Tuesday, 6 November 2018

រឿង​ព្រាហ្មណ៍ ៣ នាក់ ដណ្ដើម​ស្រី​ម្នាក់​ធ្វើ​ប្រពន្ធ

រឿង​ព្រាហ្មណ៍ ៣ នាក់ ដណ្ដើម​ស្រី​ម្នាក់​ធ្វើ​ប្រពន្ធ
ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ១៣ - ១៦
មាន​និទាន​មួយ​ថា : ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​តិនស្វាមី មាន​កូន​ស្រី​ម្នាក់​ឈ្មោះ​នាង​មន្ទាវតី រូប​ឆោម​លោម​ពណ៌​ល្អ​លើស​លែង​ស្រី​ទាំង​ពួង​គ្មាន​ស្រី​ណា​ប្រៀប​ផ្ទឹម​ស្មើ​ឡើយ បើ​ប្រុស​ណា​ឃើញ​នាង​នេះ តែង​ស្រលាញ់​ចង់​បាន​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ ៗ គ្នា ហើយ​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​ទៅ​ស្ដី​ដណ្ដឹង​ដល់​ព្រាហ្មណ៍​តិនស្វាមី​ជា​ឪពុក ។ ព្រាហ្មណ៍​តិនស្វាមី​មិន​ព្រម​ឲ្យ​ដល់​អ្នក​ចូល​ទៅ​ស្ដី​ដណ្ដឹង​អស់​នោះ​ឡើយ ។
ចំណេរ​មក​ខាង​ក្រោយ មាន​ព្រាហ្មណ៍ ៣ នាក់​នៅ​ក្នុង​នគរ​នោះ​ដែរ សុទ្ធ​តែ​ជា​កំលោះ​មាន​រូប​រាង​ល្អល្អះ​ហើយ​ចេះ​សិល្បសាស្ត្រ​គ្រប់​គ្នា ។ ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​វិទ្យាកេសី, ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​វិទ្យាសុន្ធរ, ព្រាហ្មណ៍​ម្នាក់​ទៀត​ឈ្មោះ​វិទ្យាស្វាមី ។ ព្រាហ្មណ៍​ទាំង​ ៣ នាក់​នេះ​ប្រាប់​ឪពុក​ម្ដាយ​ចូល​ទៅ​ស្ដី​ដណ្ដឹង​នាង​មន្ទាវតី កូន​ស្រី​តិនស្វាមី​ព្រាហ្មណ៍​ដូច​គ្នា ។ តិនស្វាមី​ព្រាហ្មណ៍ មិន​ឲ្យ​កូន​ស្រី​ទៅ​ព្រាហ្មណ៍​ណា​ឡើយ ព្រោះ​គិត​ឃើញ​ថា “ បើ​ឲ្យ​ទៅ​ម្នាក់ មុខ​ជា​ពីរ​នាក់​ទៀត​ខឹង​ ” ។
លុះ​ចំណេរ​ត​មក ពួក​ព្រាហ្មណ៍​កំលោះ ៗ ជា​ច្រើន​ដែល​ស្រលាញ់ ចង់​បាន​នាង​មន្ទាវតី​ធ្វើ​ជា​ប្រពន្ធ​រាល់​គ្នា​នោះ ក៏​ទៅ​ចោម​រោម​និយាយ​ចែចង់​នាង​មន្ទាវតី​តាម​អំពើ​ចិត្ត​រៀង​ខ្លួន ។ ឯ​នាង​មន្ទាវតី​ដឹង​ថា​ពួក​ព្រាហ្មណ៍​កំលោះ​ៗ​ចោម​ស្រលាញ់​ដូច្នោះ ក៏​កើត​ទុក្ខ​ក្រៀម​ក្រំ ទៅ​ជា​ឈឺ​រីង​រៃ​ស្គាំង​ស្គម​ទាល់​តែ​ក្ស័យ​ជីវិត​ទៅ ។ ឪពុក​ម្ដាយ​ក៏​ធ្វើ​បុណ្យ​ខ្មោច​កូន​ស្រី​នោះ​តាម​ទំនៀម ។
