Tuesday, 6 November 2018

រឿង អន្ទង់​វែង​ឆ្នាំង​វែង

រឿង អន្ទង់​វែង​ឆ្នាំង​វែង


ក្នុង​កាល​កន្លង​ទៅ​ហើយ មាន​មនុស្ស​ពីរ​នាក់ ជា​ប្ដី​ប្រពន្ធ ។ ថ្ងៃ​មួយ ប្ដី​ចេញ​ទៅ​រក​អន្ទង់​ដើម្បី​ជា​អាហារ បាន​អន្ទង់​១ យក​មក​ប្រគល់​ឲ្យ​ប្រពន្ធ ប្រាប់​ថា «ចូរ​ឯង​យក​អន្ទង់​នេះ​ទៅ​ស្ល​ស៊ី» ។ ប្រពន្ធ​ឆ្លើយ​ថា «ចុះ​បើ​អន្ទង់​នេះ​វែង​ម្ល៉េះ បាន​ឆ្នាំង​វែង​ពី​ណា​នឹង​យក​មក​ស្ងោរ​អន្ទង់​នេះ​បាន?» ។ ប្ដី​ឮ​ហើយ នឹក​ក្នុង​ចិត្ត​ថា «ប្រពន្ធ​អញ​ល្ងង់​អី​ម្ល៉េះ!» ហើយ​ប្រាប់​ប្រពន្ធ​ថា «បើ​ឯង​រក​ឆ្នាំង​វែង​ពុំ​បាន​ទេ ឯង​យក​អន្ទង់​នេះ​ទៅ​ព្យួរ​ទុក​ទៅ!» ។ ប្រពន្ធ​ក៏​យក​អន្ទង់​ទៅ​ព្យួរ​ទុក ហើយ​គេច​ទៅ​ដេក​បំបៅ​កូន​ក្នុង​មុង​ទៅ ។ ប្ដី​ក៏​យក​អន្ទង់​នោះ​មក​កាប់​ចិញ្ច្រាំ ហើយ​យក​ឆ្នាំង​មក​ដាក់​ស្ល-កកូរ, លុះ​ឆ្អិន​ក៏​ដោះ​ដួស រួច​ហៅ​ប្រពន្ធ​ឲ្យ​មក​ស៊ី ៗ រួច​លាង​ចាន​ទុក តែ​សម្ល​អន្ទង់​នោះ​សល់​បន្តិច​នៅ​បាត​ឆ្នាំង, ប្ដី​មិន​លាង​ឆ្នាំង​នោះ​ទេ ហើយ​ចេញ​ទៅ​ភ្ជួរ​ស្រែ​បាត់​ទៅ ។ ឯ​ប្រពន្ធ ដឹង​ថា​ប្ដី​ចេញ​ទៅ​បាត់​ហើយ នឹក​ដល់​សម្ល-​កកូរ​អន្ទង់​ដែល​ឆ្ងាញ់ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​យក​ឆ្នាំង​នោះ​មក​លិទ្ធ, ដល់​ខំ​លិទ្ធ​ណាស់​ទៅ ក្បាល​នាំង​នោះ ចូល​ទៅ​ក្នុង​ឆ្នាំង ៗ គ្រប​ជាប់​ពី​លើ, មិន​ដឹង​ធ្វើ​ដូចម្ដេច​នឹង​យក​ឆ្នាំង​នោះ​ចេញ​បាន ក៏​វា​ទៅ​ពួន​ក្នុង​មុង ។ លុះ​ប្ដី​ត្រឡប់​មក​ពី​ភ្ជួរ​ស្រែ​វិញ រក​ប្រពន្ធ​ពុំ​ឃើញ​ក៏​ស្រែក​ហៅ ឮ​សូរ​ឆ្លើយ​សំឡេង​នោះ​ក្រងូរងល់ ហាក់​ដូច​ជា​ចម្លែក​ណាស់, ប្ដី​ដើរ​ចូល​មក​រក​មើល ទើប​រក​ដំបង​វាយ​ឆ្នាំង​នោះ​បំបែក​ទៅ ។ ប្រពន្ធ​លាន់​មាត់​ស្រែក​ថា «យ៉ា! អញ​ពួន​នឹង​គាត់​ឯង​សោះ» ។ ប្ដី​នឹក​អស់​សំណើច ក៏​ដើរ​ចេញ​ទៅ ។
អន្ទង់​វែង​ឆ្នាំង​វែង

No comments:

Post a Comment