Tuesday, 6 November 2018

រឿង​បុរស ៤ នាក់ រៀន​សិល្ប ៤ បែប

រឿង​បុរស ៤ នាក់ រៀន​សិល្ប ៤ បែប
ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ៩ - ១១
         -ម្នាក់​រៀន​ធ្វើ​ឲ្យ​កើត​ជា​រូប​មនុស្ស;
         -ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​អវយវៈ;
         -ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​សាច់​ឈាម​ពណ៌​សម្បុរ ;
         -ម្នាក់​រៀន​ធ្វើ​ឲ្យ​មាន​ជីវិត​ចេះ​និយាយ​ស្ដី ។
មាន​និទាន​មួយ​ថា : មាន​បុរស ៤ នាក់ ​ទៅ​ស្វែង​រក​រៀន​សិល្បសាស្ត្រ​ឯ​តក្កសិលា​មហា​នគរ, លុះ​រៀន​បាន​ចេះ​ចប់​សព្វ​គ្រប់​ហើយ ក៏​លា​លោក​គ្រូ​អាចារ្យ​ត្រលប់​មក​ស្រុក​វិញ, កាល​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ក៏​ឈប់​សម្រាក​នៅ​ទី​មួយ​ក្នុង​ព្រៃ ទី​នោះ​មាន​ខ្លា​កាច​សាហាវ​ជា​ច្រើន​នឹង​ដេក​មិន​លក់​សោះ ។ បុរស​ទាំង ៤ នាក់​នោះ​គិត​គ្នា​ថា “គួរតែ​យើង​យក​ឈើ​មក​ធ្វើ​ជា​រូប​ស្ត្រី​ម្នាក់ ឲ្យ​ដេក​កំដរ​យើង” ។ លុះ​គិត​ព្រមព្រៀង​គ្នា​ហើយ បុរស​ម្នាក់​យក​ឈើ​មក​ធ្វើ​ជា​រូប​រាង​ខ្លួន​ប្រាណ បុរស​ម្នាក់​ឆ្លាក់​រចនា​សម្រេច​ជា​រូប​អង្គ​ឲ្យ​ល្អ​ល្អះ ត្រចះ​ត្រចង់​សព្វ​សព៌ាង្គកាយ មាន​ទាំង​កេរ្តិ៍​ខ្មាស​ផង, បុរស​ម្នាក់​សូត្រ​សែក​មន្ត​ឧបទេស បន្ទន់​សាច់​ឲ្យ​មាន​ពណ៌​សម្បុរ​ល្អិត​ល្អ ព្រម​ទាំង​ឲ្យ​មាន​សំលៀក​បំពាក់​ដណ្ដប់​ស្បៃ វិស័យ​ជា​មនុស្ស​ពិត ៗ, បុរស​ម្នាក់​សូត្រ​សែក​មន្ត​វិសេស​ឧបទេស​ជប​ឲ្យ​រស​ជា​មនុស្ស​ចេះ​និយាយ​ស្ដី ។
កាល​បុរស​ទាំង ៤ នាក់​យក​ឈើ​មក​ធ្វើ​ឲ្យ​កើត​ជា​រូប​មនុស្ស​ស្ត្រី​បាន​ស្រេច​ហើយ ក៏​ដណ្ដើម​គ្នា​យក​ស្ត្រី​នោះ​ធ្វើ​ជា​ភរិយា​តែ​រៀង​ខ្លួន ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក គ្មាន​អ្នក​ណា​ជំនុំ​ជម្រះ​សម្រេច​ឲ្យ​សោះ ទើប​នាំ​គ្នា​ទៅ​ប្ដឹង​ចៅក្រម​តាម​ដំណើរ​ទីទៃ ៗ ។ ឯ​ចៅក្រម​ជំនុំ​ជម្រះ​ឲ្យ​ដោយ​នូវ​គន្លង​ធម៌​ពុំ​បាន​ក៏​នាំ​បុរស​ទាំង ៤ នាក់​នោះ ឡើង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​តាម​ដំណើរ​គ្រប់​ប្រការ ។ បុរស​ទាំង ៤ នាក់​ក្រាប​ទូល​សួរ​ថា “សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស, បើ​សេចក្ដី​ដូច្នេះ តើ​ស្រី​នេះ​គួរ​បាន​ជា​ប្រពន្ធ​អ្នក​ណា ? ” ។
ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ស្រេច​ហើយ ទ្រង់​មាន​ព្រះបន្ទូល​ថា “បុរស​ដែល​យក​ឈើ​មក​ធ្វើ​ជា​រូប​រាង​សាង​ឡើង​ជា​អង្គ​នោះ​ត្រូវ​បាន​ជា​ម្ដាយ, បុរស​ដែល​ឆ្លាក់​សម្រេច​រូប​អង្គ​ផ្ចិត​ផ្ចង់​គ្រប់​ប្រការ​ឲ្យ​ល្អ​ល្អះ​សព្វ​សព៌ាង្គ មាន​ទាំង​កេរ្តិ៍​ខ្មាស​ផង​នោះ ត្រូវ​បាន​ជា​ប្រពន្ធ, បុរស​ដែល​សូត្រ​សែក​មន្ត​ឧបទេស បន្ទន់​សាច់​សម្បុរ​ស្បែក​ឲ្យ​ល្អិត​ល្អ ឲ្យ​មាន​សំលៀកបំពាក់​ដណ្ដប់​ស្បៃ​វិស័យ​មនុស្ស​ពិត​នោះ ត្រូវ​បាន​ជា​បង, ឯ​បុរស​ដែល​សូត្រ​សែក​មន្ត​ឧបទេស ជប​ឲ្យ​រស់​ជា​មនុស្ស​មាន​វិញ្ញាណ​ចេះ​និយាយ​ចេះ​ស្ដី​នោះ ត្រូវ​បាន​ជា​ឪពុក” ។
ព្រះមហាក្សត្រ​ទ្រង់​កាត់​ក្ដី​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។

No comments:

Post a Comment