេះ» ។ លោក​សង្គ្រាជ​ឆ្លើយ​ឡើង​ថា «ទេ! ក្រែង​ញោម​អន់​ចិត្ត» ។ អ្នក​នោះ​គិត​ក្នុង​ចិត្ត​ថា «បើ​លោក​នេះ​ទាយ​ត្រូវ អញ​ឲ្យ​សាច់​ទន្សាយ​និង​ត្រី​រ៉ស់​ឆាន់, បើ​លោក​ទាយ​មិន​ត្រូវ​ទេ អញ​មិន​ឲ្យ​ឆាន់​សោះ, អញ​ស៊ី​តែ​ពីរ​នាក់​នឹង​ប្រពន្ធ​អញ «នឹក​តែ​ក្នុង​ចិត្ត​ហើយ​ពិត​ពុទ្ធដីកា​លោក​ថា ទេ! ខ្ញុំ​ករុណា​មិន​អន់​ចិត្ត​ទេ» ។ លោក​ក៏​យក​តម្រា​មក​មើល ហើយ​ទាយ​ថា «ញោម​គ្មាន​លាភ​អ្វី​ទេ!» ។ អ្នក​នោះ​លា​លោក​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​នឹក​ថា «លោក​នេះ​ចាប់​យាម​មិន​ឆុត​ទេ អញ​គិត​ស្មាន​ក្រែង​លោក​ទាយ​ត្រូវ នឹង​ប្រគេន​សម្ល​លោក​ឆាន់, ឥឡូវ​នេះ លោក​ទាយ​មិន​ត្រូវ ដូច្នេះ​អញ​ស៊ី​តែ​ពីរ​នាក់​នឹង​ប្រពន្ធ​អញ» គិត​ដូច្នេះ​ហើយ ដើរ​មក​ដល់​ផ្ទះ បង្គាប់​ប្រពន្ធ​ឲ្យ​ដណ្ដាំ​បាយ ។
ឯ​ទន្សាយ​នឹង​ត្រី​រស់​គិត​គ្នា​ថា បង​ត្រី​ឯង​ធ្វើ​ជា​ងាប់​ផ្ងារ​ពោះ បើ​គេ​មក​ចាប់ បង​ឯង​ទៅ​កាប់​ស្ល​ស៊ី ហើយ​គេ​ដាក់​បង​ឯង​នៅ​ប្រប​ទឹក បង​ឯង​លោត​ចុះ​ហែល​បន្តិច​ទៅ​ រួច​ធ្វើ​ជា​ផ្ងារ​ពោះ​ទៀត ឲ្យ​គេ​យក​អង្រុត​ ដែល​គេ​គ្រប​ខ្ញុំ​ទៅ​រុត​ចាប់​បង​ឯង បង​ឯង​ឃើញ​គេ​យក​អង្រុត​ទៅ សឹម​បង​ឯង​ស្ទុះ​ហែល​ឲ្យ​បាត់​ទៅ ។ ឯ​ជន​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ លុះ​ប្រពន្ធ​ដណ្ដាំ​បាយ​ឆ្អិន​ហើយ ប្ដី​យក​ត្រី​ទៅ​ស្រកា​នៅ​ប្រប​មាត់​ត្រពាំង នៅ​មុខ​ផ្ទះ ។ ត្រី​ធ្វើ​ជា​ងាប់​ផ្ងារ​ពោះ​រឹង​ស្ដូក​មិន​កម្រើក​ខ្លួន​សោះ ។ បុរស​នោះ​គិត​ស្មាន​ថា​ជា​ងាប់ ចាប់​យក​ត្រី​ទៅ​ដាក់​ប្រប​មាត់​ទឹក ត្រី​ក៏​ស្ទុះ​ប្លោត​លោត​ចុះ​ទៅ​ក្នុង​ទឹក ធ្វើ​តាម​ពាក្យ​ទន្សាយ​ផ្ដាំ​សព្វ​គ្រប់ ។ ឯ​បុរស​នោះ លុះ​ឃើញ​ត្រី​លោត​ចូល​ទៅ​ក្នុង​ទឹក​ហែល​ផែលៗ​ដូច្នោះ ក៏​លោត​ទៅ​ចាប់ ។ ត្រី​ស្ទុះ​ទៅ​ទៀត ហើយ​ធ្វើ​ជា​ផ្ងារ​ពោះ ផែលៗ ដូច្នេះ​ពីរ​បី​ដង អ្នក​នោះ​ចាប់​មិន​បាន ស្រែក​ហៅ​ប្រពន្ធ​ឲ្យ​យក​អង្រុត​ទៅ​ជា​ប្រញាប់ ។ ប្រពន្ធ មិន​បាន​ជា​គិត​ដល់​ទន្សាយ ក៏​ស្ទុះ​កញ្ឆក់​យក​អង្រុត​ទៅ​ឲ្យ​ប្ដី​រុត​ត្រី​ក្នុង​ត្រពាំង ទាំង​ពីរ​នាក់​ប្ដី​នឹង​ប្រពន្ធ​ទទឹក​សំពត់​អាវ​អស់ ។ ត្រី​ឃើញ​អង្រុត​ក៏​ស្ទុះ​ហែល​ទៅ​ក្នុង​ទឹក​ជ្រៅ​បាត់​ទៅ ។ បុរស​ប្ដី​ប្រពន្ធ ខឹង​ណាស់ ខំ​រុត​រក​ត្រី​ពុំ​ឃើញ​សោះ រងា​ណាស់​ទ្រាំ​មិន​បាន ពី​ព្រោះ​ត្រូវ​រដូវ​ខ្យល់​ពី​ឯជើង ហើយ​ព្រឹក​ព្រហាម​ផង ញ័រ​ទាំង​ដៃ​ជើង​រណ្ដំ​ទាំង​ធ្មេញ ។ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ រត់​ឡើង​មក​អាំង​ភ្លើង​ជើង​ក្រាន ដែល​ដណ្ដាំ​បាយ​នោះ អង្គុយ​ច្រហោង​ទាំង​ពីរ​នាក់​ទល់​មុខ​គ្នា ក៏​នឹក​ឃើញ​ទំនាយ​ដែល​លោក​សង្គ្រាជ​ចាប់​យាម​ថា «គ្មាន​លាភ​អ្វី​ទេ» ត្រូវ​តាម​លោក​ចាប់​យាម​ឲ្យ​នោះ​មែន ។ អ្នក​នោះ ក៏​ជឿ​លោក​គ្រូ​នោះ​ថា «ចាប់​យាម ឆុត​ពូកែ​មែន» ។
ត្រី​រ៉ស់​ក៏​រួច ទន្សាយ​ក៏​រួច

No comments:

Post a Comment