ឯ​ព្រាហ្មណ៍​ទាំង ៣ នាក់​ដូច​ចេញ​ឈ្មោះ​ខាង​ដើម ដែល​ស្រលាញ់ ចង់​បាន​នាង​មន្ទាវតី​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​នោះ កាល​បើ​បាន​ដឹង​ដំណឹង​ថា​នាង​មន្ទាវតី​ក្ស័យ​ជីវិត​ទៅ​ហើយ ក៏​នៅ​តែ​ជាប់​ចិត្ត​អាឡោះអាល័យ​នាង​នោះ​ឥត​ភ្លេច ម្ល៉ោះ​ហើយ​ព្រាហ្មណ៍​ឈ្មោះ​វិទ្យាកេសី​ប្រមូល​ឆ្អឹង​ធាតុ​នាង​មន្ទាវតី យក​ទៅ​កប់​នៅ​ព្រៃ​មួយ​ហើយ​ទួញ​យំ​ចាំ​យាម​ល្បាត​រៀង​ទៅ ។ ឯ​ព្រាហ្មណ៍​ឈ្មោះ​វិទ្យាសុន្ធរ ហេតុ​តែ​មាន​ចិត្ត​អាឡោះអាល័យ​នាង​ពេក​ក៏​ទៅ​យំ​បោក​ខ្លួន​ប្រាណ ប្រះ​ដេក​ននៀល​នៅ​ផ្នូរ​ខ្មោច​នាង​នោះ​ឯង ។ ចំណែក​ព្រហ្មណ៍​ឈ្មោះ​វិទ្យាស្វាមី ក៏​កើត​ទុក្ខ​សង្រេង​សង្រៃ​ឥត​ស្បើយ​សោះ​ឡើយ ម្ល៉ោះ​ហើយ​ក៏​ដើរ​ទៅ​ពឹង​ពាក់​សំណាក់​អាស្រ័យ​នៅ​នឹង​ព្រាហ្មណ៍​ម្នាក់​រុចិស្វាមី លើក​ដៃ​សំពះ​សូម​រៀន​សិល្បសាស្ត្រ​មន្តអាគម​វិជ្ជាការ ។ ឯ​រុចិស្វាមី​ព្រាហ្មណ៍​ជា​គ្រូ​អាចារ្យ​អាណិត ក៏​បង្រៀន​វិទ្យាស្វាមី​ព្រាហ្មណ៍​ឲ្យ​ចេះ​សិល្ប​ប្រោះ និង​សិល្ប​ជប​ពូកែ​ឆុត​ឆាប់​ដូច​ចិត្ត ។ លុះ​វិទ្យាស្វាមី​ព្រាហ្មណ៍​កំលោះ​រៀន​សិល្បសាស្ត្រ​ចេះ​មន្ត​ប្រោះ​ជប​ស្រេច​ហើយ ក៏​សំពះ​លា​រុចិស្វាមី​ព្រាហ្មណ៍​ជា​គ្រូ​វិល​មក​រក​ព្រាហ្មណ៍​ពីរ​នាក់ ហើយ​នាំ​ទៅ​ដល់​ផ្នូរ​ខ្មោច​នាង​មន្ទាវតី ប្រមូល​អស់​ឆ្អឹង​នាង​នោះ​ឡើង ទើប​វិទ្យាស្វាមី​ព្រាហ្មណ៍​បាន​សូត្រ​សែក​មន្ត​ជប​ឆ្អឹង ឲ្យ​រស់​ជា​រូប​រាង​នាង​នោះ​ល្អ​ប្រពៃ​ឥត​ឆ្គង​ឡើង​វិញ ។
ព្រាហ្មណ៍​ទាំង​បី​នាក់​នោះ​យល់​នាង​មន្ទាវតី​មាន​រូប​ឆោម​លោម​ពណ៌​ល្អ​ប្រសើរ​ដូច្នោះ ក៏​ឈ្លោះ​ប្រកែក​ជជែក​គ្នា​ដណ្ដើម​យក​នាង​នោះ​ជា​ភរិយា​របស់​រាល់​ខ្លួន ។ វិទ្យាកេសី​ថា “អញ​យក​ឆ្អឹង​នាង​នេះ​ទៅ​កប់​នៅ​ព្រៃ​ស្មសាន ហើយ​អញ​ចាំ​យាម​ល្បាត ឥត​អ្នក​ណា​ជួយ​អញ​សោះ នាង​នេះ​គួរ​តែ​បាន​ជា​ភរិយា​អញ” ។ ចំណែក​វិទ្យាសុន្ធរ​ថា​ “ អញ​ទៅ​ទួញ​យំ​សោក​រក្សា​ផ្នូរ​ខ្មោច​នាង​នេះ​នៅ​ព្រៃ​ស្មសាន​តែ​ម្នាក់​ឯង នាង​នេះ​គួរ​តែ​បាន​ជា​ភរិយា​របស់​អញ” ។ វិទ្យាស្វាមី​ថា “ អញ​ស្វាត​ទៅ​រៀន​សិល្បសាស្ត្រ​ចេះ​ហើយ​មក​ប្រោះ​ ឲ្យ​នាង​នេះ​រស់​ដូច​ដើម នាង​នេះ​គួរ​តែ​បាន​មក​ជា​ភរិយា​របស់​អញ” ។ ព្រាហ្មណ៍​ទាំង​បី​នាក់​ជជែក​ឈ្លោះ​ប្រកែក​គ្នា​ចង់​យក​នាង​ជា​ប្រពន្ធ​តែ​រៀង​ខ្លួន មិន​ដាច់​ស្រេច​ក៏​នាំ​គ្នា​ទៅ​ដល់​ចៅក្រម ប្ដឹង​តាម​ដំណើរ​ទីទៃ ៗ ហើយ​សួរ​ថា “ បើ​ដូច្នេះ​តើ​នាង​នេះ​គួរ​បាន​ជា​ប្រពន្ធ​របស់​អ្នក​ណា ? ” ។
ចៅក្រម​នឹង​ជំនុំ​ជម្រះ​រឿង​នេះ​មិន​បាន ក៏​នាំ​ព្រាហ្មណ៍​ទាំង ៣ នាក់​ឡើង​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ ។ ព្រះមហាក្សត្រ​ទ្រង់​ពិចារណា​ឈ្វេង​យល់​ក្នុង​ព្រះរាជហឫទ័យ​ស្រេច​ហើយ​ទ្រង់​ត្រាស់​ថា “ឯ​គុណ​ព្រះស្ដែង​ទាំង ៣ នាក់​នេះ សឹង​ប្រសើរ​គ្រប់​គ្នា គួរ​ជា​ឪពុក, គួរ​ជា​ប្ដី គួរ​ជា​កូន​ គឺ​វិទ្យាស្វាមី​ដែល​បាន​ចេះ​សិល្បសាស្ត្រ​ពូកែ​ឆុតឆាប់ មក​ប្រោះ​នាង​ឲ្យ​រស់​រូប​ល្អល្អះ​ដូច​ដើម​នោះ គួរ​ឲ្យ​បាន​ជា​ឪពុក, ចំណែក​វិទ្យាសុន្ធរ​ដែល​នៅ​ចាំ​ថែ​រក្សា​ខ្មោច​នាង​នោះ គួរ​ឲ្យ​បាន​ជា​ប្ដី, ខាង​វិទ្យាកេសី​ដែល​មាន​ចិត្ត​សប្បុរស​បាន​យក​ធាតុ​នាង​ទៅ​កប់​នោះ គួរ​ឲ្យ​បាន​ជា​កូន​នាង​ហោង, ហេតុ​ម្ដេច​ក៏​ឲ្យ​បាន​ជា​កូន ហេតុ​តែ​គេ​បាន​យក​ធាតុ​នាង​ទៅ​កប់ ឧបមា​ដូច​កូន​លើក​ខ្មោច​ម្ដាយ ហើយ​យក​ធាតុ​ម្ដាយ​ទៅ​កប់​ឰដ៏​ព្រៃ​ស្មសាន​នោះ​ឯង ហេតុ​ដូច្នេះ ត្រូវ​តែ​ទុក​ជា​ម្ដាយ​ហោង ” ។
ព្រាហ្មណ៍​ទាំង ៣ នាក់​បាន​ឮ​ព្រះបន្ទូល​ដូច្នេះ​ហើយ ក៏​សុខ​ចិត្ត​គ្រប់​គ្នា ក្រាប​ថ្វាយ​បង្គំ​ទទួល​ព្រះបន្ទូល​នៃ​ព្រះមហាក្សត្រ​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​លំនៅ​អាត្មា​ទីទៃ ៗ ។
ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ សុចរិត យុត្តិធម៌ ល្អប្រពៃ​ហោង ។

No comments:

Post a Comment